អ្នករាយការណ៍​សិទ្ធិមនុស្ស​អ.ស.ប​រងការរិះគន់​ថា ចេញសេចក្ដីថ្លែងការណ៍​រឿង​ព្រំដែន​កម្ពុជា​-​ថៃ គ្មាន​ទម្ងន់ និង​គ្មាន​ភាព​ជាក់ស្ដែង

0
126
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) (ឆ្វេង) ជួប​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) (ឆ្វេង) ជួប​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បាន​រាយការណ៍​ក្នុង​រឿង​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ហាក់​គ្មាន​ទម្ងន់ និង​មិន​បាន​ដាក់​បញ្ចូល​ករណី​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​យោធា​ថៃ​រំលោភបំពាន​នោះ​ឡើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់ពី អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជនជាតិ​ថៃ លោក វីទីត មុនតាប៊ន (Vitit Muntarbhorn) បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​ផ្សះផ្សា​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ក្នុង​វិវាទ​រឿង​ព្រំដែន។

ក្រោយពី​ស្ងាត់ស្ងៀម​អស់​រយៈពេល​ជាច្រើន​ខែ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ចេញ​មក​និយាយ​ពី​ជម្លោះ​រវាង​កម្ពុជា​-​ថៃ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នកការពារ​សិទ្ធិមនុស្ស គេ​មិនឃើញ​លោក​លើកឡើង​ពី​ករណី​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ ពី​សំណាក់​យោធា​ថៃ នៅ​តាម​ព្រំដែន ក្នុង​វិវាទ​រឿង​ព្រំដែន​នោះ​ឡើយ។

នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ របស់​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ (OHCHR) ចុះ​ថ្ងៃទី​២៤ ខែ​វិច្ឆិកា អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​លោក វីទីត មុនតាប៊ន បាន​បង្ហាញ​ការ​គាំទ្រ​របស់​លោក ចំពោះ​ការចរចា​សន្តិភាព និង​ការ​កសាង​ទំនុកចិត្ត​រវាង​កម្ពុជា និង​ថៃ ជាពិសេស​ទៅលើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ដែល​ភាគី​ជម្លោះ​បាន​ចរចា​គ្នា​កាលពី​ខែកក្កដា ហើយ​លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងពីរ ត្រូវ​តែ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស្រប​តាម​ច្បាប់​អន្តរជាតិ។

បន្ថែម​ពីលើ​នេះ លោក វីទីត មុនតាប៊ន បាន​ប្រកាស​គាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ប្រទេស​ម៉ាឡេស៊ី (Malaysia) កាល​ពី​ខែ​តុលា កន្លង​ទៅ ដោយ​ផ្ដើម​ចេញ​ពី​ការ​អនុវត្ត​បទ​ឈប់​បាញ់ និង​ធ្វើការ​ប្ដេជ្ញាចិត្ត​លើ​បញ្ហា​ជាច្រើន នៅ​ក្នុង​នោះ​រួម​ទាំង​ការអនុវត្ត​តាមច្បាប់​មនុស្ស​ធម៌​អន្តរជាតិ ស្ដីពី​ការ​ការពារ​ជន​ស៊ីវិល និង​ឈ្លើយ​សឹក ជាដើម។

ចំពោះ​ផ្នែក​សិទ្ធិមនុស្ស​វិញ លោក វីទីត មុនតាប៊ន បាន​អះអាង​ថា ជន​ស៊ីវិល​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​នៅ​តាម​ព្រំដែន គួរតែ​ទទួល​បាន​ជំនួយ ដោយ​ស្របតាម​ស្តង់ដារ​សិទ្ធិមនុស្ស។ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ព័ត៌មាន​មិន​ពិត នៅ​ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ នេះ​ផង​ដែរ។

ក្រៅពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ លោក វិទីត មុនតាប៊ន ក៏​ជំរុញ​ឱ្យ​មាន​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស សន្តិភាព ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ក្នុង​ប្រទេស​កម្ពុជា​ដែរ ដោយ​អះអាង​ថា លោក​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ជួយ​កម្ពុជា​លើ​បញ្ហា​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់ឃើញ​ថា សេចក្ដីថ្លែងការណ៍​របស់​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ជា​ពិធីការ​ទូទៅ មិន​ខុសពី​ការ​អំពាវនាវ​របស់​បណ្ដា​ប្រទេស​អន្តរជាតិ មួយ​ចំនួន​ទៀត​នោះ​ឡើយ។ លោក​បន្ត​ថា យ៉ាងហោចណាស់ នៅក្នុង​សេចក្ដីថ្លែងការណ៍ របស់​ស្ថាប័ន​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ លោក វីទីត មុនតាប៊ន គួរតែ​ប្រមូល​ព័ត៌មាន​របស់​ជនរងគ្រោះ​ដែល​ទទួល​រង​ការ​រំលោភ​បំពាន ឱ្យ​បាន​សុក្រឹត និង​ដាក់បញ្ចូល​ក្នុង​របាយការណ៍ ដើម្បី​បង្ហាញ​ពី​គោលជំហរ​អព្យាក្រឹត្យ​នៅក្នុង​សេចក្ដីថ្លែងការណ៍​នេះ។

លោក នី សុខា៖ «យ៉ាងហោចណាស់​ក៏​មាន​បង្ហាញ​អំពី​ករណី​មួយ​ចំនួន នៅ​របាយការណ៍ ឬក៏​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ដែរ​។ ចៀសវាង​ការ​ចេញ​នៅក្នុង​ន័យ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ស្ថានភាព​ទូទៅ​ពេក អ៊ីចឹង​យើង​មិន​ដឹង​ថា ភាគី​ណាមួយ​រងគ្រោះ ឬ​មិន​រងគ្រោះ យើង​អត់​បានដឹង»។

ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប ពី​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្ស៉ឺណែវ (GENEVA) ប្រទេស​ស្វីស (Switzerland) ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា។

ទោះជា​យ៉ាងណា នៅក្នុង​កិច្ចប្រជុំ​របស់​ឧត្ដមស្នងការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា តំណាង​កម្ពុជា បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ចំពោះ​អ្នករាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា គឺ​លោក វីទីត មុនតាប៊ន ដោយ​តំណាង​កម្ពុជា​ចោទ​ថា អសកម្ម​ក្នុង​ការ​ធ្វើ​របាយការណ៍ ពាក់ព័ន្ធ​នឹង​ករណី​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ​ខ្មែរ ពី​សំណាក់​ទាហាន​ថៃ នៅ​តាម​ព្រំដែន ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។ តំណាង​កម្ពុជា លើកឡើង​ទៀត​ថា ប្រសិនបើ​អ្នករាយការណ៍​ពិសេស​រូប​នេះ​នៅតែ​បន្ត​ភាព​អសកម្ម​បែបនេះ​ទៀត កម្ពុជា​នឹង​ចាត់វិធានការ​សមស្រប​ណាមួយ​។ ក៏ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​កម្ពុជា មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់ តើ​វិធានការ​នោះ ជា​វិធានការ​អ្វី​នោះ​ទេ។

ពាក់ព័ន្ធ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិនបើ​កម្ពុជា​យល់​ថា លោក វីទីត មុនតាប៊ន ចេញ​សេចក្ដីថ្លែងការណ៍​មាន​ភាព​លម្អៀង និង​ធ្វើ​របាយការណ៍​ដោយ​មិន​ផ្អែកលើ​វិជ្ជាជីវៈ ជុំវិញ​ជម្លោះព្រំដែន​នេះ កម្ពុជា​អាច​ប្រមូល​ភស្តុតាង និង​ប្ដឹងតវ៉ា​ទៅ​កាន់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​បាន។

លោក វីទីត មុនតាប៊ន ដែល​ជា​ជនជាតិ​ថៃ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​មាន​អាណត្តិ​រយៈពេល​២​ឆ្នាំ និង​ត្រូវ​បាន​បញ្ចប់​កាល​ពី​ពេល​កន្លង​ទៅ​។ ក៏ប៉ុន្តែ​កាលពី​ខែតុលា អង្គការ​សហប្រជាជាតិ បាន​អនុម័ត​បន្ត​អាណត្តិ​ឱ្យ​លោក ២​ឆ្នាំ​ទៀត ហើយ​ដែល​ការ​បន្ត​អាណត្តិ​នេះ គឺ​នៅ​ចំ​ពេល​កម្ពុជា និង​ថៃ​កំពុង​មាន​ជម្លោះព្រំដែន​ជាមួយគ្នា។

នៅក្នុង​តួនាទី​ជា​អ្នករាយការណ៍ លោក វីទីត មុនតាប៊ន បាន​រិះគន់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅលើ​បញ្ហា​ការ​រឹត​បន្តឹង​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​។ ក៏ប៉ុន្តែ នា​ពេល​ថ្មីៗ​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ចោទ​អ្នក​រាយការណ៍​សិទ្ធិមនុស្ស​រូប​នេះ​ថា មាន​គោលជំហរ​លម្អៀង និង​រក្សា​ភាព​ស្ងៀមស្ងាត់ ជុំវិញ​ករណី​ទាហាន​ខ្មែរ​ចំនួន ១៨​នាក់ ដែល​ត្រូវ​កងទ័ព​ថៃ​ប្រើ​ឧបាយ​ចាប់ខ្លួន បន្ទាប់​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ