លោក ហ៊ុន ម៉ាណែត ព្រមាន​ដក​ក្របខ័ណ្ឌ​សមត្ថកិច្ច​លាក់បាំង​ជនបរទេស​ខុសច្បាប់ នឹង​គ្មាន​ប្រសិទ្ធភាព

0
88
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

មន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ លើកឡើង​ថា ការដែល​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​ព្រមាន​ដក​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល និង​ពិន័យ​ជា​ប្រាក់​ដល់ ម្ចាស់​ទីតាំង ដែល​លាក់បាំង ឱ្យ​ជនបរទេស បន្ត​រស់នៅ​កម្ពុជា ដោយ​ខុសច្បាប់​នោះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​។ ពួកគាត់​ថា មិនអាច​ដោះស្រាយ​បាន​ដោយសារតែ បញ្ហា​ទាំងនោះ ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ចាក់ស្រេះ ហើយ បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​រស់​បាន​ដោយសារតែ បាន​ចំណូល​ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ។

មន្ត្រី​គណបក្សប្រឆាំង និង​អ្នកវិភាគ​ថា ដើម្បី​បោសសម្អាត ជនបរទេស​ដែល​រស់នៅ​ដោយ​ខុសច្បាប់ ហើយ​បាន ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម អនឡាញ ដំបូង​ឡើង​រដ្ឋាភិបាល​ត្រូវតែ​ហ៊ាន​បោសសម្អាត មន្ត្រី​ធំៗ ចាប់ពី​ថ្នាក់លើ​ចុះ​មក​ក្រោម ហើយ​ត្រូវ​ចាប់​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ មក​ផ្ដន្ទាទោស​ចំពោះមុខ​ច្បាប់ ដោយ​បើកចំហ​នោះ​ទើប​មាន​ប្រសិទ្ធភាព។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​៨ ខែមករា​ថា ការ​ចេញ​អនុក្រឹត្យ​ជាថ្មី របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដើម្បី​បោសសម្អាត ជនបរទេស​ខុសច្បាប់​នៅ​កម្ពុជា លោក ហាក់​គ្មាន​ជំនឿ​ទាល់តែសោះ ខណៈ​ដែល​បញ្ហា​ទាំងនោះ ជាប់​ពាក់ព័ន្ធ អំពើពុករលួយ​ជា​ប្រព័ន្ធ។ លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទាល់តែ​រដ្ឋាភិបាល ហ៊ាន​បោសសម្អាត ពី​មន្ត្រី​គ្រាក់ៗ នៅក្នុង​ជួរ​រដ្ឋាភិបាល ជា​មុន​សិន ព្រោះ​ថា អ្នក​ដែល​ហ៊ាន​លាក់បាំង ជនបរទេស​ខុសច្បាប់ និង​ផ្ដល់​ទីកន្លែង​ឱ្យ​ពួកគេ​រស់នៅ ពុំ​មែន​មន្ត្រី​តូចតាច​អាច​ធ្វើ​បាន​នោះ​ទេ។

លោក រ៉ុង ឈុន៖ «សំខាន់​ថា​តើ​ស្មារតី និង​ឧត្ដមគតិ ឆន្ទៈ​ហ្នឹង​ចង់​លុប​បំផុត​ពិតប្រាកដ​ដែល​ឬ​អត់​។ នេះ​ជា​ជំហរ​មួយ​ឱ្យ​ច្បាស់លាស់​។ បើ​គ្រាន់តែ​ចេញ​អនុក្រឹត្យ ព្រះរាជក្រឹត្យ ឱ្យ​តែ​ល្អមើល ហើយ​ការអនុវត្ត​ធូររលុង អាហ្នឹង វា​អត់​បាន​ផល​អី​ទេ​។ សំខាន់​ដែល​រឿង​កើតមក​ជារឿយៗ ជាប់​ទៅ​នឹង​បញ្ហា​ពុករលួយ»។

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ថ្ងៃទី​០៥ ខែមករា បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ដែល​អនុក្រឹត្យ​នោះ មាន​៧​ជំពូក និង​២៤​មាត្រា។ អនុក្រឹត្យ​នេះ ធ្វើឡើង​ដើម្បី​ធានា​ដល់​សន្តិសុខ សុវត្ថិភាព​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ក្នុង​នោះ​មាន មាត្រា​១៩ និង​មាត្រា​២០ នៃ​ជំពូក​ទី​៦ បាន​ចែង​ពី​ទណ្ឌកម្ម ដោយ​លើក​ឡើង​ថា ម្ចាស់​ទីតាំង ដែល​មាន​ជនបរទេស រស់នៅ​ប្រមូល​ផ្តុំគ្នា ហើយ​ធ្វេសប្រហែស​មិន​ជូនដំណឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​រយៈពេល​២៤​ម៉ោង នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៤​សែន​រៀល។

ទន្ទឹមគ្នា​នោះ ម្ចាស់​ទីតាំង ឬ អ្នកគ្រប់គ្រង​ទីតាំង ដែល​មាន​ចេតនា​លាក់បាំង និង​អនុញ្ញាត​ឲ្យ​ជនបរទេស រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ៤​លាន​រៀល សម្រាប់​ជនបរទេស​ម្នាក់ ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ ដែល​បាន​កំណត់​ក្នុង​ច្បាប់​ជា​ធរមាន។ ចំណែក អាជ្ញាធរ​មាន​សមត្ថកិច្ច វិញ ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដក​ចេញពី​ក្របខ័ណ្ឌ​ការងារ​ដែរ ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ ប្រសិនបើ​បាន​ប្រព្រឹត្ត​កំហុស​ខាងលើ។

ការ​ចេញ​អនុក្រឹត្យ​របស់ លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​ពី​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា សហរដ្ឋ អាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី ជាដើម ថា កម្ពុជា​សម្បូរ​ដោយ​ជនបរទេស​រស់នៅ​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម ឆបោក​អនឡាញ។ ថ្វី​ត្បិត​ថា បញ្ហា​នេះ បាន​កើត​ឡើង​អស់​ជាច្រើន​ខែ​មក​ហើយ​ក្ដី គេ​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​បោសសម្អាត ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ខណៈ​ដែល​អាជីវកម្ម ឆបោក​អនឡាញ នៅតែ​ដំណើរការ​ដដែល។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា លើកឡើង​ថា បញ្ហា​នេះ ពុំ​មែន​ជា​រឿង​ដែល​ពិបាក​ដោះស្រាយ​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​។ លោក​ថា ដំបូង រដ្ឋាភិបាល​ត្រូវ​រឹតត្បិត​នៅ​តាម​ច្រកព្រំដែន​ទាំង​ផ្លូវអាកាស ផ្លូវទឹក និង​ផ្លូវគោក ថា​តើ ពួកគេ​ចូល​មក​កម្ពុជា​គោលបំណង​អ្វី​? ហើយ​ការ​ចូល​មក​របស់​ជនបរទេស​ទាំងនោះ ស្របច្បាប់ ឬ​ក្រោម​ហេតុផល​អំពើពុករលួយ​។ លោក​ថា រក​ហេតុផល​ទាំងនោះ​ឱ្យ​ឃើញ​ជា​មុន រួច​ចាត់វិធានការ ផ្លូវច្បាប់ ឱ្យ​បាន​តឹងរ៉ឹង លើ​មន្ត្រី​ពុករលួយ ដើម្បី​គំរាម​កុំឱ្យ​មន្ត្រី​ដទៃ​ធ្វើតាម។

លោក ប៉ោ មករា៖ «ខ្ញុំ​នៅតែ​មើល​ឃើញ​ថា បញ្ហា​ធំ បញ្ហា​ដែល​អនុវត្ត​ការងារ​ទៅ​វា​គ្មាន​ប្រសិទ្ធភាព នោះ​គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើពុករលួយ​។ ចាំបាច់​ត្រូវតែ​កម្ចាត់​អំពើពុករលួយ ចាំបាច់​ត្រូវតែ​ហ៊ាន​កាត់​សាច់ មន្ត្រី​ពុករលួយ​ឱ្យ​អស់ ដើម្បី​ឱ្យ​ការងារ​នេះ​មាន​ប្រសិទ្ធភាព។ ហើយ​មន្ត្រី​ដែល​នៅ​មូលដ្ឋាន​គ្រាន់តែ​ជា​មន្ត្រី​បន្ទាប់​បន្សំ​ប៉ុណ្ណោះ»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ធីរិទ្ធ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៨ ខែ​មករា ថា ចំពោះ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល គឺជា មនុស្ស​ជ្រុលនិយម និង​មានគំនិត​ទុទ្ទិដ្ឋិនិយម រហូត​ដល់​មើល​មិន​ឃើញ​ពី​កិច្ច​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ និង​ប្រទេសជាតិ។

លោក ជា ធីរិទ្ធ៖ «បុគ្គល​ដែល​មាន​ភាព​ជ្រុលនិយម និង​មាន​ទុទ្ទិដ្ឋិនិយម នៅ​ពេល​ឃើញ​អំពើ​ល្អ ពូក​គេ​មិន​ថា វា​ជា​អំពើ​ល្អ​សាទរ​ទេ​។ ពួកគេ​នៅតែ​និន្ទា​ថ្កោលទោស និង​បរិហារ​តែ​ប៉ុណ្ណឹង។ អ៊ីចឹង​វា​អត់​មាន​អ្វី​ចម្លែក​ទេ សម្រាប់​ការ​លើកឡើង បរិហារ​របស់​ពួកគេ​នោះ ព្រោះ​យើង​មិន​អាច​ផ្គាប់ចិត្ត​បុគ្គល​ទុទ្ទិដ្ឋិនិយម​បានទេ​។ អ្វី​ដែល​យើង​ផ្គាប់ចិត្ត គឺ​ផ្គាប់ចិត្ត​ប្រជាជន​របស់​យើង»។

ទោះជា​បែបនេះ​ក្ដី អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡុត លើកឡើង​ថា ការ​ចេញ​អនុក្រឹត្យ​របស់ លោក ហ៊ុន ម៉ាណែត ក្រោម​ហេតុផល ដើម្បី​រក្សា សណ្ដាប់ធ្នាប់​សង្គម នោះ​ហាក់​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ លោក​ថា នេះ​គ្រាន់តែ​ជា​លេស​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល ក្នុង​ការ ការពារ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ជា​ប្រព័ន្ធ។ ទន្ទឹមគ្នា​នោះ លោក​ថា កន្លងមក ម្ចាស់​ទីតាំង​ដែល​ឱ្យ ឧក្រិដ្ឋកម្ម​រស់នៅ​សុទ្ធសឹងតែ ជា​អ្នកមាន​លុយ​មានអំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ដូចជា​ឧកញ៉ា កុក អាន និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម​។ ដូច្នេះ លោក​ថា លោក ហ៊ុន ម៉ាណែត មិន​ពិន័យ​លើ​អ្នក​ទាំង​នោះ​ឡើយ។

លោក វ៉ន ចាន់ឡុត៖ «អំពើ​ទាំងអស់​នេះ​នឹង​វិល​មក​ដូចដើម​ឡើងវិញ ហើយ​ទំនង​កាន់តែ​ខ្លាំង​ក្លា​ជាង​មុន​។ កត្តា​ច្បង​មួយ​ដែល​នាំ ឱ្យ​អំពើ​ឧក្រិដ្ឋ​នៅ​កម្ពុជា​មិន​ស្រាប់​រលាប និង​មិន​ថមថយ ព្រោះតែ​វា​ជាប់​ពាក់ព័ន្ធ​រវាង​ទំនាក់ទំនង​នៃ​ឧក្រិដ្ឋជន និង​អ្នកកាន់អំណាច ភាគី​ទាំងពីរ​នេះ បាន​ជួយ​គ្នា​ទៅវិញ ទៅមក ដោយ​ក្រុម​ឧក្រិដ្ឋជន​ជួយ​រក​ប្រភព​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ពង្រឹង​អំណាច​នៃ គណបក្ស​ប្រជាជន​កម្ពុជា ជា​ថ្នូរ​នឹង​ការធានា សុខ​សុវត្ថិភាព ចំពោះ​ពួកគេ»។

កន្លងមក សារព័ត៌មាន​អន្តរជាតិ​ធំៗ បាន​ចុះផ្សាយ​ព្រោងព្រាត​ដោយ​រកឃើញ​ថា មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល និង​ក្រុម​ឧកញ៉ា​ដែល​នៅ​កៀក​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន បាន​សាងសង់​អាគារ​ធំៗ​នៅ​តាម​ទីក្រុង​និង​តាម​បណ្ដោយ​ព្រំដែន ដើម្បី​ដាក់​ជួល​ឲ្យ​ក្រុម​ឧក្រិដ្ឋ​ជនបរទេស ស្នាក់នៅ​និង​ប្រើប្រាស់ សម្រាប់​ប្រតិបត្តិការ​ឆបោក​អនឡាញ។ ប្រតិបត្តិការ​ឆបោក​អន​ឡាញ នេះ បង្កើត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ផ្សេងៗ​ទៀត​កើតឡើង​ដែរ ដូចជា​ឃុំឃាំង​មនុស្ស​ខុសច្បាប់ ការ​ធ្វើ​ទារុណកម្ម អំពើ​ឃាតកម្ម ការ​ចាប់​ជំរិត និង​ការ​ជួញដូរ​មនុស្ស ព្រមទាំង​ការ​ជួញដូរ​គ្រឿងញៀន​និង​អាវុធ​ខុសច្បាប់​ជាដើម។

ក្រសួង​សេដ្ឋកិច្ច​អាមេរិក កាលពី​ថ្ងៃទី​១២ កញ្ញា ឆ្នាំ​២០២៤ បង្កក​ទ្រព្យសម្បត្តិ​របស់​លោក លី យ៉ុងផាត់ ចំនួន​៥​ក្រុមហ៊ុន រួមមាន ក្រុម​ហ៊ាន L.Y.P. Group រមណីយដ្ឋាន អូ​ស្មាច់ សណ្ឋាគារ ហ្គាឌិនស៊ី​ធី (Garden City) រមណីយដ្ឋាន​កោះកុង និង​សណ្ឋាគារ​ភ្នំពេញ​ជាដើម ក្រោយ​រក​ឃើញ​ថា បាន​ប្រតិបត្តិ​ការ​ជួញដូរ​មនុស្ស និង​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ។ ចំណែក លោក កុក អាន ក៏​មាន ក្រុមហ៊ុន​ជាច្រើន​ជាប់​ព័ន្ធ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ដែរ។

ទាក់ទិន បញ្ហា​ឧក្រិដ្ឋកម្ម​អនឡាញ​នេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលាការ លោក សម រង្សី បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុកថា បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​ថា ទីប្រឹក្សា​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត គឺ លោក ចេន ហ្ស៊ី (Chen Zhi) ត្រូវ​បាន​ចាប់ខ្លួន បញ្ជូន​ទៅ​ប្រទេស​ចិន រួចមក លោក​ថា នេះ​ជា​ភស្តុតាង បញ្ជាក់​ថា លោក ហ៊ុន សែន ពិតជា​បាន​លាក់ លោក ចេន ហ្ស៊ី និង រួមគំនិត​ជាមួយ​ឧក្រិដ្ឋជន​នៅ​កម្ពុជា ពិតមែន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​និង​ប្រទេសជាតិ​បាន​ក្លាយ​ជា ជនរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​លើក​ឆាក​អន្តរជាតិ​។ ហេតុនេះ លោក​ថា ការ​ប្ដូរ​មេដឹកនាំ​ត្រកូល​ហ៊ុន ចេញ​ពី​អំណាច ជា​ជម្រើស​តែមួយគត់ ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​ជាតិ​ឡើងវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ