តុលាការតម្កល់​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​៣​នាក់ ប៉ុន្តែ​ព្យួរទោស ២​នាក់​​ដែល​ចុះ​ចូល​បក្ស​កាន់​អំណាច

0
96
អនុប្រធានគណបក្សឆន្ទៈខ្មែរ​លោក សុន ឆ័យ (ឆ្វេង) និងប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ លោក ខឹម ចាន់វណ្ណៈ។ រូបបណ្ដាញសង្គម
អនុប្រធានគណបក្សឆន្ទៈខ្មែរ​លោក សុន ឆ័យ (ឆ្វេង) និងប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ លោក ខឹម ចាន់វណ្ណៈ។ រូបបណ្ដាញសង្គម

សាលាឧទ្ធរណ៍​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភ​: បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​លើ​សមាជិក​គណបក្ស​ភ្លើងទៀន​៣​នាក់ ឲ្យ​ជាប់ពន្ធនាគារ​២​ឆ្នាំ ៦​ខែ​ពី​បទ “​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​” ពាក់ព័ន្ធ​នឹង​ការ​ចុះបញ្ជី​បេក្ខជន​សម្រាប់​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពី​ឆ្នាំ​២០២៤។

ទោះជា​យ៉ាងណា ក្នុងចំណោម​សមាជិក​បក្ស​ភ្លើងទៀន​ទាំង ៣​នាក់​នោះ គឺ​មាន​តែ​ប្រធាន​ស្ដីទី​គណបក្ស​ភ្លើងទៀន​រាជធានី​ភ្នំពេញ លោក ខឹម ចាន់វណ្ណៈ ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​សមាជិក​បក្ស​ភ្លើងទៀន​២​នាក់​ទៀត គឺ​លោក ម៉ា ចិន្តា និង​លោក ហាក់ កុសល ត្រូវ​បាន​តុលាការ​សម្រេច​ព្យួរទោស និង​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​ពួកគាត់​ជាប់​ពន្ធនាគារ​អស់​រយ​:​ពេល​ជាង​៩​ខែ និង​ក្រោយ​ពី​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​របស់​លោក ហ៊ុន សែន។

ប្រពន្ធ​របស់​លោក ខឹម ចាន់វណ្ណៈ គឺ​លោកស្រី ឡង់ សូដា​នី ថ្លែង​ថា ការ​បន្ត​ឃុំខ្លួន​ប្តី​របស់​លោកស្រី គឺជា​រឿង​នយោបាយ និង​ជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ​។ លោកស្រី នៅតែ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្តី​លោកស្រី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន លោក ខឹម ចាន់វណ្ណៈ លោក ហាក់ កុសល និង​លោក ម៉ា ចិន្តា ជា​បន្តបន្ទាប់​កាលពី​ខែ​មករា ឆ្នាំ​២០២៤ នៅមុន​ការបោះឆ្នោត​អ​សកល គឺ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ។ អង្គការ​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា ការប្រើប្រាស់​បទ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង​ទៅលើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នេះ គឺ​ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ និង​ជា​ការ​បំបិទ​សំឡេង​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត។

លោក ខឹម ចាន់វណ្ណៈ គឺជា​ជន​ជាប់ឃុំ​នយោបាយ​ម្នាក់ ក្នុងចំណោម​អ្នក​ជាប់ឃុំ​ដោយ​ប្រើ​សិទ្ធិ​ចំនួន ៩៦ នាក់ ដែល​ត្រូវ​បាន​ចងក្រង​ដោយ​អង្គការ​លីកាដូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ