

ប៉ូលិសផ្នែកបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបរិស្ថានថៃ បានចាប់ខ្លួនបុរសម្នាក់ ដែលគេអះអាងថា ជាជនជាតិខ្មែរ ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃអន្តរជាតិខុសច្បាប់ ដោយរឹបអូសបានសត្វស្វាក្ដាមជាង ៦៣ក្បាល ដែលកំពុងរៀបចំនាំចេញទៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា។
ប្រភពអះអាងថា ជនជាតិខ្មែរ ដែលជាអ្នករត់ពន្ធសត្វស្វាក្ដាមនោះ មានឈ្មោះ ថាន់ ភេទប្រុស ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែវិច្ឆិកា នៅខេត្តប្រាជីនបុរី (Prachin Buri) ដោយចោទប្រកាន់ពីបទ កាន់កាប់សត្វព្រៃការពារដោយគ្មានការអនុញ្ញាត ក្រោមច្បាប់អភិរក្ស និងការពារសត្វព្រៃឆ្នាំ ២០១៩ និង ស្នាក់នៅក្នុងប្រទេសថៃលើសកាលកំណត់។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ អាជ្ញាធរថៃបានរឹបអូសវត្ថុតាង រួមមាន សត្វស្វាក្ដាមចំនួន ៦៣ក្បាល ក្នុងនោះមានឈ្មោល ៣២ក្បាល។ សត្វស្វាក្ដាមទាំងនេះ ត្រូវគេច្រកទៅក្នុងស្បោងទាំងរស់ ដោយដាក់ប្រច្រៀតគ្នានៅក្នុងធុងប្លាស្ទិកពណ៌ខ្មៅចំនួន១០ និងដឹកតាមរថយន្តហុងដាមួយគ្រឿង ដែលធ្វើឱ្យសត្វស្វាទាំងនោះ មានរបួស សន្លប់ និងមួយចំនួនទៀតពិការ មុនពេលដែលអាជ្ញាថៃជួយសង្គ្រោះ។
ប្រភពបន្តថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានដឹកជញ្ជូនសត្វស្វាទាំងនេះ ពីខេត្តភាគខាងជើងប្រទេសថៃ និងបម្រុងនាំឆ្លងដែនមកប្រទេសកម្ពុជា ដោយមិនមានអាជ្ញាប័ណ្ណកាន់កាប់សត្វព្រៃការពារនោះឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចថៃបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធនឹងការជួញដូរសត្វស្វាក្ដាមនេះដែរ កម្ពុជាធ្លាប់មានរឿងអាស្រូវម្ដងរួចមកហើយ កាលពីឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរអាមេរិក បានឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងបរិស្ថាន លោក គ្រី ម៉ះផល នៅអាកាសយានដ្ឋានអន្តរជាតិ ឃែនណើឌី (Kennedy) ក្នុងទីក្រុងញូវយ៉ក ខណៈលោកកំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំក្នុងសន្និសីទមួយ នៅប្រទេសប៉ាណាម៉ា(Panama)។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិក បានចោទប្រកាន់ លោក គ្រី ម៉ះផល ពីបទជួយសម្រួលដល់ការរត់ពន្ធសត្វស្វាក្ដាម ឬស្វាកន្ទុយវែង ដែលជិតផុតពូជ ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមស្វា របស់ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio Research) ដែលត្រូវបានគេរកឃើញថា បានប្រមូលទិញស្វាធម្មជាតិពីក្នុងព្រៃ ដើម្បីនាំចេញដោយបន្លំថា ជាស្វាចិញ្ចឹមក្នុងកសិដ្ឋាន។ ជាមួយគ្នានេះ អគ្គនាយករដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស ក៏ត្រូវបានចោទប្រកាន់ដែរ ប៉ុន្តែលោកមិនត្រូវបានចាប់ខ្លួននោះឡើយ។
បន្ទាប់ពីបានតតាំងក្ដីជាង ១ឆ្នាំ តុលាការរដ្ឋហ្លូរីដា បានសម្រេចឱ្យលោក គ្រី ម៉ះផល រួចពីការចោទប្រកាន់ ដោយដោះលែងឱ្យមានសេរីភាព វិញ កាលពីឆ្នាំ២០២៤។ ទោះជាបែបនេះក្ដី អង្គការការពារសត្វព្រៃរបស់អាមេរិកPETAបានលើកឡើងថា ទោះបីជាលោក គ្រី ម៉ះផល ត្រូវបានដោះលែងក្ដី ក៏តុលាការអាមេរិកមានភស្តុតាងជាច្រើន ដែលបានលាតត្រដាងពីអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីខ្មែរ ដែលឃុបឃិតជាមួយមន្ទីរពិសោធន៍ ក្នុងការរត់ពន្ធស្វាក្ដាមខុសច្បាប់ចេញពីកម្ពុជា៕









