

ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុនព្រីនស៍គ្រុប (Prince Group) និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួមទាំងបុគ្គលពីរនាក់ទៀតឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ដើម្បីបញ្ជូនទៅប្រទេសចិន។
ក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៧ ខែមករាថា ការចាប់ផ្ដើមនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្នែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន។

សារព័ត៌មានស៊ីស៊ីថាមស៍ (CC Times) ជាភាសាចិន ចុះផ្សាយនៅថ្ងៃទី៧ មករា ថា លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួននៅកម្ពុជា ហើយធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិន ដើម្បីស៊ើបអង្កេតបន្តនៅថ្ងៃនេះ។
កាលពីខែតុលា ឆ្នាំ២០២៥ តុលាការសហព័ន្ធរបស់អាមេរិកបានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិ ១៥ពាន់លានដុល្លារពីក្រុមហ៊ុន ព្រីន គ្រុប (Prince Group) របស់ឧក្រិដ្ឋជនខ្មែរដើមកំណើតចិនលោក ចេន ហ្ស៊ី (Chen Zhi)។ រីឯរដ្ឋាភិបាលអង់គ្លេសក៏បានដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះប្រមាណ ១៧៦លានដុល្លារ ខណៈសិង្ហបុរី និងរដ្ឋបាលក្រុងហុងកុងក៏បានចាត់វិធានការស្រដៀងគ្នានេះដែរ។ លោក ចេន ហ្ស៊ី កាន់សញ្ជាតិខ្មែរ និងមានតួនាទីជាទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។
ក្រោយការប្រកាសបង្កកទ្រព្យសម្បត្តិដោយសហរដ្ឋអាមេរិក និងតាមចាប់ខ្លួនលោក ចេន ហ្សី រដ្ឋាភិបាលកម្ពុជាហាក់នៅស្ងាត់ស្ងៀម ហើយលោក ចេន ហ្សី ត្រូវបានគេសង្ស័យថា បានសម្ងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជាក្រោមការការពាររបស់គ្រួសារត្រកូលហ៊ុនដោយសារតែឧក្រិដ្ឋជនរូបនេះ ត្រូវគេដឹងថាធ្លាប់បានផ្តល់ប្រាក់ជាច្រើនទៅឱ្យគ្រួសារត្រកូលហ៊ុនប្រើប្រាស់ដើម្បីពង្រឹងអំណាច និងស៊ីចាយហ៊ឺហា៕









