
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា កម្ពុជាមិនអាចទាក់ទាញភ្ញៀវទេសចរណ៍ល្អៗពីចិនបានទេ បើទោះបីជាលើកលែងទិដ្ឋាការ (VISA) សម្រាប់ជនជាតិចិន មកលេងកម្ពុជា ក្នុងឆ្នាំ២០២៦ក្ដី ព្រោះថា កម្ពុជានៅមិនទាន់ដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ឆបោកអនឡាញ (Online scam) និងអំពើជួញដូរមនុស្សដែលបង្កឡើងដោយជនជាតិចិន រស់នៅកម្ពុជាបាននៅឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃថា ការលើកឡើងបែបនេះ ជារឿងមិនត្រឹមត្រូវ។
ស្របពេលកម្ពុជាកំពុងមានកេរ្តិ៍ឈ្មោះមិនល្អលើឆាកអន្តរជាតិ ថា ជាប្រទេសចិញ្ចឹមក្រុមឧក្រិដ្ឋជន ឆបោកអនឡាញ និងការជួញដូរមនុស្ស ពេលនេះរដ្ឋាភិបាលបានបើកសាកល្បងលើកលែងទិដ្ឋាការ សម្រាប់ជនជាតិចិន ដើម្បីទាក់ទាញឱ្យមកលេងនៅប្រទេសកម្ពុជា ឱ្យបានច្រើន។ អ្នកវិភាគថា កម្ពុជានឹងរងការរិះគន់ជាថ្មី ប្រសិនបើ ពុំបានទប់ស្កាត់ឱ្យបានត្រឹមត្រូវ ហើយបណ្ដោយឱ្យជនជាតិចិន ដែលជាក្រុមឧក្រិដ្ឋជន ហូរចូលយ៉ាងអនាធិបតេយ្យ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣ ខែធ្នូ ថា ការលើកលែងទិដ្ឋាការ ដល់ជនជាតិចិន ជារឿងល្អ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ប៉ុន្តែ លោកថា កម្ពុជាពិបាក ទាក់ទាញភ្ញៀវទេសចរណ៍ចិនល្អៗ ព្រោះកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អលើកឆាក់អន្តរជាតិ រឿងអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មអនឡាញ ដែលបង្កដោយក្រុមម៉ាហ្វីយ៉ា (Mafia) ជនជាតិចិន នៅកម្ពុជា ហើយ មិនទាន់បានបោសសម្អាតនៅឡើយ។ លោកថា ករណីនេះ បានជះឥទ្ធិពលជាខ្លាំង ធ្វើឱ្យភ្ញៀវទេសចរល្អៗមិនហ៊ានមកលេងកម្ពុជា មិនថា តែចិន និងបណ្ដាប្រទេសផ្សេងៗនោះទេ។
លោក សេង វណ្ណលី៖ «ខ្ញុំគិតថារដ្ឋាភិបាលគួរតែចាត់វិធានការឱ្យបានតឹងរ៉ឹងនិង ម៉ឺងម៉ាត់ ទៅលើឧក្រិដ្ឋជនជនជាតិចិន ដែលឃុបឃិតជាមួយនឹងអាជ្ញាធររដ្ឋកម្ពុជា ក៏ដូចជាឃុបឃិតជាមួយអ្នកនយោបាយ កម្ពុជា ដើម្បីធ្វើម៉េចអាចស្ដារទំនាក់ទំនង របស់ខ្លួនក្នុងវិស័យទេសចរណ៍ ហើយក៏ដូចជាទាក់ទាញទំនុកចិត្តជនជាតិចិន ឱ្យបានល្អប្រសើរជាងមុន»។
ការលើកឡើងនេះ ក្រោយពីទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២ ខែធ្នូ បានចេញលិខិតជូនដំណឹងមួយ ដែលចុះហត្ថលេខា ដោយរដ្ឋលេខាធិការប្រចាំទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ដោយ មានខ្លឹមសារថា រដ្ឋាភិបាលបានឯកភាព ក្នុងការផ្ដល់ការលើកលែងទិដ្ឋាការដល់ជនជាតិចិន មកលេងនៅកម្ពុជា ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការជាមុននោះឡើយ។
ប្រភពដដែលបញ្ជាក់ថា ការផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងនេះ មានរយៈពេលចំនួន ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងបង់កម្រៃនោះទេ ដោយគ្រាន់តែ បំពេញ E-arrial card។ បន្ថែមពីនោះ ភ្ញៀវជនជាតិចិនអាចមកលេង កម្ពុជាប៉ុន្មានលើកក៏បាន ដោយក្នុងមួយលើកទទួលបានទិដ្ឋាការ ស្នាក់នៅ រយៈពេល ១៤ថ្ងៃ។

បើទោះជាបែបនេះក្ដី អ្នកវិភាគថា ករណីនេះជារឿងព្រួយបារម្ភ ប្រសិនបើអាជ្ញាធរកម្ពុជា ពុំបានលុបបំបាត់ អំពើពុករលួយ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់មកលើក្រុមឧក្រិដ្ឋជនមួយចំនួន ឆ្លៀតឱកាស ដែលមកកម្ពុជា ក្នុងនាមជាភ្ញៀវទេសចរណ៍ព្រោះថា កន្លងមក ជនជាតិចិន ដែលស្នាក់នៅកម្ពុជាមួយចំនួន ត្រូវបានរកឃើញថា ពាក់ព័ន្ធរឿងបទឧក្រិដ្ឋ ឆបោកអនឡាញ ហើយបានលួងលោមជនជាតិចិន ខ្លួនឯង និងបណ្ដាប្រទេសផ្សេងៗទៀត ឱ្យមកលេងកម្ពុជា ក្នុងនាមជាភ្ញៀវទេសចររួចហើយ ចាប់ជំរិតទារលុយ និងធ្វើទារុណកម្ម។
កាលពីឆ្នាំ២០២៣ មានខ្សែភាពយន្តចិនឈ្មោះ នូ ម៉រ បែតស៍ (No More Bets) បានចាក់ផ្សាយទូទាំងរោងកុនចិន និងលើបណ្ដាញសង្គមនានា ក្នុងគោលដៅផ្សាយដល់ប្រជាជនចិន កុំឱ្យទៅលេងកម្ពុជា ព្រោះបារម្ភបញ្ហាឆបោក និងចាប់ជំរិតទារប្រាក់ ខណៈដែលជនរងគ្រោះ ភាគច្រើនជាជនជាតិចិន។ នៅក្នុងខ្មែរភាពយន្តនោះ ពួកគេបានបង្ហាញពីក្រុមឧក្រិដ្ឋជនបោកប្រាស់ និងធ្វើទារុណកម្មបង្ខំឱ្យអ្នកដែលចង់ធ្វើការអនឡាញចូលទៅក្នុងប្រព័ន្ធចាប់ជំរិត និងបង្ខាំងមនុស្សដោយបង្ខំឲ្យធ្វើការ។
ពាក់ព័ន្ធរឿងនេះ អ្នកឃ្លាំមើលថា ជារឿងដ៏លំបាក ដែលកម្ពុជា អាចទាក់ទាញភ្ញៀវទេសចរចិនល្អៗ ចូលមកលេងនៅកម្ពុជា ខណៈដែលបច្ចុប្បន្ន មេខ្លោងឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញដ៏ធំលំដាប់អន្តរជាតិ គឺ លោក ចេន ហ្ស៊ី ដែលជាទីប្រឹក្សាផ្ទាល់របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនទាន់ត្រូវបានអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេត និងចាប់ខ្លួន មកផ្ដន្ទាទោសនោះឡើយ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិ រកឃើញថា ជាអ្នកការពារឧក្រិដ្ឋជនទាំងនោះ។
ជុំវិញរឿងនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣ ខែធ្នូ ថា ការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន គឺដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជា និង ប្រទេសជាតិទាំងមូល។ លោកថា ការរិះគន់ថា កម្ពុជាសម្បូរដោយក្រុមឧក្រិដ្ឋជនឆបោកអនឡាញ ដែលជាជនជាតិចិននោះ ពុំមែនជាការពិតឡើយ។ លោកបន្តថា អ្នករិះគន់ទាំងនោះ គ្រាន់តែ និយាយដើម្បីផលប្រយោជន៍បក្សពួកខ្លួនប៉ុណ្ណោះ។
លោក ទូច សុឃៈ៖ «ការលើកឡើងបែបនេះគឺជាគំនិតអវិជ្ជមាន ចាំតែបន្ទច់បង្អាក់ទៅដល់សកម្មភាពជាវិជ្ជមានរបស់ក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាលដែលខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍ប្រជាគណន៍ និងប្រទេសជាតិ ទាំងមូលទាំងម្ដង។ អាចនិយាយបានថា គេមិនចង់ឃើញនូវភាពរីកចម្រើនរបស់ប្រជាជន គេមិនឃើញនូវភាពរឹងមាំ និងភាពលូតលាស់របស់កម្ពុជា»។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ លើកឡើងថា ការលើកលែងទិដ្ឋាការឱ្យជនជាតិចិននេះ មិនមែនជារឿងគួរសាទរនោះទេ។ លោកថា ពេលនេះកម្ពុជា គួរតែរឹតបន្តឹងទិដ្ឋាការដល់ជនបរទេស ជាពិសេសជនជាតិដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆបោក តាមអនឡាញ។ យ៉ាងណា លោកថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរកម្ពុជា ត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយតាមដានភ្ញៀវទេសចរចិនទាំងនោះ ដោយប្រាកដថា ពួកគេមិនបានយកប្រទេសកម្ពុជា ជាទីតាំងនៃការប្រព្រឹត្តបទល្មើស ឆបោក អនឡាញ ដូចដែលធ្លាប់កើត មានកន្លងមកនោះទេ។
លោក សន ជ័យ៖ «ទី១ការមកដល់របស់ពួកគេអាចនឹងធ្វើឱ្យកើតចេញជាបទល្មើសតាមអនឡាញ និង បញ្ហាអសន្តិសុខមួយចំនួនទៀត។ យើងដឹងហើយថា ពួកជនជាតិចិន នៅកម្ពុជាពួកគេមិនសូវ គោរពច្បាប់ គោរពប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ប៉ុន្មានទេ។ ពួកគេរស់នៅមានការបង្កហិង្សាការកាប់សម្លាប់ និងការប្រើប្រាស់គ្រឿងញៀនជាដើម»។
លោក សេង វណ្ណលី លើកឡើងថា ការលាងលុយកខ្វក់ និងការឆបោកតាមអនឡាញ គឺជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបាននិងកំពុងជះផលប៉ះពាល់ជាអវិជ្ជមានដល់សក្ដានុពលគ្រប់វិស័យរបស់កម្ពុជា ជាពីសេសវិស័យទេសចរណ៍ និងការវិនិយោគ ពីឈ្មួញបរទេសទាំងរយៈពេលខ្លី និងរយៈពេលវែង។ លោកថា ករណីនេះ របបភ្នំពេញព្យាយាមគេចវេះ មិនដោះស្រាយឲ្យចំឫសគល់នៃបញ្ហា។ លោកបញ្ជាក់ថា ការបរាជ័យនេះ កើតចេញពីកង្វះទំនួលខុសត្រូវ ប្រព័ន្ធត្រួតពិនិត្យ និង តុល្យភាពអំណាច ដែលត្រូវរបបភ្នំពេញបំផ្លាញចោល៕










