

អាជ្ញាធរមូលដ្ឋានអះអាងថា ផ្ទះសម្បែងរបស់ពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលទាហានថៃរាយបន្លាលួសព័ទ្ធយក ពលរដ្ឋនៅមិនទាន់អាចចូលរស់នៅបានឡើយ ដោយសារព្រួយបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋ និងគណៈកម្មការព្រំដែនរបស់កម្ពុជា-ថៃ កំពុងចុះវាស់វែងបោះបង្គោលបណ្ដោះអាសន្ន។ ចំណែកអ្នកឃ្លាំមើលព្រួយបារម្ភថា ពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ មួយចំនួនប្រឈមនឹងបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ក្រោយកម្ពុជា-ថៃ បានបោះបង្គោលបណ្ដោះអាសន្នរួចរាល់។
អាជ្ញាធរនៅភូមិព្រៃចាន់ និងភូមិជោគជ័យអះអាងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ពលរដ្ឋដែលបានចាកចេញពីភូមិ ដោយសារការឈ្លានពានរបស់ថៃ ពេលនេះពួកគាត់មួយចំនួនបានវិលត្រឡប់មករស់នៅផ្ទះខ្លួនឯងវិញហើយ ប៉ុន្តែសម្រាប់តែពលរដ្ឋដែលមានផ្ទះ នៅឆ្ងាយពីកន្លែងមានជម្លោះ។ ចំណែកពលរដ្ឋមានផ្ទះនៅ ក្បែរបន្លាលួសដែលទាហានថៃ ព័ទ្ធយក អាជ្ញាធរមិនទាន់ឲ្យពួកគាត់ចូលទៅរស់នៅវិញនោះទេ ដោយសារបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋ។
មេភូមិព្រៃចាន់ លោក ពៅ បឿន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៥ ខែវិច្ឆិកាថា បច្ចុប្បន្នមានប្រជាពលរដ្ឋជាង១០០(១២៧) គ្រួសារបានចូលទៅរស់នៅផ្ទះសម្បែងវិញ ហើយ នៅផ្នែកខាងកើតនៃភូមិ ចំណែកពលរដ្ឋដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានទាហានថៃរាយបន្លាលួសយក និងនៅក្បែរនោះ អាជ្ញាធរមិនទាន់ឲ្យចូលទៅរស់នៅឡើយ ដោយត្រូវរង់ចាំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នរួចរាល់ និងមានការអនុញ្ញាតពីរដ្ឋាភិបាលជាមុនសិន ទើបឲ្យពលរដ្ឋចូលទៅរស់នៅវិញ។ លោកថា អាជ្ញាធរមូលដ្ឋានមិនទាន់ដឹងថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះនឹងបញ្ចប់ និងរុះរើបន្លាលួសចេញវិញនៅពេលណានោះទេ ពីព្រោះកិច្ចការទាំងនោះទុកឲ្យរដ្ឋាភិបាលជាអ្នកដោះស្រាយ។
លោក ពៅ បឿន៖ «គាត់បានចូលមករស់នៅមួយចំនួនហើយ ចំណែកមួយចំនួនទៀតមិនទាន់ឲ្យគាត់ចូលទៅរស់នៅដល់ខាងក្នុងនោះទេ ត្រឹមពាក់កណ្ដាលភូមិមកខាងកើត អ៊ីចឹងមិនអាចឲ្យពួកគាត់ចូលទៅបានទេ ពីព្រោះខ្លាចសុវត្ថិភាពរបស់ពួកគាត់ ថ្នាក់ដឹកនាំក៏មិនទាន់ឲ្យយើងចូលទៅត្រួតពិនិត្យនៅឡើយទេ ដូច្នេះយើងមិនទាន់ដឹងនោះទេ»។
ចំណែកមេភូមិជោគជ័យ លោក ប៉ែន ឫទ្ធី លើកឡើងស្រដៀងគ្នាថា ពលរដ្ឋនៅភូមិជោគជ័យប្រមាណ៧០ភាគរយបានចូលទៅរស់នៅផ្ទះសម្បែងរបស់ខ្លួនវិញហើយ។ រីឯផ្ទះសម្បែង ដីស្រែចម្ការ ដែលទាហានថៃបានព័ទ្ធបន្លាលួសយក និងឈូសឆាយ លោកសូមមិននិយាយដល់រឿងនេះនោះទេ ដោយទុកឲ្យរដ្ឋាភិបាលជាអ្នករកដំណោះស្រាយ។
លោក ប៉ែន ឫទ្ធី៖ «អត់ទេ ចូលអត់ទាន់បានទេ មូលហេតុដោយសារយើងមិនទាន់បោះបង្គោល ហើយអាជ្ញាធរកម្ពុជាយើង និងខាងថៃមិនទាន់និយាយស្រុះស្រួលគ្នាឲ្យយើងទៅរស់នៅវិញនោះទេ ហើយកន្លែងឈូសឆាយវាវ៉ែខ្លះ នៅក្នុងចំណោមកន្លែងព័ទ្ធរបង ហើយខ្ញុំមិនទាន់ដឹងដែរចាំខាងថ្នាក់ជាតិគេដោះស្រាយ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ឡាំ ជា ដើម្បីសុំការពន្យល់ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៥ ខែវិច្ឆិកា។
ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានប្រកាសកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា នៅពេលដែលការបោះបង្គោលព្រំដែននៅតំបន់ភូមិណងចាន់ ដែលខ្មែរហៅថាភូមិជោគជ័យ ត្រូវបានបញ្ចប់ ពលរដ្ឋខ្មែរជាង ២០០គ្រួសារ ដែលរស់នៅក្រោមខ្សែបន្ទាត់ក្រហម នឹងត្រូវតែចាកចេញពីតំបន់នោះ ដើម្បីការពារអធិបតេយ្យភាព រវាងប្រទេសទាំងពីរ។
ជុំវិញបញ្ហានេះប្រធាននៃស្ថាប័នអធិបតេយ្យភាពជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានសរសេរបង្ហោះនៅលើហ្វេសបុកផ្លូវការ ដោយចោទប្រកាន់ថា កម្ពុជា និងថៃកំពុងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ផ្អែកទៅលើផែនទីខ្នាត១លើ ៥០ពាន់ (១/៥០ ០០០) ដែលជាផែនទីថៃគូសដោយឯកតោភាគី ដូច្នេះកម្ពុជានឹងបាត់បង់ទឹកដី ពី២ទៅ ៣គីឡូម៉ែត្រ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ទៅខាងថៃ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអះអាងថា ការបោះបង្គោលបណ្ដោះអាសន្ននៅពេលនេះគឺផ្អែកលើផែនទីខ្នាត១/២០០.០០០ បន្សល់ទុកពីសម័យបារាំង។
បែបនេះក្ដី ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត នៅតែជំរុញឲ្យរដ្ឋាភិបាល ចេញមុខបកស្រាយឲ្យបានជាក់លាក់ និងត្រូវប្រើប្រាស់ផែនទីខ្នាត១ លើ២០០ពាន់បារាំងសៀម ទើបការពារ និងយកទឹកដីដែលទាហានថៃរាយបន្លាលួសបានត្រឡប់មកវិញ។
លោក ម៉ែន ណាត៖ «គេមិនអាចជឿបានទេ ពីព្រោះគេបារម្ភពីការបាត់បង់ទឹកដីកម្ពុជាទៅថៃ អ្វីដែលថៃកំពុងពុះពាររាល់ថ្ងៃនេះ ហើយជាការពិតថៃកំពុងតែគូសវាស ថៃយកដ្រូន ថៃយកGPS មកកំណត់ទីតាំងព្រំដែន ដែលឲ្យខ្មែរទទួលយកលទ្ធផលរបស់ខ្លួននេះ គឺថាថៃគេបានយកផែនទីរបស់គេ មកកំណត់ព្រំដែនរបស់គេនៅលើទឹកដីយើងហើយ រឿងហេតុអ្វីដែលខ្មែរយើង ភាគីយើងយល់ស្របទទួលយក បើរដ្ឋាភិបាល លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទទួលយកនូវអ្វីដែលថៃកំណត់ បានន័យថា យើងចាញ់ប្រៀបថៃ យើងនឹងបាត់បង់ទឹកដីបន្ថែមទៀតហើយ»។
អស់រយៈពេលជាងបីខែមកហើយ ដែលទាហានថៃបានរាយបន្លាលួសព័ទ្ធយកផ្ទះសម្បែង និងដីស្រែចម្ការរបស់ពលរដ្ឋ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយបានព្រមានប្រើច្បាប់ផ្ទៃក្នុងរបស់ថៃអនុវត្តមកលើពលរដ្ឋកម្ពុជាប្រសិនបើពួកគាត់មិនព្រមចាកចេញពីភូមិឋានពួកគាត់រស់នៅ ។ លើសពីនោះ ទាហានថៃបានបើកការបាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ម្នាក់ និងរបួស៣នាក់ នៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ វិច្ឆិកា ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចរកយុត្តិធម៌ឱ្យពលរដ្ឋខ្មែរបាននៅឡើយ៕








