អាជ្ញាធរ​មីន​កម្ពុជា​ស្នើ​ឱ្យ​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ជំរុញ​ឱ្យ​ថៃ​ដោះលែង​ទាហាន​ខ្មែរ​ទាំង​១៨​នាក់

0
96
ទាហាន​ខ្មែរ​ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់​ធ្វើ​ឈ្លើយសឹក​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី២៩ កក្កដា ២០២៥។ រូប៖ បណ្ដាញ​សង្គម
ទាហាន​ខ្មែរ​ដែល​យោធា​ថៃ​ប្រើ​ល្បិច​ចាប់​ធ្វើ​ឈ្លើយសឹក​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី២៩ កក្កដា ២០២៥។ រូប៖ បណ្ដាញ​សង្គម

អាជ្ញាធរ​មីន​កម្ពុជា​ស្នើ​សុំ​ឱ្យ​តំណាង​គណៈកម្មាធិការ កាកបាទក្រហម​អន្តរជាតិ (ICRC) ជួយ​ជំរុញ​ឱ្យ​ភាគី​ថៃ​ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់ ដែល​ថៃ​បាន​ចាប់ខ្លួន​នៅ​លើ​ទឹកដី​ខ្មែរ ធ្វើជា​ឈ្លើយសឹក ក្រោយ​បទ​ឈប់​បាញ់ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា។ អ្នកវិភាគ​ថា ការ​ស្នើ​សុំ​ស្ថាប័ន​អន្តរជាតិ ឱ្យ​ជួយ​អន្តរាគមន៍​នេះ ជា​រឿង​ល្អ ប៉ុន្តែ គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិនបើ​កម្ពុជា មិន​ប្រឹងប្រែង​ដាក់​សម្ពាធ​ភាគី​ថៃ តាមរយៈ​យន្តការ​ច្បាប់​អន្តរជាតិ​ដោយ​ខ្លួនឯង។

កាលពី​ថ្ងៃទី​០១ ខែធ្នូ ក្នុង​ជំនួប​ពិភាក្សា​នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ បាន​ស្នើ​សុំ​ឱ្យ អនុប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) លោក ជិលេសស៍ ខាប៊ូននារ័រ (Gilles Carbonnier) បន្ត​តាមដាន សួរសុខទុក្ខ​កងទ័ព​កម្ពុជា ចំនួន​១៨​រូប និង​ជំរុញ​ឱ្យ​ថៃ​ដោះលែង​ពួកគេ​ឱ្យ​បាន​ឆាប់រហ័ស ព្រោះថា ការ​ចាប់​ខ្លួន​ទាហាន​ខ្មែរ​១៨​នាក់ យក​ទៅ​ឃុំឃាំង នោះ គឺជា​អំពើ​ខុសច្បាប់​។ រីឯ តំណាង គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ បាន​ប្ដេជ្ញា​ថា​នឹង បន្ត​តាមដាន​ពី​សុខទុក្ខ​កងទ័ព​កម្ពុជា ហើយ​សន្យា​ធ្វើការ​ជា​បន្ត​លើ​ករណីនេះ ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ។

បើ​ទោះបីជា​បែបនេះ​ក្ដី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី២ ខែធ្នូ​ថា ការ​ចាប់ខ្លួន​ទាហាន​ខ្មែរ ពី​សំណាក់ យោធា​ថៃ ធ្វើជា​ឈ្លើយសឹក នេះ គឺជា​អំពើ​ខុសច្បាប់​អន្តរជាតិ ក៏ប៉ុន្តែ​កម្ពុជា ពុំបាន​ប្ដឹង​ដាក់​សម្ពាធ​លើ​ភាគី​ថៃ​នៅឡើយ​ទើប ធ្វើ​ឱ្យ​ថៃ​ចេះតែ ពន្យារពេល​​​​​​​​​​​​​​​ដោះលែង​ទាហាន​ខ្មែរ ក្រោម​ហេតុផល​ក្រឡេចក្រឡុច។

លោក​បន្តថា ការ​ស្នើ​របស់​អាជ្ញាធរ​មីន ទៅកាន់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC) ដើម្បី​ជួយ​ដាក់​សម្ពាធ​ថៃ​ឱ្យ​ដោះលែង​ទាហាន​១៨​រូប​នោះ គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ស្ថាប័ន​អន្តរជាតិ​នេះ បាន​ត្រឹមតែ​ឃ្លាំមើល​ពី​ស្ថានភាព​នៃ​ការ​ឃុំឃាំង និង​ដើរ​​​​​​​​​​តួនាទី​ខ្លះៗ​ជា​អ្នក​នាំសារ​រវាង​ប្រទេស​ទាំងពីរ ម្ដងម្កាល​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ដំណោះស្រាយ​ដ៏​ល្អ កម្ពុជា​គួរតែ​ចរចា​ដោយ​ផ្ទាល់​ទៅកាន់​ភាគី​ថៃ និង​ប្ដឹង​ទៅ​កាន់​ស្ថាប័ន​អន្តរជាតិ នោះ​ទើប​មាន​ប្រសិទ្ធភាព។

បណ្ឌិត មាស នី៖ «វា​មិន​មាន​លទ្ធផល​អ្វី​ទេ សំខាន់​បើ​ថៃ​គេ​មិន​ព្រម​លែង ហើយ​បើ​ថៃ​មិន​មាន សម្ពាធ​ពី​កាក់​កាកបាទក្រហម​អន្តរជាតិ​ទេ​នោះ ខ្ញុំ​គិតថា​ការ​ស្នើសុំ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដូចជា​អាជ្ញាធរ​មីន និង​សង្គម​ស៊ីវិល គ្រាន់តែ​ដើម្បី​គិត​ពី​សុខភាព និង​សុខុមាលភាព​ទាហាន​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន​តែប៉ុណ្ណោះ​។ បើ​ថា​ឱ្យ​មាន​ទៅ​ឥទ្ធិពល​ទៅលើ​ថៃ​ក្នុង​ការ​ដោះលែង ដោយសារតែ​ការ​ស្នើសុំ ខ្ញុំ​គិតថា​វា​មិនទាន់​អាច​ឈាន​ទៅដល់​កន្លែង​នោះ​បាន​ទេ»។

ជុំវិញ​រឿង​នេះ កម្ពុជា​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ភាគី​ថៃ គោរព ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ស្មោះត្រង់ តាម​សេចក្ដីថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ​ដែល​បញ្ជាក់​ថា «​ភាគី​ថៃ​ត្រូវ​ដោះលែង​យោធិន​ខ្មែរ​ទាំង​១៨​នាក់ ជាបន្ទាន់​ដោយ​មិន​បង្អែបង្អង់​» ព្រមទាំង​គោរព និង​អនុវត្ត​នូវ​រាល់​កាតព្វកិច្ច​ទាំងឡាយ នៅ​ក្រោម​ច្បាប់​អន្តរជាតិ ជាពិសេស​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ជុំវិញ​បញ្ហា​ទាហាន​ទាំង​១៨​នាក់ នេះ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ធ្លាប់​លើកឡើង​ថា ភាគី​ថៃ ហាក់​កំពុងតែ​ចង់​យក​ចំណាប់ខ្មាំង​កម្ពុជា ទាំង​១៨​រូប ដើម្បី​គំរាមកំហែង និង​ដាក់ សម្ពាធ​មក​លើ​កម្ពុជា ដើម្បី​ដោះដូរ អ្វី​ដែល​ភាគី​ថៃ​ចង់បាន​។ លោក​បញ្ជាក់​ថា តាំងពី​ទាហាន​១៨​នាក់ ត្រូវ​បាន​ចាប់ខ្លួន លោក​ចាត់ទុកថា ពួកគេ​បាន​ពលី​ជីវិត​រួចទៅ​ហើយ។

លោក ហ៊ុន សែន៖ «សុំទោស​ចំពោះ​ក្រុម​គ្រួសារ​ទាំងឡាយ ដែល​មាន​ប្ដី មាន​ប្រពន្ធ មានកូន​មាន​ឪពុក ដែល​ខ្ញុំ​និយាយ​រឿង​នេះ​ចេញ​មក​។ ខ្ញុំ​មិនដែល​និយាយ​រឿង​១៨​នាក់​ទេ ខ្ញុំ​បាន​ចាត់​ទុក​ពួកគេ​បាន​បូជាជីវិត​រួចស្រេច​ទៅ​ហើយ ព្រោះ​ចុងក្រោយ​គេ នឹង​ធ្វើ​ការដោះដូរ​ទៅលើ​អ្វីមួយ​។ ការដោះដូរ​ដូច​បាន​ឃើញ​ស្រាប់​ហើយ រឿង​នៅ​ណាមួយ​គេ​ភ្ជាប់​នឹង​ការ​មិន​ដោះលែង នេះ​ជា​រឿង​អាណោចអាធ័ម»។

បើទោះ​ជា​យ៉ាងណា អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ថ្លែង​បែបនេះ របស់ លោក ហ៊ុន សែន គឺ​គ្រាន់តែ​ដើម្បី​ចង់ គេចវេះ​ពី​ការ​មិន​ប្ដឹង​ករណីនេះ​ទៅ​តុលាការ​អន្តរជាតិ និង​ហាក់​បង្ហាញថា លោក​ពុំបាន​យកចិត្តទុកដាក់​ជាមួយ​កងទ័ព​ទាំង​១៨ ទើប មក​ទល់​ពេល​នេះ អាជ្ញាធរ​កម្ពុជា ពុំ​ទាន់​បាន​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ណាមួយ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​ភាគី​ថៃ​នោះ​ឡើយ ក្រៅ​តែ​ពី​ចេញ​សេចក្ដី​ថ្លែងការណ៍ អំពាវនាវ និង​ការ​ថ្កោលទោស​ថៃ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (Adhoc) លោក នី សុខា លើកឡើង​ថា ការ​ចាប់ខ្លួន​ទាហាន​ខ្មែរ​១៨​រូប របស់​ភាគី​ថៃ គឺជា​ចេតនា ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​ក្នុង ការចរចា​កិច្ចការ​ព្រំដែន​។ ដូច្នេះ លោក​ថា ការ​រក​កិច្ច​អន្តរាគមន៍ ពី​សំណាក់ ស្ថាប័ន​អន្តរជាតិ តាមរយៈ​ការ អំពាវនាវ របស់​ស្ថាប័នរដ្ឋ​នានា​លើ​បណ្ដាញ​សង្គម និង​ដោយ​ផ្ទាល់ គ្មាន​ប្រសិទ្ធភាព នោះ​ទេ ប្រសិនបើ​កម្ពុជា មិនបាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ ស្ថាប័ន​អន្តរជាតិ និង​ភាគី​ថៃ ជា​ផ្លូវការ​ទេ​នោះ។

លោក នី សុខា៖ «​បើសិនជា​យើង​មិន​ទៅ​រក​ច្បាប់​ទេ យើង​ពឹង​ទៅលើ​ការ​អន្តរាគមន៍​ខ្ញុំ​គិតថា នេះ​វា​មាន​ការ​យឺតយ៉ាវ​ណាស់ ហើយ​ថៃ​នោះ​តែ​មិន​ព្រម​ដោះ​ហ្នឹង ព្រោះ​ថៃ​មាន​ចេតនា​រួច​ទៅ​ក្នុង​ការ​ចាប់​យោធា​ខ្មែរ​ទុកជា​ចំណាប់ខ្មាំង ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការចរចា​ព្រំដែន ឱ្យ​មាន​ប្រៀប​ជាង​កម្ពុជា ព្រោះ​យើង​ឃើញ​ហើយ​ថា ការ​ចរចា​គ្នា​កន្លងមក​និយាយ​ចុះ និយាយ​ឡើង គឺ​ថៃ​នៅតែ​មិន​ព្រម​ដោះ​យោធា​ខ្មែរ​ដដែល»។

ក្រោយ​បទ​ឈប់​បាញ់ បាន​ចូល​ជា​ធរមាន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​កក្កដា ទាហាន​ខ្មែរ​ចំនួន​២១​នាក់​ត្រូវ​បាន​យោធា​ថៃ​ចាប់ខ្លួន​នៅ​ចំណុច​ជាំតែ ក្នុងភូមិ​តេជោ​បុស្ស​ស្បូវ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ ក្នុង​នោះ មាន​ទាហាន​ខ្មែរ ១​នាក់​បាន​ស្លាប់ ក្រោយពេល​យោធា​ថៃ​ចាប់​ទៅ ហើយ​បាន​បញ្ជូន​សព​មក​ឱ្យ​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា។ ក្រោយ​មក​ទៀត​នៅ​ថ្ងៃទី​១ ខែ​សីហា ភាគី​ថៃ ក៏​បាន​ប្រគល់​ទាហាន​ខ្មែរ​ចំនួន ២​នាក់​ទៀត ព្រោះ​មាន​ម្នាក់​រងរបួស​ដៃ និង​ម្នាក់ទៀត មាន​បញ្ហា​ស្មារតី ដែល​អាច​បណ្ដាល​ពី​ការ​ធ្វើ​ទារុណកម្ម។

បន្ទាប់មក នៅ​ថ្ងៃទី​១២ វិច្ឆិកា ភាគី​ថៃ សន្យា​ថា នឹង​ដោះលែង ទាហាន​ខ្មែរ​១៨​នាក់​ដែល​នៅសល់ ក្រោយ​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​កូឡាឡាំពួរ ប៉ុន្តែ ក្រោយមក​ភាគី​ថៃ បែរជា​មិន​ព្រម​ដោះលែង​វិញ ក្រោយ​ពី​ទាហាន​ថៃ​ម្នាក់ បាន​ជាន់​មីន​នៅ​លើ​ទឹកដី​ខ្មែរ បណ្ដាល​ឱ្យ​របួស​ជើង ហើយ​ចោទ​កម្ពុជា​ថា បាន​ដាក់​មីន​ថ្មី ទើប​ពួកគេ មិន​ដោះលែង​ទាហាន ១៨​នាក់​។ ទោះជា​បែបនេះ​ក្ដី អ្នកឃ្លាំមើល​បញ្ហា​សង្គម​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្ដឹង​ករណី​ទាំងនេះ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​មក​លើ​ភាគី​ថៃ​ឱ្យ​បាន​ឆាប់ បើ​ពុំ​ដូច្នោះ​ទេ បញ្ហា​នេះ នឹង​ត្រូវ​ពន្យារពេល​កាន់តែ​យូរ តាមតែ​អំពើ​ចិត្ត​របស់​ភាគី​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ