ពលរដ្ឋ​កម្ពុជា​រងរបួស៣​នាក់​ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ​នៅ​ខេត្ត​ឧត្ដរមានជ័យ

0
27
ពលរដ្ឋ​​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី៨ ធ្នូ ២០២៥។ រូបភាព៖ ហ្វេសប៊ុក​លោក ម៉េត មាសភក្ដី
ពលរដ្ឋ​​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃទី៨ ធ្នូ ២០២៥។ រូបភាព៖ ហ្វេសប៊ុក​លោក ម៉េត មាសភក្ដី

ពលរដ្ឋ​កម្ពុជា​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ថៃ នៅ​ខេត្ត​ឧត្ដរមានជ័យ គិត​ត្រឹម​ម៉ោង​ ១១ព្រឹក​ថ្ងៃ​ទី៨ ធ្នូ។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​សាលា​ខេត្ត​ឧត្ដរមានជ័យ លោក ម៉េត មាសភក្ដី។

អ្នកនាំពាក្យ​សាលា​ខេត្ត​រូប​នេះ​សរសេរ​លើ​ហ្វេសប៊ុក​ថា ជា​ព័ត៌មាន​បឋម​មាន​ជនស៊ីវិល​ស្លូតត្រង់​ចំនួន ៣នាក់ ក្នុង​នោះ​ស្រី ១នាក់ បាន​រងគ្រោះ​ថ្នាក់ ដោយសារ​ការ​វាយ​ប្រហារ​ពី​កម្លាំង​យោធា​ថៃ និង​កំពុង​ជួយ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ។

ចំណែក​ក្រសួងការពារជាតិ​កម្ពុជា​អះអាង​​ថា យោធា​ថៃ​បាន​បាញ់​ប្រហារ​ចូល​ដល់​ក្នុង​ភូមិ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ បណ្តាល​ឱ្យ​របួស​ជនស៊ីវិល​មួយ​ចំនួន និង​ឆេះ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ជា​ច្រើន​ខ្នង ដែល​ធ្វើ​ឱ្យ​​ពលរដ្ឋ​ក្មេង​ចាស់ ​បង្ខំចិត្ត​ជម្លៀស​រក​ទី​កន្លែង​សុវត្ថិភាព​បណ្តោះអាសន្ន​ភ្លាមៗ។

ក្រសួង​បន្ត​ថា យោធា​ថៃ​​បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 នៅ​ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត និង​បាញ់​ផ្សែង​ពុល​លើ​តំបន់​ភ្នំខ្មោច និង​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​ប្រើ​អាវុធ​ធន់​ធ្ងន់​ជាច្រើន​វាយ​ប្រហារ​កម្ពុជា ដោយ​ចោទ​កម្ពុជា​ថា វាយ​ប្រហារ​មុន និង​ធ្វើ​ឱ្យ​ទាហាន​ខ្លួន​ម្នាក់​ស្លាប់ និង​រង​របួស​មួយ​ចំនួន។ ប៉ុន្តែ ក្រសួងការពារជាតិ​កម្ពុជា​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​កម្ពុជា​អះអាង​ថា ខ្លួន​រក្សា​ភាព​អត់ធ្មត់​មិន​ទាន់​តបត​ទេ​ទៅ​ថៃ​វិញ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​​ថា កំពុង​អំពាវនាវ​​សហគមន៍​អន្តរជាតិ​ជួយ​អន្តរាគមន៍​​បញ្ឈប់​ឱ្យ​យោធា​វាយ​ប្រហារ​កម្ពុជា ព្រមទាំង​ស្នើ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ចុះទៅ​ទីតាំង ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​ការពិត និង​ធានា​ឱ្យ​បាន​នូវ​តម្លាភាព យុត្តិធម៌ និង​ភាព​ត្រឹមត្រូវ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ