
ពលរដ្ឋនៅក្រុងប៉ោយប៉ែតអះអាងថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្នុងតំបន់នេះ មានជាប់ពាក់ព័ន្ធនឹងមន្ត្រីអាជ្ញាធរ តាំងពីថ្នាក់ក្រោម ដល់ថ្នាក់ជាតិ ដែលជាអ្នកជួយការពាររបរសង្គមងងឹតមួយនេះ គឺមិនមែនជាប់ពាក់ព័ន្ធមន្ត្រីថ្នាក់ក្រោមតែម្នាក់នោះឡើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសថា និងបើកការស៊ើបអង្កេត លើអធិការរងក្រុងប៉ោយប៉ែត ម្នាក់ ក្រោយមានការចោទប្រកាន់ថា ពាក់ព័ន្ធការឆបោកតាមអនឡាញ។
ក្រុងប៉ោយប៉ែត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះល្បីល្បាញថា ជាទីក្រុងនៃឧស្សាហកម្មឆបោកដ៏ល្បីឈ្មោះនោះពេលនេះត្រូវបានគេលាតត្រដាងថា អាជ្ញាធរ និងមន្ត្រីកងកម្លាំងមួយចំនួន ដែលឈរជើងនៅក្នុងតំបន់នៅជាប់ព្រំដែនថៃមួយនេះ បានយកអំណាច និងតួនាទី មកធ្វើជាខ្នងបង្អែក និងរកស៊ីជាមួយក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ។
ពលរដ្ឋនៅក្រុងប៉ោយប៉ែតម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភអំពីសុវត្ថិភាព ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣ ខែធ្នូ ថា ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត បានចាក់គ្រឹះនៅលើទឹកដីប៉ោយប៉ែត នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមេខ្លោងឧក្រិដ្ឋជនឆបោក និងអាជ្ញាធរ ជាពិសេសមេប៉ូលិស និងប៉េអិម បានរកស៊ី និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក តាមរយៈការបិទបាំងពីទីតាំងករណីឆបោក និងការផ្ដល់ដំណឹងឱ្យមេខ្លោងរបស់ឧក្រិដ្ឋជន មុនពេលចុះទៅបង្ក្រាបជាដើម។ ប្រភពអះអាងទៀតថា បច្ចុប្បន្នសកម្មភាពតាមអនឡាញ នៅក្នុងប៉ោយប៉ែត នៅតែមានប្រតិបត្តិការច្រើនដូចធម្មតា គ្រាន់តែអ្នកគ្រប់គ្រងតាមអាគារ បានដាក់កំហិតមិនឱ្យបុគ្គលិកចេញមកក្រៅដូចកាលពីមុននោះឡើយ។
ពលរដ្ឋ៖ «មន្ត្រីគ្រាក់ៗអស់ហ្នឹង ធ្វើការមិនមែនបម្រើរាស្ត្រទេ រាល់ថ្ងៃហ្នឹង ហើយនាំគ្នាធ្វើការនៅក្នុងទិសដៅមួយ គឺបង្កើតឧក្រិដ្ឋកម្ម និងការងារខុសច្បាប់ផ្សេងៗ ហើយស៊ីប្រាក់ខែរាស្ត្រ មានទាំងប្រាក់ខែ ហើយរកស៊ីក្នុងអំពើឧក្រិដ្ឋកម្មផ្សេងៗហើយ មេធំៗការពារកូនចៅឱ្យធ្វើអំពើទាំងអស់ហ្នឹងឯង»។
ការអះអាងរបស់ពលរដ្ឋរូបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានប្រកាសថា និងបើកការស៊ើបអង្កេត លើអធិការរងក្រុងប៉ោយប៉ែត ម្នាក់ គឺលោក បោន ចាន់ថា ក្រោយមានការចោទប្រកាន់ថា លោកគឺជាអ្នកសម្របសម្រួលបទល្មើសឆបោកតាមអនឡាញ នៅខេត្តបន្ទាយមានជ័យ។
ទោះជាយ៉ាងណា ប្រភពពីបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា កាលពីចុងឆ្នាំ២០២៤ នៅពេលដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត (Thaksin shinawatra) បានទម្លាយពីទីតាំងឆបោកដ៏ធំ នៅក្នុងអគារកាស៊ីណូរបស់ លោក កុក អាន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ដែលស្និទ្ធនឹងលោក ហ៊ុន សែន នោះ មានបណ្ដាញរបស់អាជ្ញាធរ បានផ្ដល់ដំណឹងឱ្យមេខ្លោងឧក្រិដ្ឋជនបានដឹងខ្លួនជាមុន ដែលធ្វើឱ្យពួកគេមានឱកាសជម្លៀសប្រតិបត្តិករចេញទៅកន្លែងផ្សេងទៀត។
ជាងនេះទៅទៀត ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ធ្លាប់បានចេញចូលអគារកាស៊ីណូក្រោន (Crown Casio And Resort) របស់លោក កុក អាន ដែលគេរកឃើញថា ជាសម្បុកក្រុមឆបោកដ៏ធំនោះជាច្រើនលើក ក្នុងបេសកកម្មស្រាវជ្រាវករណីជនបរទេសលោតពីលើអាគារ ក៏ប៉ុន្តែមេប៉ូលិសខេត្តរូបនេះ មិនបានស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងឆបោកតាមអ៊ីនធឺណិត ដែលនៅចំពោះមុខនោះឡើយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ និងអ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣ ខែធ្នូ។ ចំណែកស្នងការរងក្រុងប៉ោយប៉ែត លោក បោន ចាន់ថា ក៏មិនឆ្លើយតបក្នុងរឿងនេះដែរ។
លោក ទូច សុឃៈ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រសួងនឹងស៊ើបអង្កេតដើម្បីរកការពិត ចំពោះករណី អធិការរងនគរបាលក្រុងប៉ោយប៉ែត លោក បោន ចាន់ថា ដែលគេអះអាងថា មានជាប់ពាក់ព័ន្ធនឹងករណីសម្របសម្រួលដល់ការប្រព្រឹត្តករណីឆបោកតាមអនឡាញនេះ។
ពាក់ព័ន្ធរឿងនេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា យល់ឃើញថា អ្នកដែលអាចធ្វើជាខ្នងបង្អែក ឬជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅទីតាំងដ៏សំខាន់បែបនេះ មិនទំនងជាមានតែប៉ូលិសដែលមានឋានៈត្រឹមអធិការរងនោះទេ ពោលករណីនេះ អាចនឹងមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីធំៗជាប្រព័ន្ធ។
លោក សួន សូរីដា៖ «អ៊ីចឹងនៅពេលគេកំណត់អត្តសញ្ញាណមេខ្លោងជានរណាហើយ គេត្រូវចាប់អ្នកនោះមុន គេមិនត្រូវចាប់មនុស្សកំប៉ិកកំប៉ុក ដូចក្នុងរបរហ្នឹង វាមិនអាចលុបបំបាត់ ឬបោសសម្អាតបានទេ។ អ៊ីចឹងមានន័យថា យើងបោសសម្អាតបានតែជាយៗ»។
ផ្អែកតាមរបាយការណ៍ របស់អង្គការអន្តរជាតិជាច្រើន បានរកឃើញថា អ្នកដែលនៅពីក្រោយឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ចាប់ជំរិត និងលាងលុយកខ្វក់ ដែលមានមូលដ្ឋាននៅកម្ពុជា គឺមិនមែនជាមន្ត្រីតូចតាចនោះទេ ដោយពួកគេ គឺពាក់ព័ន្ធនឹងគ្រួសារត្រកូលហ៊ុនតែម្ដង។ ជាក់ស្ដែង ដូចជា លោក លី យ៉ុងផាត់ លោក កុក អាន លោក សុខ គង់ និងជនជាតិចិន ចូលសញ្ជាតិខ្មែរ លោក ចេន ហ្សី ជាដើម ពួកគេសុទ្ធតែមានតួនាទីជាសមាជិកព្រឹទ្ធសភា ជាទីប្រឹក្សារបស់មេដឹកនាំ និងជាអ្នករកលុយជួយទ្រទ្រង់ឱ្យបក្សកាន់អំណាចទៀតផង។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (Licadho) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត ស្នើឱ្យក្រសួងពាក់ព័ន្ធចុះធ្វើអធិការកិច្ច នៅក្នុងរឿងនេះ ដើម្បីបង្ហាញពីតម្លាភាពនៅក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត និងធានាឱ្យបាននូវការអនុវត្តច្បាប់ទៅលើមន្ត្រីរាជការ ដែលយកតួនាទី ទៅរកស៊ីជាមួយក្រុមឧក្រិដ្ឋជន។
លោក អ៊ិន គង់ជិត៖ «កិច្ចការទាំងអស់នេះ មិនមែនអត់ពាក់ព័ន្ធទេ គឺវាអាចមានពាក់ព័ន្ធ ហើយនិងជាប្រព័ន្ធទៀត ដែលធ្វើឱ្យក្រុមឧក្រិដ្ឋជនអនឡាញហ្នឹង អាចធ្វើសកម្មភាពប្រព្រឹត្តបទល្មើស នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយបើសិនជាអាចធ្វើបានបែបនេះ គឺជួយស្ដារកិត្តិយស និងមុខមាត់ព្រះរាជាណាចក្រកម្ពុជាយើងផង»។
សព្វថ្ងៃនៅទីក្រុងប៉ោយប៉ែត អគារឆបោកតាមអ៊ីនធឺណិត មាននៅគ្រប់ទីកន្លែង ដោយអាជីវកម្មបែបសង្គមងងឹតមួយនេះ បានទាក់ទាញពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនជាតិសាសន៍ ឱ្យមកធ្វើការឆបោក ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ទីក្រុងមួយនេះ សឹងតែពឹងផ្អែកទាំងស្រុងទៅហើយ លើវិស័យអនឡាញ និងល្បែងកាស៊ីណូ។ ទីតាំងដែលត្រូវបានគេរកឃើញថា ជាសម្បុកក្រុមឆបោកធំៗ នៅក្រុងប៉ោយប៉ែត នោះ រួមមាន អគារកាស៊ីណូក្រោន របស់លោក កុក អាន កាស៊ីណូ ស្តាហ្គោល (Star Gold) និងតំបន់អភិវឌ្ឍសាន់កូ ជាដើម៕










