
ក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែមីនា បានអំពាវនាវឲ្យភ្ញៀវទេសចរបរទេស បន្តធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ក្រសួងទេសចរណ៍ បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងចំនួន៥ភាសារួមមាន ភាសាខ្មែរ អង់គ្លេស បារាំង ចិន និងភាសាអារ៉ាប់ថា ប្រទេសកម្ពជា នៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព ជាមួយនឹងស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សង្គមល្អ ព្រមទាំងផ្តល់បរិយាកាសកក់ក្តៅ ស្វាគមន៍ភ្ញៀវទេសចរ មកពីគ្រប់ទិសទីនៃពិភពលោក។
ក្រសួងទេសចរណ៍ ក៏មិនភ្លេចលើកសរសើរលោក ហ៊ុន ម៉ាណែត ដែរថា ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ឈ្លាសវៃ និងប៉ិនប្រសប់របស់លោក និងកិច្ចសហការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជននោះ បានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាព និងបង្កើនទំនុកចិត្តសម្រាប់ភ្ញៀវទេសចរទាំងអស់។
ក្រៅពីអំពាវនាវឲ្យភ្ញៀវទេសចរបរទេសមកទស្សនានៅកម្ពុជាប្រកបដោយអារម្មណ៍សុវត្ថិភាព និងមានទំនុកចិត្តពេញលេញនោះ ក្រសួងទេសចរណ៍ ក៏អំពាវនាវឲ្យភ្ញៀវទេសចរទាំងអស់ បន្តគាំទ្រ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ អំពីកម្ពុជាដែលជាទឹកដីអច្ឆរិយ: ពោរពេញដោយសម្បត្តិបេតិកភណ្ឌវប្បធមដ៏សម្បូរបែប ទេសភាពធម្មជាតិដ៏ស្រស់ស្អាត សង្គមប្រកបដោយសុខុដុមនីយកម្ម និងប្រជាជនមានភាពរួសរាយរាក់ទាក់។
ជុំវិញរឿងនេះ អ្នកឃ្លាំមើល យល់ថា ទោះបីជាក្រសួងទេសចរណ៍ ខំប្រឹងផ្សព្វផ្សាយយ៉ាងណាក្តី ក៏នឹងមិនបានផលច្រើនឡើយ ប្រសិនបើរដ្ឋាភិបាល គ្មានឆន្ទ:លុបបំបាត់អំពើពុករលួយ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើអសន្តិសុខក្នុងសង្គមទេនោះ៕










