

អ្នកជំនាញផ្នែកព្រំដែនចោទលោក ហ៊ុន ម៉ាណែត ថា បានបកស្រាយ ជុំវិញការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន នៅតំបន់ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ជាមួយថៃថា កំពុងតែ បំភ្លៃការពិត ដល់សាធារណជន ខណៈការបោះបង្គោលព្រំដែននេះ ធ្វើឡើងពុំស្របតាមសន្ធិសញ្ញាបារាំង-សៀម នោះទេ ។ ការលើកឡើងនេះធ្វើឡើង ក្រោយពីលោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការបោះបង្គោលព្រំដែននេះ ស្របតាមសន្ធិសញ្ញាផ្សេងៗ បន្សល់ទុកពីសម័យបារាំង ហើយធានាថា កម្ពុជាមិនបាត់បង់ទឹកដី ផ្នែកណាមួយនោះឡើយ។
មន្ត្រីបក្សប្រឆាំង និងអ្នកជំនាញផ្នែកច្បាប់ លើកឡើងថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន រវាងភាគីកម្ពុជា និងថៃ តាមបណ្ដោយព្រំដែន ស្ថិតក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យនេះ មិនមែនជាការបង្គោលដែនព្រំដែន ស្របតាមផែនដីនៃសន្ធិសញ្ញាបារាំងសៀម-សៀម ឆ្នាំ១៩០៤ ដូចការអះអាងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នោះទេ។ ផ្ទុយទៅវិញ ពួកគាត់ថា ការបោះបង្គោលព្រំដែននេះ គឺភាគីថៃ អនុលោមតាមផែនទីខ្នាត១/៥០ពាន់ ដែលជាផែនទីគូសវាស ដោយឯកតោភាគីថៃ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែត ជុំវិញការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ជាមួយថៃ នៅចន្លោះបង្គោលលេខ ៤២-៤៧ និង លេខ ៥២-៥៩ ថាស្របតាមសន្ធិសញ្ញា បារាំង-សៀម និងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ នោះ គឺជាការភូតកុហកពលរដ្ឋ ដោយគ្មានការខ្មាសអៀន។ លោកបន្តថា ការពិត លោក ហ៊ុន ម៉ាណែត បានបោះបង់បង្គោលព្រំដែននេះ គឺធ្វើតាមការកំណត់នៃការរាយបន្លាលួស របស់ទាហានថៃ បានធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីមួយផ្នែកធំ។
លោកបន្ថែមថា ប្រសិនបើ លោក ហ៊ុន ម៉ាណែត ពិតជា អះអាងថា ការបោះបង់បង្គោលព្រំដែននេះត្រឹមត្រូវមែននោះ ហេតុអ្វីបានជា លោក ហ៊ុន ម៉ាណែត មិនយកតាមបង្គោលចាស់ដែលមានស្រាប់ ស្របតានផែនទីនៃសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤។ ដូចនេះ លោកថា ដើម្បីឱ្យការបោះបង្គោលព្រំដែន បានត្រឹមត្រូវ និងអាចជឿទុកចិត្តបាន ពីសាធារណជននោះ លោក ហ៊ុន ម៉ាណែត ត្រូវរៀបចំគណៈកម្មការព្រំដែនឯករាជ្យ និងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធបញ្ហាព្រំដែន ឱ្យពួកគាត់អាចចុះសង្កេត ផ្ទៀងផ្ទាត់ ថា តើស្របនឹងសន្ធិសញ្ញាបារាំង-សៀម ឬក៏អត់។
លោក អ៊ុំ សំអាន៖ «តំបន់មានជម្លោះត្រូវប្ដឹងទៅ តុលាការអន្តរជាតិ ICJ ឬក៏ទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ នឹងទើបមិនបាត់បង់ទឹកដីយើង ហើយបង្គោលបារាំងទីតាំងចាស់ របស់វានៅកន្លែងណា ទៅដាក់នៅកន្លែងហ្នឹងវិញ បែបនឹងបានការបោះបង្គោលរណប វាមិនបាត់បង់ទឹកដី ។ បើយើងបោះបង្គោល លេងសើចទៅតាមទីតាំងថ្មី បង្គោល ដែលថៃរំកិលនោះគឺ ប្រាកដជាបាត់ទឹកដីហើយ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ ខែវិច្ឆិកា បានបង្ហោះ ខ្លឹមសារបកស្រាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន៣ចំណុច ជុំវិញការព្រួយបារម្ភរបស់ពលរដ្ឋ ពាក់ព័ន្ធបញ្ហាការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន រវាងកម្ពុជា-ថៃ ស្ថិតតាមបណ្ដោយព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលលេខ ៤២-៤៧ និង លេខ៥២-៥៧នេះ គឺ ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ២០០០ ស្របតាមបែបបទការងារ (TOR) ឆ្នាំ២០០៣ និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ដែលភាគីទាំងពីរបានឯកភាពគ្នា។
បន្ថែមពីនោះ លោកថា ការបោះបង្គោលព្រំដែននេះ ភាគីទាំងពីរ ឈរលើមូលដ្ឋាននៃឯកសារគតិយុត្តិដែលបន្សល់ទុកពី អាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែន រវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។
លោកបញ្ជាក់ថា ការបោះបង្គោលព្រំដែននេះ មិនមែនដើម្បីគណនាឱ្យឃើញថា នរណា ចំណេញ ឬខាត នោះដែរ ប៉ុន្តែ ជាគឺការកំណត់ នូវខណ្ឌសីមាជាក់លាក់ ត្រឹមត្រូវ និង ច្បាស់លាស់ រវាងប្រទេសទាំងពីរ។ ដូច្នេះ លោកអះអាងជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវ គោលការណ៍ មិនរំលោភបំពានទឹកដីរបស់ប្រទេសជិតខាង ហើយកម្ពុជាក៏មិនព្រមឱ្យប្រទេសជិតខាងរំលោភបំពាន ទឹកដីផ្នែកណាមួយរបស់កម្ពុជានោះដែរ។
បើទោះជាបែបនេះក្ដី អ្នកជំនាញកិច្ចការព្រំដែន លើកឡើងថា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត ជាថ្មីនេះ គឺធ្វើឡើងមិនសមហេតុផល នោះឡើយ ខណៈការបោះបង្គោលព្រំដែននេះ ធ្វើតាមតែ ការស្នើសុំរបស់ភាគីថៃ។ ពួកគេថា នេះបង្ហាញថា កម្ពុជាកំពុងចាញ់ប្រៀបថៃទាំងស្រុង ជាពិសេស ពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យខ្លះ នៅមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែង និងភូមិកំណើតបានវិញនោះទេ ។ បញ្ហានេះ បើទោះបីជា លោក ហ៊ុន ម៉ាណែត អះអាងថា ការបោះបង្គោលព្រំដែននេះ ដើម្បីឱ្យពលរដ្ឋរស់នៅដោយសុខសាន្ត និងគ្មានការលាក់លៀមព័ត៌មានផ្សេងៗក្ដី ប៉ុន្តែ អាជ្ញាធរមូលដ្ឋានបានហាមពលរដ្ឋ និងអ្នកសារព័ត៌មាន មិនឱ្យចូលទៅជិតតំបន់បោះបង្គោលព្រំដែននោះឡើយ។
អ្នកសិក្សាភ្នែកច្បាប់ និងអ្នកវិភាគនយោបាយឯករាជ្យ លោក វ៉ន ចាន់ឡូត លើកឡើងថា លោក ហ៊ុន ម៉ាណែត កំពុងតែបកស្រាយបំភ្លៃការពិត ជុំវិញការបោះបង្គោលព្រំដែនបណ្ដោះអាសន្នកម្ពុជា-ថៃ ។ លោកបន្តថា ការបកស្រាយរបស់លោក ហ៊ុន ម៉ាណែត ទាំងគ្មានហេតុផលច្បាស់លាស់នេះ គឺដោយសារតែភាគីថៃ បានដាក់សម្ពាធផ្នែកយោធា និងដកហូតទ្រព្យរាប់សិបលានដុល្លារ ពីមនុស្សជំនិតរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលបានរកស៊ីនៅប្រទេសថៃ ដែលធ្វើឱ្យបក្សកាន់អំណាចខាតបង់ផលប្រយោជន៍ជាច្រើន។
បន្ថែមពីនោះ លោកអះអាងថា ភាគីថៃ បានបញ្ជាក់ជាច្រើនដងហើយថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ ពុំមែនធ្វើតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤នោះទេ គឺអនុលោមទៅតាមផែនទីខ្នាត ១/៥០ពាន់ ដែលជាផែនទីគូសដោយឯកតោភាគីថៃ។ ដូចនេះ លោកថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត ដែលថា ថៃព្រមយកសន្ធិសញ្ញាបារាំង-សៀម មកដោះស្រាយជាមួយកម្ពុជានោះ គឺជារឿងគួរឱ្យអស់សំណើច ព្រោះលោកយល់ថា ប្រសិនបើភាគីថៃព្រមយកសន្ធិសញ្ញាបារាំង-សៀមមែននោះ ថៃមិនចាំបាច់ផ្ទុះអាវុធតាមព្រំដែនជាមួយកម្ពុជា រហូតបណ្ដាលឱ្យខាតបង់ទាំងធនធាន និងផ្នែកសេដ្ឋកិច្ចនោះទេ។
លោក វ៉ន ចាន់ឡូត៖ «ត្រង់ករណីនេះ បើយើងពិនិត្យមើលលើចេតនារបស់ភាគីថៃ បើពិតជាព្រមទទួលស្គាល់តាមសន្ធិសញ្ញាបារាំងសៀម ពិតប្រាកដមែន នោះភាគីថៃនឹងមិនបំពាន់ទៅលើការដកបង្គោលដែលបន្សល់អំពីអាណានិគមបារាំងនោះទេ។ ទី២ ភាគីថៃក៏មិនប្រើប្រាស់ កម្លាំងយោធា ទាំងកម្រាលចូលមកវាតទីយកទឹកដីរបស់កម្ពុជាដែរ»។
បើតាម លោក អ៊ំ សំអាន ចាប់តាំងពីការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ កម្ពុជាបានបាត់បង់ ដីជាង២គីឡូម៉ែត្រ បើធៀបនឹងផែនទីចាស់ នៃសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ លោកទាមទារឱ្យ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នកជំនាញ និងពលរដ្ឋចុះពិនិត្យនៅលើដីជាក់ស្ដែងដើម្បីបញ្ជាក់ថា តើកម្ពុជាបានបាត់បង់ទឹកដីទៅខាងថៃឬអត់ ក្រោយបោះបង្គោលបណ្ដោះអាសន្នរួច បើមិនដូច្នោះទេ ពលរដ្ឋនឹងនៅតែចោទប្រកាន់ថា ទឹកដីកម្ពុជា ត្រូវបានបាត់បង់ជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ត្រកូល «ហ៊ុន»៕









