អាជ្ញាធរ​មិន​បាន​ចាប់ខ្លួន​មេខ្លោង​ធំៗ​ដាក់គុក​ក្នុង​ពេល​​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ

0
37
ទិដ្ឋភាពសមត្ថកិច្ចចុះបង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្មអនឡាញ (Online Scam) ក្នុងបុរីប៉េងហួតច្បារអំពៅ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់ កាលពីថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ កាសែត AKP
ទិដ្ឋភាពសមត្ថកិច្ចចុះបង្ក្រាប​បទល្មើស​ឧក្រិដ្ឋកម្មអនឡាញ (Online Scam) ក្នុងបុរីប៉េងហួតច្បារអំពៅ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់ កាលពីថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ កាសែត AKP

រូបភាព​សមត្ថកិច្ច​ដែល​បន្ត​ចុះបង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ និង​ចាប់​ជនបរទេស​ជា​ហូរហែ​ហាក់​បាន​ក្លាយជា​ហេតុផល​មួយ​សម្រាប់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន អះអាង​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម។ ថ្វីត្បិតតែ​មានការ​បង្ក្រាប ក៏​រដ្ឋាភិបាល​មិនបាន​ចាប់​មេខ្លោង​ធំៗ​ដែល​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ច្បាប់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន​ធំៗ​នៅ​អាច​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​ដដែល។

ចំណាត់ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន លើ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នៅតែ​រង​ការ​រិះគន់​ថា ជា​ចំណាត់ការ​បង្ក្រាប​ធ្វើឡើង​តែមួយ​ខ្យល់ និង​មិន​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​ស្ដារ​មុខមាត់​ប្រទេសជាតិ​នោះ​ឡើយ។

ថ្វី​ត្បិត​មកដល់ពេលនេះ សមត្ថកិច្ច​បាន​បន្ត​ចុះ​បង្ក្រាប​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ និង​បង្ហាញ​ពី​ការ​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជា​បន្តបន្ទាប់​មេខ្លោង​ដូចជា​ឧក្រិដ្ឋជន​ចិន​ធំៗ និង​មន្ត្រី​កំពូល​គ្រាប់ៗ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​នេះ​នៅតែ​មាន​សេរីភាព​បន្ត​រកស៊ី​លើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ។

ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នានា​នៅ​តាម​បណ្ដា​ខេត្ត​ស្ទើរតែ​ទូទាំង​ប្រទេស​រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​ក៏​ត្រូវ​បាន​បង្ហាញ​ជា​បន្តបន្ទាប់ បន្ទាប់​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ព្យាយាម​លាក់បាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នា​ពេល​កន្លង​មក​នេះ​។ ទន្ទឹម​គ្នា​នេះ ប្រព័ន្ធ​ឃោសនា​លើកជើង និង​តែងតែ​នាំពាក្យ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន បដិសេធ​លើ​របាយការណ៍​អន្តរជាតិ​នានា​កន្លងមក​នោះ ក៏​បង្ហាញ​ពី​ឃ្លិប​វីដេអូ​បង្ក្រាប​ចុងក្រោយ​របស់​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​ស្ដែងៗ​នៅ​ទីតាំង​អគារ​ឆបោក​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១០ ខែមីនា។

ក្នុង​ឃ្លិប​វីដេអូ​បាន​បង្ហាញ​ពី​ជន​ជាតិចិន និង​ខ្មែរ​បាន​ប្រមូល​ផ្តុំ​គ្នា​ជាច្រើន​នាក់​អង្គុយ​ធ្វើការ​ឆបោក​តាម​អន​ឡាញ​នៅ​ខាងមុខ​កុំព្យូទ័រ​ស្ថិតនៅ​អគារ ហ្គោលដិន វ័ន (Golden One) ក្នុង​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៨​នាក់ និង​ខ្មែរ ៥៧​នាក់ និង​បាន​ចោទ​ប្រកាន់​ថា ពួកគេ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​តាម​អនឡាញ​ក្នុង​ការ​អូសទាញ​ជនរងគ្រោះ​ពី​គោលដៅ​តំបន់​អឺរ៉ុប​ឱ្យ​ដាក់​លុយ​វិនិយោគ​ក្លែងក្លាយ។

អ្នកធ្វើការ​លើ​វិស័យ​ឆបោក​តាម​អនឡាញ​ម្នាក់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ជនបរទេស​ជាពិសេស​គឺ​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​ពេល​ចុះបង្ក្រាប ត្បិត​តែ​ពួកគេ​អាច​ពាក់ព័ន្ធ​នឹង​បទល្មើស ប៉ុន្តែ​មិនមែន​ជា​មេខ្លោង​ធំ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នោះ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា ជនជាតិ​ចិន​នៅ​តាម​អគារ​ឆបោក​តាម​អនឡាញ​មួយចំនួន​មាន​តួនាទី​ជា​មេការ ជំនួញ​ការគ្រប់គ្រង​បុគ្គលិក និង​អ្នក​ខ្លះទៀត​គឺជា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​អូសទាញ និង​រង​ការ​បង្ខាំង​ធ្វើ​ទារុណកម្ម​បង្ខំ​ឱ្យធ្វើ​ការ​លើ​វិស័យ​ឆបោក​តាម​អនឡាញ។

ពលរដ្ឋ​លាក់​ឈ្មោះ៖ «ពួក​មេ​ធំ​មិន​ងាយ​ចុះ​មក​ទេ ពេល​ចុះ​មក​មាន​សុទ្ធតែ​អង្គរក្ស​។ មួយ​ខែ ឬ​ពីរ​ខែ​វា​មក​ម្ដង យ៉ាងតិច​លុយ ៣ កា​តាប​ធំៗ​វា​ច្រក​យក​លុយ​ពី​ពួក​អនឡាញ​វា​បោក​បាន​ហ្នឹង​វា​យក​ទៅ​ហើយ អាហ្នឹង​គ្រាន់តែ​លុយ​ពួកវា​បោក​បាន»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ទទួលស្គាល់​ថា បណ្ដាញ​ឆបោក​តាម​អន​ឡាញ​អាច​ប្ដូរ​ទម្រង់​ធ្វើការ​ងារ​ដោយ​កាត់បន្ថយ​ចំនួន​មនុស្ស និង​លាក់ខ្លួន​នៅ​តាម​អគារ​តូចៗ និង​ណែនាំ​ឱ្យ​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ទាំងអស់​បង្កើន​ការ​ចុះ​ត្រួតពិនិត្យ​។ លោក​ថា រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ធ្វើ​ច្បាប់​ប្រឆាំង​នឹង​អំពើ​ឆបោក​តាម​អនឡាញ ដោយ​ម្ចាស់​អាជីវកម្ម​ដូចជា​សណ្ឋាគារ ផ្ទះជួល និង​ម្ចាស់​អគារ​ផ្សេងៗ​ត្រូវ​ទទួលខុសត្រូវ និង​ត្រួតពិនិត្យ​មុននឹង​ជួល​ឱ្យ​ជនបរទេស។

ចំណែក ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា សាធារណ​ជនជាតិ និង​អន្តរជាតិ​ពិបាក​នឹង​ជឿ​លើ​ចំណាត់ការ​រដ្ឋាភិបាល​ដែល​ប្រកាស​បោសសម្អាត​ឧក្រិដ្ឋកម្ម​អនឡាញ ដោយសារតែ​ការអនុវត្ត​ជាក់ស្ដែង​រដ្ឋាភិបាល​មិនបាន​ចាប់ខ្លួន​មេខ្លោង​ធំៗ​យក​មកអនុវត្ត​ច្បាប់​។ លោក​បន្ត​ថា ការ​មិន​បង្ក្រាប ឬ​ចាប់​មេខ្លោង​ធំៗ​បណ្ដាញ​ឧក្រិដ្ឋជន​មិន​ត្រឹមតែ​មិន​ខ្លាចញញើត​នឹង​ច្បាប់​កម្ពុជា​ឡើយ ប៉ុន្តែ​ពួកគេ​នឹង​បន្តសកម្មភាព និង​បង្កើត​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​លើ​ទឹកដី​កម្ពុជា​បន្ថែម​ទៀត។

លោក ឌី ថេហូយ៉ា៖ «​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ថា ប្រសិទ្ធភាព​វា​នៅ​ទាប​មិនអាច​ឆ្លើយតប​នឹង​បញ្ហា​ហ្នឹង​កើត​គឺ​ទីមួយ​យើង​អត់​ទាន់​ឃើញ​ចាប់​មេខ្លោង​។ មេខ្លោង​មួយ​យើង​ឃើញ​ចាប់បាន ប៉ុន្តែ​មិនមែន​មានតែ​ម្នាក់​ហ្នឹង​ឯណា បណ្ដាញ​វា​មាន​ច្រើន​ហូរហែ​ប្រចាំ​តំបន់ ប្រចាំ​ពិភពលោក​ប្រចាំ​ប្រទេស ប្រចាំ​ខេត្ត ប្រចាំ​មូលដ្ឋាន​។ អ៊ីចឹង​នៅពេល​បង្ក្រាប​ឃើញ​មាន​ជនបរទេស​រត់ចេញ​ឆ្វៀល​ឆ្វាយ​អ៊ីចឹង​មែន ប៉ុន្តែ​ការ​បង្ក្រាប​ហាក់ដូចជា មិនសូវ​ជា​មាន​យុទ្ធសាស្ត្រ​អី​ក្នុង​ការ​តាំងចិត្ត​ចាប់​យក​មេខ្លោង​ប្រចាំ​តំបន់ ប្រចាំ​កន្លែង​នីមួយៗ​បាន»។

អង្គការសិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ រួម​ទាំង​អង្គការសហប្រជាជាតិ (UN) ផង​បាន​អំពាវនាវ​ជា​បន្តបន្ទាប់​ឱ្យ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ចាត់វិធានការ​តឹងរ៉ឹង និង​មាន​ប្រសិទ្ធភាព​ដោយ​បង្ក្រាប ឱ្យ​ចំ​មេខ្លោង​ធំៗ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ដោយសារតែ​ឧក្រិដ្ឋកម្មនេះ​បាន​ផ្សាភ្ជាប់​នឹង​បទល្មើស​អំពើ​ជួញដូរ​មនុស្ស ការ​បង្ខំ​ឱ្យ​ជនរងគ្រោះ​ធ្វើការ​ខុសច្បាប់ និង​បង្ក​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ ប្រទេស​លោក​សេរី និង​អង្គការ​ជំនាញ​នានា​ក៏បាន​វាយ​តម្លៃ​ថា ការ​រាលដាល​នៃ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​គឺ​ដោយសារតែ រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​បោសសម្អាត​អំពើពុករលួយ និង​មាន​មន្ត្រី​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ឃុបឃិត​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន ទើប​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ