

ទោះបីរដ្ឋាភិបាលកម្ពុជាបន្តបង្ហាញសកម្មភាពបង្ក្រាប និងអះអាងពីការចាប់ខ្លួន និងបណ្ដេញជនបរទេសរាប់ម៉ឺននាក់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាបន្តបន្ទាប់ក្ដី ក៏បណ្ដាញឧក្រិដ្ឋជននៅតែបន្តដំណើរការនៅតាមតំបន់នៃបណ្ដាខេត្តមួយចំនួនដដែល។ អ្នកធ្វើការលើវិស័យឆបោកតាមអនឡាញ និងអ្នកឃ្លាំមើលថា ក្រុមឧក្រិដ្ឋជននៅតែអាចប្រើប្រាស់ទីតាំងអគារតូចតាច ឬអគារដែលមានលក្ខណៈសាមញ្ញៗសម្រាប់ធ្វើជាមូលដ្ឋានអូសទាញជនបរទេសឱ្យប្រតិបត្តិការឆបោកលើជនរងគ្រោះនៅតាមបណ្ដាប្រទេសផ្សេងៗ។
អាជ្ញាធរកម្ពុជាបន្តចុះបង្ក្រាបអគារឆបោកតាមអនឡាញ រួមទាំងឃាត់ខ្លួន និងបណ្ដេញជនបរទេសជាច្រើននាក់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយចោទថា ពួកគេពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការស្នាក់នៅកម្ពុជាដោយខុសច្បាប់។ ទោះជាយ៉ាងណា ទន្ទឹមនឹងការបង្ក្រាបរបស់សមត្ថកិច្ច បណ្ដាញឧក្រិដ្ឋជនក៏នៅតែបន្តប្រតិបត្តិការអំពើឆបោកតាមអនឡាញនៅតំបន់អគារមួយចំនួនដដែល រីឯករណីចាប់ជំរិតក៏បន្តកើតមានស្ទើរតែមិនលុះថ្ងៃ។
បុគ្គលិកបម្រើការងារពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញម្នាក់ថ្លែងសុំលាក់អត្តសញ្ញាណព្រោះបារម្ភពីបញ្ហាសុវត្ថិភាពឱ្យទូរទស្សន៍អាស៊ីសេរីដឹងនៅថ្ងៃទី២ ខែមីនាថា ជនបរទេសមួយចំនួនក្នុងក្រុងព្រះសីហនុនៅតែត្រូវបានថៅកែចិននាំទៅដាក់ក្នុងអគារតូចៗដែលមានលក្ខណៈសាមញ្ញ និងកំណត់ចំនួនមនុស្សតិចជាងមុន ដើម្បីឱ្យបន្តធ្វើប្រតិបត្តិការឆបោកតាមអនឡាញ។ ប្រភពដដែលបញ្ជាក់ថា ជនបរទេសចម្រុះជាតិសាសន៍ជាច្រើននាក់ពិតជាត្រូវបានសមត្ថកិច្ចចុះចាប់នៅតាមអគារអនឡាញ រីឯក្រុមជនបរទេសខ្លះទៀតដូចជា ជនជាតិចិន និងឥណ្ឌូណេស៊ីជាដើមបន្តចាកចេញពីក្រុងព្រះសីហនុយ៉ាងគំហុកដែលធ្វើឱ្យស្ថានភាពខេត្តជាប់មាត់សមុទ្រមួយនេះបច្ចុប្បន្នមានសភាពស្ងាត់ជ្រងំ។
ទោះជាយ៉ាងណា បុគ្គលិករូបនេះវាយតម្លៃថា យុទ្ធនាការរបស់សមត្ថកិច្ចអាចជាការបង្អើលជនបរទេស ឬម្ចាស់អគារឆបោកតាមអនឡាញតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «មានលួចលាក់តូចតាច ៤ ទៅ ១០នាក់ធ្វើលួចលាក់ ប៉ុន្តែឮថា ខែបួន ថៅកែខ្ញុំអីប្រហែលចូលឆ្នាំហើយបើកវិញគេផ្អាក ប៉ុន្តែគេឱ្យធ្វើតាមផ្ទះប៉ុន្តែអត់មានអ្នកធ្វើផងខ្លាចប៉ូលិសចុះចាប់ដល់ផ្ទះដែរហ្នឹង។ ខ្មែរឥឡូវប៉ូលិសចាប់ ខ្មែរក៏ចាប់ដែរឥឡូវ ខ្មែរចាប់អត់លែងទេឥឡូវលុយអីពិបាកណាស់ឥឡូវអត់យកទេ។ គេធ្វើឱ្យល្អមើល [អំពើឆបោកតាមអនឡាញ] មានធម្មតាតាមកាស៊ីណូ មានអនឡាញ លេងបៀ»។
ការលើកឡើងនេះស្របពេលដែលអាជ្ញាធរនៃរដ្ឋាភិបាលត្រកូល ហ៊ុន បន្តបង្ហាញរូបភាពចុះបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុ ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ជាដើម។ អាជ្ញាធរក៏បានបញ្ជាក់ចំពោះការបណ្ដាញចេញនៃជនបរទេសរាប់ពាន់នាក់ចេញពីកម្ពុជាជាបន្តបន្ទាប់ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការចូលមកធ្វើការស្នាក់នៅកម្ពុជាដោយខុសច្បាប់
ក្រសួងមហាផ្ទៃបញ្ជាក់ថា ចាប់តាំងពីដើមខែមករា មកយ៉ាងហោចណាស់មានជនបរទេសជាង ៣ម៉ឺននាក់ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញត្រូវបានសមត្ថកិច្ចបណ្ដេញចេញពីកម្ពុជា។ រីឯ ជនបរទេសជាង ២១ម៉ឺននាក់ផ្សេងទៀតពួកគេបានចាកចេញពីកម្ពុជាដោយខ្លួនឯង ដើម្បីវិលទៅប្រទេសកំណើតវិញ។ អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗរកឃើញថា ជនបរទេសចម្រុះជាតិសាសន៍ដែលចាកចេញពីកម្ពុជានេះស្ថិតក្នុងចំណោមជនបរទេសជាច្រើនទៀតដែលភាគច្រើនគឺជាជនរងគ្រោះនៃអំពើឆបោកតាមអនឡាញ និងចាញ់បោកតាមល្បួង និងរងការបង្ខាំងធ្វើទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់នានានៃប្រទេសកម្ពុជា។
តួលេខនៃជនបរទេសនេះក៏ជាចំនួនច្រើនលើសលប់ដែលកន្លងមករដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន តែងតែព្យាយាមបិទបាំងព័ត៌មាន និងភូតកុហកសហគមន៍ជាតិ និងអន្តរជាតិថា គ្មានជនបរទេសរងការបង្ខាំងក្នុងអគារអនឡាញ ឬចូលមកធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
ក្រៅពីនេះ ទីតាំងអគារឆបោកតាមអនឡាញនីមួយៗនៅកម្ពុជាក្រុមឧក្រិដ្ឋជនមិនត្រឹមតែប្រើប្រាស់ជាទីកន្លែងធ្វើទារុណកម្ម និងរំលោភបំពានសិទ្ធិមនុស្សផ្សេងៗនោះទេ ប៉ុន្តែក្រុមឧក្រិដ្ឋជនក៏មានបង្កប់ការជួញដូរផ្លូវភេទ និងការជួញដូរគ្រឿងញៀនដោយសេរី។ ជាក់ស្ដែង ប្រតិបត្តិការបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញក្នុងអគារពាណិជ្ជកម្មឈ្មោះ ឆុង ឈីង ស្ថិតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមីនា សមត្ថកិច្ចក៏បានរឹបអូសកាំភ្លើងខ្លី និងគ្រឿងញៀនមួយចំនួនធំពីក្រុមម៉ាហ្វីយ៉ា (Mafia) ដែលភាគច្រើនគឺជាជនជាតិចិន។
ទោះជាយ៉ាងណា ចាប់តាំងពីមានប្រតិបត្តិការបង្ក្រាបកាលពីដើមខែមករា ជនល្មើសតូចតាចដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅតាមអគារឆបោកតាមអនឡាញនោះគឺមានតែចំនួន ប៉ុន្តែរាល់ព័ត៌មានចំពោះដំណើរការនីតិវិធីតាមផ្លូវច្បាប់លើជនសង្ស័យទាំងនោះត្រូវបានអាជ្ញាធរនៃរដ្ឋាភិបាលត្រកូល ហ៊ុន បំបិទព័ត៌មានស្ទើរតែទាំងស្រុង។ លើសពីនេះ មេខ្លោងធំៗដែលជាមន្ត្រីកំពូលៗ និងឧកញ៉ាគ្រាក់ៗដែលរងការចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះក៏គ្មានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេតហើយពួកគេនៅតែអាចរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។
ជុំវិញរឿងនេះ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ទោះបីជាមានរូបភាពបង្ក្រាប រដ្ឋាភិបាលមិនទាន់បង្ហាញឆន្ទៈពិតប្រាកដក្នុងការកម្ចាត់មេខ្លោងធំៗដែលពាក់ព័ន្ធយកមកអនុវត្តតាមច្បាប់នៅឡើយ។ លោកថា ក្រុមបណ្ដាញឧក្រិដ្ឋជននឹងប្ដូររូបភាពថ្មីតាមរយៈការជម្លៀសជនបរទេសឱ្យប្រមូលផ្ដុំគ្នាក្នុងអគារតូចតាចសាមញ្ញៗសម្រាប់បន្តប្រតិបត្តិការនៃអំពើឆបោកតាមអនឡាញ។ លោកក៏ព្រមានថា ការគ្មានវិធានការបង្ក្រាបលើមេខ្លោងធំៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែដុនដាប និងបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគល្អៗ។
លោក ឌី ថេហូយ៉ា៖ «ទាំងនេះហើយដែលជាចំណុចដែលធ្វើឱ្យប្រទេសជាតិខ្មែរខូចឈ្មោះទូទាំងពិភពលោកគេចាត់ទុកជាតំបន់មជ្ឈមណ្ឌលនៃការឆបោកតាមអនឡាញ។ នៅពេលដែលគេមើលឃើញថា ប្រទេសមួយដែលជាប្រទេសម៉ាហ្វីយ៉ា (Mafia) តាមអនឡាញ ហើយចំណាត់ការផ្នែកច្បាប់នៅទន់ខ្សោយមិនអាចចាត់ការពួកហ្នឹងបានវាជំរុញឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូល។ ប៉ះពាល់សេដ្ឋកិច្ចទីមួយគឺពាក់ព័ន្ធនឹងវិស័យទេសចរណ៍ គ្មានអ្នកណាចង់មកទេសចរនៅប្រទេសដែលមានឈ្មោះអាក្រក់ពាក់ព័ន្ធការឆបោកតាមអនឡាញទេ។ កាលណាវិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង វិស័យផ្សេងៗក៏ប៉ះពាល់ដូចជា វិស័យវិនិយោគ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីឆ្លើយតបនឹងបញ្ហានេះបានទេនៅថ្ងៃទី២ ខែមីនា។
ទន្ទឹមរដ្ឋាភិបាលទទួលស្គាល់ និងប្រកាសពីយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ បណ្ដាញអ្នកឆបោកតាមអនឡាញនៅតែបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ក្នុងការជ្រើសរើសបុគ្គលិកឱ្យបម្រើការងារពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញជាពិសេសស្ថិតនៅតំបន់ផ្សារព្រំខេត្តប៉ៃលិន និងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាដើម។ ឃោសនិកដែលផ្សព្វផ្សាយតាមបណ្ដាញសង្គមមានទាំងភាសាខ្មែរ អង់គ្លេស និងចិន បានលើកឡើងបែបបញ្ចុះបញ្ចូលលើការងារដោយគ្រាន់តែចាំឆ្លើយតបឆាត (Add Contact) ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់ និងធានាចំពោះទីតាំងការងារអាចចេញចូលដោយសេរីជាដើម៕









