តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​លោក ធូវ៉ាឃីម ដាក់​ពន្ធនាគារ​២​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ

0
9
លោក ធូ វ៉ាឃីម ជា​អតីត​ព្រះសង្ឃ និង​សកម្មជន​សង្គម ចូលរួមគោរពវិញ្ញាក្ខន្ធបណ្ឌិត កែម ឡី។ រូបបណ្ដាញសង្គម
លោក ធូ វ៉ាឃីម ជា​អតីត​ព្រះសង្ឃ និង​សកម្មជន​សង្គម ចូលរួមគោរពវិញ្ញាក្ខន្ធបណ្ឌិត កែម ឡី។ រូបបណ្ដាញសង្គម

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤​លាន​រៀល ក្រោម​បទចោទប្រកាន់​«​ញុះញង់​» ទាក់ទង​នឹង​រឿង​បញ្ចេញមតិ​។ គ្រួសារ​សោកស្ដាយ និង​ទទូច​ឲ្យ​តុលាការ​ជាន់ខ្ពស់​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​យុវជន​រូប​នេះ។

សកម្មជន​សង្គម​លោក ធូ វ៉ាឃីម ខកចិត្ត និង​ចាត់ទុក​ការសម្រេច​របស់​តុលាការ ដែល​កាត់​ឲ្យ​លោក​មានទោស ២ ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​អំពី​បញ្ហា​សង្គម ថា ជា​រឿង​អយុត្តិធម៌ និង​បង្ហាញ​អំពី​សេរីភាព​បញ្ចេញមតិ​កាន់តែ​រួម​តូច។

ការ​លើកឡើង​នេះ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែមីនា បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ធូ វ៉ាឃីម ពី​បទ «​ញុះញង់​ឱ្យ ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ដោយ​យក​រឿង​លោក​បង្ហោះ​សារ និង​បញ្ចេញមតិ​លើ បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ រួម​ទាំង​ការដឹកនាំ​របស់​រដ្ឋាភិបាល និង​បញ្ហា​ជម្លោះព្រំដែន មក​ធ្វើជា​សំអាង​ហេតុ ដើម្បី​ចោទ​ប្រកាន់ និង​កាត់ក្ដី។

លោក​មេធាវី អែម ចន្ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​មីនា ថា កូនក្ដី​របស់​លោក នឹង​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស ដើម្បី​ស្វែងរក​យុត្តិធម៌ ទៀត​។ លោក​ចាត់ទុក​ការសម្រេច​របស់​តុលាការ ឲ្យ​កូនក្ដី ជាប់ ពន្ធនាគារ ២ ឆ្នាំ និង​ពិន័យ​ប្រាក់ ៤ លាន​រៀល ឬ​ស្មើ ១ ពាន់​ដុល្លារ ថា ជា​រឿង​ធ្ងន់ធ្ងរ ពីព្រោះ​អ្វី ដែល កូនក្ដី​លើកឡើង​លើ​បណ្ដាញ​សង្គម គឺជា​សេរីភាព បញ្ចេញមតិ ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ។

លោក អែម ចន្ថា៖ «ប្រទេស​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែល​មាន​ចែង​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សម្ដែង​មតិ ពាក់ព័ន្ធ​នឹង​នយោបាយ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​ព្រួយបារម្ភ​ពី​ជោគវាសនា​ជាតិ ពី​ការដឹកនាំ ពី ទឹកដី ដែល​ទាំងអស់​នេះ គឺ​មាន​ចែង និង​បញ្ជាក់​យ៉ាង​ច្បាស់​រដ្ឋធម្មនុញ្ញ ក៏ដូចជា សន្ធិសញ្ញា​ផ្សេងៗ​របស់​អន្តរជាតិ ស្ដីពី​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ ឬ​ការសម្ដែង​មតិ​។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ ជា​មន្ត្រី​សាធារណៈ​វា​ជា​គោលដៅ​មួយ ដែល ប្រជាពលរដ្ឋ​អាច​នឹង​ធ្វើ​ការរិះគន់​បាន​ក្នុង​ការ​កែ​លម្អ​។ ប្រជាពលរដ្ឋ​គ្មាន ចេតនា​ណាមួយ ធ្វើ​ឲ្យ​មាន​ចលាចល​ទេ​។ គាត់​គ្រាន់តែ​ចង់​ធ្វើ​ម៉េច​ឲ្យ​ស្ថានការណ៍ វា​ល្អ ធ្វើ ម៉េច​ឲ្យ​ការដឹកនាំ​ជាតិ​វា​ល្អ​ប៉ុណ្ណឹង ប្រទេសជាតិ​គង់វង្ស ស្ថិតស្ថេរ​នេះ ជា​ការ​សម្ដែង​មតិ​របស់​គាត់​អ៊ីចឹង»។

លោក ធូ វ៉ាឃីម ជា​អតីត​ព្រះសង្ឃ និង​សកម្មជន​សង្គម ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២៥ ក្រោយពេល​លោក​បញ្ចេញមតិ​ជាច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​នៅ​លើ​បណ្តាញ​សង្គម​។ គិត​មក​ដល់​ពល​នេះ លោក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់​ជិត ១​ឆ្នាំ​ហើយ។

បងប្រុស​លោក ធូ វ៉ាឃីម គឺ​លោក ធូ អុង សោកស្ដាយ ចំពោះ​ការសម្រេច​របស់​តុលាការ ដោយ​ថា ប្អូន​របស់​លោក​មិន​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ឡើយ​។ លោក​ទទូច​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ប្អូន ប្រុស ឲ្យ​មាន​សេរីភាព ដើម្បី​អាច​បន្ត​ការសិក្សា និង​ធ្វើ​ការងារ​សង្គម​បន្ត​ទៀត។

លោក ធូ អុង៖ «សូម​សំណូមពរ​ឲ្យ​ខាង​តុលាការ កាត់ក្ដី​ឲ្យ​យុត្តិធម៌​បន្តិច​ទៅ ពីព្រោះ​គ្នា​គ្មាន​កំហុស​អី ហើយ​ដាក់ទោស​គ្នា ២ ឆ្នាំ ពិន័យ​ប្រាក់ ៤ លាន​រៀល ។ ខ្ញុំ សុំ​ស្នើសុំ​ខាង​តុលាការ​បន្ធូរ​បន្ថយទោស​ខ្លះទៅ គ្នា​អត់ ទី​១ ម្ដាយ​ខ្ញុំ​គឺ​ខ្វះខាត​ខ្លាំង គ្មាន​លុយ​គ្មាន​កាក់​ណា​យក​មក​បង់​ខាង​តុលាការ»។

ក្នុង​អត្ថបទ​ខ្លី ដែល​អង្គការ​លីកាដូ បាន​ចងក្រង និង​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ចំនួន ៨២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន ក្រោយពេល​ប្រជាពលរដ្ឋ បាន​ចែករំលែក​ទស្សនៈ ការ​បញ្ចេញមតិ និង​ការយល់​ឃើញ​ដែល​ភាគ​ច្រើន​ត្រូវ បាន​បង្ហោះ និង​ចែករំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម អំពី​ប្រធានបទ​ជាច្រើន ដូចជា​ឃាតកម្ម​លើ​សកម្មជន​នយោបាយ​លោក លិម គិមយ៉ា ស្ថានភាព​នៃ​ការ​ផ្តល់​ជំនួយ​ពី​បរទេស​មក​ប្រទេស​កម្ពុជា​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ និង​បញ្ហា សង្គម​ផ្សេងៗ​ទៀត​ជាច្រើន។

លីកាដូ​ចាត់ទុក​ឆ្នាំ​២០២៥ គឺជា​ឆ្នាំ​ដ៏​អាប់អួរ​នៃ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ត្រូវតែ​បញ្ឈប់​ការ​ចាប់ ខ្លួន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​អ្នកសារព័ត៌មាន និង សកម្មជន នយោបាយ​ដោយ​គ្រាន់​តែ​អ្នក​ទាំងនោះ​បាន​បញ្ចេញ​មតិ​របស់​ពួកគេ។

ជាមួយ​គ្នា​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ អំពាវនាវ​ឲ្យ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គោរព​និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ក្នុង​ការ​បញ្ចេញ​គំនិត​មតិយោបល់ និង​ទស្សនៈ​របស់​ពួកគេ មិន​ថា ជា​ការ​លើកឡើង​ដោយ​ផ្ទាល់ ឬ​លើកឡើង​តាមរយៈ​បណ្ដាញ​សង្គម​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ