

គ្រួសារសកម្មជនមាតាធម្មជាតិ ស្នើឱ្យរដ្ឋាភិបាល និងតុលាការសាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌ និងដោះលែងសកម្មជនទាំង ៥នាក់ ។ ទន្ទឹមគ្នានេះ អង្គការចលនាមាតាធម្មជាតិអំពាវនាវឱ្យបងប្អូនខ្មែរ នៅក្រៅប្រទេស នាំគ្នាបញ្ចេញសំឡេង ដើម្បីបញ្ឈប់ភាពអយុត្តិធម៌លើសកម្មជនមាតាធម្មជាតិនិង លើប្រជាពលរដ្ឋខ្មែរទូទៅនៅប្រទេសកម្ពុជា។
ប្រពន្ធសកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ស្នើឱ្យរដ្ឋាភិបាលនិងសាលាឧទ្ធរណ៍ភ្នំពេញដោះលែងសកម្មជនទាំង ៥នាក់ ឱ្យមានសេរីភាព។ លោកស្រីលើកហេតុផលថា ការបន្តឃុំខ្លួនប្ដីលោកស្រី និងសកម្មជនផ្សេងទៀត ធ្វើប៉ះពាល់មុខមាត់រដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌កម្ពុជា ខណៈសកម្មភាពរបស់ពួកគាត់កន្លងមក គឺការពារផលប្រយោជន៍ប្រទេសជាតិសុទ្ធសាធ។
ការស្នើនេះ ធ្វើឡើងមុនពេលសាលាឧទ្ធរណ៍ភ្នំពេញគ្រោងនឹងបើកសវនាការ នៅថ្ងៃទី០១ ខែធ្នូខាងមុខនេះ លើពាក្យបណ្ដឹងរបស់មេធាវីការពារក្ដី សកម្មជនបរិស្ថានទាំង ៥នាក់ ដែលសុំឱ្យតុលាការដោះលែងពួកគាត់។ សកម្មជនបរិស្ថានទាំង ៥នាក់ រួមមានលោក ថុន រដ្ឋា លោក យឹម លាងហ៊ី លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែងរស្មី និងកញ្ញា ឡុង គន្ធា កំពុងជាប់ឃុំជាង ១ឆ្នាំ ៤ខែហើយ។
លិខិតរបស់មហាអយ្យការសាលាឧទ្ធរណ៍ភ្នំពេញ ចុះថ្ងៃទី២៥ ខែវិច្ឆិកា បញ្ជាក់ថា សវនាការសាលាឧទ្ធរណ៍នឹងជំនុំជម្រះក្រោមសមាសភាពក្រុមប្រឹក្សា ៣រូប ដោយមានលោក អ៊ិត សុធា ជាប្រធានអមដោយចៅក្រមប្រឹក្សាលោក អិន វ៉ានវិបុល និង លោក ឌុច សុខវិសារិន។
លោកស្រី ប៉ាត់ រស្មី ដែលជាប្រពន្ធលោក ថុន រដ្ឋា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រសិនបើតុលាការបន្តឃុំខ្លួនប្ដីលោកស្រី និងសកម្មជនផ្សេងទៀត មានតែធ្វើឱ្យអាប់ឱនមុខមាត់រដ្ឋាភិបាល និងប្រទេសជាតិ។ លោកស្រីថា សកម្មភាពការពារធនធានធម្មជាតិ មិនមែនជាអំពើក្បត់ជាតិ ដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ និងដាក់ទោសឡើយ។
លោកស្រី ប៉ាត់ រស្មី៖ «មានតែសំណូមពរឱ្យរដ្ឋាភិបាលតុលាការ និងមន្ត្រីពាក់ព័ន្ធគួរតែពិចារណាឡើងវិញ គួរតែឱ្យពួកគាត់មានសេរីភាព ដោះលែងពួកគាត់ឱ្យមានសេរីភាព ដើម្បីបានមកការពារធនធានធម្មជាតិបន្តទៀត។ យើងឃើញស្រាប់ហើយសកម្មភាពគាត់កន្លងមក គឺគ្រាន់តែការពារបរិស្ថាន និងជួយជាប្រយោជន៍ដល់ប្រទេសជាតិ និងសង្គមជាតិតែប៉ុណ្ណឹងទេ។ អត់មានធ្វើបទល្មើសខុសនឹងច្បាប់ ដែលតុលាការចោទប្រកាន់ថា រួមគំនិតក្បត់នោះទេ»។
ទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា បានទេនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។
ស្របពេលសាលាឧទ្ធរណ៍បើកសវនាការសកម្មជនទាំង ៥នាក់ អង្គការចលនាមាតាធម្មជាតិ ក៏បានប្រកាសធ្វើពិធីអុជទាននៅក្នុងទីក្រុងប៉ារីស ដើម្បីសេរីភាព របស់សកម្មជនទាំង ៥នាក់ ដែលកំពុងជាប់ពន្ធនាគារនៅប្រទេសកម្ពុជា។
ហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ ឱ្យដឹងថា រយៈពេលជាងមួយឆ្នាំហើយ ដែលមិត្តភ័ក្ដិទាំង៥នាក់របស់ពួកគាត់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារដោយតុលាការ មហាអយុត្តិធម៌នៃកម្ពុជា ក៏ព្រោះតែសកម្មជនទាំងនេះ ខិតខំប្រឹងប្រែងការពារ សម្បត្តិធនធានធម្មជាតិ និងគាំពារសិទ្ធិរបស់សហគមន៍។ ចលនាមាតាធម្មជាតិអះអាងថា មិនដែលភ្លេចសោះឡើយ អំពីភាពអយុត្តិធម៌នេះ ហើយនឹងបន្ត ប្រមូលសំឡេងគាំទ្រ ដើម្បីទាមទារឱ្យសកម្មជនរងគ្រោះមានសេរីភាពឡើងវិញ។
ចលនាមាតាធម្មជាតិបន្ថែមថា ឆ្នាំនេះចលនាធ្វើយុទ្ធនាការជាមួយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានឈ្មោះថា « សរសេរសម្រាប់យុទ្ធនាការសិទ្ធិ » (Write For Rights Campaign) និងសហការជាមួយបណ្ដាញអង្គការលើកលែងទោសអន្តរជាតិនៅប្រទេសបារាំង (Amnesty International France) ទាក់ទងនឹងសកម្មភាពអាកាសធាតុ (Climate activists) ក៏ដូចជាបងប្អូនពលរដ្ឋខ្មែរនៅបារាំងក្នុងការធ្វើពិធីអុជទាននៅក្នុងទីក្រុងប៉ារីស ដើម្បីសេរីភាពរបស់សកម្មជនទាំង ៥នាក់។ ចលនាមាតាធម្មជាតិអំពាវនាវឱ្យបងប្អូនខ្មែរនៅក្រៅប្រទេសនាំគ្នាបញ្ចេញ សំឡេងដើម្បីបញ្ឈប់ភាពអយុត្តិធម៌នៅប្រទេសកម្ពុជា៕









