

អ្នកឃ្លាំមើលបរិស្ថានជំរុញឲ្យរដ្ឋាភិបាលបង្ក្រាបឈ្មួញកាប់ឈើទ្រង់ទ្រាយធំ និងអ្នកដែលពាក់ព័ន្ធឲ្យមានប្រសិទ្ធភាពនៅឆ្នាំ២០២៦ នេះ ខណៈបច្ចុប្បន្នអាជ្ញាធរពាក់ព័ន្ធមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំឡើយ ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដាក់គោលដៅឲ្យមន្ត្រីរបស់ខ្លួនបង្ក្រាបរោងសិប្បកម្ម រោងស្តុក និងឡដុតធ្យូងខុសច្បាប់ នៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំឲ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ទៅលើអ្នកពាក់ព័ន្ធដែលបណ្ដោយឲ្យមានអាជីវកម្មឈើខ្នាតធំ ឲ្យបានតឹងរ៉ឹង បើពុំនោះទេ ព្រៃឈើនៅកម្ពុជានឹងបន្តបាត់បង់បន្ថែមទៀតនៅឆ្នាំ២០២៦នេះ។
អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៨ ខែមករា ថា រដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយ និងបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំទូទាំងប្រទេស។

លោក សេង សុខហេង អះអាងទៀតថា ក្រសួងបរិស្ថានមិនត្រឹមតែអនុវត្តច្បាប់ទៅរោងសិប្បកម្ម ឡដុតធ្យូងតែមួយផ្នែកនោះទេ ត្រូវតែបិទក្រុមហ៊ុនធំៗ ដែលកំពុងតែសំងំធ្វើអាជីវកម្មទ្រង់ទ្រាយធំនៅតាមតំបន់ព្រៃការពារទូទាំងប្រទេស។
លោក សេង សុខហេង៖ «វាងាយទេ ក្នុងការបង្ក្រាបនោះ ឲ្យតែអាជ្ញាធរពាក់ព័ន្ធអាជ្ញាធរដែនដី ដាក់ចិត្តដាក់កាយ អ្វីដែលសំខាន់គឺដាក់បទបញ្ជាឲ្យតឹងរ៉ឹងមើល មានបទល្មើសព្រៃឈើនៅខេត្តណា នៅតំបន់ណា ដកមន្ត្រីពាក់ព័ន្ធអាជ្ញាធរនៅតំបន់នោះចោល បើក្រុមនោះមិនអនុញ្ញាតឲ្យដៃនោះទេ មិនអាចដឹកចេញបាននោះទេ»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី០៨ ខែមករា ដោយទូរស័ព្ទចូលតែគ្នាអ្នកទទួល។
នៅក្នុងពិធីផ្សព្វផ្សាយ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចិរភាព របស់ក្រសួងបរិស្ថាន កាលថ្ងៃទី០៥ ខែមករា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់គោលដៅឲ្យមន្ទីរបរិស្ថាន រាជធានី ខេត្តទាំងអស់ ត្រូវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងព្រៃឈើ ក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ ផលអនុផលព្រៃឈើ កាប់ចេញពីតំបន់ការពារធម្មជាតិ ចូលរោងសិប្បកម្ម, រោងស្តុក និងឡដុតធ្យូងខុសច្បាប់។ ប៉ុន្តែលោកមិនបានឲ្យមន្ត្រីទាំងនោះអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ ដែលកំពុងធ្វើអាជីវកម្មឈើនៅតាមតំបន់ការពារនោះទេ។

មកទល់ពេលនេះ សកម្មជនបរិស្ថាន អះអាងថា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងមានសង្គ្រាមជាមួយប្រទេសថៃ ក្រុមជនល្មើសនៅតែបន្តសម្រុកកាប់ឈើខុសច្បាប់។
ជាក់ស្ដែង កាលថ្ងៃទី៧ ខែមករា សារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយថា រថយន្តដឹកឈើធុនធំមួយគ្រឿងបានក្រឡាប់ធ្លាក់ផ្លូវនៅចំណុចអូរងើយ ភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងជាច្រើនគ្រឿងទៀត កំពុងដឹកជញ្ជូនឈើទ្រង់ទ្រាយធំ ចេញពីភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ចំណែកសកម្មជនការពារបរិស្ថាននៅតំបន់ព្រៃឡង់ លោក ខេម សុឃី ឲ្យដឹងថា ប្រសិនបើរដ្ឋាភិបាលមិនបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំឲ្យមានប្រសិទ្ធភាពនោះទេ បទល្មើសព្រៃឈើទ្រង់ទ្រាយតូច ដូចជារោងសិប្បកម្ម រោងស្តុក និងឡដុតធ្យូង ក៏មិនអាចបង្ក្រាបឲ្យមានប្រសិទ្ធភាពនោះដែរ។
លោក ខេម សុឃី៖ «ចង់ឲ្យរដ្ឋាភិបាលទាញយកអ្នកដែលកាប់ឈើកន្លងមក កើតផលមានបានអំពីព្រៃឈើ យកមកកាត់ក្ដី យកមកប្រឈមនឹងផ្លូវច្បាប់ ច្បាប់អត់អាចលើកលែងដែរ ទោះបីប្រព្រឹត្តប៉ុន្មានឆ្នាំក្ដី ក៏មានអាជ្ញាយុកាលយកពួកគាត់មក ទទួលខុសត្រូវការបំផ្លិចបំផ្លាញព្រៃឈើទាំងអស់នេះដែរ សូមឲ្យរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យបានស្មើៗគ្នា ទាំងអ្នកមានទាំងអ្នកក្រអនុវត្តឲ្យមានតម្លាភាពស្មើៗគ្នា»។
បច្ចុប្បន្នបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅតែបន្តកើតមាននៅតាមតំបន់ព្រៃការពារ មានដូចជា ក្រុមហ៊ុន នុភាព សុភី (Noupheab Sophy) កំពុងធ្វើអាជីវកម្មទ្រង់ទ្រាយធំ នៅជាប់ឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី ក្រុមហ៊ុនធី.អេស.អិម.ដាប់បែលយូ (T.S.M.W.) នៅក្នុងតំបន់ការពារភ្នំក្រឡាពស់ នៅខេត្តស្ទឹងត្រែង និងក្រុមហ៊ុន អ៊ីអ៊ិនវេសមេន ខេមបូឌា (E-investment Cambodia) របស់អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឡាយ ព្រហស្ថ ដែលកំពុងសំងំធ្វើអាជីវកម្មទ្រង់ទ្រាយធំនៅស្រុកស្នួល ខេត្តក្រចេះ ជាដើម៕









