

អ្នកឃ្លាំមើលលើកឡើងថា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ គឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើបញ្ហាប្រឈមរបស់អតិថិជនដកប្រាក់មិនបាន និងបញ្ហាផ្លូវច្បាប់។ អ្នកឃ្លាំមើលក៏បានចោទប្រកាន់ធនាគារជាតិនៃកម្ពុជាថា គឺជាអ្នកកាងការពារឱ្យក្រុមហ៊ុនរបស់លោក ហ៊ុន តូ ដែរ ដោយសារតែគ្មានចំណាត់ស៊ើបអង្កេត និងបង្ក្រាបអ្នកពាក់ព័ន្ធក្រោយដកអាជ្ញាប័ណ្ណក្រុមហ៊ុន ហួយវ័ន ផេ។
អ្នកឃ្លាំមើល បានវាយតម្លៃចំពោះហានិភ័យចរន្តសេដ្ឋកិច្ចជាតិថា នឹងបង្កលក្ខណៈកាន់តែអាក្រក់ដោយសារតែធនាគារជាតិនៃកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនៅតែបន្តបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុន ហួយវ័ន ផេ មានវត្តមាន និងបន្តប្រតិបត្តិការសាច់ប្រាក់លាងកខ្វក់រាប់សិបពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជន។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៤ ខែធ្នូ ថា ធនាគារជាតិនៃកម្ពុជាដែលមានអ្នកដឹកនាំគ្រួសារបក្សពួកនិយម មិនខុសពីក្រុមគ្រួសារត្រកូល ហ៊ុន នោះ គឺមិនបានរួមចំណែកជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាល្អប្រសើរ និងពិនិត្យឱ្យល្អិតល្អន់លើការប្រតិបត្តិការសាច់ប្រាក់កខ្វក់របស់ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ឡើយ។
អ្នកស្រី មូរ សុខហួរ៖ «ធនាគារជាតិនៃកម្ពុជាដឹកនាំជាមួយត្រកូល ហ៊ុន នេះនឹងមិនធ្វើអ្វីជូនប្រទេសជាតិទេ។ ពលរដ្ឋត្រូវតែតាំងចិត្តយើងឈប់លើកដៃអង្វរសំពះរកសន្តិភាពក្លែងក្លាយ សន្តិភាពក្លែងក្លាយនេះវាស៊ីប្រព័ន្ធយើងទាំងអស់។ គណបក្សប្រជាជនកម្ពុជាអំណាចរបស់លោក ហ៊ុន សែន អំណាចនៃត្រកូលហ៊ុនទាំងអស់ហ្នឹង វាពាក់ព័ន្ធនឹង ចេន ហ្សី (Chen Zhi) និងលុយកខ្វក់ប្រព័ន្ធអនឡាញ។ មួយទៀតទ្រព្យសម្បត្តិដែលគេមានមហាសាលហ្នឹងគេអត់មានការអៀនខ្មាសអីបន្តិច ក្នុងការបញ្ចេញហ៊ឺហាឱ្យប្រជាពលរដ្ឋលោកឃើញទេ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី៣ ខែធ្នូ បានចេញសេចក្ដីប្រកាសព័ត៌មានពីការដកអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុន ហួយវ័ន ផេ និងបានបញ្ជាក់ពីការបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ជាស្ថាពរដោយយោងតាមសេចក្ដីសម្រេចរបស់ក្រសួងពាណិជ្ជកម្មកាលពីខែមិថុនា ឆ្នាំ២០២៥។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា រាល់កាតព្វកិច្ចទូទាត់ដល់ម្ចាស់បំណុលដែលក្នុងនោះរួមមានអតិថិជនផងរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ត្រូវបានបំពេញរួចរាល់ស្របតាមច្បាប់។
ក្រៅពីនេះ ធនាគារជាតិក៏បានក្រើនរំលឹកដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះហានិភ័យលើការវិនិយោគក្នុងសេវាកម្មគ្រីបតូ (Crypto) ដោយសារតែមកពេលនេះធនាគារជាតិនៃកម្ពុជាអះអាងថា មិនបានផ្ដល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានហិរញ្ញវត្ថុណាមួយឡើយនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជាធ្លាប់អះអាងប្រាប់វិទ្យុអាស៊ីសេរីចំពោះការដកអាជ្ញាប័ណ្ណប្រតិបត្តិការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ កាលពីខែមីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ក្រុមហ៊ុនមួយនេះមិនបានគោរពតាម អនុលោមតាមបទប្បញ្ញត្តិ និងអនុសាសន៍ដែលមានស្រាប់ របស់និយតករនៃធនាគារជាតិនៃកម្ពុជា។ ប៉ុន្តែទោះជាមានការដកអាជ្ញាប័ណ្ណក៏ដោយ ក្រុមហ៊ុន ហួយវ័ន ផេ នៅតែបន្តប្រតិបត្តិការទូទាត់សងប្រាក់ ឬទទួលប្រាក់ពីសាធារណជនតាមប្រព័ន្ធកម្មវិធីទូទាត់នៅលើប្រព័ន្ធអនឡាញ។
អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គឺបានដឹងច្បាស់ពីភាពមិនប្រក្រតីនៃដំណើរការខុសច្បាប់របស់ក្រុមហ៊ុន ហួយវ័ន ផេ របស់ លោក ហ៊ុន តូ។ អ្នកស្រីបន្ថែមថា ការណ៍ដែលធនាគារជាតិនៃកម្ពុជាគ្មានយន្តការច្បាស់លាស់ក្នុងការតាមដាន និងបង្ក្រាបអ្នកពាក់ព័ន្ធនៃក្រុមហ៊ុនបន្តដំណើរការដែលខ្លួនបានដកអាជ្ញាប័ណ្ណនោះ ស្មើនឹងការពារឱ្យក្រុមហ៊ុនលោក ហ៊ុន តូ អាចនៅតែបន្តមានដំណើរប្រតិបត្តិការលាងលុយកខ្វក់ឱ្យក្រុមឧក្រិដ្ឋជន។ អ្នកស្រី មូរ សុខហួរ ពន្យល់ថា ក្រុមហ៊ុន ហួយវ័ន ផេ ក៏ជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការប្រកាសបិទសេវាកម្ម និងការបង្កកការដកប្រាក់របស់អតិថិជន ព្រោះករណីនេះជាការបំពានលើកាតព្វកិច្ចចម្បងរបស់ខ្លួនក្នុងការធានាដល់ប្រតិបត្តិការ និងការដកប្រាក់សេវាកម្មក្រុមហ៊ុន។
អ្នកស្រី មូរ សុខហួរ៖ «ធនាគារជាតិយើងចាត់វិធានការជាបន្ទាន់មិនត្រឹមតែដកអាជ្ញាប័ណ្ណ ដកហើយក៏ប៉ុន្តែចាត់វិធានការចូលដល់តុលាការ ប្រទេសជាតិយើងអត់មានសង្ឃឹមទេ ក៏ប៉ុន្តែត្រូវផ្ដល់កិច្ចសហប្រតិបត្តិការជាពិសេសជាមួយប្រទេសសហរដ្ឋអាមេរិក ជាមួយអង់គ្លេស ហើយត្រូវឃាត់ខ្លួនប្រធានក្រុមហ៊ុនហ្នឹងជាបន្ទាន់គឺលោក ហ៊ុន តូ។ បង្ហាញមកបង្ហាញឱ្យឃើញថា លោក ហ៊ុន ម៉ាណែត មានសមត្ថភាពមានភាពអង់អាចមានការទទួលខុសត្រូវនៅមុខប្រទេសជាតិយើង»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី និងក្មួយប្រុសលោក ហ៊ុន សែន ដែលជាសហប្រធានក្រុមហ៊ុនហួយវ័ន ផេ គឺលោក ហ៊ុន តូ ដើម្បីសុំការឆ្លើយតបនឹងការចោទប្រកាន់នេះបាននៅឡើយទេ។
ក្រុមហ៊ុន ហួយវ័ន ផេ គឺជាផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន គ្រុប (Huione Group of Cambodia) មានកម្មវិធីទីផ្សារ និងភ្នាក់ងារទូទាត់លុយតាមអនឡាញ និងមានក្មួយបង្កើតប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន គឺលោក ហ៊ុន តូ ជាសហប្រធាននៃក្រុមហ៊ុននេះ។
ក្រសួងរតនាគារអាមេរិក (US) កាលពីខែតុលា កន្លងទៅបានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុន ហួយវ័ន គ្រុប ដោយអាមេរិកបានកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ក្រសួងរតនាគារអាមេរិករកឃើញថា ចាប់តាំងពីខែសីហា ឆ្នាំ២០២១ មកក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ និងបណ្ដាញក្រុមហ៊ុនជាបុត្រសម្ព័ន្ធបានជួយលាងលុយកខ្វក់ចំនួនយ៉ាងតិច ៤ពាន់លានដុល្លារឱ្យក្រុមឧក្រិដ្ឋជនក្រុមចោរបច្ចេកវិទ្យារបស់កូរ៉េខាងជើង (North Korea) និងក្រុមឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីរដ្ឋាភិបាលអាមេរិក ចក្រភពអង់គ្លេស (UK) និង ប្រទេស កូរ៉េខាងត្បូង (South Korea) ក៏បានដាក់ក្រុមហ៊ុន ហួយវ័ន គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀតចូលក្នុងបញ្ជីខ្មៅ ដោយបារម្ភអំពីការធ្វើការប្រតិបត្តិការលាងលុយកខ្វក់។
ក្រោយរងទណ្ឌកម្មអន្តរជាតិជាបន្តបន្ទាប់នេះ ក្រុមហ៊ុន ហួយវ័ន ផេ បានប្រកាសកាលពីថ្ងៃទី១ ខែធ្នូ ពីការផ្អាកសេវាកម្មបណ្ដោះអាសន្ន និងការិយាល័យសេវាកម្មទាំងអស់របស់ក្រុមហ៊ុន ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦។ មកដល់ពេលនេះ ក្រុមហ៊ុន ហួយវ័ន ផេ រុះរើស្លាក់យីហោនៅទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ រីឯ អតិថិជនរាប់រយនាក់ដែលមានលុយរាប់ពាន់ដុល្លារក្នុងកម្មវិធីហួយវ័ន ផេ ក៏ត្រូវបានក្រុមហ៊ុនបង្កកដកមិនបាន។ ក្រុមហ៊ុនបានពន្យល់ពីការទូទាត់លុយដល់អតិថិជនមិនអាចទាន់ពេលវេលា ដោយសារតែប្រតិបត្តិការទីផ្សារខាងក្រៅធ្វើប្រតិបត្តិការពិបាក និងបានស្នើឱ្យអតិថិជនដកប្រាក់បន្តិចម្តងៗ ឬដកប្រាក់ក្នុងរយៈពេលវែង។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើងថា ការបរាជ័យរបស់ក្រុមហ៊ុនលោក ហ៊ុន តូ ក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់ និងការបង្កកការដកប្រាក់របស់អតិថិជន គឺបណ្ដាលមិនពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិដោយសារតែសកម្មភាពប្រតិបត្តិការខុសច្បាប់របស់ខ្លួន។ អ្នកស្រីឱ្យដឹងទៀតថា ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅប្រទេសអង់គ្លេសកំពុងមានកិច្ចសហប្រតិបត្តិការ និងចំណាត់ការម៉ឺងម៉ាត់ជាមួយរដ្ឋាភិបាល ដើម្បីបញ្ចៀសក្រុមហ៊ុន លោក ហ៊ុន តូ ប្រតិបត្តិការសាច់ប្រាក់តាមប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេ។ អ្នកស្រីក៏លើកទឹកចិត្តដល់អ្នកដែលរងគ្រោះពីក្រុមហ៊ុន ហួយវ័ន ផេ ដាក់ពាក្យបណ្ដឹងលក្ខណៈអន្តរជាតិនៅតាមបណ្ដាស្ថានទូតនៃប្រទេសដែលបានដាក់ទណ្ឌកម្មក្រុមហ៊ុន ហួយវ័ន ផេ។ អ្នកស្រីយល់ថា នេះគឺជាមធ្យោបាយក្នុងការផ្ដល់ភស្តុតាងកាន់តែរឹងមាំឱ្យអន្តរជាតិអាចបន្ថែមទណ្ឌកម្មលើក្រុមហ៊ុន លោក ហ៊ុន តូ ដែលប្រតិបត្តិការអំពើលាងលុយកខ្វក់ដល់ក្រុមឧក្រិដ្ឋជន ហើយក៏អាចបង្ហាញពីភាពបរាជ័យរបស់ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធមិនមានចំណាត់ការផ្លូវច្បាប់ណាមួយលើអ្នកដែលពាក់ព័ន្ធ៕









