

ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញពីក្ដីបារម្ភផង និងការឈឺចាប់ ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយប្រទេសថៃ ដែលសម្រេចបានភាគច្រើនរួចហើយ។ ពួកគាត់បារម្ភថា ការបោះបង្គោលព្រំដែននេះ រដ្ឋាភិបាលហាក់លាក់លៀមមិនឱ្យពលរដ្ឋបានដឹង និងបញ្ចេញមតិ ដោយពួកគាត់សង្ស័យ អាចមកពីកម្ពុជាបាត់បង់ទឹកដីមួយផ្នែកទៅភាគីថៃ ខណៈមួយចំនួនទៀត បារម្ភថា ការបោះបង្គោលព្រំដែននេះ អាចជាការធ្វើសម្បទាននយោបាយរបស់មេដឹកនាំកម្ពុជា ដើម្បីដូរយកសន្តិភាព។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់នៅមិនទាន់បានទទួលព័ត៌មានសំខាន់ និងច្បាស់លាស់ណាមួយ ចេញពីរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ជាមួយប្រទេសថៃនោះឡើយ។
ពលរដ្ឋនៅឃុំអូរបីជាន់ លោកស្រី ចាន់ ស្រីមុំ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែវិច្ឆិកា ថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយប្រទេសថៃ ហាក់ធ្វើឡើងដោយតក់ក្រហល់ និងខ្វះតម្លាភាព ខណៈតំបន់ដែលថៃរាយបន្លាលួស និងដាក់កង់ឡានព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋនោះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានដោះស្រាយឱ្យដាច់ស្រេចនៅឡើយ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយបង្ហាញអំពីការវិវឌ្ឍន៍ក្នុងប្រតិបត្តិការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្ន របស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ មានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបង្គោលលេខ៥២ ដល់៥៩ ដែលមានប្រវែងប្រមាណ ៨.៣គីឡូម៉ែត្រ ស្ថិតក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយភាគីប្រទេសទាំងពីរ បានបោះបង្គោលបណ្ដោះអាសន្នសរុបចំនួន ១៦៦បង្គោល។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួនលើកឡើងថា នៅក្នុងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ ពួកគាត់មិនទាន់ជឿទុកចិត្តលើរដ្ឋាភិបាលកម្ពុជានោះឡើយ ដោយសារពួកគាត់បានតាមដានរឿងនេះ ចេញពីសារព័ត៌មានរបស់ប្រទេសថៃ និងបានសង្កេតឃើញក្រុមបច្ចេកទេសរបស់ថៃ ជាអ្នកបង្ហោះដ្រូន ដើម្បីវាស់វែង និងដៅតម្រុយ ខណៈភាគីកម្ពុជា បានត្រឹមតែឈរមើលនៅសងខាងប៉ុណ្ណោះ។
ប្រជាពលរដ្ឋម្នាក់ទៀត នៅខេត្តកំពង់ចាម លោក ចាន់ សុខុម លើកឡើងថា រដ្ឋាភិបាលបានបិទបាំងព័ត៌មានសំខាន់មួយចំនួន ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយភាគីថៃនេះ មានដូចជា ការប្រើប្រាស់ផែនទីមាត្រដ្ឋាន និងខ្វះការចូលរួមឃ្លាំមើលពីសំណាក់ប្រជាពលរដ្ឋ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលជាដើម។
ដោយឡែក ពលរដ្ឋម្នាក់ទៀត នៅរាជធានីភ្នំពេញ លោក លន់ សេនី យល់ឃើញថា ទោះបីជាបញ្ហាព្រំដែនគឺជារឿងរសើប និងមានភាពស្មុគស្មាញយ៉ាងណាក្ដី ក៏រដ្ឋាភិបាល គួរតែបញ្ចេញព័ត៌មានសំខាន់ឱ្យប្រជាពលរដ្ឋបានដឹង ដើម្បីឱ្យពួកគាត់ក្ដោបស្ថានការណ៍បានច្បាស់លាស់ ដូចដែលប្រទេសជិតខាងកម្ពុជា បានធ្វើកន្លងមកដែរ។
ចំណែកឯសកម្មជនបរិស្ថាន និងសង្គម កញ្ញា លីម គីមស័រ បារម្ភថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយប្រទេសថៃនេះ អាចនឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីមួយផ្នែក នៅក្នុងទីតាំងដែលយោធាថៃបានរាយបន្លាលួស កាលពីពេលកន្លងទៅ ដែលកត្តានេះ អាចនឹងធ្វើឱ្យកម្ពុជា ចាញ់ប្រៀបទៅលើភាគីថៃ។ នៅក្នុងចំណុចនេះ កញ្ញាស្នើឱ្យរដ្ឋាភិបាលកម្ពុជា បង្ហាញពីភស្តុតាងច្បាស់លាស់ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសថៃ ជាជាងការគំរាមមិនឱ្យពលរដ្ឋនិយាយ ឬសួរដេញដោលពីបញ្ហានេះ ឬទៅ ដែលធ្វើឱ្យពួកគាត់ ទៅស្វែងរកព័ត៌មានពីប្រភពខាងក្រៅ ដើម្បីតាមដាន។
ពាក់ព័ន្ធនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ថា ការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នជាមួយថៃ នៅពេលនេះ មិនបានធ្វើឡើងដោយប្រញាប់ប្រញាល់ក្នុងរយៈពេលខ្លីនោះឡើយ ដោយលោកអះអាងថា កិច្ចការនេះ ជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។
ទោះជាបែបនេះក្ដី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់តាផន ណាក់ផានិច (Nattapon Nakpanich) បានប្រកាសកាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា នៅពេលដែលការបោះបង្គោលព្រំដែននៅតំបន់ភូមិណងចាន់ ដែលខ្មែរហៅថាភូមិជោគជ័យ ត្រូវបានបញ្ចប់ ពលរដ្ឋខ្មែរជាង ២០០គ្រួសារ ដែលរស់នៅក្រោមខ្សែបន្ទាត់ក្រហម នឹងត្រូវតែចាកចេញពីតំបន់នោះ ដើម្បីការពារអធិបតេយ្យភាព រវាងប្រទេសទាំងពីរ។ ចំពោះការលើកឡើងរបស់មន្ត្រីយោធាជាន់ខ្ពស់ថៃនេះ លោក ហ៊ុន ម៉ាណែត មិនបានឆ្លើយតប ឬបញ្ជាក់ពីគោលជំហរដល់ប្រជាពលរដ្ឋនោះឡើយ។
ប្រជាពលរដ្ឋលើកឡើងថា នៅក្នុងការបោះបង្គោលព្រំដែន ពួកគាត់មិនអាចទុកចិត្តមេដឹកនាំកម្ពុជា បាននោះទេ ដោយសារនៅក្នុងបរិបទដែលកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ មេដឹកនាំកម្ពុជា មានគោលជំហរខ្លាំងពីដំបូង ប៉ុន្តែក្រោយមក បែរជាទន់ជ្រាយ និងមិនច្បាស់លាស់ ហើយបណ្ដោយឱ្យយោធាថៃបណ្ដេញ និងរំលោភបំពានមកលើពលពលរដ្ឋខ្មែរនៅតាមព្រំដែនតាមអំពើចិត្ត៕









