ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត​ស្លាប់​ដោយ​ការ​បាញ់​ពី​យោធា​ថៃ​នៅ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ

0
193
ប្រជាជនស៊ីវីលខ្មែរ (រូបព្រាលពេលត្រូវ​របួស) ដែលត្រូវ​យោធាថៃ​​បាញ់សម្លាប់​នៅ​ថ្ងៃទី៨ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
ប្រជាជនស៊ីវីលខ្មែរ (រូបព្រាលពេលត្រូវ​របួស) ដែលត្រូវ​យោធាថៃ​​បាញ់សម្លាប់​នៅ​ថ្ងៃទី៨ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ទៀត​​ហើយ​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​ពី​យោធា​ថៃ ចូល​ទឹកដី​ខ្មែរ​នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា ប្រកាស​នៅ​ព្រឹក​ថ្ងៃទី៩ ធ្នូ ថា នៅ​វេលា​ម៉ោង ១២:៥៩​នាទី​រំលង​អាធ្រាត្រ​ចូល ថ្ងៃទី​៩ ខែធ្នូ យោធា​ថៃ​បាន​បាញ់​ផ្លោង​លើ​ប្រជា​ពលរដ្ឋ​ស៊ីវិល​ដែល​កំពុង​ធ្វើ​ដំណើរ លើ​ផ្លូវ​ជាតិ​លេខ​៥៦ បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ចំនួន ២​នាក់។ លោក​ថា យោធា​ថៃ​បាន​បាញ់​ប្រហារ​បន្ត​រហូត​ឥត​ដាច់​ស្ទើរ​ពេញ​មួយ​យប់​នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៥ និង​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង នៅ​ភូមិសាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ។

ទោះជា​យ៉ាងណា លោក​អះអាង​ថា ក្រសួង​ការពារជាតិ និង​កងយោធពល​ខេមរភូមិន្ទ​បន្ត​គោរព និង​អនុវត្ត​ឥត​ងាករេ​នូវ​រាល់​ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ ប៉ុន្តែ​លោក​ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ព្រមទាំង​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​ឈ្លានពាន​ដោយ​ខុសច្បាប់ មក​លើ​ទឹកដី​របស់​ខ្លួន​បានជា​ដាច់ខាត ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ។

កាល​ពី​ថ្ងៃទី​៨ ធ្នូ មាន​ពលរដ្ឋ​ស៊ីវិល ៤​នាក់​បាន​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ដោយ​អាវុធ​ធុន​ធំ​គ្រប់​ប្រភេទ​របស់​យោធា​ថៃ នៅ​​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ។ គិត​មក​ដល់​ពេល​នេះ យ៉ាង​ណាស់ យុទ្ធជន​កម្ពុជា ៤​នាក់​បាន​ស្លាប់ និង​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​រួម​គ្នា នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បន្ទាប់​ពី​យោធា​ថៃ​វាយ​ប្រហារ​ឈ្លាន​ពាន​ចូល​ទឹកដី​កម្ពុជា​តាំង​ពី​ម្សិលមិញ​មក។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ…

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ