កម្មការិនី​ម្នាក់​ស្លាប់​បន្ទាប់ពី​ធ្វើការ​រហូតដល់​ដួលសន្លប់​នៅ​តុ​ដេរ

0
32
កម្មការីនី​ឈ្មោះ យីម រីន អាយុ​៣២​ឆ្នាំ ដែលដួលស្លាប់នៅក្នុងរោងចក្រ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៦។ រូប៖ បណ្ដាញសង្គម
កម្មការីនី​ឈ្មោះ យីម រីន អាយុ​៣២​ឆ្នាំ ដែលដួលស្លាប់នៅក្នុងរោងចក្រ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៦។ រូប៖ បណ្ដាញសង្គម

កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ Cambo Unisoll ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស 7NG ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ធ្វើការ​រហូត​ដួលសន្លប់​រហូត​បាត់បង់​ជីវិត នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ។

សហព័ន្ធ​សហជីព​សេរី​កម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា កម្មការីនី​ឈ្មោះ យីម រីន អាយុ​៣២​ឆ្នាំ ដែល​មានកូន​ចំនួន​២ បាន​ដួលសន្លប់​ដកចង្កាមាន់​នៅ​ម៉ាស៊ីនដេរ ហើយ​ត្រូវ​បាន​អ្នក​ធ្វើការ​ជាមួយគ្នា និង​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ព្យាយាម​ជួយសង្គ្រោះ​បឋម ប៉ុន្តែ​មិន​បាន​ធូរស្រាល។ ប្រភព​ដដែល​បន្ត​ថា បន្ទាប់មក លោកស្រី យីម រីន ត្រូវ​បាន​បញ្ជួន​តាម​ឡាន​រោងចក្រ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល នៅតែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត​លោកស្រី​បាន។

បច្ចុប្បន្ន សាកសព​លោកស្រី ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ក្នុង​ឃុំ​ព្រៃស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង។ ក្រោយពី​មាន​ករណី​ស្លាប់​នេះ មន្ត្រី​ក្រសួង​ការងារ ផ្នែក​ទប់ស្កាត់​ករណី​សន្លប់ និង​បង្ការ​ហានិភ័យ​ការងារ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះទៅ​រោងចក្រ Cambo Unisoll ដើម្បី​ពិនិត្យ​កន្លែងធ្វើការ​ងារ​ក្រុម​កម្មករ។

កម្មករ​រោងចក្រ​មួយចំនួន​បាន​លើកឡើង​ថា បញ្ហា​ដែល​តែង​ធ្វើ​ឱ្យ​កម្មករ​ដួល​សន្លប់ គឺ​ដោយសារ​មិន​មាន​លុយ​កាក់​ទិញ​អាហារ​ហូបចុក​ឱ្យ​បាន​គ្រប់គ្រាន់ ឬ​អាហារ​ដែល​ខ្វះ​ជីវជាតិ ហើយ​ម្យ៉ាងទៀត ពួកគាត់​មិន​ហ៊ាន​សុំច្បាប់​ឈប់​សម្រាក​នៅពេល​មាន​បញ្ហា​សុខភាព​ឡើយ ដោយសារ​រង​ការ​គំរាម​កាត់​ប្រាក់ខែ​ពី​ចៅ​កែ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ