
ស្ថានទូតចិនប្រចាំកម្ពុជាបានសេចក្ដីថ្លែងការណ៍ព្រមានដល់ជនជាតិចិនទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះការឃោសនាការងារដែលមានប្រាក់ខែខ្ពស់នៅក្រៅប្រទេសថា ក្រុមហ៊ុនទាំងនោះអាចនឹងជាប់ពាក់ព័ន្ធនឹងអំពើខ្មៅងងឹតដូចជា ល្បែងស៊ីសងតាមអ៊ីនធឺណិត អំពើឆបោកតាមអនឡាញ រូបភាពអាសអាភាស ល្បែងស៊ីសង និងគ្រឿងញៀន។
ការព្រមានរបស់ស្ថានទូតចិននេះធ្វើឡើងបន្ទាប់ពីស្ថានទូតរកឃើញតារាស្ត្រីជនជាតិចិនដែលមានឥទ្ធិពលនៅលើអ៊ីនធឺណិតម្នាក់ឈ្មោះ វូ (Wu) ដើរអនាថា នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីនាងបានចាញ់បោកការល្បួងលោងលួងឱ្យមកធ្វើការនៅប្រទេសកម្ពុជាដោយក្រុមហ៊ុនសន្យាថា នឹងទទួលបានការងារដែលមានប្រាក់ខែខ្ពស់។ អាជ្ញាធរ និងមន្ត្រីស្ថានទូតចិនបានប្រទះឃើញតារាស្រីជនជាតិចិនរូបនេះនៅតាមបណ្ដោយឆ្នេរក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី៤ ខែមករា ហើយស្ថានភាពរបស់នាងស្គមស្គាំង គ្មានកម្លាំងកំហែង ហើយលើរាងកាយមានស្លាកស្នាមរបួសផងដែរ។
ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ថា នៅពេលមានមនុស្សជាប់គាំងនៅក្នុងក្រុមហ៊ុនឧស្សាហកម្មដែលឃោសនាការងារដែលមានប្រាក់ខែខ្ពស់នេះ បុគ្គលិកម្នាក់ៗងាយរងគ្រោះដោយសារការបង្ខាំងដោយខុសច្បាប់ រងការរំលោភបំពានដោយហិង្សា និងអាចរងគ្រោះថ្នាក់ដល់អាយុជីវិត៕










