ឈ្មួញ​រក​រ៉ែ​មាស​នៅ​ឧទ្យានជាតិ​វីរៈជ័យ​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​រាប់រយ​គ្រួសារ​ក្នុង​ខេត្តរតនគិរី

0
145
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី

ក្រុម​ឈ្មួញ​កំពុង​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ឧទ្យានជាតិវីរៈជ័យ បាន​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ បង្ក​ផលប៉ះពាល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ នៅ​ស្រុក​តាវែង ខេត្ត​រតនគិរី។ អាជ្ញាធរ​មូលដ្ឋាន​ទទួលស្គាល់​ថា ពិត​ជាមាន​ពលរដ្ឋ​រង​ផលប៉ះពាល់ និង​កើតរោគ​រមាស់​ប្រាកដ​មែន ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា មក​ពី​បញ្ហា​អាជីកម្ម​រ៉ែ​មាស​នៅ​ផ្នែក​ខាងលើ​នោះទេ។

ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ឧទ្យានជាតិ​វីរៈជ័យ បាន​បង្ហូរ​សារធាតុគីមី​ចូល​អូរតាបូក និង​ចូល​ទន្លេ​ស្រែពក បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅក្នុង​ឃុំ​តាវែងលើ ស្រុក​តាវែង ខេត្ត​រតនគិរី ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កើត​ជំងឺ​រមាស់​ស្បែក និង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត។

ប្រធាន​សហគមន៍​មណ្ឌល​យ៉ន លោក គុប ណី រស់នៅ​ភូមិ​អូរតាបូក ឃុំ​តាវែងលើ អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ថា ជិត​មួយឆ្នាំ​មកហើយ ដែល​ទឹកអូរ​តាបូក និង​ទន្លេ​ស្រែពក ប្រែ​ពណ៌​ពី​ថ្លាឈ្វេង​ទៅជា​ពណ៌​ក្រហម​។ លោក​ថា ពលរដ្ឋ​ប្រទះឃើញ​ក្រុម​ឈ្មួញ​មួយក្រុម​ធំ កំពុង​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ចុង​អូរ​តា​បូក និង​បាន​បង្ហូរ​សា​ធារ​តុ​គីមី​ចូលក្នុង​អូរ​ធម្មជាតិ និង​ទន្លេស្រែពក ធ្វើ​ឲ្យ​ពលរដ្ឋ​រាប់រយ​គ្រួសារ​មិនអាច​ប្រើប្រាស់​ទឹកអូរ​ធម្មជាតិ និង​ទន្លេ​បាន​ទៀត​នោះទេ​។ លោក​បន្ថែមថា ពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ។

លោក គុប ណី៖ «ចង់​ឲ្យ​អាជ្ញាធរ​គាត់​ចុះ​សិក្សា​អំពី​ផលប៉ះពាល់​ដែល​គាត់​អាស្រ័យ​ផល​ផ្ទាល់ អំពី​ទឹក និង​ត្រី ពួកគាត់​រស់នៅ​ពឹង​លើ​របស់​ទាំងអស់​នេះ​អ៊ីចឹង អាជីវកម្ម​រ៉ែ អាជីវកម្ម​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ គាត់​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ថា វា​ប៉ះពាល់​ដល់​កម្រិតណា និង​ស្ដាប់​សំណូមពរ ដោយសារ​គាត់​រង​ផលប៉ះពាល់​រួច​ទៅ​ហើយ បច្ចុប្បន្ន​នៅតែ​មាន​ផលប៉ះពាល់​ទៀត»។

ស្រដៀង​គ្នា​នេះ​ដែរ មេភូមិ​អូតាបូក លោក ឈិន ចាន់ អះអាង​ថា ពិត​ជាមាន​ពលរដ្ឋ​កើត​ជំងឺ​រមាស់​ស្បែក ទឹកអូរ​ធម្មជាតិ និង​ទឹកទន្លេ ប្រែ​ពណ៌​ពី​ថ្លាឆ្វេង​ទៅជា​ពណ៌​ក្រហម ប្រាកដ​មែន ហើយ​អាជ្ញាធរ​មូលដ្ឋាន​កំពុងតែ​តាមដាន និង​ស្រាវជ្រាវ​រក​បញ្ហា​ពិតប្រាកដ។

លោក ឈិន ចាន់៖ «ខ្ញុំ​មានការ​ព្រួយ​បារ​ម្ម​ដែរ មិនដឹងថា​មកពី​បញ្ហា​ធ្វើ​ផ្លូវ ឬ​មកពី​បញ្ហា​ធ្វើ​ចម្ការ ខ្ញុំ​ចង់​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​នៅ​ខាងលើ​ឲ្យ​ពួកគាត់​ជួយ​សម្រួល​បើ​ទឹក​នៅតែ​ល្អក់​ពិបាក​ពួកគាត់​ប្រើប្រាស់ មិនទាន់​ដឹងថា​ក្រុមហ៊ុន ឬក៏​ដោយសារ​ខែ​នេះ​ជា​ខែ​ភ្លៀង»។

ជុំវិញ​រឿងនេះ ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បាន​ទេ​នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។ ចំណែក​អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី លោក អ៊ុង ហួរ ក៏​ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​បានដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទោះជា​យ៉ាងណា កាលពីដើមឆ្នាំ​២០២៥ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចាត់​វិធានការ​ម្ដង​រួចហើយ ចំពោះ​ជនជាតិ​វៀតណាម​ដែល​លួច​ចូល​ប្រទេស​កម្ពុជា និង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ស្ថិតក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ស្រុក​តាវែង និង​ស្រុក​អណ្ដូងមាស ខេត្ត​រតនគីរី ដោយ​អាជ្ញាធរ​បាន​បណ្ដេញ​ជន​ជាតិ​វៀតណាម​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង លើកឡើងថា រដ្ឋាភិបាល​គួរតែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់ ប្រសិនបើ​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​មិន​ស្រប​ទៅ​តាម​ច្បាប់ អាជ្ញាធរ​ត្រូវតែ​ចាត់​វិធា​ការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​អ្នកប្រព្រឹត្ត និង​អ្នក​ជាប់​ពាក់ព័ន្ធ ដើម្បី​បង្ហាញ​ពី​ការយកចិត្ត​ទុក​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ និង​អាយុជីវិត​របស់​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ។

លោក សេង សុខហេង៖ «ភាពជាក់ស្ដែង​យើង​ឃើញ​ថាការ​ធ្វើ​អាជីវកម្ម​រ៉ែ​ជាច្រើន​មិន​ស្រប​ទៅ​តាម​ច្បាប់ មាន​ការ​ប្រើប្រាស់​នូវ​សារធាតុ​ហាមឃាត់ ឬ​សារធាតុ​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ទៅដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ បុគ្គល ឬ​ក្រុម​ណា​ដែល​ប្រើប្រាស់​សារធាតុ​ហាមឃាត់ ដែល​មានចែង​នៅក្នុង​ច្បាប់​បរិស្ថាន ពួក​ទាំងនោះ​ត្រូវតែ​ទទួលទោស»។

ប្រជាពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​សិក្សា​ស្រាវជ្រាវ និង​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​ក្រុម​ឈ្មួញ​ទាំងនោះ បញ្ឈប់​បង្ហូរ​សារធាតុ​គីមី​ចូល​អូរ​ធម្មជាតិ​បន្តទៀត​។ ពលរដ្ឋ​ថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ចុះ​ទប់ស្កាត់​នោះទេ ពលរដ្ឋ​រស់នៅ ស្រុក​តាវែង ខេត្ត​រតនគិរី នឹង​ប្រឈម​កើត​ជំងឺ​អាសន្នរោគ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ