

ប្រតិភូកីឡាកម្ពុជាទាំងអស់ដែលចូលរួមប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញដោយសុវត្ថិភាពហើយនៅយប់ថ្ងៃទី១០ ធ្នូ។
សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលហ្វ្រេសញូវ (Freshnews) បានស្រង់សម្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា លោក ប៉ុន សុខ ថា កម្ពុជាបានដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនី ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាពហើយ នៅម៉ោងជិត ១០ យប់ថ្ងៃទី១០ ខែធ្នូ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី១០ ធ្នូ សម្រេចប្រកាសដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយបារម្ភពីសុវត្ថិភាពអត្តពលិក បន្ទាប់ពីអាជ្ញាធរកីឡារបស់ថៃចោទប្រកាន់ថា កម្ពុជាបំពានច្បាប់ថៃ ករណីពាក់អាវមានឡូហ្គូក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ (Nagaworld)។
ទោះជាយ៉ាងណា កម្ពុជាអះអាងពីក្ដីបារម្ភចំពោះសុវត្ថិភាពអត្តពលិក និងការស្នើសុំពីក្រុមគ្រួសាររបស់អត្តពលិក ទើបត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ។
កាលពីថ្ងៃទី៩ ធ្នូ ប្រធានអាជ្ញាធរកីឡារបស់ថៃលោក គង់សាក់ យ៉តម៉ានី (Kongsak Yodmanee) បានលើកឡើងថា អាជ្ញាធរកីឡា និងក្រសួងមហាផ្ទៃថៃ នឹងបើកការស៊ើបអង្កេតបន្ទាន់ លើក្រុមអត្តពលិកកម្ពុជា ពីបទបំពានច្បាប់របស់ប្រទេសថៃ ដោយសារពួកគេបានពាក់អាវមានជាប់ឡូហ្គូ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនបនល្បែង ណាហ្គាវើលដ៍។
មន្ត្រីថៃរូបនេះបញ្ជាក់ថា ថៃនឹងត្រួតពិនិត្យថា តើការភ្ជាប់ឡូហ្គូក្រុមហ៊ុន ណាហ្គាវើលដ៍ លើអាវនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្ម ឬយ៉ាងណា ដើម្បីចាត់វិធានការតាមច្បាប់ ខណៈច្បាប់នៅក្នុងប្រទេសថៃហាមឃាត់ដាច់ខាត នូវបនល្បែងកាស៊ីណូ។
គណៈប្រតិភូកីឡាកម្ពុជាបានដឹកនាំអត្តពលិកប្រភេទកីឡាចំនួន៣ ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ សមាជិកប្រតិភូកីឡាកម្ពុជា ដែលធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី៨ ធ្នូ មានចំនួនសរុប ១៣៧នាក់ ក្នុងនោះអត្តពលិក ដែលត្រៀមចូលរួមប្រកួតមាន ៧២នាក់។ មុនសម្រេចចិត្តចូលរួមកីឡាស៊ីហ្គេមនៅពេលនេះ កម្ពុជាបានស្នើសុំកាត់បន្ថយប្រភេទកីឡា និងចំនួនប្រតិភូមួយចំនួន ដោយសារបារម្ភពីសុវត្ថិភាព៕









