សង្គម​ស៊ីវិល​គាំទ្រ លោក មូន ពេជ្រ ក្នុង​ការ​រក​អន្តរាគមន៍​ពី​កាកបាទក្រហម​អន្តរជាតិ​ឲ្យ​ដោះលែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់

0
193
យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ។ រូបពីហ្វេសប៊ុកលោក មូន ពេជ្រ
យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ។ រូបពីហ្វេសប៊ុកលោក មូន ពេជ្រ

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស គាំទ្រ​សកម្មភាព​របស់​សហគមន៍​បញ្ញវន្ត​ខ្មែរ​ដែល​មាន​លោក មូន ពេជ្រ ជា​តំណាង ដាក់​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក ស្នើ​ឲ្យ​បន្ត​ឃ្លាំមើល​ស្ថានភាព​របស់​ទាហាន​កម្ពុជា​ទាំង​១៨​នាក់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំគ្រង​របស់​ថៃ។ ពួកគេ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ ដោះលែង​ទាហាន​កម្ពុជា​ទាំង ១៨​នាក់​នោះ​ប្រកបដោយ​សុវត្ថិភាព។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក សឹង សែនករុណា បាន​លើកឡើង​ថា លោក​គាំទ្រ​យុវជន​កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សារ​ផ្នែក​យោធា​នៅ​សហរដ្ឋអាមេរិក លោក មូន ពេជ្រ ដែល​ដាក់​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ប្រចាំ​ទីក្រុង​បាងកក ឲ្យ​បន្ត​ឃ្លាំមើល​ស្ថានភាព​របស់​ទាហាន​កម្ពុ​ជា​ទាំង​១៨​នាក់។ លោក​ថា រូបភាព​ដែល​ថៃ​កំពុង​ធ្វើ​នេះ​គឺ​ល្មើសច្បាប់​អន្តរជាតិ​ទាំងស្រុង ដូច្នេះ គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​និង​រដ្ឋាភិបាល​ថៃ​ធ្វើ​យ៉ាងណា សម្របសម្រួល​ឲ្យ​មានការ​ដោះលែង ទាហាន​កម្ពុជា​ទាំង ១៨​នាក់​នោះ ឲ្យ​មាន​សេរីភាព​វិញ។

លោក សឹង សែនករុណា៖ «ថៃ​មិនបាន​ចំណេញ​អ្វី​ពី​ការ​ឃុំ​ខ្លួ​នេះ​ទេ ទោះបីថា​ចង់​ដោះដូរ​ជាមួយ​នឹង​បញ្ហា​រឿង​ព្រំដែន រឺក៏​ផលប្រយោជន៍​ណាមួយ​ពី​កម្ពុជា វា​កាន់តែ​ថ្លែង​ឲ្យ​គេ​មើលឃើញ​កាន់តែ​ច្បាស់​ថា ថៃ​កំពុងតែ​ប្រើប្រាស់​អាយុជីវិត សិទ្ធិ​សេរីភាព​របស់​យោធា​កម្ពុជា​ជា​ហ្នឹង ដើម្បី​ដោះដូរ​ផលប្រយោជន៍​របស់​ខ្លួន វា​កាន់តែ​ជា​រូបភាព​អាក្រក់​ទៅទៀត»។

លោក សឹង សែនករុណា បន្ថែមទៀត​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​វិធានការណ៍​ដាក់​បណ្តឹង​រឺ​ក៏​កិច្ច​អន្តរាគមន៍​យ៉ាងណា​ជាមួយ​សហគមន៍​អន្តរជាតិ​បន្ត​ទៀត​មិន​ត្រូវ​នៅ​ស្ងៀម​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ទៅតាម​ផ្លូវច្បាប់​ក្នុងនាម​ជា​រដ្ឋាភិបាល​មួយ​ដែល​ដឹកនាំ​ប្រទេស ដែល​ត្រូវតែ​ចេញមុខ​ការពារ​ពលរដ្ឋ​របស់​ខ្លួន។

លោក ម៉ូន ពេជ្រ នៅ​ថ្ងៃទី​១ ខែធ្នូ បាន​ផ្ញើ​លិខិត​ទៅកាន់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) លើកឡើង​ថា ប្រទេស​ថៃ​បរាជ័យ មិនអាច​ដោះលែង​ទាហាន​កម្ពុជា​ទាំង ១៨​នាក់ ទៅតាម​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា​នោះ​ទេ។ ដូច្នេះ គឺជា​ការរំលោភ​អនុសញ្ញា​ក្រុង​ហ្ស៉ឺណែវ ត្រង់​មាត្រា ១១៨ ដែល​ចែងថា រាល់​អ្នកទោស​សង្គ្រាម​គួរ​ត្រូវ​បាន​ដោះលែង និង​ធ្វើ​មាតុភូមិនិវត្តន៍ ដោយ​គ្មាន​ការ​ពន្យារ​ពេល បន្ទាប់​ពី​ការ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាងសកម្ម។

លោក មូន ពេជ្រ បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ជួយ​ធានា​សុវត្ថិភាព សុខុមាលភាព និង​ការ​មើល​ថែទាំ​ដោយ​ក្តីមេត្តា​ចំពោះ​ទាហាន​កម្ពុជា​ទាំង​១៨​នោះ ស្របតាម​អនុសញ្ញា ក្រុង​ហ្ស៉ឺណែវ លើក​ទី​៣ ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​១៩៤៩ និង​ចំណុច​ដែល​មាន​ចែង​ក្នុង​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

លោក​ក៏​សុំ​ឲ្យ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ និង​អាជ្ញាធរ​យោធា​ថៃ ដើម្បី​ដោះលែង និង​ធ្វើ​មាតុភូមិនិវត្តន៍​ទាហាន​កម្ពុជា​ទាំង ១៨​នាក់​នោះ​ប្រកបដោយ​សុវត្ថិភាព។

ទាក់ទង​នឹង​ការ​ឃុំខ្លួន​ទាហាន​កម្ពុជា​នេះ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AMCHAM Cambodia) លោក ខេស៊ី បារណេត (Casey Barnett) កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា បាន​ថ្លែង​ថា ប្រទេស​ថៃ​កំពុង​រំលោភ​អនុសញ្ញា​ហ្សឺណែវ ដោយ​កាន់កាប់​អ្នកទោស​សង្គ្រាម​កម្ពុជា​ចំនួន ១៨​នាក់ បន្ទាប់ពី​ការ​បញ្ចប់​សកម្មភាព​ប្រយុទ្ធ។ លោក​ថា នាយករដ្ឋមន្ត្រី​ថៃ កំពុង​ប្រើប្រាស់​អ្នកទោស​សង្គ្រាម​ទាំងនេះ ជា​ឧបករណ៍​ដាក់​កំហិត​លើ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​គោលបំណង​មួយ ដែល​ការ​ធ្វើ​ដូច្នេះ ជា​ការ​រំលោភ​អនុសញ្ញា​ក្រុង​ហ្សឺ​ណែវ​ដោយ​ចេតនា។

លោក ខេស៊ី បារណេ​ត បន្ត​ថា មេដឹកនាំ​ថៃ​បាន​កុហក​ទាំង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​ខ្មែរ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រួម​សន្តិភាព​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ តុលា ក្រោម​លេស​ទាមទារ​ផ្សេងៗ​ដែល​ថៃ​ចង់បាន។

ទាហាន​ខ្មែរ​ទាំង ១៨​រូប ត្រូវ​បាន​យោធា​ថៃ​ឃុំឃាំង​ដោយ​ខុសច្បាប់​អស់​រយៈពេល ១២៦​ថ្ងៃ​ហើយ បន្ទាប់ពី​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាម​ព្រំដែន កាលពី​ចុងខែ​កក្កដា​។ ក្រសួងការពារជាតិ​កម្ពុជា​បន្ត​ទាមទារ​ឱ្យ​ថៃ​ដោះលែង​យោធា​ខ្មែរ​មកវិញ​ជាបន្ទាន់ ដោយ​គោរព​កិច្ចព្រមព្រៀង​រួម​សន្តិភាព មាត្រា​៥ ជា​កំហិត។

ភាគី​ខ្មែរ​ចោទ​ថា កងទ័ព​ថៃ ថា​បាន​ប្រើ​ល្បិច​លួច​ចាប់​ទាហាន​ខ្មែរ​ពី​ប្រទេស​កម្ពុជា ២០​រូប​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ដែល​មាន​រយៈពេល​ប្រមាណ​ជាង ៧​ម៉ោង​តែប៉ុណ្ណោះ​ក្រោយ​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ