
ដីស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារនៅឃុំរីករាយ និងឃុំរុសរាន ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់លោក ទ្រី ដាលុច ដាក់គ្រឿងចក្រឈូសឆាយបំផ្លាញផលដំណាំរបស់ពួកគាត់រាប់រយហិកតារ។ សង្គមស៊ីវិលទទូចឲ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកដំណោះស្រាយសមរម្យដល់ប្រជាពលរដ្ឋរងគ្រោះ។
ស្របពេលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច បានដាក់គ្រឿងចក្រឈូសឆាយរំលោភយកដីស្រែចម្ការ និងបំផ្លិចបំផ្លាញផលដំណាំពលរដ្ឋរាប់រយគ្រួសារ ស្ថិតនៅឃុំរីករាយ និងឃុំរុសរាន ស្រុករវៀង ខេត្តព្រះវិហារ ដោយមិនមានដំណោះស្រាយ និងសំណងសមរម្យនោះទេ។
តំណាងប្រជាពលរដ្ឋ នៅឃុំរីករាយ លោក មុត ឃឿម ប្រាប់ទូរស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែវិច្ឆិកាថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បានដាក់គ្រឿងចក្ររាប់រយគ្រឿងឈូសឆាយយកដីស្រែចម្ការ និងបំផ្លាញផលដំណាំរបស់ពលរដ្ឋ មានដូចជា ដើមស្វាយចន្ទី ដំឡូង សណ្ដែក និងដំណាំស្រូវរបស់ពលរដ្ឋកំពុងប្រមូលផលជាដើម។ លោកបន្ថែមថា ពលរដ្ឋបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចុះជួយរកដំណោះស្រាយជាច្រើនលើក ប៉ុន្តែអាជ្ញាធរទាំងនោះ មិនបានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញ អាជ្ញាធរបានបានដាក់គំនាប និងគំរាមកំហែងពលរដ្ឋថែមទៀត។
លោក មុត ឃឿម៖ «ដោយសារមានការគំរាមកំហែងដូច្នេះគាត់ខ្លាចណាស់ មានការគំរាមកំហែងខ្លាំងពេក ខាងឃុំខាងស្រុក នៅពេលដែលប្រជាពលរដ្ឋទៅឲ្យជួយរកដំណោះស្រាយ អាជ្ញាធរគាត់តែងតែនិយាយថា យើងកុំទៅធ្វើអ្វីគេ ប្រយ័ត្នគេចាប់ដាក់គុក ដាក់ច្រវ៉ាក់ អ៊ីចឹងហើយប្រជាពលរដ្ឋគាត់មិនហ៊ានទេ ចង់ឲ្យគាត់ជួយដោះស្រាយឲ្យពួកគាត់ ពួកគាត់មិនមានដីស្រែចម្ការ មិនដឹងថាពួកគាត់ទៅរកស៊ីអ្វីនោះទេ ពួកគាត់មានដីស្រែចម្ការនឹងហើយគ្រាន់ចិញ្ចឹមក្រពះ និងកូនចៅរបស់ពួកគាត់»។
ពលរដ្ឋម្នាក់រស់នៅឃុំរុសរាន សុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីសុវត្ថិភាព អះអាងថា ដីស្រែចម្ការរបស់គាត់មានចំនួន២ហិកតារ ដែលមានដំណាំស្រូវ សណ្ដែក និងដើមស្វាយចន្ទី ត្រូវបានក្រុមហ៊ុនឈូសឆាយបំផ្លាញចោល ដើម្បីជីកកាយយករ៉ែដែក ដោយក្រុមហ៊ុនសំអាងថា ដីស្រែចម្ការទាំងនោះជារបស់រដ្ឋ ហើយក្រុមហ៊ុនទទួលបានដីសម្បទានពីរដ្ឋាភិបាល។
ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ចង់សំណូមពរឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយ បើថាមានពលរដ្ឋព្រមទទួលយកសំណងក៏ត្រូវមានសំណងសមរម្យតាមដែលគាត់ចង់បាន បើគាត់មិនព្រមទទួលយកក៏ត្រូវដោះស្រាយដីស្រែចម្ការកាត់ឆ្វៀលទុកឲ្យគាត់ ក្រុមហ៊ុនឲ្យលុយទៅប្រជាពលរដ្ឋតែឲ្យទៅតម្លៃមួយដែលពលរដ្ឋមិនអាចទទួលយកបាន ពីព្រោះគាត់មិនដឹងបានដីមកពីណាសម្រាប់ចិញ្ចឹមជីវិតដីស្រែចម្ការគាត់មានតែប៉ុណ្ណឹង មានតាំងពីយូរណាស់មកហើយ»។
ប្រជាពលរដ្ឋរងគ្រោះដីធ្លី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធស្វែងរកដំណោះស្រាយ និងត្រូវផ្ដល់សំណងសមរម្យ ពីព្រោះពលរដ្ឋមិនមានដីស្រែចម្ការ សម្រាប់បង្កបង្កើនផលដើម្បីចិញ្ចឹមជីវិតនោះទេ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បីសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក។ ចំណែកតំណាងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន លោក ដេត សិលា និងអ្នកនាំពាក្យសាលាខេត្តព្រះវិហារលោក ណុប វុធ្ធី ក៏ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។

អ្នកជំនួញព្រៃឈើនៅកម្ពុជាលោក ទ្រី ភាព (រូបកណ្ដាល) និងកូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយកក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
យោងតាមឯកសាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ដែលចុះហត្ថលេខា ដោយរដ្ឋលេខាធិការប្រចាំការ លោក ហ៊ីង ថូរ៉ាក់ស៊ី បានអនុញ្ញាតនិងគាំទ្រឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករកនិងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ក្រោមហេតុផលថា ដើម្បីជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិក្រោយកូវីដ១៩ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស តាមច្រកអន្តរជាតិ ក្អមសំណរ ខេត្តកណ្ដាល ដោយដឹកជញ្ជូនមកដាក់សាឡង់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្តមិនគួរគំរាមកំហែងពលរដ្ឋរងគ្រោះដីធ្លីនោះទេ ផ្ទុយទៅវិញអាជ្ញាធរត្រូវតែសិក្សាស្រាវជ្រាវ និងស្វែងរកដំណោះស្រាយសមរម្យដល់ពលរដ្ឋទាំងនោះ។
លោក យិន ម៉េងលី៖ «បញ្ហានេះសំខាន់លើអាជ្ញាធរដែនដី សំខាន់ក្រសួងពាក់ព័ន្ធ ត្រូវសិក្សាវាយតម្លៃឲ្យបានច្បាស់លាស់អំពីបញ្ហាទាំងអស់នេះ វាយតម្លៃដោយឯករាជ្យមួយ ធ្វើការដោះស្រាយជូនដល់ប្រជាពលរដ្ឋ ជៀសវាងការទៅគំរាមកំហែង ជៀសវាងការទៅឈូសឆាយបំផ្លិចបំផ្លាញដោយសំអាងទៅអាជ្ញាប័ណ្ណនឹង ហើយប៉ះពាល់ជីវភាពប្រជាពលរដ្ឋបញ្ហាកើតឡើងឥតឈប់ឈរ»។
ឧកញ៉ា ទ្រី ដាលុច មិនមែនត្រឹមតែជាអ្នកគ្រប់គ្រងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន មួយនោះទេ លោកក៏ជាអគ្គនាយករងក្រុមហ៊ុន ទ្រី ភាព គ្រុបផងដែរ។ លោក ទ្រី ដាលុច ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រឲ្យផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣។
ក្រៅពីទទួលបានគោរមងារជា«ឧកញ៉ា» ហើយនោះ លោក ទ្រី ដាលុច ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់អតីតប្រធានសភាលោក ហេង សំរិន ជាអនុប្រធានយុវជនស្រុកកណ្ដាលស្ទឹង និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិគណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ បច្ចុប្បន្នលោកជា ទីប្រឹក្សារបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)។ លោក ទ្រី ដាលុច មានអាយុ ៣០ឆ្នាំ គឺជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ដែលល្បីខាងរកស៊ីឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា៕









