
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ បានលើកពេលសវនាការ សំណុំរឿងសកម្មជនសង្គម លោក ធី ថន និងសកម្មជននយោបាយពីរនាក់ទៀត ទៅពេលក្រោយ។ សង្គមស៊ីវិល លើកឡើងថា ការលើកពេលសវនាការនេះ ធ្វើឲ្យប៉ះពាល់សិទ្ធិទទួលយុត្តិធម៌ របស់ជនជាប់ចោទទាំងបីនាក់ ។
សវនាការអង្គសេចក្ដី លើសកម្មជនសង្គម លោក ធី ថន និងសកម្មជននយោបាយ លោក មាន ចាន់ថុន និងអ្នកស្រី ស៊ឹង គន្ធា ពីបទ «រួមគំនិតក្បត់» នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកពេល ដោយគ្មានកំណត់ ។ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងរកការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូង រាជធានី ភ្នំពេញលោក អ៊ី រិន្ទ ជុំវិញមូលហេតុនៃការលើកពេលនេះ បានទេ ។
យ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែធ្នូ ថា មូលហេតុ ដែលតុលាការភ្នំពេញ លើកពេលនេះសវនាការនេះ គឺដោយសារតែអវត្តមានមេធាវីសកម្មជន នយោបាយលោក មាន ចាន់ថុន និង អ្នកស្រី ស៊ឹង គន្ធា ។ លោកបន្ថែមថា ការ ពន្យារពេលសវនាការនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរង់ចាំយុត្តិធម៌ របស់សកម្មជនទាំងបីនាក់។
លោក អំ សំអាត៖ «យើងឃើញថា សិទ្ធិដែលទទួលបានយុត្តិធម៌ចំពោះមុខច្បាប់ ហើយស្មើភាព គ្នាចំពោះមុខច្បាប់ បើតាមគោលការណ៍ច្បាប់អន្តរជាតិ ជាតិ គេនិយាយថា សវនាការហ្នឹង ធ្វើឲ្យបានលឿនដែលអាចធ្វើទៅបាន ពីព្រោះគេមិន ចង់ឲ្យមាន ការប៉ះពាល់ទៅលើសិទ្ធិរបស់ពួកគាត់។ កាលណាពន្យារពេលប៉ះពាល់សិទ្ធិ និងសេរីភាពរបស់ពួកគាត់»។
សមាជិកជាន់ខ្ពស់ នៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៤នាក់ រួមមាន ប្រធានស្ដីទីសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ធី ថន អគ្គលេខាធិការ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ កញ្ញា រៀម ស្រីពេជ្ររតនា និងយុវជន ២រូបទៀត គឺកញ្ញា នឿន ស្រីណែត និងកញ្ញា កាត់ ស៊ីណាត ត្រូវបានសមត្ថកិច្ច ក្រុងភ្នំពេញ ចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២៤ និងត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» យោងតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ រីឯ ទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិត បញ្ញវន្តខ្មែរក្នុង សង្កត់អូរបែកក្អម ខណ្ឌសែនសុខ ក៏ត្រូវបានបិទ។
លោក ធី ថន និងកញ្ញា រៀម ស្រីពេជ្ររតនា ត្រូវបានតុលាការចោទប្រកាន់ថា បានបញ្ចេញមតិ ឬគ្រោងនឹងប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងគម្រោងត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA) ដែលជាកិច្ចព្រមព្រៀង សហប្រតិបត្តិការ ក្នុងតំបន់ ហើយដែលកម្ពុជាបានសម្រេចដកខ្លួនចេញក្រោយការតវ៉ា
ប៉ុន្តែ កញ្ញា រៀម ស្រីពេជ្ររតនា និងសកម្មជនមួយចំនួនទៀត ដូចជា កញ្ញា នឿន ស្រីណែត និងកញ្ញា កាត់ ស៊ីណាត ជាដើម បានសុំទោសរដ្ឋាភិបាល ជាថ្នូរបាននៅក្រៅឃុំ ។ រីឯ លោក ធី ថន ដែលមិនព្រមសុំទោសរដ្ឋាភិបាល ត្រូវបន្តជាប់ឃុំ ហើយអង្គការលីកាដូ ឲ្យដឹងថា ប្រសិនបើត្រូវតុលាការផ្ដន្ទាទោស សកម្មជនធី ថន នឹងប្រឈមមុខជាប់ពន្ធនាគារ រយៈពេលរហូតដល់១០ឆ្នាំ។
ឪពុកសកម្មជនសង្គម លោក ធី ថន គឺលោក មឿន ធី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែធ្នូ ថា លោកគ្មានជំនឿលើប្រព័ន្ធតុលាការកម្ពុជាទៀតទេ ពីព្រោះ ពន្យារពេលសវនាការតាមតែតុលាការចង់ ដោយគ្មានគិតពីការឈឺចាប់ របស់ជន រងគ្រោះ ។ លោកថា កូនរបស់លោក គ្មានកំហុសសោះ តែបែរជាយកទៅឃុំចោលយ៉ាងអយុត្តិធម៌។
លោក មឿន ធី៖ «ដល់វាខកគ្រាន់តែសវនាការឡើង ៦ទៅ៧ ដងលើកហ្នឹង បើទៅតុលាការកំពូល៣ដងបាត់ហើយ ចេះតែលើកបន្តរហូតហ្នឹង។ វាកប់យោបល់ទោស កំហុសក៏អត់មាន ហើយចេះតែនៅឃុំបន្តៗរហូតលើកទៅរហូត។ ដូចខ្ញុំលែងជឿជាក់តុលាការ មិនដឹងជឿជាក់យ៉ាងម៉េច»។
ក្រៅពីប្រធានស្ដីទី នៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក ធី ថន ប្រធាននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ក៏កំពុងតែអនុវត្តទោស ក្នុងពន្ធនាគាររយៈពេល៤ ឆ្នាំបន្ទាប់ពីការចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២៤ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទ «មិនរាងចាល ក្នុងបទមជ្ឈិម បន្ទាប់ ពីការផ្តន្ទាទោសបទមជ្ឈិម» យោងតាមមាត្រា ៤៩៤ ៤៩៥ និងមាត្រា៨៨ នៃក្រម ព្រហ្មទណ្ឌ។ អង្គការលីកាដូ ធ្លាប់សរសេរក្នុងរបាយការណ៍ របស់ខ្លួនថា លោក ធី ថន និងលោក កើត សារ៉ាយ គឺជាអ្នកជាប់ឃុំ ក្នុងចំណោមអ្នកជាប់ឃុំដោយ ប្រើសិទ្ធិបញ្ចេញមតិ និងភាពសកម្មនិយមនៅក្នុងសង្គម៕










