រដ្ឋាភិបាល​គ្រោង​ខ្ចី​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​ចំណាយ​នៅ​ឆ្នាំ​២០២៦

0
260
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិការដ្ឋ ជាង ១០​ពាន់​លាន​ដុល្លារ​សម្រាប់​ការចំណាយ​នៅក្នុង​ឆ្នាំ​២០២៦ ដែល​ទំហំ​ចំណាយ​នេះ ក៏​ផ្ដោត​សំខាន់​ដែរ​ទៅលើ​កិច្ចការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី។ ចំនួន​ថវិកាជាតិ​សម្រាប់​ឆ្នាំ​ក្រោយនេះ​បាន​កើន ៧,៦% បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ដែលមាន​ទឹកប្រាក់ ៩​ពាន់​៤​រយ​លាន​ដុល្លារ។ ស្របពេល​មាន​ការ​បង្កើន​ខ្ទង់​ចំណាយ​នេះ​រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចីប្រាក់​ចំនួន ៣.១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​យក​មក​បង្គ្រប់។

រដ្ឋាភិបាល​ស្នង​អំណាច​ពី​ឪពុក លោក ហ៊ុន ម៉ាណែត គ្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ​២០២៦ សរុប​ជាង​៤​ម៉ឺន (៤០.៩១៣) ប៊ី​លាន​រៀល (ប្រមាណ ១០​ពាន់​លាន​ដុល្លារ) ដែល​ថវិការ​មួយ​ភាគ​ធំ ផ្ដោតទៅលើ​កិច្ចការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ប៉ុន្តែ​រដ្ឋាភិបាល​គ្រោង​នឹង​ខ្ចីប្រាក់​ចំនួន ៣.១​ពាន់​លាន​ដុល្លារសហរដ្ឋអាមេរិក បន្ថែមទៀត​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​យកមក​បង្គ្រប់​លើ​គម្រោង​ចំណាយ​នេះ។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹងថា តាម​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិការដ្ឋ​សរុប​ជាង​៤​ម៉ឺន (៤០ ៩១៣) ប៊ី​លាន​រៀល (​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​) ស្មើនឹង​ជិត​១៩ (១៨,៨៥) ភាគរយ នៃ​ផ.ស​.ស ឬ​កើន​ជិត​៨ (៧,៨) ភាគរយ ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​អះអាងថា ទំហំ​ចំណាយ​នេះ ផ្ដោត​ទៅ​លើ​កិច្ចការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី ការ​ថមថយ​ចំណូល និង ការ​ស្រុត​ចុះ​នៃ​ប្រាក់​សន្សំ​របស់​រដ្ឋ។

លោក អូន ព័ន្ធមុន្នីរ័ត្ន បាន​លើកឡើង​ថា សេចក្តី​ព្រាង​ច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៦ ត្រូវ​បាន​រៀបចំឡើង​ក្នុង​បរិការណ៍​ដែល​រាជរដ្ឋាភិបាល​កំពុង​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​នូវ​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ និង​ឥត​រាថយ​ក្នុងការ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ថែរក្សា​សុខសន្តិភាព រួមទាំង​ប្រជាជន។

លោក អូន ព័ន្ធមុន្នីរ័ត្ន៖ «ទោះបីជា​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ គម្រោង​ថវិកា​ឆ្នាំ ២០២៦ ត្រូវផ្តោត​ការ​យកចិត្តទុកដាក់​ជាពិសេស លើ​ការពង្រឹង​សមត្ថភាព​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ការអភិវឌ្ឍ​មូលធន​មនុស្ស ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ និង​ការ​កែទម្រង់​រចនាសម្ព័ន្ធ ដែល​មាន​អភិបាលកិច្ច​ជា​ស្នូល»។

ប្រធាន​នៃ​ស្ថាប័ន​អធិបតេយ្យភាព​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រដ្ឋាភិបាល​គួរតែ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដើម្បី​ធ្វើ​ទំនើបកម្ម​សព្វាវុធ ពង្រឹង​សម​ត្ថិ​ភាព​របស់​កងទ័ព​កម្ពុ​ជា​ក្នុង​ការការពារ​ទឹកដី​ជាពិសេស បន្ទាប់ពី​មានការ​ឈ្លានពាន​របស់​ប្រទេស​ថៃ​។ លោក​ថា រដ្ឋាភិបាល​ក៏​គួរតែ​គិត​ទៅដល់ សម្ភា​រះ​យោធា អោយ​ដូច​ទៅនឹង​អ្វីដែល​លោក​ហ៊ុន សែន បំពាក់​ទៅ​ឲ្យ​កង​អង្គរក្ស​របស់​លោក​ផងដែរ។

លោក អ៊ុំ សំអាន៖ «អ្វីដែល​យើង​ព្រួយបារម្ភ​ខ្លាច​តែ​លុយ​មួយចំនួន​បាន​ទៅដល់​វិស័យ​ការពារជាតិ ហើយ​លុយ​មួយចំនួនទៀត​ចូលទៅក្នុង​ហោប៉ាវ​របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​។ អាហ្នឹង​ជាការ​ព្រួយបារម្ភ ព្រោះ​យើង​ឃើញ​ថា ការចំណាយ​កន្លងមក​គឺ​មិនសូវ​ជាមាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះទេ»។

កន្លង​មក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​លើកឡើង​ថា ប្រទេស​នៅលើ​ពិភពលោក​តិចតួច​បំផុត​ដែល​មិន​ជំពាក់​បំណុល​គេ សូម្បី​តែ​ប្រទេស​ជប៉ុន អាមេរិក និង​បារាំង សុទ្ធតែ​ជំពាក់​បំណុល​បរទេស​ដូចគ្នា ចំណែក​កម្ពុជា​បាន​យក​កម្ចី​ទាំង​នោះមក​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដើម្បី​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ទាំងមូល។ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្កេតឃើញថា បើទោះជា​រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ជំនួយ និង​កម្ចី​ជាច្រើន​ជា​រៀងរាល់ឆ្នាំ​ពី​សហគមន៍​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​ក្តី ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​មិនទាន់​រីកចម្រើន និង​លឿន​រហ័ស​នៅឡើយ។ ចំណែក​ក្នុង​វិស័យ​ការពារជាតិ​វិញ ទាហាន​កម្ពុជា​ភាគច្រើន​នៅមាន​ជីវភាព​ក្រលំបាក ជំពាក់​បំណុល​ធនាគារ គ្មាន​ផ្ទះសម្បែង​រស់នៅ​សមរម្យ​ឱ្យ​សម​ឋានៈ​ជា​អ្នក​ការពារជាតិ ខណៈ​សម្ភារៈ​យោធា និង​យុទ្ធោបករណ៍​របស់​ទាហាន​ខ្មែរ​នៅ​កម្រិត​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ដែល​ភាគច្រើន​មាន​សុទ្ធតែ​អាវុធយុទ្ធភណ្ឌ​ថ្មីៗ ទំនើប និង​ឧបករណ៍​ប្រយុទ្ធ​ទាន់សម័យ​ដូចជា​ដ្រូន និង​យន្តហោះ​ចំបាំង​ជាដើម។ កត្តា​ទាំងអស់​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា កើតឡើង​ដោយសារ​នៅ​កម្ពុជា​ពោរពេញ​ទៅដោយ​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋាភិបាល​ចាក់ស្រេះ​ពីលើ​ដល់​ក្រោម ដែលជា​ឧបសគ្គ​ចំបង​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ