
នៅសល់តែជាង ២ខែទៀតប៉ុណ្ណោះអតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី នឹងត្រូវដល់ពេលមានសេរីភាពចេញពីពន្ធនាគារក្នុងសំណុំរឿង «ញុះញង់» កាលពីឆ្នាំ២០២៤ ប៉ុន្តែពេលនេះតុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកមួយបទល្មើសថ្មីថែមទៀត គឺបទ«រួមគំនិតក្បត់»ដែលអាចឱ្យលោក ជាប់ពន្ធនាគារបន្តទៀត ប្រសិនបើរកឃើញថា មានទោស។ សង្គមស៊ីវិល ថា នេះជាការដាក់បន្ទុកបន្ថែមលើលោក ស៊ុន ចន្ធី ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារច្រើនឆ្នាំទៀត ខណៈប្រពន្ធលោក ស៊ុន ចន្ធី ហៅការបន្ថែមបទល្មើសរបស់តុលាការ ថា ជាចេតនាសម្លាប់ជីវិតនយោបាយរបស់ប្ដីលោកស្រី។
ប្រពន្ធលោក ស៊ុន ចន្ធី គឺលោកស្រី យាន ស្រីយ៉ាន សោកស្ដាយយ៉ាងខ្លាំង ខណៈនៅសល់ពេលតែជាង ២ខែទៀតទេ ប្ដីលោកស្រីនឹងមានសេរីភាពវិញទៅហើយ ប៉ុន្តែតុលាការក្រុងភ្នំពេញ បែរជាបន្ថែម បទចោទប្រកាន់មួយថ្មីទៀត លើប្ដីលោកស្រីគឺបទ«រួមគំនិតក្បត់»។ លោកស្រីទាមទារឲ្យតុលាការទម្លាក់ ចោលបទចោទប្រកាន់ថ្មីនេះ ពីព្រោះលោកស្រីអះអាង ថា ប្ដីលោកស្រីមិនបានប្រព្រឹត្តកំហុសដូចតុលាការចោទឡើយ។
កាលពីថ្ងៃទី១៩ ខែមករា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានចេញដីកាបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់នាំខ្លួនលោក ស៊ុន ចន្ធី ទៅចូលរួមសវនាការនៅថ្ងៃទី១២ ខែកុម្ភៈ ក្រោមបទចោទប្រកាន់«រួមគំនិតក្បត់» ក្នុងសំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤។
លោកស្រី យាន ស្រីយ៉ាន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកស្រីចាត់ទុកការបន្ថែមបទ«រួមគំនិតក្បត់» ដែលតុលាការក្រុងភ្នំពេញ ទើបចោទប្រកាន់ថ្មីលើលោក ស៊ុន ចន្ធី នេះ ថា ជារឿងអយុត្តិធម៌ និងបន្ថែមទម្ងន់នយោបាយ។ លោកស្រី ហៅការបន្ថែមបទចោទថ្មីរបស់តុលាការ ថា ជាវិធានការការបញ្ចប់ជីវិត នយោបាយ ប្ដីរបស់លោកស្រី។ លោកស្រីទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដោយគោរពសិទ្ធិប្រកួតប្រជែងនយោបាយ។
លោកស្រី យាន ស្រីយ៉ាន៖ «ខ្ញុំជាគ្រួសារទទួលយកអត់បាន ហើយវាពិតជាអយុត្តិធម៌ខ្លាំង ណាស់សម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ទាំងដែលក្ដីរំពឹង ក្ដីសង្ឃឹមរបស់ពួកយើងថា ពីរទៅបីខែទៀតពួកយើងបានជួបជុំគ្នារស់ជុំគ្នាទាំងដែលខ្ញុំកំពុងមានកូនតូចអាយុ ទើបតែមួយខួបប្រាំមួយខែ»។
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីវិលត្រឡប់មកពីជួបអ្នកគាំទ្រ នៅប្រទេសជប៉ុន អតីតប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានផ្ដន្ទាទោសអតីតប្រធានគណបក្សកម្លាំងជាតិរូបនេះ ឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត ពីបទ«ញុះញង់» ពាក់ព័ន្ធនឹងការរិះគន់ លើការចែកប័ណ្ណក្រីក្រជូនពលរដ្ឋ ដែលលោកថា មានលក្ខណៈលម្អៀង និងរើសអើងនិន្នាការនយោបាយ។
ប៉ុន្តែមកដល់ពេលនេះ នៅសល់ពេលតែជាង ២ខែទៀត ដែលលោក ស៊ុន ចន្ធី នឹងត្រូវដោះលែងពីពន្ធនាគារ ក្នុងសំណុំរឿង«ញុះញង់»កាលពីឆ្នាំ២០២៤នោះ ក៏ស្រាប់តែតុលាការក្រុងភ្នំពេញបន្ថែមការចោទប្រកាន់បទ «រួមគំនិតក្បត់» ថ្មីមួយទៀត លើលោក ស៊ុន ចន្ធី។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការខុសទាស់ ក្នុងការប្រកួតប្រជែងនយោបាយ គួរតែក្រុមអ្នកនយោបាយដោះស្រាយ ដោយការជជែកគ្នា លើមូលដ្ឋានតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងប្រើប្រព័ន្ធតុលាការ។ លោកថា ការចោទប្រកាន់បទ «រួមគំនិតក្បត់» ថែមទៀតលើលោក ស៊ុន ចន្ធី បែបនេះ គឺជាការដាក់បន្ទុកបន្ថែមទៀតលើអតីតប្រធានបក្សប្រឆាំងរូបនេះ ហើយ បើតុលាការរកឃើញកំហុសវិញ លោក ស៊ុន ចន្ធី ប្រឈមនឹងការជាប់ពន្ធនាគារ យូរឆ្នាំទៀត។
លោក អំ សំអាត៖ «តាំងពីដើមមក ទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលធ្វើការផ្នែកសិទ្ធិមនុស្សរួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផងហ្នឹង គឺយើងយល់ឃើញថា ករណីនឹងជាករណីនយោបាយច្រើនជាងការអនុវត្តច្បាប់។ ប៉ុន្តែគ្រាន់តែថា នៅក្នុងកាលៈទេសៈនេះ យើងជាអង្គការសង្គមស៊ីវិល យើងចង់ឃើញរាល់គណបក្សនយោបាយ ឬក៏អ្នកនយោបាយ សកម្មជនគណបក្ស នយោបាយទាំងអស់រួបរួមគ្នា ក្នុងនាមខ្មែរតែមួយ»។
អ្នកឃ្លាំមើលលើកឡើងថា ដើម្បីធានាការបន្តអំណាចក្រុមគ្រួសារបក្ខពួក លោក ហ៊ុន សែន និងរដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន លែងខ្វល់ខ្វាយពីការផ្សះផ្សាបង្រួមបង្រួមជាតិហើយ ទើបបន្ថែមបទចោទប្រកាន់ថ្មីលើអតីតប្រធានគណបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ទៀត។ គិតមកដល់ពេលនេះ មានអ្នកទោស នយោបាយ និងអ្នកទោសមនសិការប្រមាណ១០០នាក់កំពុងជាប់ក្នុងពន្ធនាគារដោយគ្មានកំហុស៕










