

សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ បានបើកសវនាការមុន អង្គសេចក្តីលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចោទអំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹង ការបញ្ចេញមតិ អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
បន្ទាប់ពីបញ្ចប់សវនាការ ចៅក្រមសាលាឧទ្ធរណ៍បានប្រកាសសាលដីកា នៅថ្ងៃដដែល ដោយមិនអនុញ្ញាតឲ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង បីនាក់ បាននៅក្រៅឃុំបណ្ដោះអាសន្នឡើយ។ តុលាការលើកហេតុផលថា បណ្ដឹង ឧទ្ធរណ៍ របស់ពួកគាត់ផ្ទុយនឹងមាត្រា ៣៨៤ នៃក្រមនីតិវិធី ព្រហ្មទណ្ឌ ដោយសារ បណ្ដឹង នេះ បានផុតរយៈពេលកំណត់នៃការប្ដឹងឧទ្ធរណ៍។
ទោះជាយ៉ាងណា នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែធ្នូថា នីតិវិធីជា រឿងមួយ ប៉ុន្តែ ក្នុងកាលៈទេសៈយោធាថៃ កំពុងធ្វើសង្គ្រាមឈ្លានពាន បូរណភាព ទឹកដីកម្ពុជានេះ អង្គការសង្គមស៊ីវិលមើលឃើញថា ការឯកភាពជាតិ និង ការតម្កល់ឧត្ដមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ជារឿងសំខាន់។ លោកថា តុលាការ និងអាជ្ញាធរ គួរពិនិត្យពិចារណាដោះលែង សកម្មជនកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស បរិស្ថាន សហជីព សកម្មជនសង្គម និង សកម្មជន នយោបាយ តាមគោលការណ៍បង្រួបបង្រួមសាមគ្គីជាតិ ដើម្បីធ្វើឲ្យខ្មែររឹងមាំ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំនួន ៣នាក់រួមមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង លោក សាន សិទ្ធិ ត្រូវបានសមត្ថកិច្ចនៃ ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ចាប់ឃាត់ខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពី ពួកគាត់ បាននិយាយពីការបញ្ចូលខេត្តចំនួន ៤ របស់ប្រទេសកម្ពុជារួមមានរតនគិរី មណ្ឌលគិរី ក្រចេះ និង ស្ទឹងត្រែង នៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ ជាមួយប្រទេសឡាវ និងវៀតណាម (CLV-DTA)។ ប៉ុន្តែក្រោយការតវ៉ារបស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍ត្រីភាគីនេះរួចមកហើយ៕









