តើ​របប​ដឹកនាំ​ប្រទេស​វេណេហ្ស៊ុយអេឡា និង​ត្រកូល​ហ៊ុន ដូច​និង​ខុស​គ្នា​ដូចម្ដេច​ខ្លះ?

0
598

បទ​វិភាគ​៖ តើ​របប​ដឹកនាំ​វេណេហ្ស៊យអេឡា និង​ត្រកូល​ហ៊ុន ដូច និង​ខុសគ្នា​ដូចម្ដេច​?

ក្រោយ​ពី​សហរដ្ឋអាមេរិក​ចាប់​ខ្លួន​មេដឹកនាំ​ប្រទេស​​វេណេហ្ស៊ុយអេឡា (Venezuela) ទាំង​កណ្ដាល​​អាធ្រាត្រ ដល់​ក្នុង​ផ្ទះ ពិភពលោក​បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ទៅ​កាន់​ប្រទេស​អាមេរិក​ឡាទីន ដែល​ជា​ស្ដេច​​ប្រេង​កាត​ដ៏​ធំ​មួយ​នេះ​ភ្លាមៗ។ ចំណែក ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខុស​នឹង​ពលរដ្ឋ​លើ​ពិភពលោក​នោះ​ទេ។ ពួកគេ​បាន​ចែក​រំលែក និង​ផ្ទុះ​ការ​វែកញែក​រៀងខ្លួន ដោយ​ខ្លះ​សាទរ ខ្លះ​ខឹង​សម្បារ ហើយ​ខ្លះ​ទៀត​ប្រៀបធៀប តែ​មិន​ហ៊ាន​ចេញ​ចំ​ឈ្មោះ​មេដឹកនាំ​​ត្រកូល​ហ៊ុន ដែល​​មាន​សកម្មភាព​ដូចគ្នា​ជាច្រើន ដើម្បី​ក្រាញ​អំណាច​ត​ពូជ។ តើ​របប​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ ដូច​និង​ខុស​គ្នា​ដូចម្ដេច​ខ្លះ?

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​ដែល​បាន​វាយ​ឆ្មក់​ចូល​ចាប់​ខ្លួន​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) និង​ភរិយា បញ្ជូន​ទៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី៣ មករា។ ក្រៅ​​ពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​ប្រទេស​នេះ កងទ័ព​អាកាស​អាមេរិក​ក៏​បាន​វាយ​ប្រហារ​បំផ្លាញ​មូលដ្ឋាន​ការពារ​ដែន​អាកាស​មួយ​ចំនួន​នៅ​កណ្ដាល​ទីក្រុង​ការ៉ាកាស (Caracas) ដើម្បី​កុំ​ឱ្យ​មាន​ការ​រំខាន ក្នុង​យុទ្ធនាការ​ពិសេស​​ជិត ៩០​នាទី។

នៅ​ថ្ងៃ​បន្ទាប់ ពលរដ្ឋ​វេណេហ្ស៊ុយអេឡា​រាប់​ពាន​នាក់​បាន​ដើរ​ចេញ​តាម​ដង​ផ្លូវ ស្រែក​អបអរ​សាទរ​នូវ​ការ​ដួល​រំលំ​នៃ​របប​ផ្ដាច់​ការ បក្ខពួក​និយម និង​ពុករលួយ​មួយ​នេះ។ ពលរដ្ឋ​​រស់​នៅ​ប្រទេស​​​នេះ ភាគ​ច្រើន​បាន​ធ្លាក់​ខ្លួន​ក្រីក្រ លំបាក​វេទនា ខណៈ​មេដឹកនាំ​រស់​នៅ​លើ​ភាព​មាន​បាន ចាយ​លុយ​មិន​ខ្វះ សប្បាយ​ហ៊ឺហា ក្រោម​ដំបូល​សន្តិភាព​ក្លែងក្លាយ និង​ចាប់ចង​ចោទ​ប្រកាន់​ស្រេច​ចិត្ត​លើ​គណបក្ស​ជំទាស់ និង​ពលរដ្ឋ​ណា​ដែល​ហ៊ាន​ងើប​រិះគន់​ខ្លួន។

នៅ​ស្រុក​ខ្មែរ​ឯណេះ​វិញ ពលរដ្ឋ​ជា​ច្រើន​បាន​ចែករំលែក​នូវ​ដំណឹង​នេះ ដោយ​ភ្ជាប់​សំណេរ​អបអរសាទរ និង​ហាក់​អរគុណ​អាមេរិក​ដែល​បាន​ជួយ​អន្តរាគមន៍​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដែល​ពួកគេ​​អះអាង​ថា ជា​មេដឹកនាំ​ផ្ដាច់ការ ដែល​ហាក់​ចង់​​សំដៅ​ដល់​មេដឹកនាំ​ត្រកូល​ហ៊ុន ដែល​កំពុង​ក្រាញ​អំណាច​ជាង ៤០​ឆ្នាំ និង​បន្ត​ផ្ទេរ​មក​កូន ហើយ​ក្ដោបក្ដាប់​អំណាច​ចាក់ស្រេះ​យ៉ាង​មាំ​ក្នុង​ប្រទេស។

អំណាច​លើសលប់​ដែល​មេដឹកនាំ​ផ្ដាច់ការ​ទាំងពីរ​បាន​ប្រើ​ដូចគ្នា មាន​ដូចជា ច្បាប់​អញ​និយម ការ​គ្រប់គ្រង​យោធា ស្ថាប័ន​បោះឆ្នោត ប្រព័ន្ធ​តុលាការ និង​សភា​ទាំង​មូល​នៅ​ក្នុង​ដៃ​យ៉ាង​ណែន។ លើស​ពី​នេះ ពួកគេ​តែង​ប្រើ​ច្បាប់​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និង​ចាប់​ចង ក្រោម​លេស​ចោទ​ប្រកាន់​​គ្រប់​រូបភាព​ដោយ​ឥត​អៀន​ខ្មាស ដើម្បី​បំបាក់​គូ​ប្រកួត​មិន​ឱ្យ​តដៃ​បាន។

សារព័ត៌មាន​អន្តរជាតិ​ជា​ច្រើន​បាន​រាយការណ៍​ពី​អំពើពុករលួយ​របស់​​ក្រុម​មេដឹកនាំ​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ជា​ប្រទេស​មាន​ធនធាន​ប្រេង​កាត​នៅ​ក្រោម​ដី​​ច្រើន​ជាង​គេ​លើ​ពិភពលោក ហើយ​ធ្លាប់​ជា​​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច ឬ​GDP លេខ​៤​​លើ​ពិភពលោក។ តែ​យ៉ាងណា​ក្រោម​ការ​ដឹកនាំ​ប្រទេស​ដែល​គ្មាន​តម្លាភាព និង​ចេះ​តែ​បូម​ប្រេង​លក់​ចាយ​ហ៊ឺហា មិន​បាន​ធ្វើ​ប្រជាជន​វេណេហ្ស៊ុយអេឡា សោយសុខ​លើ​គំនរ​លុយ​កាក់​វាល់​លាន​នោះ​ទេ។ ទន្ទឹម​នឹង​ប្រទេស​នេះ​មិន​បាន​​យក​គំរូ​តាម​ប្រទេស​​ប្រជាធិបតេយ្យ ដោយ​បន្ត​​ប្រើ​មធ្យោបាយ​ដឹកនាំ​​ប្រទេស​បែប​ផ្ដាច់​ការ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន។

ផុង​ខ្លួន​នឹង​សង្គម​ងងឹត

មុន​អាមេរិក​សម្រេច​ចូល​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ដល់​ផ្ទះ។ លោក ម៉ាឌូរ៉ូ បាន​ជាប់​ឈ្មោះ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បទឧក្រិដ្ឋ​ជួញដូរ​គ្រឿងញៀន និង​សង្គម​ងងឹត ដែល​បង្ក​ផ្នែក​អសន្តិសុខ​​ដល់​សហរដ្ឋ​អាមេរិក និង​ពិភពលោក។ អាមេរិក​តែង​ក្រើន​រំលឹក និង​ទាមទារ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ជា​បន្ទាន់។ ផ្ទុយ​ទៅ​វិញ លោក ម៉ាឌូរ៉ូ មិន​បាន​ស្ដាប់​ទេ ថែម​ទាំង​​ឌឺដង​អាមេរិក​ជា​ញឹកញាប់ ​ហើយ​អះអាង​ថា លោក​មាន​អាវុធ​ជាច្រើន​ក្នុង​ដៃ និង​មាន​ចិន និង​រុស្សី​នៅ​ពី​ក្រោយ​ខ្នង។ ជា​ចុងក្រោយ ចិន និង​រុស្ស៊ី និង​បណ្ដា​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន​ទៀត បាន​ត្រឹម​ថ្កោល​ទោស និង​អោប​ដៃ​ឈរ​មើល​ប៉ុណ្ណោះ ដោយ​មិន​អាច​ជួយ​អ្វី​ដល់​លោក ម៉ាឌូរ៉ូ ឡើយ។

ងាក​មក​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន កំពុង​បន្ត​ក្ដោបក្ដាប់​អំណាច​យ៉ាង​ណែន​ពេញ​ដៃ វិញ ហាក់​យក​គំរូ​ដូច​លោក ម៉ាឌូរ៉ូ ស្ទើរ​ទាំង​ស្រុង។ កម្ពុជា​បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា​រដ្ឋ​ឧក្រិដ្ឋកម្ម​អនឡាញ (Online Scam) ដែល​ពិភពលោក​ចាត់ទុក​ជា មជ្ឈមណ្ឌល​ឆបោក​អនឡាញ​ដ៏​ធំ និង​ជា​កន្លែង​ឃុំឃាំង​ចាប់​ជំរិត​មនុស្ស​ខុស​ច្បាប់។ កាល​ពី​ខែ​តុលា ២០២៥ តុលាការ​សហព័ន្ធ​​របស់​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​រឹបអូស​ទ្រព្យសម្បត្តិ ១៥​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន ព្រីន គ្រុប (Prince Group) របស់​អ្នកឧកញ៉ា​ខ្មែរ​ដើម​កំណើត​ចិន​លោក ចេន ហ្ស៊ី (Chen Zhi)។ រីឯ​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​ដាក់​ទណ្ឌកម្ម និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​នេះ​ប្រមាណ ១៧៦លានដុល្លារ។ លោក ចេន ហ្ស៊ី កាន់​សញ្ជាតិ​ខ្មែរ និង​​មាន​តួនាទី​ជា​ទីប្រឹក្សា​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នា​ពេល​បច្ចុប្បន្ន និង​តាំង​ពី​នៅ​ជា​នាយករដ្ឋមន្ត្រី។

អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​គ្មាន​ចំណាត់ការ​ជាក់ស្ដែង និង​មាន​ប្រសិទ្ធភាព​ដើម្បី​កម្ចាត់​ក្រុម​អនឡាញ​ ដែល​ធ្វើ​សកម្មភាព​​យ៉ាង​សេរី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឡើយ ហើយ​លោក ចេន ហ្ស៊ី ​ក៏​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា​យ៉ាង​សុខសាន្ត ហើយ​បន្ត​សកម្មភាព​ឆបោក​របស់​ខ្លួន​បាន​ធម្មតា។ អំពើ​ឆបោក​តាម​អនឡាញ​ដែល​អ្នក​មាន​អំណាច​នៅ​កាង​ពី​ក្រោយ​នេះ ក៏​ត្រូវ​បាន​យោធា​ថៃ​ប្រើ​ជា​លេស​ឈ្លាន​ពាន​កម្ពុជា​​រហូត​កាន់កាប់​ដី​ផ្ទះ​ពលរដ្ឋ​នៅ​តាម​ព្រំដែន បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស ស្ពាន​ថ្នល់ សាលារៀន រហូត​ប្រាសាទ​កេរមរតក​ដូនតា​អាយុ​កាល​រាប់​រយ​ឆ្នាំ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ស្លាប់ និង​របួស​ជាង ១០០​នាក់។

ការ​បំបិទ​សិទ្ធិ​សេរីភាព

ចំណែក​សិទ្ធិ​សេរី​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល និង​នយោបាយ ដែល​មាន​ចែង​ក្នុង​ច្បាប់​កំពូល​ជាតិ សម្រាប់​ការពារ​ពលរដ្ឋ​គ្រប់​រូប​យ៉ាង​​រឹងមាំ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពេញលេញ ត្រូវ​បាន​រដ្ឋាភិបាល​ត្រកូល​ហ៊ុន រឹតត្បិត ធ្វើទុក្ខបុកម្នេញ​ចាប់ចង​ចោទ​ប្រកាន់ ដាក់​គុក​ច្រវាក់​មិន​ខុស​នឹង​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ នោះ​ទេ។ តាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ត​ដល់​​លោក ហ៊ុន ម៉ាណែត របប​នេះ​តែង​ប្រើ​ច្បាប់​ជា​លេស​រារាំង​ពលរដ្ឋ​ដែល​មាន​មតិ​មិន​ស្រប​នឹង​ខ្លួន​គ្រប់​បែប​យ៉ាង ដែល​​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ចូលរួម​កែប្រែ​​វាសនា​ជាតិ ដូចជា​ដាក់​គំនាប ចោទ​ប្រកាន់ រិតត្បិត​សេរីភាព ហើយ​ពេល​ខ្លះ​ប្រើ​ជន​ដៃដល់​តាម​ធ្វើ​បាប ដូចជា​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ឈាន​ទៅ​សម្លាប់​បំបិទ​មាត់​ទៅ​ទៀត ដូច​ករណី​ព្រះអង្គ សំ ប៊ុនធឿន លោក ជា មុនី លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។

ឆាក​នយោបាយ

ចំពោះ​ដៃគូ​ប្រកួត​ប្រជែង​លើ​ឆាក​នយោបាយ រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ និង​លោក ហ៊ុន ម៉ាណែត គឺ​ដូចគ្នា​បេះបិទ​តែ​ម្ដង។ នៅ​វេណេហ្ស៊ុយអេឡា​តុលាការ​បាន​ចោទ​ប្រកាន់ និង​ដាក់​គុក​អ្នក​ទោស​នយោបាយ​ជាច្រើន​នាក់ រួម​ទាំង​ប្រមុខ​បក្ស​ប្រឆាំង​អ្នកស្រី ម៉ារីណា ខួរីណា ម៉ាឆាដូ (María Corina Machado) ដោយ​គំរាម​ដល់​អាយុជីវិត ពេល​អ្នកស្រី​ទទួល​បាន​សំឡេង​គាំទ្រ​​ច្រើន​លើសលប់​ក្នុង​ការ​បោះឆ្នោត ២០២៤។ អ្នកស្រី​បង្ខំ​ចិត្ត​និរទេស និង​តស៊ូ​ពី​ក្រៅ​ប្រទេស រហូត​ទទួល​បាន​ពាន​រង្វាន់​ណូបែល​សន្តិភាព​នៅ​ចុង​ឆ្នាំ​២០២៥​នេះ។ នៅ​កម្ពុជា តុលាការ​ត្រកូល​ហ៊ុន បន្ត​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ក្រោម​លេស​ចោទ​ប្រកាន់​គប់គិត​ជាមួយ​បរទេស ដោយ​ផ្ដន្ទាទោស​រហូត​ជិត ៣០ឆ្នាំ ព្រមទាំង​​ដក​ហូត​សិទ្ធិ​នយោបាយ​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​ច្រើន និង​ចោទ​ប្រកាន់​ផ្ដន្ទាទោស​ដោយ​មិន​សម​ទំនង​លើ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ពី​បទ​ក្បត់ជាតិ​ជាច្រើន​ករណី ព្រមទាំង​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​​លោក​សឹង​គ្រប់​កន្លែង តាម​ទំនើង​ចិត្ត។

លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។ Photo Courtesy of RFA

ដោយ​ឡែក​អង្គការ​ស៊ីវិល សហជីព ដែល​ធ្វើ​ការ​តស៊ូ​មតិ​មិន​ចំណុះ​នឹង​រដ្ឋាភិបាល​លើ​គ្រប់​វិស័យ តែង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ហើយ​​កែប្រែ​ច្បាប់​ស្រេច​ចិត្ត​ធ្វើ​យ៉ាង​ណា ដើម្បី​រិតត្បិត​សកម្មភាព​របស់​ពួកគេ ហើយ​ចោទ​ប្រកាន់ ចាប់​ខ្លួន​ឥត​ល្ហែ ដូច​ករណី​កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ជាដើម។ សកម្មជន​នយោបាយ សង្គម និង​បរិស្ថាន​ជិត​១០០​នាក់ នៅ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​ការ​លើកលែង មាន​ដូចជា​លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី លោក នី ណាក់ លោក ស៊្រុន ស្រ៊ន និង​លោក លី ចាន់ដារ៉ាវុត ជាដើម។

បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ជាតិ

ចំពោះ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​វិញ ប្រទេស​ទាំង​ពីរ​កាន់​តែ​ដូចគ្នា​តែ​ម្ដង។ វេណេហ្ស៊ុយអេឡា​សម្បូរ​ប្រេង​កាត និង​រ៉ែ​កម្រ​ច្រើន​បំផុត​លើ​ពិភពលោក។ ដោយសារ​​គ្មាន​តម្លាភាព មេដឹកនាំ​ប្រទេស​នេះ​បាន​បូម​លក់​ខ្ទេចខ្ទី និង​ចាយ​វាយ​ហ៊ឺហា ស្របពេល​នឹង​ទីផ្សារ​ពិភពលោក​ធ្លាក់​ថ្លៃ​ផង បាន​នាំ​ឱ្យ​ពលរដ្ឋ​ប្រទេស​នេះ​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​យ៉ាង។ ពេល​ខ្លះ​មាន​លុយ តែ​ចាយ​មិន​កើត ព្រោះ​ជាប់​គំនាប​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ដែល​មិន​គាំទ្រ​របប​ផ្ដាច់ការ និង​សក្ដិភូមិ។ ជា​បង្ខំ​ចិត្ត​ពលរដ្ឋ​ត្រូវ​រត់​ចោល​ស្រុក​រាប់​សែន​នាក់ ដើម្បី​ក្រពះ ព្រោះ​មិន​អាច​នៅ​ទ្រាំ​រស់​នៅ យ៉ាង​លំបាក​លំបិន ហើយ​គ្មាន​​ពន្លឺ​នៃ​អនាគត​សោះតែម្ដង។

ចំណែក​កម្ពុជា​ធ្លាប់​ជា​ប្រទេស​សម្បូរ​ព្រៃឈើ គ្រប​លើ​ផ្ទៃ​ដី​ជាង ៧០​ភាគរយ។ បច្ចុប្បន្ន​ក្រុម​លោក ហ៊ុន សែន កាប់​បំផ្លាញ​យក​ទៅ​លក់​ដូរ​ចែក​គ្នា​ចាយ ធ្វើ​ធំ ធ្វើ​មាន​បាន ទិញ​ផ្ទះ និង​ទិញ​សញ្ជាតិ​បរទេស​​សឹង​គ្រប់ៗគ្នា ហើយ​ដើរ​ចាយ​វាយ​ហ៊ឺហា​ដូច​សេដ្ឋី​នៅ​ក្រៅ​ប្រទេស និង​រៀបចំ​កម្មវិធី​បង់កេ​ម្ដងៗ​យ៉ាង​ធំ​សម្បើម។ ការ​ចំណាយ​កម្មវិធី​មង្គលការ​កូនៗ​ពួកគេ គឺ​ខ្ជះខ្ជាយ​មែនទែន សូម្បី​រៀបចំ​ផ្កា​តុបតែង​រោង​មិន​ក្រោម​សែន​ដុល្លារ ឬ​ក្បែរ​លាន​ដុល្លា​នោះ។ ស្រប​ពលរដ្ឋ​ក្នុង​ប្រទេស​ខំ​ធ្វើ​ការ​យ៉ាង​ត្រដរ​គ្មាន​ស្គាល់​យប់​ថ្ងៃ ហើយ​រស់​ក្នុង​សភាព​ដុនដាប និង​បំណុល​ជាប់​ខ្លួន​ស្ទើរ​គ្រប់​គ្នា។

ជាង​នេះ​ទៀត ពលរដ្ឋ​ខ្មែរ​ជាង​២​លាន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ចំណាក​ស្រុក​ទៅ​បរទេស​ធ្វើ​ជា​ពលករ​ប្រើ​កម្លាំង​ដើម្បី​​ចិញ្ចឹម​ក្រពះ និង​សន្សំ​ប្រាក់​ផ្ញើ​មក​ស្រុក​ចិញ្ចឹម​ម្ដាយ​ឪពុក​ចាស់​ជរា មើល​ថែ​ចៅ​តូចៗ និង​សង​បំណុល​ធនាគារ​ជាដើម។ មាន​រឿង​ច្រើន​រាប់​មិន​អស់​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​រស់​នៅ​ដោយ​លំបាក។ កសិករ​ធ្វើ​ស្រែ​ចម្ការ តែ​តម្លៃ​កសិផល​គ្មាន​ទីផ្សារ្។ ចំណែក​រដ្ឋាភិបាល​​គ្មាន​វិធានការ​ជាក់ស្ដែង​ទោះ​ខ្លួន​តែង​អះអាង​ថា កំពុង​ខិតខំៗ តែ​សម្ងំ​រក​សុខ​តែ​គ្រួសារ​ខ្លួន​ប៉ុណ្ណោះ។

ការ​បន្លំ និង​គំរាម​ពេល​បោះឆ្នោត

ឯ​ការ​បោះឆ្នោត​គឺ​មិន​ខុស​គ្នា​សោះ​តែម្ដង។ វេណេហ្ស៊ុយអេឡា​បាន​គ្រប់គ្រង​គជប និង​ប្រើ​កងកម្លាំង​គ្រប់​ប្រភេទ​ដើម្បី​កេងបន្លំ និង​គំរាមកំហែង​ពលរដ្ឋ ដែល​ការណ៍​នេះ ដូច​នឹង​ស្ថានភាព​នៅ​​កម្ពុជា​បេះ​ដាក់។ លោក ហ៊ុន សែន ប្រើ​អំណាច​បញ្ជា​លើ​គជប និង​ស្ថាប័ន​​ទាំង​អស់​ដែល​ពាក់ព័ន្ធ ខណៈ​មន្ត្រី​ទាំង​អស់​នោះ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​ក្រោម​ឱវាទ​របស់​លោក។

អំណាច ​ហ៊ុន សែន ខ្លាំង​លើស ម៉ាឌូរ៉ូ

ចំណែក​ការ​គ្រប់គ្រង​អំណាច​វិញ លោក ម៉ាឌូរ៉ូ អាច​នៅ​ចាញ់​លោក ហ៊ុន សែន។ លោក ហ៊ុន សែន មាន​អំណាច​ផុត​លេខ​នៅ​កម្ពុជា​តែម្ដង ទោះ​ស្ដេច​ផែនដី​ក៏​លោក​​មិន​ខ្លាច​គំរាម ហើយ​ព្រះមហាក្សត្រ មិន​ហ៊ាន​សូម្បី​ក្អក​ជាមួយ​លោក ហ៊ុន សែន។ លោក ម៉ាឌូរ៉ូ បាន​កាន់​តួនាទី​តែ​ជាង ១២​ឆ្នាំ ខណៈ​លោក ហ៊ុន សែន នៅ​ក្នុង​អំណាច​ជិត ៤០​ឆ្នាំ ហើយ​អាច​លើក​បន្តុប​កូន​ប្រុស​លោក​ស្រេច​ចិត្ត ឱ្យ​កាន់​អំណាច​បន្ត​ពី​លោក ហើយ​លោក​នៅ​ការពារ​ពីក្រោយ។ លើស​ពី​នេះ​លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ទុក​ឱ្យ​ហើយ​ថា បើ​លោក ហ៊ុន ម៉ាណែត មាន​បញ្ហា​ដល់​អាយុជីវិត​យ៉ាងណា​នោះ លោក​នឹង​ហក់​ចូល​មក​កាន់​តំណែង​នេះ​សារ​ជាថ្មី។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន ក៏​​​ឡើង​មក​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា និង​ធ្វើជា​​ប្រមុខ​រដ្ឋ ពេល​អវត្តមាន​ព្រះមហាក្សត្រ។ អំណាច​​ខ្ពស់​បំផុត​មួយ​ទៀត​នៅ​ក្នុង​ប្រទេស គឺ​លោក ហ៊ុន សែន ជា​អគ្គមេបញ្ជាការ​ផុត​លេខ ផ្កាយ​មាស​៥។

បើ​ប្រៀបធៀប​អំណាច​ជាមួយ​លោក ហ៊ុន សែន លោក ម៉ាឌូរ៉ូ នៅ​អន់​ជាង លោក ហ៊ុន សែន ឆ្ងាយ​ណាស់ ព្រោះ​លោក ហ៊ុន សែន អាច​កុហក​ពលរដ្ឋ​កម្ពុជា​ឱ្យ​ជឿ​លើ​លោក​ម្ដង​ហើយ​ម្ដង​ទៀត តាមរយៈ​ការ​បង្កើត​ព្រឹត្តិការណ៍​លុប​ព្រឹត្តិការណ៍ និង​ប្រើប្រាស់​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ជា​មធ្យោបាយ​​ដ៏​មាន​ប្រសិទ្ធភាព សម្លាប់​ផ្នត់​គំនិត​ពលរដ្ឋ​ដែល​ទទួល​បាន​ការ​អប់រំ​តិចតួច និង​រស់​ក្រោម​គំនាប​នៃ​វប្បធម៌​ចាស់​គំរឹល​ផង។ ក្រៅ​ពី​នេះ​លោក ហ៊ុន សែន ក៏​ប៉ុន​ប្រសព្វ​ប្រើ​វោហារសាស្ត្រ​​ទាក់ទាញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​បាក់ស្បាត​ដោយ​សារ​សង្គ្រាម​រាំង​ជល់​រាប់​ទសវត្សរ៍ ឱ្យ​ជឿ​ថា លោក​ជា​អាទិទេព​ចាប់​កំណើត និង​ប្រៀប​បាន​ជា​ស្ដេច​កន ដែល​ងើប​បះបោរ​ទម្លាក់​និង​ធ្វើ​គត់​ព្រះបាទ ធម្មរាជា ហើយ​ឡើង​សោយរាជ្យ​ជា​ស្ដេច​ជាដើម។

កាន់​តែ​​ឆ្លាត​អាក្រក់​នឹង​ការ​បោកប្រាស់​ពលរដ្ឋ​ឱ្យ​ជឿ​ស្លុង​នោះ លោក ហ៊ុន សែន មិន​ខ្លាច​ចំណាយ​លុយកាក់​យ៉ាង​ច្រើន​ផលិត​​ទាំង​កុន ទាំង​ជា​វិទ្យុ​ផ្សាយ និង​ជួល​អ្នក​និពន្ធ​គ្រប់​បែប​យ៉ាង​ដើម្បី​សរសេរ​ប្រឌិត​រឿង តែង​ចម្រៀង​បំពេ​អារម្មណ៍​គ្រប់​បែប​យ៉ាង ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​លោក ហាក់​បី​ដូចជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្មាន​លោក​មិន​បាន​ជាដើម។ ទាំងអស់​នេះ ប្រហែល​ជា លោក ម៉ាឌូរ៉ូ មិន​បាន​គិត​ដល់​ធ្វើ​ដូច​លោក ហ៊ុន សែន នោះ​ទេ ទើប​លោក ម៉ាឌូរ៉ូ គ្មាន​ពលរដ្ឋ​នៅ​ចាំ​គាំទ្រ​លើក​ជើង ទោះ​ធ្វើ​ខុស​ឬ​ត្រូវ ហើយ​បែរ​ជា​ពលរដ្ឋ​ហ៊ាន​ចេញ​ស្រែក​អបអរ​តាម​ផ្លូវ​​ទូទាំង​ប្រទេស​បែប​នេះ។

អំនួត​យោធា កម្លាំង​ទទេ

លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែង​ពោល​អួតអាង​​លើ​កម្លាំងយោធា​កម្ពុជា និង​សព្វាវុធ​ទំនើប​ជាច្រើន និង​មិន​ខ្លាច​រអា​ប្រទេស​ណាមួយ​​ឡើយ សូម្បី​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៨ មេបញ្ជាការ​កង​អង្គរក្ស​របស់​​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង ធ្លាប់​អះអាង​យ៉ាង​គឃ្លើន​ថា លោក​​ត្រៀម​វ៉ៃ​​អាមេរិក​គ្រប់​ពេល បើ​អាមេរិក​ចង់​បង្កក​ទ្រព្យ​សម្បត្តិ​របស់​លោក ដែល​លោក​ចាត់​ទុក​ជា​​ការ​បំផ្លើស​ខុស​ការ​ពិត ហើយ​​លោក​ចោទ​ថា អាមេរិក​ចេះ​តែ​ជឿ​​លើ​ការ​ប្រឌិត​របស់​ក្រុម​គណបក្ស​ប្រឆាំង។ ចំណែក​លោក ហ៊ុន ម៉ាណែត វិញ​ក៏​បាន​អួត​ក្ដែងៗ​ថា កម្ពុជា​នឹង​មិន​ឱ្យ​បរទេស​ណា​រំលោភ​យក​ដី​កម្ពុជា​បាន សូម្បី​តែ ១មីល្លីម៉ែត្រ ដោយ​លោក​អះអាង​ថា ពេល​កងកម្លាំង​កម្ពុជា​ចេញ​ច្បាំង គឺ​ត្រូវ​តែ​ឈ្នះ។ រី​ឯ​លោក ហ៊ុន សែន កាន់​តែ​អួត​សម្បើម ដោយ​និយាយ​មិន​ខ្មាស​មាត់​ថា ទោះ​កម្ពុជា​គ្មាន​យន្តហោះ​ចម្បាំង តែ​លោក​ថា កម្ពុជា​អាច​បាញ់​ស្ទាក់​ចាប់​យន្តហោះ​ទាំង​នោះ​បាន។

ប៉ុន្តែ​ជាក់ស្ដែង អំនួត​របស់​​មេដឹកនាំ​ផ្ដាច់ការ​គ្រួសារ​ត្រកូល​ហ៊ុន បាន​ត្រឹម​​បំភ័យ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង ដែល​គ្មាន​អាវុធ និង​អំណាច​ក្នុង​ដៃ​ប៉ុណ្ណោះ។ ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ​ជាង ២០​ថ្ងៃ លោក ហ៊ុន សែន ដែល​កាន់​អំណាច​ត​ត្រកូល​ជាង ៤០​ឆ្នាំ​មក​នេះ ពុំ​មាន​សមត្ថភាព​​ទប់ទល់​​នឹង​ការ​ឈ្លានពាន​របស់​ថៃ​នៅ​តាម​ព្រំដែន ដូច​ការ​​សម្ដែង​ឫទ្ធិ​បន្លាច​ពលរដ្ឋ​ខ្លួន​ឯង​នោះ​ទេ។

សង្គ្រាម​ឈ្លានពាន​ទាំង​ពីរ​លើក ថៃ​បាន​វាយ​សម្លាប់​យោធា​ខ្មែរ​ជា​កូន​អ្នក​ក្រីក្រ​ជា​ច្រើន​នាក់ ដែល​ហ៊ាន​ពលី​ដើម្បី​ការពារ​អធិបតេយ្យភាព​កម្ពុជា។ ចុង​ក្រោយ​ថៃ​បាន​វាយ​កាន់កាប់​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង រួមមាន​ប្រាសាទ​បុរាណ​កេរ​ដូនតា​ខ្មែរ និង​ភូមិឋាន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​រស់​នៅ​រាប់​សិប​ឆ្នាំ។

បំភ្លៃ​ការពិត

ក្រៅ​ពី​អំនួត​តាម​វោហារសាស្ត្រ និង​ប្រើ​ក្រុម​អាម៉ីអាថោង​បន្ទរ​តាម​ក្រោយ​នោះ កម្ពុជា​គ្មាន​សមត្ថភាព​ទប់ស្កាត់​យន្តហោះ​ចម្បាំង​ថៃ ហោះ​ទម្លាក់​គ្រាប់​បែក​ដោយ​សេរី​លើ​ទឹកដី​កម្ពុជា រហូត​ចូល​ជ្រៅ​ជិត ១០០​គីឡូម៉ែត្រ​នោះ​ទេ។ ក្រោម​ការ​ដឹកនាំ​របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន បាន​ត្រឹម​ផ្សាយ​បំភ្លៃ​កុហក​បោក​ពលរដ្ឋ​ខ្លួន​ឯង និង​ប្រើ​ប្រព័ន្ធ​ឃោសនា និង​ក្រុម​មនុស្ស​មាន​ឥទ្ធិពល​របស់​ខ្លួន​ផ្សាយ​បំផ្លើស កុហក​បំភ័ន្ត និង​លើក​ជើង​ដើម្បី​រក្សា​មុខមាត់​របស់​ខ្លួន​ប៉ុណ្ណោះ។

មែនទែន​ទៅ ទាំង​កម្ពុជា និង​វេណេហ្ស៊ុយអេឡា​បាន​ត្រឹម​អួត​ក្ដែង​​ៗ​គំរាម​ពលរដ្ឋ​ខ្លួន​ឯង មិន​ឱ្យ​ងើប​ប្រឆាំង​នឹង​ភាព​ទន់ខ្សោយ​នៃ​សមត្ថភាព​ដឹកនាំ​ប្រទេស​របស់​ពួកគេ​នោះ​ប៉ុណ្ណោះ។

ក្រោយ​អាមេរិក​ចាប់​ខ្លួន​លោក ម៉ាឌូរ៉ូ ទាំង​កម្រោល​បែប​នេះ ក្រុម​ការពារ​លោក ហ៊ុន សែន ដើម្បី​ផល​ប្រយោជន៍ ពុករលួយ កេង​ប្រវ័ញ្ច​សម្បត្តិ​ជាតិ​ជាច្រើន​នាក់ បាន​ចេញ​សរសេរ​ថ្លែង​សារ​បំភ្លៃ​គ្រប់​បែប​យ៉ាង​ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ​ខ្មែរ។ អ្នកខ្លះ​ក្រើន​រំលឹក​កុំ​ឱ្យ​ពលរដ្ឋ​ជ្រួលជ្រើម​តាម ដោយ​ប្រៀប​ធៀប​ទៅ​ប្រទេស​លីប៊ី (Libya) ដែល​លោក ហ្គាដាហ្វី (Gaddafi) ត្រូវ​បាន​ទាញ​ទម្លាក់​ពី​តំណែង រហូត​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​រ៉ាំរៃ នៅ​ឆ្នាំ​២០១១ និង​ប្រដូច​​លោក លន់ នល់ ទាញ​ទម្លាក់​សម្ដេច សីហនុ នៅ​១៩៧០ រហូត​បង្កើត​ជា​សង្គ្រាម​ស៊ីវិល​ជាដើម។ ចំណែក​មន្ត្រី​ធំៗ​របស់​លោក ហ៊ុន សែន បាន​ចេញ​បំភ្លឺ និង​ទាញ​សាច់​រឿង​លោក ម៉ាឌូរ៉ូ ទៅ​ជា​រឿង​ផល​ប្រយោជន៍​ប្រេង​កាត​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា​តែ​មួយ​មុខ ដើម្បី​កុំ​ឱ្យពលរដ្ឋ​ដឹង​ការពារ​ពិត ពី​ភាព​កម្សោយ​នៃការ​ដឹកនាំ​របស់​ប្រទេស​នេះ ដែល​ពោរពេញ​ដោយ​អំពើពុករលួយ បក្ខពួក​និយម និង​អំពើ​ផ្ដាច់ការ​កម្ចាត់​គណបក្ស​ប្រឆាំង បំបិទ​សិទ្ធិ​ពលរដ្ឋ ដូច​នឹង​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​នេះ​តែ​ម្ដង។

មួយ​វិញ​ទៀត​លោក ហ៊ុន សែន និង​បក្ខពួក​ទំនង​ជា​យល់​ថា ពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​ងើប​ប្រឆាំង​នឹង​ខ្លួន​នោះ​ទេ ព្រោះ​លោក​មាន​អំណាច​គ្របដណ្ដប់​គ្រប់​កន្លែង សូម្បី​លោក ហ៊ុន សែន កាត់​ទឹកដី​ឱ្យ​វៀតណាម ដូរ​ភូមិ​លោក ហេង សំរិន ស្រេច​ចិត្ត ហើយ​ថ្មីៗ​នេះ លោក​ចាញ់​សង្គ្រាម​ឈ្លានពាន​របស់​ថៃ អស់​ដី​ផ្ទះ​ពលរដ្ឋ បាត់បង់​ខូចខាត​ផ្ទះ​សម្បែង ប្រាសាទ​បុរាណ​ខ្មែរ និង​ពលរដ្ឋ​ស្លាប់​របួស​ជាច្រើន​នាក់ ក៏​ពលរដ្ឋ​ខ្មែរ​នៅ​ស្ងាត់ស្ងៀម។ ប៉ុន្តែ ភាព​គឃ្លើន​របស់​លោក ហ៊ុន សែន ដែល​បន្ត​ចេញ​សារ​គំរាម​ពលរដ្ឋ​ក៏​មិន​ប្រាកដ​ថា ស្ថិតស្ថេរ​ក្នុង​អំណាច​រហូត​នោះ​ដែរ ដូច​ករណី លោក ម៉ាឌូរ៉ូ ដែល​ទើប​ត្រូវ​អាមេរិក​ក្របួច​ក ទៅ​ដាក់​ទោស ហើយ​ពលរដ្ឋ​បាន​ងើប​អបអរ​ក្នុង​ពេល​នេះ​អ៊ីចឹង៕

សូមទស្សនាការបកស្រាយលម្អិតរបស់លោក ជុន ច័ន្ទបុត្រ តាមការសាកសួររបស់លោក ថា ថៃ ដូចតទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ