

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានប្រកាសបិទផ្លូវចរចាជាមួយកម្ពុជា នៅថ្ងៃទី៨ ធ្នូ នេះ ខណៈកងទ័ពថៃ កំពុងបន្តបើកការវាយប្រហារលើកម្ពុជា។
លោក អានុទីន បញ្ជាក់ថា លោកលែងពិចារណាពីការជាប់ពាក់ព័ន្ធជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ទៀតហើយ។
នេះបើតាមការចុះផ្សាយរបស់កាសែតខៅសុត ជាភាសាអង់គ្លេស (Khaosod english) របស់ថៃ។ នាយករដ្ឋមន្ត្រីថៃរូបនេះ សង្កត់ធ្ងន់ថា នេះគឺជាបញ្ហាតឹងរ៉ឹងរវាងថៃ និងកម្ពុជា ដោយលោកមិនខ្វល់អំពីផលប៉ះពាល់លើបញ្ហាពន្ធគយរបស់អាមេរិក និងចាត់ទុកថា សេចក្តីប្រកាសរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រូវទុកជាមោឃៈ។
ដោយឡែក ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន វិញ លោកបានបង្ហោះសារនៅលើហ្វេសប៊ុកថា លោកមិននឹកស្មានថា លោក អានុទីន ដើម្បីគោលដៅសន្លឹកឆ្នោត នាពេលខាងមុខ ហ៊ានប្រើជីវិត កងទ័ពនិងប្រជាជន ដោយប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជា ក្នុងពេលកងទ័ពកម្ពុជាមិនតបតឡើយ។
លោក ហ៊ុន សែន បានសរសេរសារដោយភ្ជាប់រូបភាពលោក អានុទីន ធ្លាប់ទទួលទានអាហារ និងធ្វើបុណ្យនៅវត្តជាមួយអភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ ពេលមិនទាន់ក្លាយជានាយករដ្ឋមន្ត្រីគឺជាមិត្តភក្ដិ ដល់ពេលឡើងជានាយករដ្ឋមន្ត្រីហើយ បែរជាភ្លេចមិត្តភាព។
ឪពុករបស់នាយករដ្ឋមន្ត្រីរូបនេះ បន្តថា លោក យល់ពីការស្រឡាញ់ជាតិ តែមិនគួរលោក អានុទីន ប្រកាសធ្វើសង្គ្រាមជាមួយអ្នកមិនតបតនោះដែរ៕









