

អង្គការលើកលែងទោសអន្តរជាតិ (Anesty international ) ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវតែចាត់វិធានការការពារជនរងគ្រោះរាប់ពាន់នាក់ ដែលកំពុងរត់ចេញពីទីតាំងអគារឆបោកអនឡាញ។
នាយកផ្នែកស្រាវជ្រាវប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី ម៉ុនសេ ហ្វឺរើ (Montse Ferrer ) លើកឡើងក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី១៦ មករា ថា ការលេចចេញរូបភាពវីដេអូជាច្រើនដែលបង្ហាញពីការដោះលែងទ្រង់ទ្រាយធំ និងការប៉ុនប៉ងរត់ចេញរបស់មនុស្សរាប់ពាន់នាក់ពីទីតាំងអគារឆបោកអនឡាញ ដែលពួកគេ អាចជាជនរងគ្រោះនៃការជួញដូរមនុស្ស និងការធ្វើទារុណកម្មនោះ គឺកំពុងធ្វើឲ្យមានការបារម្ភថា មនុស្សរាប់ពាន់នាក់នោះ កំពុងជាប់គាំងនៅក្នុងប្រទេសកម្ពុជាដោយមិនមានការគាំទ្រ ឬការការពារ និងប្រឈមមុខនឹងហានិភ័យនៃការជួញដូរឡើងវិញនៅទីតាំងផ្សេងៗទៀត
អ្នកស្រីបន្ថែមថា រដ្ឋាភិបាលកម្ពុជា ត្រូវតែផ្តល់ការគាំទ្រដល់បុគ្គលទាំងនេះ និងជួយនាំជនរងគ្រោះទាំងអស់ដែលនៅសេសសល់នៅក្នុងបរិវេណអគារបោកប្រាស់ទៅកាន់កន្លែងសុវត្ថិភាព ព្រមទាំងធានាបាននូវសិទ្ធិទទួលបានយុត្តិធម៌ និងដំណោះស្រាយ។ អ្នកស្រី ថា ពួកគេ មិនគួរត្រូវបានបញ្ជូនដោយបង្ខំត្រឡប់ទៅប្រទេសដែលពួកគេប្រឈមនឹងហានិភ័យនៃការធ្វើទុក្ខបុកម្នេញដូចដែលបានកើតឡើងនាពេលកន្លងមកនោះទេ។
នាយកផ្នែកស្រាវជ្រាវប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី ម៉ុនសេ ហ្វឺរើ លើកឡើងទៀតថា ការវិវត្តយ៉ាងខ្លាំងចុងក្រោយនេះ ឆ្លុះបញ្ចាំងពីទំហំដ៏គួរឱ្យព្រួយបារម្ភនៃបញ្ហាឧស្សាហកម្មបោកប្រាស់នៅកម្ពុជា និងការបរាជ័យរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការស៊ើបអង្កេតឱ្យបានត្រឹមត្រូវដើម្បីចាប់ខ្លួនអ្នកពាក់ព័ន្ធឧក្រិដ្ឋកម្មនេះមកទួលខុសត្រូវចំពោះមុខច្បាប់។ អ្នកស្រី គួសបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ពិតប្រាកដក្នុងការបញ្ចប់ឧស្សាហកម្មបែបទាសករនេះ រដ្ឋាភិបាលត្រូវតែស៊ើបអង្កេតរាល់គ្រប់បរិវេណអគារឆបោកទូទាំងប្រទេស។ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ ត្រូវតែកាត់ទោសជនល្មើស និងអ្នកសមគំនិត រួមទាំងម្ចាស់ដី និងក្រុមហ៊ុនដែលបានចូលរួមចំណែកបង្កគ្រោះថ្នាក់នៅក្នុងបរិវេណអគារឆបោកទាំងនោះ។ លើសពីនេះ អ្នកស្រី យល់ថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ រដ្ឋាភិបាលគួរតែយកសក្ខីកម្មពីជនរងគ្រោះទៅប្រើប្រាស់ក្នុងតុលាការ ដើម្បីកាត់ទោសជនប្រព្រឹត្តបទល្មើសទាំងនោះ៕









