

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «សង់ត្រាល់» ទទូចឱ្យរដ្ឋាភិបាល ជួយផ្ដល់ការងារដែលមានស្ថិរភាព និងមានប្រាក់ឈ្នួលសមរម្យ ដល់ពលករដែលទើបត្រឡប់ពីប្រទេសថៃ ខណៈពួកគាត់ភាគច្រើនកំពុងជួបផលលំបាក ព្រោះគ្មានការងារធ្វើ បាត់បង់ចំណូល និងជំពាក់បំណុលកាន់តែកើនឡើង។ ការស្នើសុំនេះធ្វើឡើងក្នុងទិវាអ្នកចំណាកស្រុកអន្តរជាតិ លើកទី២៦ នៅថ្ងៃទី១៨ ខែធ្នូ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានសហការជាមួយ អង្គការអន្តរជាតិផ្សេងទៀតដូចជា ILO និង អង្គការអន្តរជាតិទេសន្តរប្រវេសក៍ IOM Cambodia ជាដើម ចេញសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយអំពីសុវត្ថិភាពការងារ ដើម្បីរួមចំណែកការពារហានិភ័យ និងទប់ស្កាត់ ការចំណាកស្រុក ទាំងប្រថុយប្រថានរបស់ពលរដ្ឋ ដោយខុសច្បាប់អំឡុងពេលកម្ពុជា-ថៃ កំពុងមានជម្លោះតាមព្រំដែន។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានបង្ហាញលទ្ធផល ស្រាវជ្រាវ ដែលបានសម្ភាសន៍ពលករខ្មែរចំនួន ៥២៧នាក់ ដែលត្រឡប់ពីប្រទេសថៃ រកឃើញថា ក្នុងចំណោមពលករជាង៥០០នាក់នោះ មានពលករ ចំនួន ៣១% ទទួលបានជំនួយសង្គម ដូចជា ទឹកថវិកា ក្នុងការជួយសង្គ្រោះបឋមពីរដ្ឋាភិបាល។ ទន្ទឹមគ្នានោះ ៧១%នៃពលករខ្មែរ កំពុងជាប់បំណុល ខណៈ៨៥% ពួកគាត់ពុំមានលទ្ធភាពសងបំណុលបាន តាមកាលកំណត់។
បន្ថែមពីនោះ ពលករដែលជំពាក់បំណុលធនាគារ និង មីក្រូហិរញ្ញវត្ថុ ជាមធ្យមជាង៣ពាន់(៣០.៨០) ទៅ ជិត៤ម៉ឺន (៣៥.០០០)ដុល្លារ។ ចំណែក ការបង់ការប្រាក់វិញ ជាមធ្យមក្នុង ១ខែ ២២០ដុល្លារ។ ក្នុងនោះ ពលករដែលមាន គម្រោងចំណាកស្រុកជាថ្មី មាន៥៣% ហើយ ៧៨% ចង់ត្រឡប់ទៅរកការងារធ្វើនៅប្រទេសថៃវិញ បើទោះជានៅតាមព្រំដែនកម្ពុជា-ថៃ កំពុងតែមានជម្លោះប្រដាប់អាវុធក្ដី ព្រោះថា ពួកគាត់ ពិបាករកការងារធ្វើនៅក្នុងស្រុក។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ពលករទាំងនោះបានស្នើឱ្យរដ្ឋាភិបាលជួយផ្ដល់ការងារដែលមានស្ថិរភាព និងមានគុណភាពសមរម្យ និងផ្ដល់ឱកាសដល់អ្នកមាន អាយុលើស៤០ឆ្នាំឡើង។
មួយទៀតស្នើសុំឱ្យបង្កើនតម្លៃនៃការបញ្ជាទិញស្រូវ អង្ករ និងធានាឱ្យមានការប្រកួតប្រជែងនៅលើទីផ្សារដោយយុត្តិធម៌ ដើម្បីគាំទ្រសហគ្រិនកសិកម្មក្នុងស្រុក។ ចុងក្រោយ ពួកគាត់ ស្នើឱ្យ ផ្អាកការបង់បំណុលយ៉ាងតិច៦ខែ និងពង្រីកវិសាលភាព ប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ប័ណ្ណក្រីក្រ និងជំនួយផ្នែកអាហារអំឡុងពេលធ្វើសមាហរណកម្មជាដើម។

ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៨ ខែធ្នូ។
ទោះជាយ៉ាងណា លោក ស៊ុន មេសា ធ្លាប់បានលើកឡើងថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ គិតត្រឹមខែសីហា មានជាង៩២ម៉ឺននាក់ ក្នុងនោះមានពលករប្រមាណ៦ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈក្រសួងការងារ និងតាមរយៈ មិត្តភក្ដិ និងក្រុមគ្រួសារ។ ជាមួយគ្នានោះ ក្រសួងការងារ បានរៀបចំវេទិកាការងារនៅតាមមូលដ្ឋានដើម្បីផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង ចាំទទួលពលករដែលពុំមានការងារធ្វើ។
ទោះជាយ៉ាងនេះក្ដី ប្រធានផ្នែកកម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសក៍នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែ ធ្នូ ថា ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានច្រើន ពិបាករកការងារធ្វើបានសមរម្យ និងស្ថិរភាព។ ករណីនេះលោកថា ជារឿងគួរឱ្យព្រួយបារម្ភ ខណៈ ពួកគាត់ មានបន្ទុកកាន់តែធ្ងន់ ព្រោះមិនសូវមាន ថវិកា សម្រាប់ ចំណាយលើការហូបចុកប្រចាំថ្ងៃ និងគ្មានលុយសម្រាប់ សងបំណុល ធនាគារបានទៀងទាត់។
លោករំពឹងថា រដ្ឋាភិបាល នឹងបានដឹងពីចំនួន អ្នកអត់ការងារ និងបញ្ហាកង្វះការងារពិតប្រាកដដើម្បីរៀបចំផែនការ និង រកអ្នកវិនិយោគពីក្រៅប្រទេសឱ្យមករកស៊ី នៅក្នុងស្រុកឱ្យបានច្រើន ដើម្បីផ្ដល់ឱកាសការងារ ជូនពលរដ្ឋឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា បើពុំដូច្នោះទេ ពលរដ្ឋកាន់តែលំបាកក្នុងជីវភាព ខណៈពួកគាត់ភាគច្រើនជំពាក់បំណុលកើនឡើង ព្រោះគ្មានលុយសង។
លោក ឌី ថេហូយ៉ា៖ «ដើម្បីធានាយូរអង្វែងផ្នែកសេដ្ឋកិច្ច រដ្ឋាភិបាលក៏ត្រូវធានាអំពីសុខសុវត្ថិភាពដែលអាចធានាបាននូវការទាក់ទាញអ្នកវិនិយោគមករកស៊ីស្រុកខ្មែរ ដើម្បីផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ និងស្នើឱ្យរដ្ឋាភិបាលធ្វើម៉េច រៀបចំនូវការបន្ធូរបន្ថយ ចំពោះបំណុលរបស់គាត់ ប្រសិនបើគាត់ អត់មានលទ្ធភាពដោះបំណុលអ្វីទេ ក៏គួរគិតគូរអំពី គោលនយោបាយ និងវិធានការ ដែលអាចបន្ធូរបន្ថយចំណូលគាត់បានខ្លះ»។
ទាក់ទិនរឿងនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា បានបរាជ័យក្នុងការធានានូវកម្រិតជីវភាពសមរម្យ ការអប់រំ និងការថែទាំសុខភាព ចំពោះពលករ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យគ្រួសាររបស់ពួកគេ បានទទួលរងសម្ពាធដោយសារបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ។
បន្ថែមលើនោះ ពលករខ្មែរ រាប់សិបម៉ឺននាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ តាមការអំពាវនាវរបស់រដ្ឋាភិបាល ដោយសារជម្លោះព្រំដែននោះ ភាគច្រើនពួកគេនៅមិនទាន់ទទួលបានការងារធ្វើ និងការជួយសម្រួលបំណុលធនាគារ ដូចតាមការសន្យារបស់រដ្ឋាភិបាលនោះឡើយ ខណៈកន្លែងការងារ ដែលរដ្ឋាភិបាលបានសន្យាផ្ដល់ឱ្យនោះ មានចំនួនតិចជាងការប្រកាស និងស្ថិតនៅកន្លែងឆ្ងាយពីផ្ទះសម្បែងពលរដ្ឋ៕









