«រដ្ឋាភិបាល​គួរ​សិក្សា​ពី​ផល​ប៉ះពាល់​ករណី​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​មណ្ឌលគិរី និង​ត្បូងឃ្មុំ»

0
254
រូបភាពក្រុមហ៊ុនរ៉ឺណេសង់ មីនីរ៉ល ខែមបូឌា (Renaissance Minerals Cambodia) ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ថតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
រូបភាពក្រុមហ៊ុនរ៉ឺណេសង់ មីនីរ៉ល ខែមបូឌា (Renaissance Minerals Cambodia) ស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ថតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អ្នកឃ្លាំមើល​បរិស្ថាន និង​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ពី​ផល​ប៉ះពាល់​ឲ្យ​បាន​ត្រឹមត្រូវ និង​តម្លាភាព ជុំវិញ​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ពង្រីក​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ត្បូងឃ្មុំ។ កាល​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រ៉ែ​មាស រ៉ឺណេសង់ មីនីរ៉ល ខេមបូឌា (Renaissance Minerals Cambodia) របស់​អូស្ត្រាលី ពង្រីក​អាជីវកម្ម​រ៉ែ​មាស​ចំនួន​២​កន្លែង​បន្ថែម​ទៀត។

អ្នកឃ្លាំមើល​បរិស្ថាន និង​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ខ្លាច​ការពង្រីក​អាជីវកម្ម​រ៉ែ​មាស របស់​ក្រុមហ៊ុន​ឯកជន នៅ​ខេត្តមណ្ឌលគិរី និង​ខេត្ត​ត្បូងឃ្មុំ បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ ពីព្រោះ​កន្លងទៅ​មាន​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​វិស័យ​ធនធាន​រ៉ែ តែងតែ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​មិនបាន​សិក្សា​ពី​ផល​ប៉ះពាល់ និង​ពិគ្រោះ​យោបល់​ជា​ប្រជាពលរដ្ឋ​នោះ​ទេ។

អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​ថា រដ្ឋាភិបាល​ត្រូវតែ​សិក្សា​អំពី​ផល​ប៉ះពាល់​ឲ្យ​បាន​ច្បាស់លាស់ និង​ឲ្យ​មាន​តម្លាភាព មុននឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​បន្ត​ធ្វើ​ការ​វិនិយោគ។ លោក​ថា កន្លងមក​មាន​ក្រុមហ៊ុន​ឯកជន​ច្រើន ដែល​ទទួល​បាន​សិទ្ធិ​រុករក​រ៉ែ និង​ធ្វើ​អាជីវកម្ម តែងតែ​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​គ្រោះថ្នាក់​ពលរដ្ឋ រហូត​ដណ្ដើមយក​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល និង​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​បន្ថែម​ទៀត​ផង។

លោក សេង សុខហេង៖ «រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នឹង​ឯង​ត្រូវ​ប្រកាស​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​អំពី​ការ​វាយ​តម្លៃ មុន​ពេល​ដែល​ផ្ដល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន កន្លង​មក​យើង​ឃើញ​ថា សកម្មភាព​ភាគច្រើន គឺ​មិនសូវ​បាន​ប្រកាស​ព័ត៌មាន ឬក៏​បើក​ចំហ ឲ្យ​មានការ​ដេញថ្លៃ មានការ​ប្រកួតប្រជែង​តម្លាភាព ឬក៏​ជា​សាធារណៈ​នោះ​ទេ ភាគច្រើន​ធ្វើ​ដោយ​អាថ៌កំបាំង ដូច្នេះ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​មិន​សូវ​មាន​តម្លាភាព»។

យុវតី​ស្រឡាញ់​ធនធាន​ធម្មជាតិ និង​បរិស្ថាន កញ្ញា ដាំ សុស្រីនាង យល់ឃើញ​ថា កញ្ញា​ស្វាគមន៍​ការ​វិនិយោគ​ឲ្យ​ប្រជា​សហគមន៍​មាន​ភាព​រីកចម្រើន ប៉ុន្តែ​ត្រូវ​មាន​តម្លាភាព គណនេយ្យភាព ពី​ការ​វិនិយោគ ឬ​ការ​ធ្វើ​អាជីវកម្ម​នេះ ស្រប​ទៅ​តាម​អភិបាលកិច្ច​ល្អ។

កញ្ញា ដាំ សុស្រីនាង៖ «​សំណូមពរ​រាល់​ការ​សម្រេចចិត្ត ឬក៏​របាយការណ៍ វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន គួរតែ​ផ្សព្វផ្សាយ​ជា​សាធ​រណៈ នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង ឲ្យ​ទៀងទាត់​មុន​ពេល​ដែល​ទទួល​បាន​ដំណឹង​ថា តំបន់​ទាំងនោះ​ត្រូវ​បាន​ផ្ដល់​អាជ្ញាប័ណ្ណ ឬក៏​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បានទេ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។ ចំណែក​តំណាង​ក្រុមហ៊ុន រ៉ឺណេសង់ មីនីរ៉ល ក៏​ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិនិយោគទុន​ធនធាន​រ៉ែ​ចំនួន ២​កន្លែង​បន្ថែម​ទៀត ជាមួយ​ក្រុមហ៊ុន​រ៉ែ​មាស រ៉ឺណេសង់ មីនីរ៉ល ខមបូឌា របស់​អូស្ត្រាលី ដែល​រំពឹង​ថា គម្រោង​ទាំងពីរ​នេះ នឹង​ផ្តល់​ចំណូល​ដល់​រដ្ឋ​ប្រមាណ ១.៥០០ លាន​ដុល្លារ​អាមេរិក ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​រ៉ែ និង​ថាមពល​។ ការ​ពង្រឹង​វិស័យ​រ៉ែ​មាស​នេះ ស្រប​ពេល​ដែល​កម្ពុជា​គ្រោង​ខ្ចី​បំណុល​បរទេស​ជាង ៣​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​យក​មក​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​រដ្ឋាភិបាល។

រីឯ​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់ឃើញ​ថា រដ្ឋាភិបាល​មុន​ផ្ដល់​ដី​សម្បទាន ឬ​វិនិយោគ​អ្វីមួយ​ត្រូវតែ​ផ្សព្វផ្សាយ​ព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ និង​សិក្សា​វាយតម្លៃ​ផល​ប៉ះពាល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ជៀសវាង​មាន​បញ្ហា​ប៉ះពាល់​បរិស្ថាន និង​រំលោភ​សិទ្ធិមនុស្ស​កើតឡើង។

លោក យិន ម៉េងលី៖ «សូម​ពិចារណា​ឡើងវិញ​ថា ការវាយតម្លៃ​ផល​ប៉ះពាល់​ពលរដ្ឋ​បាន​ត្រឹមត្រូវ​ដែរឬទេ​? ការចូលរួម​បាន​ច្បាស់លាស់​ទេ​? អំពី​តម្លាភាព អំពី​ផល​ប៉ះពាល់​បរិស្ថាន អ៊ីចឹង​យើង​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ធ្វើការ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់ ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍន៍ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​សម្បទាន​នេះ»។

គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៥ ក្រុមហ៊ុន រ៉ឺណេសង់ មីនីរ៉ល របស់​ប្រទេស​អូស្ត្រាលី បាន​បើក​ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់ «​រ៉ែ​មាស​» បាន​មាស​ជិត ១៤​តោន (១៣ ៧២០.៩) ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​អូរខ្វាវ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ ចំណែក​រដ្ឋាភិបាល​វិញ បាន​ប្រមូល​ចំណូល​សារពើពន្ធ​ពី​ក្រុមហ៊ុន​មួយ​នេះ ប្រមាណ ៥០​លាន​ដុល្លារ​អាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ