ក្រសួងការបរទេស​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​មជ្ឈិមបូព៌ា​ថែរក្សា​សុវត្ថិភាព

0
8
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស
រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន។ រូប៖ ​ក្រសួងការបរទេស

ក្រសួងការបរទេស​កម្ពុជា ប្រកាស​ថា ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​សិស្ស​-​និស្សិត​សរុប ៥៩៥​នាក់ ដែល​កំពុង​ស្នាក់នៅ​តំបន់​មជ្ឈិមបូព៌ា បាន​រក្សា​ការប្រុងប្រយ័ត្ន​យ៉ាង​ខ្ជាប់ខ្ជួន និង​មាន​សុវត្ថិភាព​ទាំងអស់គ្នា។

ទោះជា​យ៉ាងណា ក្រសួងការបរទេស​កម្ពុជា លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​១០ មីនា​ថា ក្រសួង​កំពុង​បន្ត​តាមដាន និង​មាន​ក្តី​បារម្ភ​បំផុត​ចំពោះ​ការ​វិវត្ត​នៃ​សភាពការណ៍​ជម្លោះ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

ក្រសួង​បញ្ជាក់​ថា ស្ថានទូត​កម្ពុជា​ប្រចាំ​នៅក្នុង​តំបន់​នេះ បាន​ទទួល​ការណែនាំ​ឱ្យ​ទាក់ទង​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ម្ចាស់ផ្ទះ ក៏ដូចជា​ជាមួយ​តំណាង​ប្រជាពលរដ្ឋ និង​និស្សិត​កម្ពុជា ដើម្បី​តាមដាន​អំពី​សុខទុក្ខ និង​សេចក្តី​ត្រូវការ​ជំនួយ​ជាយថាហេតុ ដើម្បី​ធានា​សុខ​សុវត្ថិភាព​របស់​ពួកគេ។

ជាមួយ​គ្នា​នេះ ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ​តាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​មជ្ឈិមបូព៌ា រួមមាន​ដូចជា អ៊ីស្រាអែល កាតា គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាត​អារ៉ាប់រួម និង​ប្រទេស​បារ៉ែន ត្រូវ​បន្ត​គោរព​តាម​ការ​ណែនាំ​របស់​ប្រទេស​ម្ចាស់ផ្ទះ​អំពី​កិច្ចការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ បន្ថែម​ពី​នេះ ក្រសួង​បាន​ប្រកាស​លេខ​ទូរស័ព្ទ​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​នោះ​ដែរ សម្រាប់​ឲ្យ​ពលរដ្ឋ​និង​សិស្ស​-​និស្សិត​ខ្មែរ ទាក់ទង​សុំ​ជំនួយ​ក្នុងករណី​ចាំបាច់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ