ឡាន​ដឹក​កម្មករ​​៧០​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​អ្នក​ខ្លះ​បាក់​ជើង និង​បែក​ក្បាល​ធ្ងន់ធ្ងរ

0
38
ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ ចំនួន​៧០​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ
ឡាន​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ ចំនួន​៧០​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកសហព័ន្ធសហជីពសេរីកម្មករ

ឡាន​ដឹក កម្មករ​រោងចក្រ​កាត់ដេរ ចំនួន​៧០​នាក់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​ខេត្ត​កណ្ដាល ដែល​បណ្ដាល​ឱ្យ​អ្នកខ្លះ​បាក់ជើង បែកក្បាល​ធ្ងន់ធ្ងរ និង អ្នក​ខ្លះទៀត របួសស្រាល កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ ខ្លះ និង​នៅ​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត​កណ្ដាល​ខ្លះ។

កម្មករ​ទាំង​៧០​នាក់​នោះ គឺជា​ស្ត្រី​ទាំងអស់ ហើយ​មាន​ម្នាក់​ជា​ស្ត្រី​មាន​ផ្ទៃពោះ ។ ពួកគាត់​ធ្វើការ​នៅ​រោងចក្រ ចំនួន ៦​ផ្សេងគ្នា នៅក្នុង​តំបន់​សេដ្ឋកិច្ច 7NG ស្ថិត នៅ​ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ។ កម្មករ​ម្នាក់ នៅ​ក្នុង​ហេតុ​នោះ លោកស្រី ប៊ុន បុរី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា មានកម្ម​ករ​ជិត​៥០ នាក់ បាន​រង​ធ្ងន់ និង​ស្រាល​។ លោកស្រី​បន្ត​ថា អ្នក​ដែល​របួសធ្ងន់ រហូតដល់​ដាច់​ជើង មាន​ម្នាក់ ហើយ​អ្នកខ្លះ​ទៀត​ដាច់ ស្លឹកត្រចៀក ទាំងសងខាង និង​អ្នកខ្លះ ធ្លាយ​ក្រលៀន មាន​ប្រហែល ជាង ៦​នាក់ ក្រៅ​ពី​នោះ រង​របួស​ស្រាល។

លោកស្រី​រំលឹក​ថា អំឡុង​ពេល​ធ្វើដំណើរ​នោះ ឡានក្រុង ដឹក​កម្មករ បាន​បើក​យ៉ាង​លឿន ដើម្បី​វ៉ា​ឡើង ក៏ប៉ុន្តែ ទៅ​វាក់​អើ ជាមួយ​នឹង​រម៉ក​កង​បី​នៅ​ពីមុខ ពេលនោះ អ្នក​បើក​បាន​កាច់​ចង្កូត​គេច​រម៉ក បណ្ដាល​ឱ្យ ក្រឡាប់​ឡាន​។ លោកស្រី​ថា អ្នក​បើក​ឡាន​នេះ ទើបតែ​មក​បើក​ថ្មី បាន​ប្រហែល​២​ថ្ងៃ ប៉ុណ្ណោះ ក្រោយ​ពី​អ្នក​បើក​ចាស់​បាន​លក់​ឡាន​នោះ ឱ្យទៅ​អ្នក​ផ្សេង។

ជុំវិញ​រឿង​នេះ អនុប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (​ស៊ីខ​ឌូ​) លោក អាត់ ធន់ យល់ថា ករណីនេះ អាច​បង្កឡើង​ដោយសារតែ​អ្នក​បើក​ឡាន​នោះ​បើក​លឿន​ពេក ទើប​ធ្វើ​ឱ្យ​ស្មារតី​មិន​នឹងន រហូត​កាច​ចង្កូត​រេ​ទៅ​ធ្លាក់​ផ្លូវ។ ទន្ទឹមគ្នា​នោះ លោក​មើលឃើញ​ឡាន​ដឹក​កម្មករ​ភាគច្រើន ជា​ប្រភេទ​ឡាន​កែច្នៃ ខុស​ស្តង់ដារ ហើយ​ដឹក​កម្មករ​លើស​ចំនួន​។ ដូច្នេះ លោក ថា នៅ​ពេល​ឡាន​ផ្អៀង​ម្ដងៗ ងាយ​ណាស់ នឹង​ក្រឡាប់ ព្រោះ​កម្មករ តែងតែ​ផ្អៀង​ទៅ​តាម​ឡាន​។ លោក​ស្នើ​ឱ្យ​ក្រសួង​ការងារ គួរតែ​តម្រូវ​ឱ្យ ថៅកែ​រោងចក្រ​នីមួយៗ ត្រូវ​គិតគូរ​ពី​មធ្យោបាយ​ដឹក​កម្មករ​ដែល​មាន​ស្តង់ដារ និង​មិនមែន​ជា ឡាន​កែច្នៃ ដើម្បី​ធានា​សុវត្ថិភាព​កម្មករ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ