
នៅថ្ងៃគម្រប់ខួបមួយឆ្នាំនៃអំពើឃាតកម្មលើតំណាងរាស្ត្របក្សប្រឆាំង លោក លិម គិមយ៉ា អង្គការប្រជាធិបតេយ្យខ្មែរ (KDO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងពលរដ្ឋរស់នៅក្រៅប្រទេសបន្តទាមទាររកយុត្តិធម៌សម្រាប់លោក លិម គិមយ៉ា ដោយថ្កោលទោសមេខ្លោងនៅពីក្រោយឃាតករ។ ចំណែកក្រុមគ្រួសារនឹងធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោក លិម គិមយ៉ា ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅថ្ងៃទី១១ ខែមករា នៅវត្តពោធិវង្ស ប្រទេសបារាំង។
គិតមកដល់ថ្ងៃទី៧ មករា ឆ្នាំ២០២៦ នេះ គឺមានរយៈពេល១ឆ្នាំគត់ ដែលអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានឃាតករជនជាតិថៃបាញ់សម្លាប់យ៉ាងឃោរឃៅនៅកណ្តាលទីក្រុងបាងកក ប្រទេសថៃ ហើយដែលឃាតកម្មនេះត្រូវបានគេសង្ស័យថា អ្នកកាន់អំណាចនៅកម្ពុជាជាអ្នកបញ្ជាពីក្រោយ។
ស្របពេលខួប១ឆ្នាំនេះ អង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដោយរម្លឹកឡើងវិញនូវហេតុការណ៍បាញ់ប្រហារថា កាលពីមួយឆ្នាំមុន លោក លិម គិមយ៉ា ត្រូវបានគេធ្វើឃាតនៅទីក្រុងបាងកក។ ពួកគេថាមរណភាពរបស់លោក ត្រូវបានសាធារណមតិជាតិ អន្តរជាតិ មើលឃើញពីទង្វើរបស់ឃាតករ ដែលរៀបចំឡើងពីក្រុមជនពាក់ព័ន្ធមួយចំនួននៅប្រទេសកម្ពុជា ក្នុងបំណងដើម្បីបំបិទមាត់អ្នករិះគន់។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេថាក្រោយបាញ់សម្លាប់លោក លិម គិមយ៉ា វាបានធ្វើឱ្យសំឡេងនៃការតស៊ូមតិ កាន់តែលាន់ឮខ្លាំងឡើងពីសំណាក់សកម្មជនសង្គម និងអ្នកនយោបាយគ្រប់រូប។
អង្គការប្រជាធិបតេយ្យខ្មែរបានសរសេរបន្តថា លោក លិម គិមយ៉ា គឺជាសកម្មជននយោបាយមួយរូប ដែលជឿជាក់ថា អំណាចនៃសន្លឹកឆ្នោត ត្រូវតែមានតម្លៃជាងអំណាចគ្រាប់កាំភ្លើងជានិច្ច។ ទោះនៅក្នុងសភា ឬក្នុងពេលកំពុងនិរទេសខ្លួន លោកមិនដែលរួញរាចំពោះជំនឿចិត្តរបស់លោកឡើយ។
អង្គការប្រជាធិបតេយ្យខ្មែរបានសរសេរថា៖ «សូមឱ្យថ្ងៃនេះ មិនមែនគ្រាន់តែជាថ្ងៃកាន់ទុក្ខនោះទេ ប៉ុន្តែសូមឱ្យក្លាយជាថ្ងៃនៃការប្ដេជ្ញាចិត្តជាថ្មី។ ទោះបីជារាងកាយរបស់លោកមិនស្ថិតនៅជាមួយយើង ប៉ុន្តែមនសិការ និងស្មារតីរបស់លោក នៅតែពញ្ញាក់សកម្មជនទាំងឡាយ ឲ្យបន្តដំណើរឆ្ពោះទៅមុខជានិច្ច»។
ចំណែកឯ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ពលរដ្ឋត្រូវការយុត្តិធម៌សម្រាប់លោក លិម គិមយ៉ា។ អមជាមួយសំណេរខ្លីនេះ លោក សម រង្ស៊ី ក៏បានបង្ហោះវីដេអូមួយដែលមាន ពលរដ្ឋមួយក្រុមឈរកាន់រូបលោក លិម គិមយ៉ា ដោយនិយាយ និងស្រែកទាមទាររកយុត្តិធម៌ដល់លោក លិម គិមយ៉ា ពីព្រោះពួកគេថា រយៈពេល១ឆ្នាំកន្លងមកហើយគ្រួសាររបស់លោក លិម គិមយ៉ា នៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
សំណេរ៖ «តើយុត្តិធម៌សម្រាប់លោក លិម គិមយ៉ា នៅឯណារយៈពេល១ឆ្នាំហើយដែលលោកបានស្លាប់យ៉ាងអយុត្តិធម៌ ហើយប៉ូលិសមិនទាន់បានចាប់ឃាតករពិតប្រាកដដែលនៅពីក្រោយខ្នងនៃការបាញ់សម្លាប់នេះឡើយ យើងត្រូវការយុត្តិធម៌សម្រាប់លោក លិម គិមយ៉ា»។
លោក លិម គិមយ៉ា ត្រូវបានឃាតករជនជាតិថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Phaenoi) បាញ់សម្លាប់នៅតំបន់មានមនុស្សកកកុញកណ្តាលទីក្រុងបាងកកភ្លាមៗក្រោយលោកដើរចុះពីលើរថយន្តក្រុងក្នុងដំណើរត្រឡប់ពីខេត្តសៀមរាបប្រទេសកម្ពុជា ទៅកាន់ទីក្រុងបាងកងវិញ។ ក្នុងពេលឃាតករបាញ់សម្លាប់នោះ ភរិយា និងសាច់ញាតិរបស់លោកម្នាក់ទៀតក៏ស្ថិតនៅក្នុងហេតុការណ៍ផ្ទាល់នោះដែរ។ បើតាមវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅលើរថយន្តក្រុង និងតាមដងផ្លូវ និងការសើបអង្កេតរបស់សមត្ថកិច្ចថៃ មុនពេលបាញ់សម្លាប់ ឃាតករអេកាឡាក់ ផែណយ បានទទួលតម្រុយពីបុរសជនជាតិខ្មែរម្នាក់ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលបានជិះរថយន្តជាមួយលោក លិម គិមយ៉ា ហើយភ្លាមៗក្រោយពីលោក លិម គិមយ៉ា ត្រូវបានបាញ់សម្លាប់ បុរសឈ្មោះ ពេជ្រ គឹមស្រ៊ិន នេះបានធ្វើដំណើរតាមយន្តហោះត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
កូនប្រុស លោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស់ (Lim Thomas) បានបង្ហោះសារតាមហ្វេសប៊ុកនៅថ្ងៃនេះថា ១ឆ្នាំបានកន្លងមកហើយ ការរកយុត្តិធម៌ឲ្យលោក លិម គិមយ៉ា ដែលជាសកម្មជននយោបាយស្មោះត្រង់ ស្រលាញ់យុត្តិធម៌សង្គមដែលគេធ្វើឃាតនៅទីក្រុងបាងកកនៅព្យួរទុកដដែល ទោះបីតុលាការនៅទីក្រុងបាងកកបានកាត់ទោសអ្នកបាញ់សម្លាប់ឈ្មោះ អេកាឡាក់ ផែណយ ដែលបានសារភាពពីបទឃាតកម្មកាលពីខែកញ្ញា ឆ្នាំ២០២៥ ក៏ដោយ។
បន្ទាប់ពីបាញ់សម្លាប់លោក លិម គិមយ៉ា ឃាតករ អេកាឡាក់ ផែណយ បានស្រូតធ្វើដំណើរឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជានៅថ្ងៃដដែលនោះ។ ក្រោយត្រូវបានចាប់ខ្លួន និងបញ្ជូនត្រឡប់ទៅកាន់ប្រទេសថៃវិញ អេកាឡាក់ ផែណយ បានសារភាពប្រាប់សមត្ថកិច្ចថៃថា រូបគេត្រូវបានបុគ្គលជនជាតិខ្មែរឈ្មោះ លី រតនរស្មី ជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ដោយធានាថា រូបគេនឹងមានសុវត្ថិភាពក្រោយពីចូលដល់ប្រទេសកម្ពុជា។ លោក លី រតនរស្មី គឺជាអតីតអ្នកគាំទ្របក្សប្រឆាំង ក្រោយមកបានចុះចូលជាមួយបក្សកាន់អំណាច និងត្រូវបានលោក ហ៊ុន សែន តែងតាំងឱ្យធ្វើជាទីប្រឹក្សា។
កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស់ បានទទូចឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចាប់ខ្លួនលោក ពេជ្រ គឹមស្រ៊ិន និង លោក លី រតនរស្មី បញ្ជូនឱ្យអាជ្ញាធរថៃ ដើម្បីដំណើរការក្ដីក្ដាំស្វែងរកយុត្តិធម៌ជូនឪពុកលោក។ លោក ពេជ្រ គឹមស្រ៊ិន ត្រូវបានគេលាតត្រដាងថា ជាអនុប្រធានគណៈកម្មការផ្សារកណ្តាល និងជាកូនចៅរបស់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង។ រយៈពេលពេញ១ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាមិនបានចាប់ខ្លួនលោក ពេជ្រ គឹមស្រ៊ិន និងលោក លី រតនរស្មី បញ្ជុនទៅឱ្យសមត្ថកិច្ចថៃដើម្បីចាត់ការតាមនីតិវិធីនោះទេ បើទោះជាបុគ្គលទាំងពីរនេះ ត្រូវបានប៉ូលិសអន្តរជាតិ (Interpol) ចេញនិវេទក្រហមចាប់ខ្លួនក៏ដោយ ដែលរឹតតែធ្វើឱ្យមហាជនសង្ស័យ និងចោទប្រកាន់ថាអ្នកមានអំណាចនៅកម្ពុជាអាចនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ទើបមិនព្រមចាប់ខ្លួនបុគ្គលទាំងពីរនាក់នេះបញ្ជូនទៅឱ្យសមត្ថកិច្ចថៃ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន សែន មិនជាប់ពាក់ព័ន្ធ និងមិននៅពីក្រោយឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា ដូចការចោទ ប្រកាន់ឡើយ។ លោក ចោទសួរថា តើរាជរដ្ឋាភិបាលល្ងង់ណាស់ឬ បើសិនរាជរដ្ឋាភិបាល នៅពីក្រោយរឿងនេះ តើចាំបាច់ចាប់បញ្ជូនជនសង្ស័យជាឃាតករ ទៅឱ្យអាជ្ញាធរថៃស៊ើបអង្កេតធ្វើអី? ប៉ុន្តែអ្នកនយោបាយប្រឆាំង និងអ្នកការពារសិទ្ធិមនុស្ស យល់ថា ការអះអាងរបស់លោក ហ៊ុន ម៉ាណែត នេះមិនគ្រប់គ្រាន់ទេ។ ពួកគេចង់ឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនខ្លួនបុគ្គលឈ្មោះ លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ិន ទៅឱ្យសមត្ថកិច្ចថៃចាត់ការតាមផ្លូវច្បាប់ទើបធ្វើឱ្យមហាជនអស់មន្ទិល។
ទាក់ទងករណីឃាតកម្មនេះដែរ សារព័ត៌មានថៃ The Nation កាលពី១ឆ្នាំមុនបានចុះផ្សាយ ថា លោក លី រតនៈរស្មី ឬឈ្មោះថៃហៅ ស៊ុមវ៉ាំង បាំរុងគីត (Sumvang Bamrongkit) ត្រូវតុលាការថៃ ចាត់ទុកជាមេខ្លោងក្នុងអំពើឃាតកម្មលើតំណាងរាស្ត្របក្សប្រឆាំង លោក លិម គិមយ៉ា តាមរយៈការសារភាពរបស់ឃាតករ។
ក្រោយឃាតកម្មលើលោក លិម គិមយ៉ា នេះ សមត្ថកិច្ចថៃ បានចាប់ឃុំខ្លួនមនុស្ស ចំនួន២នាក់ គឺឃាតករឈ្មោះ អេកាឡាក់ ផែណយ និងអ្នកបើករថយន្តដឹកឃាតករក្នុងពេលគេចខ្លួនទៅប្រទេសកម្ពុជា ឈ្មោះ ឆាគិត ប៊ួប្លី (Chakit Buaplee) ។ កាលពីដើមខែតុលា ឆ្នាំ២០២៥ តុលាការថៃបានកាត់ទោស អេកាឡាក់ ផែណយ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ខណៈអ្នកបើករថយន្តដឹកឃាតករត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ ដោយសំអាងថា បុគ្គលរូបនេះគ្រាន់តែជាអ្នកប្រកបរបរបើករថយន្តដឹកភ្ញៀវ មិនបានជាប់ពាក់ព័ន្ធនឹងគម្រោងឃាតកម្មលើលោក លិម គិមយ៉ា នោះទេ៕










