

អត្ថបទលម្អិតប្រៀបធៀបរបបដឹកនាំប្រទេសវេណេហ្ស៊ុយអេឡា និងត្រកូលហ៊ុន
ក្រោយពេលសហរដ្ឋអាមេរិកចូលចាប់ខ្លួនមេដឹកនាំប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) ដល់ក្នុងផ្ទះនៅកណ្ដាលអធ្រាត្រ ពិភពលោកបានបង្វែរការចាប់អារម្មណ៍ទៅកាន់ប្រទេសមួយ ដែលសម្បូរប្រេងកាតបំផុតលើពិភពលោក ប៉ុន្តែប្រជាពលរដ្ឋវិញ រស់នៅក្នុងភាពក្រីក្រ។ នៅឯកម្ពុជាឯណេះវិញ មនុស្សម្នាក៏ភ្ញាក់ផ្អើលដែរ។ ដំណឹងពីការចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡានេះត្រូវបានគេចែករំលែកនិងបញ្ចេញទស្សនៈតែរៀងខ្លួន។ អ្នកខ្លះអបអរសាទរ អ្នកខ្លះខឹងសម្បារ អ្នកខ្លះប្រៀបធៀបលក្ខណៈក្នុងការក្ដោបក្ដាប់អំណាច និងការដឹកនាំប្រទេសនៃរបបលោក ម៉ាឌូរ៉ូ និងរបបដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុន។
តើរបបដឹកនាំទាំងពីរនេះ ដូចគ្នានិងខុសគ្នាបែបណា?
នៅថ្ងៃទី៣ ខែមករា ប្រធានាធិបតីអាមេរិកបានប្រកាសថា ប្រតិបត្តិការពិសេសមួយ បានចាប់ខ្លួនប្រធានាធិបតីវេណេហ្ស៊ុយអេឡា និងភរិយា បញ្ជូនទៅសហរដ្ឋអាមេរិក។ ប្រតិបត្តិការនេះធ្វើឡើងយ៉ាងឆាប់រហ័ស និងដោយគ្មានផ្តល់ឱកាសឲ្យមានការតវ៉ា។
ថ្ងៃបន្ទាប់ ពលរដ្ឋវេណេហ្ស៊ុយអេឡារាប់ម៉ឺននាក់ ចេញមកតាមដងផ្លូវ អបអរសាទរការដួលរលំនៃរបបផ្ដាច់ការ ដែលបានគ្រប់គ្រងប្រទេសយូរឆ្នាំ ដោយពុករលួយ បក្ខពួកនិយម និងការបង្ក្រាបគ្រប់ទម្រង់។ ប្រទេសមានប្រេងច្រើន ប៉ុន្តែប្រជាជនខ្វះអាហារ ខ្វះថ្នាំ ខ្វះអនាគត។
នៅកម្ពុជា ដំណឹងនេះបានបង្កើតអារម្មណ៍ស្រដៀងគ្នា។ មនុស្សជាច្រើនចែករំលែកសារអបអរសាទរ និងអរគុណអាមេរិក។ ទោះជាគេមិននិយាយចាំឈ្មោះក៏ដោយ ប៉ុន្តែសារទាំងនោះ សំដៅច្បាស់ទៅលើត្រកូលហ៊ុន ដែលកាន់អំណាចជាង ៤០ឆ្នាំ និងផ្ទេរអំណាចពីឪពុកទៅកូន ដោយគ្មានការប្រកួតប្រជែងពិតប្រាកដ។
លំនាំរបបផ្ដាច់ការដូចគ្នា
មេដឹកនាំទាំងពីរប្រើលំនាំដូចគ្នា។ ពួកគេគ្រប់គ្រងយោធា តុលាការ សភា និងស្ថាប័នបោះឆ្នោត។ ច្បាប់មិនមែនសម្រាប់ការពារប្រជាជនទេ ប៉ុន្តែសម្រាប់បង្ក្រាបគូប្រកួត និងបិទមាត់អ្នករិះគន់។
វេណេហ្ស៊ុយអេឡា សម្បូរប្រេងកាត ប៉ុន្តែប្រេងនោះមិនបានយកទៅលើកស្ទួយជីវភាពដល់ប្រជាពលរដ្ឋឡើយ។ ក៏ប៉ុន្តែអ្នកកាន់អំណាចនិងបក្ខពួកបូមយកទៅបំរើជីវិតដ៏ហ៊ឺហាក្នុងជួរវណ្ណៈអំណាច ខណៈប្រទេសធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងមានពលរដ្ឋរាប់លាននាក់រត់ចេញពីប្រទេស។
នៅកម្ពុជា សម្បត្តិធម្មជាតិ ដូចជាព្រៃឈើ និងដីធ្លី ត្រូវបានបំផ្លាញ និងចែកចាយក្នុងរង្វង់អ្នកមានអំណាច។ ពលរដ្ឋជាច្រើនជាប់បំណុល បាត់បង់ដីធ្លី និងត្រូវចំណាកស្រុកទៅធ្វើការបរទេសរាប់លាននាក់។
ការបង្ក្រាបនយោបាយ និងសង្គមស៊ីវិល
ប្រទេសទាំងពីរមានចំណុចដូចគ្នាខ្លាំងក្នុងការបង្ក្រាបគូប្រកួតនយោបាយ។ មេដឹកនាំបក្សប្រឆាំង ត្រូវបានចាប់ដាក់គុក និរទេស និងដកសិទ្ធិនយោបាយ។
សង្គមស៊ីវិល សហជីព និងសកម្មជន ត្រូវបានគំរាមកំហែង និងចោទប្រកាន់ជាបន្តបន្ទាប់។ ភាពខុសគ្នាសំខាន់មួយគឺ រយៈពេល និងកម្រិតអំណាច។ លោក ម៉ាឌូរ៉ូ កាន់អំណាចជាងដប់ឆ្នាំ។ តែលោកហ៊ុន សែន កាន់អំណាចជិតកន្លះសតវត្ស និងនៅតែជាអ្នកសម្រេចចិត្តចុងក្រោយ ទោះជាផ្លូវការលោកផ្ទេរតំណែងទៅឱ្យកូនប្រុសលោកទៅហើយក៏ដោយ។
អំនួតយោធា និងការបំភ្លៃការពិត
មេដឹកនាំទាំងពីរ ចូលចិត្តអួតអាងកម្លាំងយោធា និងគំរាមបរទេស។ ប៉ុន្តែ ជាក់ស្ដែង អំនួតទាំងនេះ មានប្រសិទ្ធភាពតែសម្រាប់បំភ័យប្រជាជនខ្លួនឯងប៉ុណ្ណោះ។
របបត្រកូលហ៊ុន ពឹងផ្អែកយ៉ាងខ្លាំងលើការបំភ្លៃការពិត។ វោហារសាស្ត្រ រឿងប្រឌិត និងប្រវត្តិសាស្ត្រក្លែងក្លាយ ត្រូវបានប្រើដើម្បីរក្សាអំណាច និងបំបិទការគិតវិភាគរបស់សង្គម។
មេរៀនពីវេណេហ្ស៊ុយអេឡា
ការដួលរលំនៃរបបវេណេហ្ស៊ុយអេឡា បញ្ជាក់ច្បាស់ថា អំណាចផ្ដាច់ការ មិនមានស្ថិរភាពហើយមិនស្ថិតស្ថេររហូតនោះទេ។ របបដែលកសាងលើការពុករលួយ បក្ខពួកនិយម និងការបង្ក្រាប មិនអាចឈរបានយូរនោះទេ ទោះមានអាវុធ ឬសម្ព័ន្ធមិត្តក៏ដោយ។
សម្រាប់កម្ពុជា សំណួរធំមួយនោះគឺថា តើភាពស្ងៀមស្ងាត់របស់ពលរដ្ឋ នឹងបន្តជារៀងរហូត ឬវាគ្រាន់តែជាស្ងៀមមុនព្យុះមកដល់តែប៉ុណ្ណោះ៕
សូមទស្សនាការបកស្រាយលម្អិតរបស់លោក ជុន ច័ន្ទបុត្រ តាមការសាកសួររបស់លោក ថា ថៃ ដូចតទៅ៖









