

ប្រជាពលរដ្ឋរាប់សិបនាក់ដែលរស់នៅលើកោះមាស ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាជាថ្មីទៀតនៅខាងមុខសាលាស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២ ខែមករា ដើម្បីទាមទារសិទ្ធិរស់នៅនិងកាន់កាប់ស្របច្បាប់។ ការទាមទារនេះ គឺដោយសារពួកគាត់ ព្រួយបារម្ភពីការបាត់បង់ដីធ្លី បន្ទាប់ពីរដ្ឋាភិបាល បានជួលដីតំបន់កោះនេះឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ។
ស្របពេលរដ្ឋខ្មែរនៅតាមព្រំដែន កំពុងរងគ្រោះបាត់បង់ផ្ទះសម្បែងនិងដីធ្លីទៅ ក្រោមការគ្រប់គ្រងរបស់ក្រុមយោធាថៃនោះ ពលរដ្ឋខ្មែរនៅឯផ្ទៃក្នុងប្រទេសវិញ ពួកគាត់ កំពុងរងគ្រោះពីការដណ្តើមយកដីធ្លីពីក្រុមអ្នកមានអំណាច និងក្រុមអ្នកជំនួញធំៗដែរ។
ជាក់ស្តែង ពលរដ្ឋជិត២០០(១៦០)គ្រួសាររស់នៅលើកោះមាសដែលស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកកៀនស្វាយ និងស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ មករា បានចេញតវ៉ាជាថ្មីនៅខាងមុខសាលាស្រុកគៀនស្វាយ ដើម្បីស្វែងរកដំណោះស្រាយដីធ្លីពាក់ព័ន្ធនឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនឧកញ៉ា ឃុន សៀ។ ពលរដ្ឋនៅកោះមាស នាំគ្នាលើករូបថតលោកហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ព្រមទាំងចាក់សំឡេងរបស់លោក ហ៊ុន សែន ដែលនិយាយអំពីបញ្ហាដីធ្លី កន្លងមកដែរ។ ក្រៅពីនេះ អ្នកតវ៉ា នាំគ្នាលើកបដាដែលសរសេរថា ពួកគាត់ ស្នើសុំប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី និងបដិសេធទទួលយកគោលនយោបាយដោះស្រាយជាលុយក្នុងតម្លៃពី៥ទៅ៨ដុល្លារក្នុងមួយម៉ែត្រក្រឡាឡើយ។
ប្រជាពលរដ្ឋរស់នៅកោះមាស លោក ឈឹម រី បានកាន់ក្បាលមេក្រូស្រែកស្នើសុំ ឲ្យអ្នកមានអំណាច និងអាជ្ញាធរពាក់ព័ន្ធ ជួយរកដំណោះស្រាយដីធ្លីជូនពលរដ្ឋដែលកំពុងធ្លាក់ខ្លួនក្រីក្រ។ លោក រៀបរាប់ថា សព្វថ្ងៃនេះ ពលរដ្ឋរកតែអាហារបីពេល ស្ទើរតែមិនបានគ្រប់គ្រាន់ផង ដូច្នេះរដ្ឋមិនគួរដណ្តើមដីពីអ្នកក្រទៅចែកឲ្យអ្នកមាននោះទេ។
ពលរដ្ឋ៖ «រឹបអូសដីពីប្រជាជនក្រីក្រយកឲ្យអ្នកមាន។ ខ្ញុំសូមអំពាវនាវដល់សម្តេច អស់លោកដែលមានតួនាទីបម្រើប្រជាពលរដ្ឋ សូមរកយុត្តិធម៌ឲ្យប្រជាជនយើងខ្ញុំផង»។
ពលរដ្ឋរស់នៅកោះមាសម្នាក់ទៀត គឺលោក ជុំ សំអឿន និយាយថា ការយកដីធ្លីពី ប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារទៅឲ្យឧកញ៉ាម្នាក់ គឺជារឿងអយុត្តិធម៌បំផុត។ លោកថា អ្នកក្រមានតែដីបន្តិចបន្តូចប៉ុណ្ណោះសម្រាប់រស់ ហើយបើយកដីពីអ្នកក្រទៀត គឺមានន័យថា អ្នកក្រនឹងអស់ជីវិត។ លោក ស្នើសុំឲ្យរដ្ឋាភិបាលចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីឲ្យពួកគាត់អាស្រ័យផល និងមានលទ្ធភាពប្រើប្រាស់ទៅតាមសេចក្តីត្រូវការផ្ទាល់ខ្លួនផ្សេងៗ។
លោក ជុំ សំអឿន៖ «អស់លោកយកដីស្រែចំការរបស់ខ្ញុំទៅ មានន័យថា អស់លោកសម្លាប់ខ្ញុំហើយ។ ដូច្នេះខ្ញុំអត់ស្លាប់ទេ បើខ្ញុំចេញទៅស្លាប់ ខ្ញុំអត់ចេញទេ»។
ក្រោយការតវ៉ា អាជ្ញាធរស្រុកបានអនុញ្ញាតឲ្យពលរដ្ឋចូលជួបក្នុងសាលប្រជុំក្នុង សាលាស្រុកកៀនស្វាយ ប៉ុន្តែពុំមានដំណោះស្រាយអ្វីនោះទេ។
ការចេញតវ៉ារកដំណោះស្រាយដីធ្លីជាបន្តបន្ទាប់របស់ពលរដ្ឋកោះមាសនេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានចេញស.ជ.ណ ជួលដីលើកោះមាសក្នុងទំហំប្រមាណ៣៥០ ហិកតារ រយៈពេល ៥០ឆ្នាំឱ្យក្រុមហ៊ុនឃុន សៀ អ៊ីមផត អិចផត (Khun Sea Import Export) របស់ឧកញ៉ា ឃុន សៀ ហើយអាចជួលបន្តជាថ្មីសម្រាប់ការវិនិយោគលើកោះនោះ។ រដ្ឋាភិបាល ណែនាំឲ្យក្រុមហ៊ុន ឃុន សៀ «ត្រូវដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋដែលអាស្រ័យផលនៅលើទីតាំងកោះមាស ក្នុងតម្លៃចន្លោះពី ៥ ទៅ ៨ដុល្លារ ក្នុងមួយម៉ែត្រក្រឡា»។
ជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា ការតវ៉ាសុំប្លង់កម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនេះ ព្រោះពួកគាត់ មើលឃើញថា ដីធ្លីរបស់ពួកគាត់ មិនមានសុវត្ថិភាព ហើយការវិនិយោគរបស់ក្រុមហ៊ុន ក៏មិនបានផ្តល់ប្រយោជន៍អ្វីជូនពួកគាត់ដែរ។
លោក យិន ម៉េងលី៖ «រដ្ឋាភិបាលគប្បីចេញប័ណ្ណកម្មសិទ្ធិឲ្យពួកគាត់ ដើម្បីឲ្យពួកគាត់មានសុវត្ថិភាពដីធ្លី ហើយធ្វើឲ្យពួកគាត់មានទំនុកចិត្តថែមទៀតទៅលើរដ្ឋាភិបាល និងមានទំនុកចិត្តទៅលើការអភិវឌ្ឍន៍»។
ក្រុមហ៊ុនរបស់ឧកញ៉ាឃុន សៀ រងការចោទថា មានកេរ្តិ៍ឈ្មោះអាស្រូវជាច្រើនឆ្នាំមកហើយរឿងធ្វើទុក្ខបុកម្នេញនិងប្រើហិង្សា ដើម្បីបណ្ដេញពលរដ្ឋយកដីនៅតាមខេត្តនិងរាជធានីភ្នំពេញ។ក្រៅពីនេះ ក្រុមហ៊ុនរបស់ឧកញ៉ាឃុន សៀ ក៏បានបូមខ្សាច់ចាក់លុបទន្លេមេគង្គនៅតំបន់អរិយក្សត្រ ជិត១រយហិកតារ ដោយមិនខ្វល់ អំពីច្បាប់ដែរ។ទោះយ៉ាងណា អ្នកឃ្លាំមើល យល់ថា ក្រុមហ៊ុនឧកញ៉ា ឃុន សៀ នៅតែអាចបន្តជំនួញដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនេះទៅបាន ព្រោះឧកញ៉ារូបនេះ តែងផ្តល់លុយជួយដល់បក្សកាន់អំណាចនិងរដ្ឋាភិបាលនៅពេលលោក ហ៊ុន សែន ប្រកាសរៃអង្គាសម្តងៗ៕






