លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ ខណៈ​សិទ្ធិ​អំណាច​នៅ​លើ​រដ្ឋាភិបាល

2
558
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហោះរូប​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចង់​ឱ្យ​ពលរដ្ឋ​ចូល​រួម​កម្ចាត់​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​សមត្ថកិច្ច ខណៈ​សិទ្ធិ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅ​លើ​​រដ្ឋាភិបាល ហើយ​ករណី​ជា​ច្រើន​ដូចជា ការ​ចាប់ខ្លួន​អ្នក​រិះគន់​ដែល​ពលរដ្ឋ​ទាមទារ​ដោះលែង ពុំ​ត្រូវ​បាន​រដ្ឋាភិបាល​អើពើ​ឡើយ។


លោក ហ៊ុន ម៉ាណែត បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​យប់​ថ្ងៃទី១៣ មករា បន្ទាប់​ពី​កម្ពុជា​ផ្ទុះ​រឿង​អាស្រូវ​មេ​ឧក្រិដ្ឋជន​អនឡាញ​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន។

អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក ហ៊ុន ម៉ាណែត សរសេរ​ថា៖ «ជាមួយ​គ្នា​នេះ និង​ចំពោះមុខ​នេះ យើង​មាន​ភាព​ចាំបាច់ ក្នុង​ការ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​រួម​របស់​ជាតិ ដើម្បី​ពង្រឹង​សក្ដានុពល​ជាតិ​លើ​គ្រប់​វិស័យ និង លុបបំបាត់​ភាព​អសកម្ម​ភាព​ទាំងឡាយ​ក្នុង​សង្គមជាតិ ដែល​ធ្វើ​ឱ្យ​ជាតិ​ចុះ​ខ្សោយ​។ សន្តិសុខ​និង​សណ្ដាប់ធ្នាប់​សង្គម និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម គឺជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​ការរស់នៅ​សុខសាន្ត​របស់​ប្រជាពលរដ្ឋ ហើយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ចំណុច​ដ៏​សំខាន់​នា​ពេល​នេះ បន្ថែម​ពីលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​លើ​កិច្ចការ​អាទិភាព​សំខាន់ៗ​របស់​ជាតិ​ផ្សេងទៀត»។

ក្រៅ​ពី​សារ​អំពាវនាវ​នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​រំលេច​សារ​សំខាន់​មួយ គឺ​ពាក្យ​ឈ្លានពាន ដែល​លោក​តែងតែ​ប្រុង​ប្រយ័ត្ន​ប្រើ​ដើម្បី​ស្អំ​ចិត្ត​ថៃ ក្រោយ​ភាគី​ថៃ​ទើប​ព្រមាន​លែង​ឱ្យ​ប្រើ​ពាក្យ​ថា ថៃ​ឈ្លានពាន​កម្ពុជា។


កាល​ពី​ថ្ងៃ​ទី​១០ មករា លោក ហ៊ុន ម៉ាណែត បញ្ជាក់​ត្រឹម​ថា ជា​ជម្លោះ​ព្រំដែន ខណៈ​ដី​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​យោធា​ថៃ​កាន់កាប់ និង​ឈូស​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើរ​គ្មាន​សល់។ ចំណែក​ក្រសួង​ការបរទេស​កម្ពុជា​ហៅ​ចំៗ​ថា ជា​ការ​ឈ្លានពាន​យ៉ាង​កម្រោល និង​បំពាន​ច្បាប់​អន្តរជាតិ​ពី​សំណាក់​យោធា​ថៃ។
ការ​ដូរ​ប្រើ​ពាក្យ​ឈ្លានពាន​របស់​លោក ហ៊ុន ម៉ាណែត វិញ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ពលរដ្ឋ​ជាច្រើន​បាន​រិះគន់ និង​សម្ដែង​ការ​ខឹង​សម្បារ​ចំពោះ​ការ​បន្ទន់​ឥរិយាបថ​ជ្រុល​ពេក​របស់​កម្ពុជា។


សារ​របស់​លោក ហ៊ុន ម៉ាណែត ក៏​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​រួម​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ឱ្យ​ខ្មែរ​បាន​រឹងមាំ។ ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ សមត្ថកិច្ច​រដ្ឋាភិបាល កាល​ពី​ថ្ងៃ​ទី៨ មករា ទើប​បាន​ចាប់​ខ្លួន​​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ចោមចៅ​២ លោក សរ ណាល់ និង​ជា​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ រាជធានី​ភ្នំពេញ។ បច្ចុប្បន្ន​អ្នក​ទោស​មនសិការ​ជិត ១០០​នាក់ កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​របស់​តុលាការ ដែល​គេ​មើល​ឃើញ​ថា ស្ថិត​ក្រោម​ការ​បញ្ជា​របស់​មេដឹកនាំ​គណបក្ស​កាន់​អំណាច ដែល​ជា​អ្នក​កាន់​នាវា​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទាំង​សង្គ្រាមឈ្លានពាន និង​ឧក្រិដ្ឋកម្ម​អនឡាញ​ដែល​ពិភពលោក​មើល​មក​កម្ពុជា​ក្នុង​ផ្លូវ​អាក្រក់៕

2 យោបល់

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ