អ្នកមាន​លុយ​និង​អំណាច​ឈូស​បំផ្លាញ​ដើម​ទ្រាំង​អ្នកភូមិ​នៅ​ខេត្ត​ស្ទឹងត្រែង​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ

0
68
ពលរដ្ឋទៅមើលកន្លែងដែលក្រុមឈ្មួញឈូសឆាយ នៅត្រង់ចំណុចថ្មឡេវ ភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកនៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ រូបភាពពលរដ្ឋផ្ដល់ឲ្យ
ពលរដ្ឋទៅមើលកន្លែងដែលក្រុមឈ្មួញឈូសឆាយ នៅត្រង់ចំណុចថ្មឡេវ ភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកនៅឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦។ រូបភាពពលរដ្ឋផ្ដល់ឲ្យ

ដើម​ទ្រាំង​ដែល​ជា​ប្រភព​ចំណូល​មួយ​របស់​ពលរដ្ឋ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវ​បាន​អ្នក​មាន​លុយ​និង​អំណាច ឈូស​បំផ្លាញ​ចោល​រាប់ពាន់​ដើម ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិឯកជន​។ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា កំពុងតែ​ស្រាវជ្រាវ​រក​អ្នក​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមច្បាប់។

ពលរដ្ឋ​រស់នៅ​ឃុំ​អន្លង់ភេ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​ថា អ្នកមាន​លុយ​និង​អំណាច បាន​ឈូស​ឆាយ​បំផ្លិចបំផ្លាញ​ដើម​ទ្រាំង​ចោល​រាប់ពាន់​ដើម ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ ខណៈ​រុក្ខជាតិ​មួយ​នេះ ជា​ប្រភព​ចំណូល​ចុងក្រោយ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ​រាប់ពាន់​គ្រួសារ។

អ្នកកាសែត​និង​ជា​សកម្មជន​បរិស្ថាន នៅ​ឃុំ​អន្លង់ភេ ដែល​តែងតែ​ចុះ​ឃ្លាំមើល​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ លោក អ៊ុក ម៉ៅ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ថា ដី​ព្រៃ​ដែល​មាន​ដើម​ទ្រាំង​ជាង​១០​ហិកតារ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ឈូស​បំផ្លាញ​ចោល យក​ដី​ធ្វើជា​កម្មសិទ្ធិ​។ លោក​ថា ពលរដ្ឋ​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ ភាគច្រើន​នាំគ្នា​កាប់​ធាង​ទ្រាំង​ធ្វើ​ជា​ចង្កឹះ ស្លាបព្រា វែក ឈើច្រត់ ដើម្បី​លក់​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ចំណែក​ស្លឹក​វា ពលរដ្ឋ​នាំគ្នា យក​ទៅ​ត្បាញ​ធ្វើជា​កន្ទេល ការុង និង​ប្រក់​ដំបូលផ្ទះ​ជាដើម​។​

លោក អ៊ុក ម៉ៅ៖ «សោកស្ដាយ​ណាស់ តែ​ដោយសារ​អ្វី ដោយសារតែ​អ្នកមាន​លុយ អ្នក​មាន​អំណាច ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ដែល​គ្រប់គ្រង គាត់​ធ្វើ​ព្រងើយកន្តើយ ហើយ​អ្នកមាន​លុយ​មានអំណាច​គាត់​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ធ្វើ​ឲ្យ​បាត់បង់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ជាច្រើន​នៅក្នុង​ឃុំ​អន្លង់​ភេ»។

ពលរដ្ឋ​រស់នៅ​ឃុំ​អន្លង់​ភេ លោក សូ សុផល អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ចាត់វិធានការ​តាមច្បាប់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឈូស​បំផ្លាញ​បែបនេះ​តទៅ​ទៀត។

លោក សូ សុផល​៖ «ដើម​ទ្រាំង​ខ្ញុំ​អោប​ម្នាក់ឯង​អត់​ជុំ​ទេ ទាល់តែ​អោប​៤​នាក់​ទើប​ជុំ​ឥឡូវ​មាន​គ្រឿងចក្រ មិនដឹង​គ្រឿងចក្រ​ខាង​ណា​ទេ មក​គាស់កកាយ​ដើម​ធំៗ អញ្ចឹង​សូម​លោក​អភិបាលស្រុក និង​អភិបាលខេត្ត​សូម​ជួយ​មើល​កន្លែង​នេះ​ផង»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងតែ​ស្រាវជ្រាវ​ស្វែងរក​ជន​ប្រព្រឹត្ត និង​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​ជន​ណា​ម្នាក់​នោះ​ឡើយ​។​

លោក ម៉ែន គុង៖ «សុំ​បញ្ជាក់​ជូន​ថា ឥឡូវនេះ​រក​ឃើញ​មុខសញ្ញា​មួយចំនួន​ហើយ កំពុងតែ​ស្រាវជ្រាវ​បន្ត​ទៀត ហើយ​កិច្ចការ​ទាំងអស់​នេះ សមត្ថកិច្ច​ធ្វើតាម​នីតិវិធី​របស់​សមត្ថកិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​គោលការណ៍​របស់​ឯកឧត្ដម​របស់​អភិបាលខេត្ត ត្រូវតែ​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អ្នកណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ»។

ទោះជា​យ៉ាងណា អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ជំរុញ​ឲ្យ​អាជ្ញាធរ ស៊ើបអង្កេត​ទៅលើ​អ្នក​ដែល​មាន​ភារកិច្ច​ការពារ ដោយ​លោក​សង្កត់ធ្ងន់​ថា បើ​អាជ្ញាធរ​គ្រាន់តែ​ស្រាវជ្រាវ ហើយ​មិនបាន​ចាត់វិធានការ​ឲ្យ​ចំ​ចំណុច​នោះ​ទេ សកម្មភាព​កាប់​បំផ្លាញ នឹង​បន្ត​កើតមាន​ដដែល។

លោក យិន ម៉េងលី៖ «ត្រូវតែ​មាន​ការ​ត្រួត​ពិនិត្យ​ទៅលើ​អ្នក​ដែល​ទទួលខុសត្រូវ​ទាំងអស់​នោះ ហេតុអ្វី​បានជា​ឲ្យ​មាន​អំពើ​ទាំងអស់​នោះ​កើតឡើង ត្រួតពិនិត្យ​ឡើងវិញ ទើប​ធ្វើ​ឲ្យ​ការអនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព និង​បញ្ហា​ទាំងអស់​មានការ​ថយ​ចុះ ហើយ​ការអនុវត្ត​ច្បាប់​អត់​មាន​ស្តង់ដារ កុំ​ឲ្យ​មាន​លេច​ពាក្យ​ថា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​នេះ ស្តង់ដារ​នោះ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ»។

ដើម​ទ្រាំង ជា​រុក្ខជាតិ​មួយ​ប្រភេទ ដុះ​តាម​ព្រៃភ្នំ ហើយ​ដើម​របស់​វា គឺ​ស្រដៀង​និង​ដើម​ជ្រែ និង​ដើមត្នោត និង​មាន​អត្ថប្រយោជន៍​ដូច​ទៅ​នឹង​ដើមត្នោត​ដែរ​។ ភាគច្រើន​គេ​សង្កេតឃើញ​ថា សហគមន៍​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ នាំគ្នា​កាប់​ធាង​របស់​វា​យក​ទៅ​កែច្នៃ​ធ្វើជា ចង្កឹះ ស្លាបព្រា វែក ឈើច្រត់ រីឯ​ស្លឹក​របស់​វា​ពលរដ្ឋ​តែងតែ​នាំគ្នា​យក​ទៅ​ប្រក់​ដំបូលផ្ទះ ត្បាញ​ជា​កន្ទេល ការុង និង​ធ្វើជា​មួក។ លើស​ពី​នោះ គេ​ក៏​យក​ស្លឹក​វា ទៅ​ចារ​ជា​គម្ពីរ ឬ​ក្បួនច្បាប់​ផ្សេងៗ​ទៅតាម​របៀប​បុរាណ​។ ចំណែក​ផ្លែ​វា​វិញ គឺ​ស្រដៀង​ទៅ​នឹង​ផ្លែ​ស្លា ដែល​មាន​សាច់​ដូច​ផ្លែ​ដូង និង​រសជាតិ​ផ្អែម​តិចៗ​។ ដើម​ទ្រាំង​ភាគច្រើន​ដុះ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​សម្បូរ​ព្រៃឈើ​ដូចជា ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគិរី និង​ក្រចេះ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ