ពលរដ្ឋ​ជិត​២០​គ្រួសារ​នៅ​ភូមិ​ព្រៃចាន់ តស៊ូ​រស់នៅ​ក្នុង​តង់​កៅស៊ូ ក្រោយ​ពី​ទាហាន​ថៃ​បាន​រំលោភ​យក​ដី​ផ្ទះ

0
156
ទិដ្ឋភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់​ស្នាក់​ក្រោម​តង់​កៅស៊ូ ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រៀបចំ កាល​ពី​ថ្ងៃទី១៤ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ
ទិដ្ឋភាព​ពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់​ស្នាក់​ក្រោម​តង់​កៅស៊ូ ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​រៀបចំ កាល​ពី​ថ្ងៃទី១៤ វិច្ឆិកា ២០២៥។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ

ពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ព្រៃចាន់ ដែល​រងគ្រោះ​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ក្រោយ​ពី​ទាហាន​ថៃ បាន​រាយ​បន្លា​លួស រំលោភបំពាន​យក​ដី​ផ្ទះ​អស់​ជាច្រើន​ខែ​នោះ ពេលនេះ​ពួកគាត់​ត្អូញត្អែរ ពី​ជីវភាព​លំបាក និង​គ្មាន​ស្បៀង​សម្រាប់ បរិភោគ​គ្រប់គ្រាន់ ខណៈ​ពួកគាត់​នៅ​មិនទាន់​ត្រឡប់ ទៅ​រស់នៅ​លើ​ដី ពួកគាត់​វិញ​បាន​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ពន្លឿន ដោះស្រាយ​បញ្ហា​ព្រំដែន និង​ជួយ​ផ្ដល់​អាហារូបត្ថម្ភ និង​សេវា​ថែទាំ​សុខភាព​ដល់​ពួកគាត់។

បើ​ទោះជា​ស្ថានភាព​នៅ​តាម​ព្រំដែន ស្ថិត​ក្នុង​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​មុន​ក្ដី ពលរដ្ឋ​ចំនួន​១៧​គ្រួសារ ដែល​ត្រូវ​បាន​ទាហាន​ថៃ រាយ​បន្លា​លួស​យក​ដី​ផ្ទះ និង អ្នក​ខ្លះទៀត ដែល​មាន​ផ្ទះ​ជាប់​នឹង​បន្លា​លួស​ដែល​ថៃ​រំលោភបំពាន​យក​ដី​ដែរ​នោះ ពួកគាត់​នៅតែ​បន្ត​រស់នៅ បោះតង់​កៅស៊ូ ក្នុង​បរិវេណ​វត្ត​ព្រៃ​ចាន់ ស្រុក​អូរជ្រៅ​បណ្ដោះអាសន្ន ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ហើយ​មិន​ទាន់​ហ៊ាន​ត្រឡប់​ទៅ​រស់នៅ​លើ​ដី របស់​ពួកគាត់​វិញ​នៅ​ឡើយ។

ពលករ​រស់នៅ ភូមិ​ព្រៃចាន់ លោក ជឹម សុជា បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៤ ខែធ្នូ ថា ពលរដ្ឋ​១៧​គ្រួសារ ដែល​កំពុង​រស់នៅ​បោះតង់​កៅស៊ូ ក្នុង​បរិវេណ​វត្ត​ព្រៃចាន់ ក្រោយពី​អាជ្ញាធរ​មូលដ្ឋាន​មិនទាន់​អនុញ្ញាត​ឱ្យ​ពួកគាត់​ត្រឡប់​ទៅវិញ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​នោះ ពេល​នេះ ពួកគាត់ មាន​ជីវភាព​លំបាក​ជា​ខ្លាំង ជាពិសេស​មនុស្ស​ចាស់ ដែល​គ្មាន​កូន​ជាទី​ពឹង ព្រោះ​ពុំ​សូវ​មាន​ស្បៀង​សម្រាប់​បរិភោគ​គ្រប់គ្រាន់ ហើយ​យូរៗ​ទើប​មាន​សប្បុរសជន ចែក​អំណោយ​ខ្លះ គ្រាន់​បាន​ដោះស្រាយ​បញ្ហា​មួយ​គ្រាៗ។

បន្ថែម​ពី​នោះ លោក​ថា សព្វថ្ងៃ​ពួកគាត់​តែងតែ បន់ស្រន់​ព្រឹកល្ងាច ចង់ឱ្យ​ស្ថានភាព​នៅ​តាម​ព្រំដែន​ក្នុង​ភូមិ​ព្រៃចាន់ ត្រឡប់​ទៅ​ដូចដើម​វិញ ដើម្បី​អាច​ទៅ​រក​ការងារ​ធ្វើ​ចិញ្ចឹម​ជីវិត​។ ជាង​៣​ខែ​មកនេះ លោក​ថា អាជ្ញាធរ​នៅ​មិន​បាន​ជូនដំណឹង​ឱ្យ ពួកគាត់​ត្រឡប់​ទៅ​រស់នៅ លើ​ដី​ពួកគាត់​វិញ​នៅឡើយ ហើយ​ដី និង​ផ្ទៃ​សម្បែង ពួកគាត់​នៅតែ​ត្រូវ​បាន​ទាហាន​ថៃ​ព័ទ្ធ​បន្លា​លួស​ដដែល ដោយ​គ្មាន​ការ​រើចេញ​នោះ​ទេ បើទោះជា​កន្លង​មក​នេះ លោក​បាន​ឮ​ថា មានការ​បោះបង្គោល​ព្រំដែន​បណ្ដោះអាសន្ន រវាង​ប្រទេស​ទាំងពីរ រួច​ហើយ​ក្ដី។

លោក ជឹម សុជា៖ «បញ្ហា​លំបាក​ណាស់​បង​អើយ​! បើ​យើង​គិត​ទៅ​វា​ជួប​បញ្ហា​លំបាក​នឹង​ឯង​។ បង​គិត​មើល យើង​មាន​ផ្ទះ​ហើយ នៅ​មិនបាន យើង​មិនបាន​ទៅ​នៅ​កន្លែងផ្ទះ​យើង​រស់នៅ ។ កន្លែង​ជ្រកកោន​តាម​តង់​តាម​អី អ៊ីចឹង វា​មិន​ស្រួល​ទេ វា​មិន​ស្រួល​ដូច​នៅផ្ទះ​យើង»។

រីឯ ពលរដ្ឋ​ម្នាក់ទៀត ក្នុង​ចំណោម​ជនភៀសសឹក​ចំនួន ១៧​គ្រួសារ បាន​ប្រាប់​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​សុវត្ថិភាព លើកឡើង​ថា បច្ចុប្បន្ន​នេះ លោកស្រី​ពុំ​សូវ​បាន​ដេកលក់​ស្កប់ស្កល់​នោះ​ទេ ព្រោះ​គិត​ច្រើនពេក ក្រោយពី​ត្រូវ​បាន​ពួក​ទាហាន​ថៃ​បណ្ដេញ​ចេញពី​លំនៅឋាន ហើយ​ព័ទ្ធ​យក​ដី និង​ផ្ទះលោកស្រី​។ លោកស្រីមក​រស់នៅ​ក្រោម​តង់​កៅស៊ូ ទំហំ​ជាង​៣​ម៉ែត្រ ៤​ជ្រុង ក្នុង​បរិវេណ​វត្ត​ព្រៃចាន់ ស្រុក​អូរជ្រៅ ដែល​មាន​ចម្ងាយ ប្រហែល ៥០០​ម៉ែត្រ ពី​ផ្ទះ លោកស្រី ដែល ពួក​ទាហាន​ថៃ បាន ឈ្លានពាន​យក កាលពី​អំឡុង​ខែកញ្ញា។

លោកស្រីមានកូន​ចំនួន​២​នាក់ ហើយ​ពួកគេ កំពុងតែ​រៀន​ថ្នាក់បឋមសិក្សា​នៅឡើយ។ នៅ​ពេល​ដែល​លោកស្រី​នឹក​ដល់​អនាគត​កូន​ម្ដងៗ មានតែ​ដេក​យំ ឈឺចាប់ និង ព្រួយបារម្ភ​ថា មិនដឹង​ពេលណា បាន​ស្ថានភាព​ព្រំដែន ល្អ​ឡើងវិញ ដើម្បី​ប្រកបមុខរបរ​រកស៊ី​ចិញ្ចឹមជីវិត​។ ពេល​ខ្លះ​ទៀត លោកស្រី ហាក់​គ្មាន​សង្ឃឹម​សោះ​ថា ដី​ផ្ទះ ដែល​ត្រូវ​បាន​ទាហាន​ថៃ​រំលោភ​យក​នោះ នឹង​ប្រគល់​មកវិញ​ក្នុង​ពេល​ឆាប់ៗ ខណៈ​ដែល​សព្វថ្ងៃ ដីស្រែ​ចម្ការ​របស់​អ្នកភូមិ​ជាច្រើន ថៃ​នៅតែ​បន្ត​ព័ទ្ធ​បន្លា​លួស​យក​ដដែល និង ជីក​លេណដ្ឋាន​នៅ​ក្បែរ​នោះ ចាំ​ឃ្លាំមើល និង​ការពារ​យ៉ាង​តឹងរ៉ឹង មិន​ឱ្យ​ពលរដ្ឋ ឬ​ទាហាន​ខ្មែរ​ចេញចូល​លើ​ដី​នោះ​ដោយ​សេរី​នោះ​ទេ។

ជនភៀសសឹក​ទាំងនោះ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ឱ្យ​បាន​ឆាប់ ហើយ​ត្រូវដាក់​សម្ពាធ​លើ​ទាហាន​ថៃ ត្រូវតែ​រើ​បន្លា​លួស ចេញ​ពី​ផ្ទះ និង​ដីស្រែ​ចម្ការ​របស់​អ្នកភូមិ ព្រោះថា​ទឹកដី​ទាំងនោះ គឺជា​របស់​ខ្មែរ ហើយ​ពលរដ្ឋ​អាស្រ័យ​នៅ​ជាច្រើន​ទសវត្សរ៍​មក​ហើយ។ ពួកគាត់​ថា ប្រសិនបើ​បញ្ហា​នេះ​មិន​ដោះស្រាយ​ឱ្យ​បាន​ឆាប់ ហើយ​បន្ត​ឱ្យ​ពួកគាត់​រស់នៅ​ក្រោម​តង់​កៅស៊ូ ទាំង​គ្មាន​គោលដៅ​ច្បាស់លាស់​បែប​នេះ​ទៀត​នោះ ពួកគាត់​នឹង​កាន់តែ​លំបាក​ក្នុង​ជីវភាព ព្រោះ​គ្មាន​ចំណូល ហើយ​ក្មេងៗ​ពុំ​ទទួល​ការរៀនសូត្រ​ដិតដល់ ព្រោះតែ​ជីវភាព​គ្រួសារ​ខ្វះខាត។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​អភិបាលស្រុក​អូរជ្រៅ​លោក កែវ តារារស្មី ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី៤ ខែ​ធ្នូ។ រីឯ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ចំណែក មេភូមិ​ព្រៃចាន់ ស្រុក​អូរជ្រៅ លោក ពៅ បឿន ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី នៅ​ថ្ងៃ​ដដែល​នេះ ថា​ចាប់តាំងពី​ស្ថានភាព​ព្រំដែន​បាន​ស្ងប់ស្ងាត់ មួយ​រយៈ​នេះ មាន​ពលរដ្ឋ ប្រហែល​៩០% ដែល​បាន​ត្រឡប់​ទៅ​រស់​នៅ​តាម​ផ្ទះ និង​អាស្រ័យ​ផល​លើ​ដី​ពួកគាត់​វិញ​នៅ​តាម​ព្រំដែន។ ក៏ប៉ុន្តែ លោក​ថា មាន​ពលរដ្ឋ​តិច​តូច​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

លោក ពៅ បឿន៖ «មក​បាន​មួយចំនួន​ហើយ បាន​៩០% ។ ខ្ញុំ​ជាប់រវល់​បន្តិច ជាប់រវល់​ប្រជុំ»។

ទោះជា​យ៉ាងណាក្ដី កាលពី​ថ្ងៃទី​២៥ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​អះអាង​ថា ក្រោយពី​គណៈកម្មាធិការ​ព្រំដែន​បោះបង្គោល​ព្រំដែន បណ្ដោះអាសន្ន​ជាមួយ​ថៃ តាម​បណ្ដោយ​ព្រំដែន ស្ថិត​ក្នុង​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់ ស្រុក​អូរជ្រៅ​រួច ពលរដ្ឋ​នឹង​រស់នៅ​ដោយ​សុខសាន្ត និង​អាច​ប្រកបមុខរបរ​រកស៊ី បាន​ដូច​មុន ព្រោះថា ការ​ដោះស្រាយ​រឿង​ព្រំដែន​នេះ គឺ​ធ្វើ​ឡើយ​ស្របតាម​សន្ធឹក​សញ្ញា និង​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ​បាន​ត្រឹមត្រូវ។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើង​ថា ការ​ពន្យារ​ពេល​នៃ​ការ​ដោះស្រាយ​បញ្ហា នៅក្នុង​ភូមិ​ព្រៃ​ចាន់​ជា​ក្ដី​បារម្ភ ដែល​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ជា​ខ្លាំង ដល់​ជីវភាព​ពលរដ្ឋ ដែល​មិនអាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន។ លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ឧបត្ថម្ភ ស្បៀង និង សេវា​ថែទាំ​សុខភាព ជូន​ដល់​ពួកគាត់ ឱ្យ​បាន​ដិតដល់ កុំ​ឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា រដ្ឋាភិបាល​ពុំបាន​អើពើ ខណៈ​ពួកគាត់​នៅ​មិនទាន់ ទទួល​ព័ត៌មាន​អ្វី​សោះ ជុំវិញ​ការ​វិល​ត្រឡប់។

លោក អ៊ិន គង់ជិត៖ «បើ​ពួកគាត់​មិនអាច​ចូល​ទៅ​បាន​មានតែ​ផ្គត់ផ្គង់​ផ្នែក​ស្បៀងអាហារ និង​មនុស្សធម៌ ដូចជា​ថ្នាំពេទ្យ ដើម្បី​ព្យាបាល​ទៅលើ​ពួកគាត់ ព្រោះ​ពួកគាត់​ខកខាន រង់ចាំ​ដំណោះស្រាយ​នេះ​វា​ជិត​៤​ខែ​មក​ហើយ​។ អ៊ីចឹង កាលដែល​ថៃ ព័ទ្ធ​បន្លា​លួស​អ៊ីចឹង​គឺ​ធ្វើ​ឱ្យ​ពួកគាត់ មិនអាច​រក​ចំណូល​អី​បាន និង​ប្រកប​ការងារ​អ្វី​បាន»។

បួន​ខែ​ហើយ ដែល​ទាហាន​ថៃ បាន​រាយ​បន្លា​លួស​ព័ទ្ធ រំលោភបំពាន​យក​ផ្ទះសម្បែង និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ នៅ​ភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ ស្រុក​អូរជ្រៅ ដោយ​ខុសច្បាប់ ខណៈ​រដ្ឋាភិបាល កម្ពុជា​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់ ពុំ​យក​ករណី​ថៃ​ឈ្លានពាន​ទឹកដី​ខ្មែរ​ទៅ​ប្ដឹង តុលាការ​អន្តរជាតិ​នោះ​ឡើយ។ ទាហាន​ថៃ បាន​បន្ត​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ជា​បន្តបន្ទាប់ ក្នុង​នោះ ទាហាន​ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួស ៣​នាក់ នៅក្នុង​ភូមិ​ព្រៃចាន់ កាលពី​ថ្ងៃទី​១២ វិច្ឆិកា​។ អ្នកឃ្លាំមើល​ថា ការ​មិន​ស្វែងរក​យុត្តិធម៌​ឱ្យ​ពលរដ្ឋ​បាន​ទាន់​ពេល​វេលា​នេះ ធ្វើ​ឱ្យ​ពួកគាត់​បារម្ភ​ថា ដីស្រែ និង​ផ្ទះសម្បែង​របស់​ពួកគាត់ ដែល​ទាហាន​ថៃ រំលោភ​យក​នោះ នឹង​ត្រូវ​បាត់បង់​ដោយ​គ្មាន​ដំណោះស្រាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ