អាជ្ញាធរ​កម្ពុជា​ចុះ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ជា​បន្តបន្ទាប់ ក្រោយ​មាន​ការ​រិះគន់​ថា ធ្វើ​ឱ្យ​តែ​ល្អមើល

0
141
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ ករណី​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​សាលាកំរើក សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២ ធ្នូ ២០២៥។ រូប៖ ទទក
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៩នាក់ ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ ករណី​លបលួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scam) នៅ​ចំណុច​ផ្ទះ​វីឡា​ជួល ស្ថិត​នៅ​ភូមិ​សាលាកំរើក សង្កាត់​សាលាកំរើក ក្រុង​សៀមរាប កាល​ពី​ថ្ងៃ​ទី២ ធ្នូ ២០២៥។ រូប៖ ទទក

អាជ្ញាធរ​កម្ពុជា​បាន​ចុះ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ជា​បន្តបន្ទាប់ នៅ​តាម​ទីតាំង​ក្នុង​រាជធានី និង​ខេត្ត​មួយចំនួន ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខ្មែរ និង​បរទេស​ជាច្រើន​នាក់។ ក៏ប៉ុន្តែ អ្នកឃ្លាំមើល​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នៅ​កម្ពុជា អាច​នឹង​ស្ងប់​តែមួយ​រយៈពេល​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ។

ទោះបីជា​អាជ្ញាធរ​កម្ពុជា បាន​បើក​យុទ្ធនាការ​បោសសម្អាត​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ីនធឺណិត ស្ទើរតែ​មិន​លស់​ថ្ងៃ​ទៅ​ហើយ​ក្ដី ក៏​ឧក្រិដ្ឋកម្ម​មួយ​នេះ នៅតែ​មាន​សកម្មភាព និង​មិនទាន់​រលាយ​បាត់​ពី​ទឹកដី​កម្ពុជា​នោះ​ឡើយ។

កាលពី​ថ្ងៃទី​១ ខែ​ធ្នូ អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ឆែកឆេរ ក្នុងផ្ទះ​វីឡា​មួយ​កន្លែង ស្ថិតនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២៨​នាក់ ក្នុង​នោះ​មាន​ស្ត្រី ០៦​នាក់ បន្ទាប់ពី​សង្ស័យ​ថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scam)​។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំងអស់​នេះ មាន​ជនជាតិ​វៀតណាម (Vietnam) ចំនួន ២៧​នាក់ និង​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ដោយ​អាជ្ញាធរ រកឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ នឹង​ករណី​ឆបោក​តាម​អនឡាញ បែប​លួងលោម​ស្នេហា ឬ​អន្ទាក់​ទឹកឃ្មុំ និង​បោកប្រាស់ ឬ​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ។

ដោយឡែក នៅ​ខេត្តសៀមរាប វិញ ក្នុង​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​ខេត្ត​នេះ បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ១៩​នាក់ ក្នុង​ប្រតិបត្តិ​ការ​ចុះ​ឆែកឆេរ នៅ​ចំណុច​ផ្ទះ​វីឡា​ជួល​មួយ​កន្លែង ស្ថិតនៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បន្ទាប់ពី​សង្ស័យ​ថា មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បន្ទាប់ពី​ក្រុម​ជនសង្ស័យ បាន​មក​ស្នាក់​នៅក្នុង​ខេត្ត​សៀមរាប បាន​រយ​:​ពេល​ប្រហែល​កន្លះ​ខែ។ ជនសង្ស័យ​ទាំង ១៩​នាក់​នេះ រួមមាន​ជនជាតិ​បង់ក្លាដេស្ហ (Bangladesh) ចំនួន​១៦​នាក់ និង​នេប៉ាល់ (Nepal) ចំនួន ៣​នាក់​។ សមត្ថកិច្ច​រក​ឃើញ​ថា ជនបរទេស​ទាំងនេះ បាន​ត្រៀម​រៀបចំ​ប្រព័ន្ធ ដើម្បី​ធ្វើ​សកម្មភាព​ឆបោក​តាម​អ៊ីនធឺណិត ក្រោម​រូបភាព​ទាក់ទាញ​ឱ្យ​ជនរងគ្រោះ​វិនិយោគ​ទិញ​ភាគហ៊ុន ដោយ​ដាក់​គោលដៅ​ឆបោក​ទៅកាន់​ប្រទេស​ផ្សេងៗ។

ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ដឹកនាំ​ដោយ​គ្រួសារ​ត្រកូល ហ៊ុន បាន​ទទួលរង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត ចាប់​ជំរិត​ធ្វើ​ទារុណកម្ម និង​លាងលុយកខ្វក់ មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​កម្ពុជា ដែល​គេ​រក​ឃើញ​ថា មេខ្លោង​នៅ​ពីក្រោយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ គឺជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គឺ​លោក ចេន ហ្សី ដែល​ជា​ជនជាតិ​ចិន ចូល​សញ្ជាតិ​កម្ពុជា។

សមាជិក​ជាន់ខ្ពស់ នៃ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក ម៉ែន សុថាវរិន្ទ យល់ឃើញ​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត នៅ​កម្ពុជា អាច​នឹង​ចុះ​ថមថយ​តែ​មួយ​រយៈ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​មានការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ ដោយ​លោក​អះអាង​ថា ដោយសារ​ជំនួញ​សង្គម​ងងឹត​មួយ​នេះ គឺជា​ប្រភព​ចំណូល ជួយ​ទ្រទ្រង់​ដល់​បក្ស​កាន់អំណាច និង​ចិញ្ចឹម​គ្រួសារ​មេដឹកនាំ​ត្រកូល​ហ៊ុន។

លោក ម៉ែន សុថាវរិន្ទ្រ៖ «មិនដែល​មាន​ករណី​ចោរ ចាប់ចោរ​នោះ​ទេ។ ករណីនេះ​គឺជា​ឆាកល្ខោន​នោះ​ទេ បើ​គេ​ចង់​បោសសម្អាត​មែន គឺ​អាច​ធ្វើ​ទៅ​រួចហើយ យើង​គិត​មើល លោក ចេន ហ្សី នៅក្នុង​ប្រទេស​កម្ពុជា ហើយ​គូកន​ទាំងអស់ ជាពិសេស​លោក ហ៊ុន តូ នៅ​ហ្នឹង​មុខ ហេតុអ្វី​ចាប់​មិនបាន»។

ពាក់ព័ន្ធ​រឿង​នេះ អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២ ខែ​ធ្នូ ថា ការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺ​មិនមែន​ជា​រឿង​ងាយស្រួល ដូច​ករណី​ឆបោក​ទូទៅ​នោះ​ទេ ដោយសារ​ក្រុម​ប្រតិបត្តិ​ករ បាន​អភិវឌ្ឍ​វិធីសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​ប្រតិបត្តិការ​ឆបោក កាន់តែ​ទំនើប​។ អ្នកស្រី​ឱ្យ​ដឹងទៀត​ថា ការទប់ស្កាត់​ប្រតិបត្តិ​ករ​បរទេស ចូល​មក​កម្ពុជា ក៏​ជា​រឿង​លំបាក​ផង​ដែរ ដោយសារ​ជនបរទេស​ទាំងនោះ បាន​ចូល​មក​កម្ពុជា ដោយ​ក្លែងបន្លំ​ជា​អ្នកទេសចរ។

អ្នកស្រី ជូ ប៊ុនអេង៖ «កន្លងមក​យើង​ដឹង​ហើយ​ថា យើង​ត្រូវការ​អ្នកទេសចរ យើង​ត្រូវការ​អ្នក​វិនិយោគ ប៉ុន្តែ អ្នកណា​ទៅ​ដឹង​ថា ក្នុងចំណោម​នោះ​មាន​ជនល្មើស ដែល​បង្កប់ខ្លួន​ក្នុងចំណោម​អ្នក​ដែល​ចូល​មក​កម្ពុជា​។ អ៊ីចឹង​នៅ​ពេល​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព យើង​ដឹង​យើង​បង្ក្រាប​។ ក៏ប៉ុន្តែ​សួរ​ថា ម៉េច​ក៏​មិន​បង្ក្រាប​នៅ​ព្រំដែន បើ​គេ​មិនទាន់​ធ្វើ​អី​ផង យើង​ទៅ​ចាប់​គេ​ម៉េច​កើត​។ ហើយ​បើ​មានឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ​សហការ​មកពី​ក្រៅ រឿង​ហ្នឹង​យើង​អាច​ធ្វើ​បាន»។

ទោះជា​បែប​នេះ​ក្ដី អ្នកឃ្លាំមើល​លើកឡើង​ថា មូលហេតុ​ដែល​មេខ្លោង​ឧក្រិដ្ឋជន ជ្រើស​រើស​យក​កម្ពុជា សម្រាប់​សាងសង់​រោងចក្រ​ឆបោក​តាម​អ៊ីនធឺណិត​បែបនេះ គឺ​ដោយសារ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​បក្ស​កាន់អំណាច សម្បូរ​អំពើពុករលួយ និង​មាន​ប្រព័ន្ធ​នីតិរដ្ឋ​ខ្សោយ រហូត​មេ​ឧក្រិដ្ឋជន មានឱកាស​ឈរ​ថតរូប​ក្បែរ​មេដឹកនាំ ឬ​ក្លាយជា​ទីប្រឹក្សា​មេដឹកនាំ​ថែមទៀត​ផង​។​

ជុំវិញ​រឿង​នេះ ទីប្រឹក្សា​ផ្នែក​ធុរកិច្ច និង​អភិបាលកិច្ច លោក ប៉ិច ពិសី មាន​ប្រសាសន៍​ថា ប្រសិនបើ​អាជ្ញាធរ ចង់​កំណត់​អត្តសញ្ញាណ​អ្នក​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អ៊ីនធឺណិត នៅ​កម្ពុជា​នោះ ហាក់​មិនមែន​ជា​រឿង​ដែល​ពិបាក​នោះ​ទេ ដោយសារ​របាយការណ៍​របស់​អន្តរជាតិ បាន​រំលេច​ឈ្មោះ​របស់​ពួកគេ​រួចស្រេច​ទៅ​ហើយ។

លោក ប៉ិច ពិសី៖ «ដើម្បី​បំបែក​ក្រុម​ឧក្រិដ្ឋ​នេះ ទាល់តែ​យើង ទីមួយ​ទាល់តែ​យើង​ស្វែងរក​ការពិត ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ ទី​ពីរ​អនុវត្ត​ច្បាប់ ដែល​មាន​ជា​ធរមាន​។ អ៊ីចឹង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ជាពិសេស​ហ្នឹង​គឺ ទប់ស្កាត់​នូវ​អំពើ​ស៊ីសំណូកសូកប៉ាន់ និង​អំពើពុករលួយ​ដែល​ក្រុម​ឧក្រិដ្ឋជន​តែងតែ​ប្រើ»។

របាយការណ៍​របស់​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(​គ​.​ប​.​ឆ​.​ប​.) ឱ្យ​ដឹង​ថា ចាប់ពី​ចុងខែ​មិថុនា រហូតដល់​ដើមខែ​ធ្នូ នេះ អាជ្ញាធរ​បាន​បង្ក្រាប​ករណី​ឆបោក​តាម​អនឡាញ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ១១៥​ករណី​។ ក្នុង​ប្រតិបត្តិការ​ទាំងនោះ សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ជិត ៥​ពាន់​នាក់ (៤,៨៥១) ក្នុង​នោះ​មាន​ស្រី​ជាង ៩​រយ​នាក់ (៩២៥) រួមមាន​ជាង ២០​សញ្ជាតិ ដូចជា ចិន វៀតណាម ឥណ្ឌូណេស៊ី ឥណ្ឌា បង់ក្លាដេស្ហ ថៃ កូរ៉េខាងត្បូង និង​នេប៉ាល់​ជាដើម។

ទោះជា​យ៉ាងណា សារព័ត៌មាន​សិង្ហបុរី CNA បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ដោយ​ស្រង់​សម្ដី​អ្នក​ជំនាញ និង​របាយការណ៍​អន្តរជាតិ អំពី​ករណី​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ថា ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា ក្នុង​រយៈកាល​ចុងក្រោយ​នេះ គ្រាន់តែ​ជា​ឆាកល្ខោន​បំភាន់​ភ្នែក​អន្តរជាតិ​ប៉ុណ្ណោះ និង​ចាប់​បានតែ​ក្រុម​ប្រតិបត្តិ​ករ​តូចតាច​។ បន្ថែម​ពីលើ​នេះ អ្នកជំនាញ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នោះ​ទេ ដោយ​ពួកគេ​សង្កេត​ឃើញ​ថា បទល្មើស​បច្ចេកវិទ្យា​នេះ កន្លងមក​បាន​ចិញ្ចឹម​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​ទឹកប្រាក់​ចន្លោះ​ពី​១២ ទៅ​១៩​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ