

សកម្មជនព្រៃឡង់ ខេត្តព្រះវិហារ អះអាងថា នៅដើមឆ្នាំ២០២៦នេះ ពួកគាត់រកឃើញបទល្មើសព្រៃឈើរាប់រយករណី នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ពួកគាត់ថា បច្ចុប្បន្ន តំបន់ព្រៃការពារមួយនេះ ហាក់គ្មានមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ឈរជើងការពារទប់ស្កាត់នោះឡើយ ទើបធ្វើឲ្យជនល្មើសចូលកាប់ឈើដោយសេរីបែបនេះ។
សកម្មជនការពារព្រៃឡង់ នៅខេត្តព្រះវិហារ បានចុះស៊ើបអង្កេត អស់រយៈពេល១យប់១ថ្ងៃ ដើម្បីស្វែងរកបទល្មើសព្រៃឈើ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយរកឃើញថា មានដើមឈើមូលធំៗ រាប់រយដើម ត្រូវបានក្រុមជនល្មើសកាប់ផ្ដួល និងអាច្រៀកដឹកចេញពីតំបន់ព្រៃអភិរក្សមួយនេះ។

សកម្មជនការពារព្រៃឡង់ នៅខេត្តព្រះវិហារ លោក ខេម សុឃី អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៤ ខែមីនា ថា បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់កើតឡើងក្នុងទម្រង់ពីរ គឺការកាប់រុករានដីព្រៃធ្វើជាចម្ការ និងការកាប់ឈើមានតម្លៃធ្វើអាជីវកម្ម។ លោកទទូចឲ្យអាជ្ញាធរថ្នាក់ជាតិចុះសិក្សាស្រាវជ្រាវ និងស្វែងរកជនល្មើស រួមទាំងអ្នកដែលជាប់ពាក់ព័ន្ធយកមកផ្ដន្ទាទោសទៅតាមច្បាប់។
លោក ខេម សុឃី៖ «ខ្ញុំគិតថា ប្រសិនបើយើងការពារដោយភាពស្មោះត្រង់ ជាធ្លុងមួយយើងអាចសល់ ប៉ុន្តែបើការពារដូចបរិបថសព្វថ្ងៃនេះ អ្នកដែលហ៊ាននិយាយ និងឆ្កើះរឿងព្រៃឈើ សុទ្ធតែអ្នកគ្មានឥទ្ធិពល ខ្ញុំគិតថាព្រៃនេះមិនសល់ទេ ពីព្រោះប្រជាពលរដ្ឋគាត់អត់ហ៊ានចូលរួមការពារទេ ដោយសារកត្តាមួយចំនួន»។
លោក ខេម សុឃី អះអាងទៀតថា ក្រុមជនល្មើសបានចូលទៅកាប់ឈើ នៅតំបន់ព្រៃឡង់ត្រង់ចំណុច ក្បាលជាំប្រមេ អូរអាចម៍ និងអូរពីរ ដែលភាគច្រើនក្រុមឈ្មួញកាប់ឈើប្រភេទ ត្បែង កកោះ ផ្ដៀក ដួងចែម ស្រឡៅ និងដើមច្បោះ ដែលពលរដ្ឋតែងតែអាស្រ័យផល ដងជ័រទឹកលក់យកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី៤ ខែមីនា។
កាលពីឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចំនួន៤ដើម្បីទប់ស្កាត់និងការពារធនធានធម្មជាតិឲ្យបាន១០០ភាគរយ ដោយទី១ ត្រូវអនុវត្តច្បាប់ និងមិនលើកលែងឲ្យជនល្មើសទៀតនោះទេ ទី២សហការជាមួយមន្ត្រីពាក់ព័ន្ធពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន និងអ្នកមានភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ទី៣ គឺការសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន រីឯទី៤ ជំរុញឲ្យការដាំដុះគម្របព្រៃឈើឡើងវិញឲ្យបាន៦០% នៅឆ្នាំ២០៥០។ ប៉ុន្តែក្រុមអ្នកការពារបរិស្ថានយល់ថា វិធានការ៤ចំណុចរបស់ក្រសួងបរិស្ថាន នឹងមិនមានប្រសិទ្ធភាពការពារព្រៃឈើនោះ ឡើយ ប្រសិនបើរដ្ឋាភិបាលមិនលុបបំបាត់អំពើពុករលួយ និងចាត់វិធានការទៅលើមន្ត្រីក្នុងជួររដ្ឋាភិបាលដែលជាប់ពាក់ព័ន្ធនឹងការរកស៊ីកាប់បំផ្លាញព្រៃឈើទេនោះ។
ចំណែកអ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា លើកឡើងថា សកម្មភាពកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់បច្ចុប្បន្ន បានឆ្លុះបញ្ចាំងពីភាពបរាជ័យក្នុងការការពារធនធានធម្មជាតិ ហើយរដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនមានសមត្ថភាពគ្រប់គ្រាន់ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនោះឡើយ។ លោកបារម្ភខ្លាចព្រៃឈើបន្តបាត់បង់ ប្រសិនបើរដ្ឋាភិបាលនៅតែបណ្ដែតបណ្ដោយឲ្យមន្ត្រីថ្នាក់ក្រោមប្រព្រឹត្តអំពើពុករលួយ។
លោក ម៉ា ចិត្រា៖ «ខ្ញុំគិតថាប្រសិនបើក្រសួងបរិស្ថានមានឆន្ទៈការពារមែន គួរតែពង្រឹងតួនាទី ឬក៏ស៊ើបអង្កេត ក្នុងន័យថា ប្រសិនបើគាត់ស្រឡាញ់ធនធានធម្មជាតិមែន គាត់បង្កើតក្រុមស៊ើបការសម្ងាត់មួយទៅ ឲ្យគាត់ស៊ើបការទៅលើបញ្ហាព្រៃឡង់នេះមើល ថា តើនរណាជាអ្នកនៅពីខាងក្រោយការកាប់បំផ្លាញព្រៃឡង់ហ្នឹង នេះប្រសិនបើគាត់មានឆន្ទៈ ហើយបើគាត់មិនធ្វើទេ កូនចៅគាត់នៅតែប្រព្រឹត្តអំពើពុករលួយនេះឯង»។

ក្រៅពីកាប់ទន្ទ្រានដីព្រៃយកធ្វើចម្ការ និងកាប់ឈើធ្វើអាជីវកម្ម នៅជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ ក៏មានក្រុមហ៊ុនឯកជនកំពុងសំងំធ្វើអាជីវកម្មផ្សេងៗគ្នា ប្រមាណជិត១០ក្រុមហ៊ុន ក្នុងនោះរួមមាន ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development Co., Ltd) របស់កូនលោក ទ្រី ភាព គឺ លោក ទ្រី ដាលុច កំពុងធ្វើអាជីវកម្មរ៉ែលោហៈ ភាគខាងជើង នៃតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង និងភាគខាងលិចមានក្រុមហ៊ុនវៀតណាមចំនួន២ ដែលជាកន្លែងផ្ដល់ទីតាំងឲ្យក្រុមជនល្មើសរកស៊ីកាប់ឈើទ្រង់ទ្រាយធំ។ ចំណែកភាគខាងត្បូង ក្នុងខេត្តកំពង់ធំ មានក្រុមហ៊ុនចិន កំពុងធ្វើអាជីវកម្មរ៉ែមាសខ្នាតធំ និងខាងកើត ក្នុងខេត្តក្រចេះ មានក្រុមហ៊ុនរបស់អ្នកមានអំណាចកំពុងធ្វើអាជីវកម្មថ្មម៉ាប និងស៊ីម៉ង់។ លើសពីនោះ ក៏មានក្រុមហ៊ុន ចំនួន១១ផ្សេងទៀត កំពុងសិក្សាស្រាវជ្រាវ និងរុករករ៉ែបន្ថែមទៀត។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារ ស្ថិតនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ត្រូវបានរដ្ឋាភិបាលបង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦ គ្រប់គ្រងដោយក្រសួងបរិស្ថាន។
កាលពីខែកក្កដាឆ្នាំ២០២៣កន្លងទៅ រដ្ឋាភិបាលបានប្រកាសពង្រីកទំហំផ្ទៃដីព្រៃ ដែនជម្រកសត្វព្រៃព្រៃឡង់ពី ៤៣ម៉ឺន (៤៣១.៦៨៣) ទៅ៤៨ម៉ឺន (៤៨៩.៦៦៣)ហិកតារ។ បើទោះបីជា រដ្ឋាភិបាលពង្រីកផ្ទៃដីធំជាងមុនក្ដី ក៏តំបន់ការពារមួយនេះនៅតែរងការកាប់យកឈើធំៗ និងការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនឯកជនយ៉ាងអនាធិបតេយ្យរហូតដល់សព្វថ្ងៃ៕








