ក្រសួង​វប្បធម៌​ស្នើ​យូណេស្កូ​ពិនិត្យ​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​សង្គ្រាម​ខ្មែរ-ថៃ

0
113
ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ
ទិដ្ឋភាព​ប្រាសាទព្រះវិហារ​បន្ទាប់ពី​យោធា​ថៃ​ឈ្លានពានខ្មែរ​នៅតាមព្រំដែន កាលពី​ខែ​កក្កដា ២០២៥។ រូប៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ស្នើសុំ​ឲ្យ​អង្គការ​វប្បធម៌ វិទ្យាសាស្ត្រ និង​អប់រំ​របស់​អង្គការសហប្រជាជាតិ​ហៅ​កាត់​ថា យូណេស្កូ (UNESCO) បញ្ជូន​អ្នកជំនាញ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​អំពី​ការខូចខាត​ប្រាសាទ​ព្រះវិហារ ដោយសារ​សង្គ្រាម​ខ្មែរ​-​ថៃ កន្លងមក​។ អ្នកឃ្លាំមើល​យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ប្រមូល​ភស្តុតាង​រឿង​ថៃ រំលោភបំពាន​ទឹកដី​ខ្មែរ និង​បាន​បំផ្លាញ​ប្រាសាទព្រះវិហារ​ដើម្បី​ដាក់​បណ្តឹង​ទាមទារ​ឲ្យ​ប្រទេស​ថៃ​សង​ការខូចខាត​ទាំងនោះ។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បាន​លើកយក​ក្តី​កង្វល់​ករណី​ប្រទេស​ថៃ សាងសង់​ចម្លង​តាម​ប្រាសាទអង្គរវត្ត និង​ករណី​បំផ្លិចបំផ្លាញ​ប្រាសាទព្រះវិហារ​ក្នុង​ពេល​សង្គ្រាម​ខ្មែរ​-​ថៃ ទៅ​ជជែក​ពិភាក្សា​ជាមួយ​អគ្គនាយក​អង្គការ​យូណេស្កូ។ នេះ​បើ​យោង​តាម​ក្រសួង​វប្បធម៌ ដែល​បាន​ចុះផ្សាយ​ព័ត៌មាន នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​អង្គការ​យូណេស្កូ លោក ខាឡេត អាម៉េត អេលអេនានី អាលី អ៊ីហ្ស (Khaled Ahmed El-Enany Ali Ezz ) នៅ​ទីស្នាក់ការ​កណ្តាល​អង្គការ​យូណេស្កូ នាទី​ក្រុងប៉ារីស (Paris) កាលពី​ថ្ងៃទី​២២៦ វិច្ឆិកា អ្នកស្រី ភឿង សកុណា បាន​អំពាវនាវ​ឲ្យ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​ក្រុមប្រឹក្សា​អ្នកច្បាប់​អង្គការ​យូណេស្កូ​សិក្សា​អំពី​យន្តការ​គតិយុត្តិ​នានា​នៃ​ស្មារតី​អនុសញ្ញា​ឆ្នាំ​១៩៧០ និង​អនុសញ្ញា​ឆ្នាំ​១៩៧២​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រទេស​ថៃ សាងសង់​ចម្លង​តាម​ប្រាសាទអង្គរវត្ត​។ បន្ថែម​ពី​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កម្ពុជា​រូប​នេះ ក៏​ពិភាក្សា​និង​ស្នើ​ឲ្យ​អង្គការ​យូណេស្កូ ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បញ្ជូន​អ្នកជំនាញការ​របស់​អង្គការ​យូណេស្កូ​ចុះ​ពិនិត្យ​វាយតម្លៃ​ផ្ទាល់​ដោយ​ឯករាជ្យ​អំពី​ការខូចខាត​មក​លើ​ប្រាសាទព្រះវិហារ​ក្នុង​ពេល​ទាហាន​ថៃ បាញ់ប្រហារ​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​កាលពី​ខែកក្កដា​កន្លង​ទៅ។

ក្រសួង​វប្បធម៌ បាន​ឲ្យ​ដឹង​ថា ជា​ការ​ឆ្លើយតប អគ្គនាយក​អង្គការ​យូណេស្កូ បាន​បញ្ជាក់​ឡើងវិញ​អំពី​គោលបំណង​ក្នុង​ការ​បន្ត​នូវ​រាល់​កិច្ចសហការ​ជាមួយ​កម្ពុជា និង​ពិនិត្យ​ទៅលើ​កិច្ចការ​មួយចំនួន​ដែល​ជា​ការ​ព្រួយបារម្ភ​របស់​កម្ពុជា។

ទូរទស្សន៍​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​អង្គការ​យូណេស្កូ ដើម្បី​សាកសួរ​អំពី​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៨ ខែ​វិច្ឆិកា។

កន្លងមក អាជ្ញាធរ​ជាតិ​ព្រះវិហារ ធ្លាប់​បាន​វាយតម្លៃ​បឋម​ថា ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បាន​រង​ការខូចខាត​ចំនួន​១២៥​ទីតាំង ដោយសារតែ​យោធា​ថៃ​បាន​ប្រើ​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ រួម​ទាំង​ប្រើប្រាស់​ដ្រូន​និង​យន្តហោះ​ចម្បាំង (F16) បាញ់ប្រហារ​តាម​អាកាស​មក​លើ​ប្រាសាទព្រះវិហារ​កាលពី​ថ្ងៃ​ចុងខែ​កក្កដា​ក្នុង​ពេល​យោធា​ថៃ​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា​។ អាជ្ញាធរ​ជាតិ​ព្រះវិហារ អះអាង​ថា ការខូចខាត​នេះ​មាន​ទំហំ​ធំ​ជាង​សង្គ្រាម​កាលពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១១ ទៅទៀត​។ អាជ្ញាធរ​ជំនាញ​កម្ពុជា បាន​រក​ឃើញ​មាន​គ្រាប់​ដែល​យោធា​ថៃ​ទម្លាក់​មក​លើ​ប្រាសាទព្រះវិហារ​ចំនួន ៤៧​គ្រាប់ ដែល​ធ្វើ​ឲ្យ​តួ​ប្រាសាទ​ទាំងមូល ជណ្តើរ​បុរាណ និង​ស្ពាន​ហាល រួម​ទាំង​ខ្លោង​ទ្វារធំៗ​ទាំង​៥​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា គោ​បុរៈទាំង​៥​នោះ រង​ការខូចខាត​ខូចខាត​ធ្ងន់ធ្ងរ​។ អាជ្ញាធរ​ជាតិ​ព្រះវិហារ ឲ្យ​ដឹង​ដែរ​ថា ទីស្នាក់ការ​អភិរក្ស​វត្ត​កែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​របស់​ប្រាសាទ និង​ផ្ទះ​មួយ​ចំនួន​របស់​ពល​រដ្ឋ​នៅ​ភូមិ​ទាំង​៧ ដែល​ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ សុទ្ធតែ​រង​ការ​ប៉ះពាល់​ដោយសារតែ​ការវាយប្រហារ​ឈា្លន​ពាន​លើ​ទឹកដី​កម្ពុជា​របស់​យោធា​ថៃ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​ប្រកាស​ជា​បន្តបន្ទាប់​ឲ្យ​សាធារណជន​ដឹង​ថា ប្រទេស​ថៃ ជា​អ្នក​ឈ្លានពាន​លើទឹក​ដី​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​ខូចខាត​ប្រាសាទព្រះវិហារ​។ ទន្ទឹម​គ្នា​នេះ លោក​ថា រដ្ឋាភិបាល ត្រូវ​ប្រមូល​ភស្តុតាង​អំពី​ការឈ្លានពាន​របស់​យោធា​ថៃ និង​ការ​បំផ្លិចបំផ្លាញ​ប្រាសាទព្រះវិហារ ដើម្បី​ប្តឹង​ទៅ​ស្ថាប័ន​អន្តរជាតិ ទាមទារ​សំណង​ពី​ប្រទេស​ថៃ។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «​បញ្ហា​ប្រមូល​ភស្តុតាង ហើយ​រឿង​ពិសេស​រឿង​សង្គ្រាម​ហ្នឹង កាលណា​សង្គ្រាម​ឈ្លានពាន គឺ​សង​គេ ដូច​ជប៉ុន​អ៊ីចឹង ឈ្លានពាន​ចិន ឈ្លានពាន​កូរ៉េ ឈ្លានពាន​ខ្មែរ ធ្វើ​ឲ្យ​ខូចខាត គឺ​ត្រូវ​សង​គេ​បាទ»។

ប្រាសាទព្រះវិហារ​ត្រូវ​បាន​សាងសង់​នៅ​លើ​ជម្រាលភ្នំ​ដងរែក ហើយ​មាន​ច្រើន​ជាន់ ពី​ទាប​ទៅ​ខ្ពស់ ស្ថិត​ក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទ​នេះ​ជា​បណ្ដុំ​នៃ​ប្រាសាទ​មួយចំនួន​សង់​តម្រៀប​គ្នា​ពី​ជើង​ទៅ​ត្បូង លាតសន្ធឹង​លើ​ខ្នងភ្នំ​ប្រវែង​ជិត​មួយ​គីឡូម៉ែត្រ​។​ជណ្ដើរ​ឡើង នៅ​ភាគ​ខាងជើង គឺជា​ផ្លូវ​បុរាណ​សំខាន់​ជាងគេ​នៃ​ប្រាសាទព្រះវិហារ​។​ជណ្ដើរថ្ម​បុរាណ​នេះ នាំ​អ្នកទស្សនា​ទៅដល់​ប្រាសាទ​តាម​ខ្លោង​ទ្វារធំៗ ៥ ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា គោបុរៈ។ នៅ​លើ​ហោជាង​នៃ​គោបុរៈ​ទាំងនេះ មាន​ចម្លាក់​ក្បូរ​ក្បាច់​រចនា​ល្អ​ឥតខ្ចោះ។

ឯកសារ​សិលាចារឹក​បាន​បង្ហាញ​ច្បាស់​ថា ព្រះមហាក្សត្រ​ខ្មែរ​សម័យ​អង្គរ​បួន​អង្គ បាន​ចូលរួម​កសាង​ប្រាសាទព្រះវិហារ នៅក្នុង​រាជ​នីមួយៗ របស់​ព្រះអង្គ ដែល​បាន​ធ្វើ​ឱ្យ​ប្រាសាទព្រះវិហារ ក្លាយជា​មហា​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ​របស់​ប្រជា​ជាតិខ្មែរ។ ព្រះរាជា​ដែល​ផ្ដួច​ផ្ដើមកសាង​ប្រាសាទព្រះវិហារ​នេះ​មុនគេ គឺ​ព្រះបាទ យសោវរ្ម័នទី​១ នៅ​ចុង​សតវត្ស​ទី​១០ ។ មកដល់​ដើម​សតវត្ស​ទី​១១ រហូតដល់​ដើម​សតវត្ស​ទី​១២ គឺ​ព្រះបាទ សុរិយាវរ្ម័នទី​១ និង​ព្រះបាទ ជ័យវរ្ម័នទី​៦ បាន​សាងសង់​បន្ត។ ការសាងសង់​បន្ថែម​ចុ​ង​ក្រោយបង្អស់ គឺ​ធ្វើឡើង​ដោយ​ព្រះបាទ សុរិយាវរ្ម័នទី​២ ជា​ព្រះរាជា​ដ៏​ល្បីល្បាញ​ដែល​បាន​កសាង​ប្រាសាទអង្គរវត្ត​ដ៏​ល្អ​ឆ្នើម​នៅ​លើ​លោក​យើង​នេះ​។ ឈ្មោះ​ដើម​របស់​ប្រាសាទ​ព្រះវិហារ​នេះ គឺ​ប្រាសាទ​”​ព្រះសិខារេស្វរៈ” ដែល​មានន័យថា “​ព្រះ​ឥសូរ​ជា​ម្ចាស់​នៃ​កំពូលភ្នំ​”​។ ព្រះរាជា​ខ្មែរ​កសាង​ប្រាសាទ​នេះ​ឡើង ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ ឬ ព្រះ​សិវៈ និង​ដើម្បី​ធ្វើ​ជាទី​គោរព​បូជា​សម្រាប់​ព្រះមហាក្សត្រ និង​ប្រជារាស្ត្រ​ខ្មែរ ដែល​រស់​នៅ​លើ​ខេត្ត​បុរាណ​ខ្មែរ ជុំវិញ​តំបន់​នោះ។ ថ្វីត្បិតតែ​ពេលនេះ​ប្រាសាទព្រះវិហារ​ស្ថិតនៅ​ព្រំដែន​ខ្មែរ​-​ថៃ មែន តែ​កាលពី​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់ ទីតាំង​នេះ​ស្ថិតនៅ​តំបន់​កណ្ដាល​នៃ​ចក្រភព​ខ្មែរ​នៅ​ពេល​នោះ​។​កាលណោះ​ទឹកដី​ខ្មែរ​មាន​វិសាលភាព​ធំធេង គ្របដណ្ដប់​មួយ​ភាគ​ធំ​នៃ​ទឹកដី​ប្រទេស​ថៃ និង​ឡាវ បច្ចុប្បន្ន​នេះ​ផង​។ រហូតមកដល់​សម័យ​បច្ចុប្បន្ន កេរដំណែល​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ ត្រូវ​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក្រោម​ការ​ជ្រោមជ្រែង​របស់​អង្គការ​យូណេស្កូ (UNESCO) ចាត់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។

ទោះជា​យ៉ាងណា ការ​បើក​ប្រតិបត្តិ​ការឈ្លានពាន​ជាថ្មី​ទៀត​របស់​យោធា​ថៃ​មក​លើ​ទឹកដី​កម្ពុជា កាលពី​ខែ​កក្កដា ដែល​គេ​មើលឃើញ​ថា ផ្តើម​ចេញពី​ទំនាស់​រវាង​គ្រួសារ​លោក ហ៊ុន សែន និង​គ្រួសារ​អតីត​មេដឹកនាំ​ថៃ លោក ថាក់ ស៊ីន (Thaksin Shinawatra) នោះ បាន​ធ្វើ​ឲ្យ​ប្រាសាទបុរាណ​ដ៏​ពិសិដ្ឋ​របស់​ខ្មែរ​នេះ រង​ការខូចខាត​យ៉ាងដំណំ ដែល​ផ្នែក​ខ្លះ​មិនអាច​ជួសជុល​វិញ​បាន​ឡើយ​។ មក​ទល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា ក៏​មិនទាន់​បាន​បញ្ជាក់​ជំហរ​ច្បាស់លាស់​នៅក្នុង​ការ​ប្តឹង​ប្រទេស​ថៃ ដើម្បី​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​បំផ្លាញ​ប្រាសាទព្រះវិហារ​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ