ស្រូវ​របស់​កសិករ​ក្នុង​ខេត្តសៀមរាប​ជិត​១​ម៉ឺន​ហិកតារ​ប្រឈម​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង

0
93
ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​សៀមរាប កាល​ពីថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​មន្ទីរធនធានទឹក​ខេត្ត​សៀមរាប
ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​សៀមរាប កាល​ពីថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៥។ រូប៖ ហ្វេសប៊ុក​មន្ទីរធនធានទឹក​ខេត្ត​សៀមរាប

ដំណាំ​ស្រូវ​ជិត​មួយ​ម៉ឺន (១០.០០០) ហិកតារ​និង​ដំណាំ​ដំឡូង​មី​ជាច្រើន​ហិកតារ​ផ្សេងទៀត​របស់​ប្រជាកសិករ​នៅក្នុង​ខេត្តសៀមរាប កំពុង​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង។ កសិករ​ដែល​រងគ្រោះ​មាន​ចំនួន​ជាង ៧​ពាន់​គ្រួសារ​នៅក្នុង​ស្រុក​ចំនួន​៦ នៃ​ខេត្តសៀមរាប។ នេះ​បើ​តាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​ដែល​បាន ចេញផ្សាយ​របាយការណ៍​របស់​មន្ទីរ​កសិកម្ម ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា។

ខេត្ត​សៀមរាប បាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ​ចំនួន​២ ដែល​បាន​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ចាប់តាំងពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា​មក។ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ ក៏បាន​ប្រកាស​ពី​កិច្ច​សហការ​គ្នា​ដើម្បី​ជួយ​ដល់​កសិករ​ដូចជា​ការ​ដាំដុះ​ស្ដារ​ឡើងវិញ តាម​មធ្យោបាយ​ផ្សេងៗ និង​បន្ត​តាមដាន​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​ជាដើម។

ក្រៅពី​ខេត្តសៀមរាប​នេះ ទឹកជំនន់ ក៏​កំពុង​បង្ក​ការ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ដែរ។ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ រីដា បាន​បង្ហោះ​សារ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​២១ វិច្ឆិកា ថា ទឹកស្ទឹង​ពោធិ៍សាត់​កំពុង​ពង្រីក​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​ក្រុង និង​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់។ លោក​អះអាង​ថា អាជ្ញាធរ​ខេត្ត​ភាគ​ខាងលិច​នេះ កំពុង​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​មកកាន់​ទីទួល​សុវត្ថិភាព ព្រមទាំង​កំណត់​គោលដៅ​ផល​ប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង​នេះ​ផង​ដែរ​។ ទោះជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ មិនទាន់​បញ្ជាក់​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​និង​ការខូចខាត​នៅឡើយ​ទេ​។ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត បាន​ចុះ​ចែក​អំណោយ​ដូចជា​គ្រឿង​បរិភោគ​មួយចំនួន និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ប្រុងប្រយ័ត្ន​សុវត្ថិភាព​ឲ្យ​បាន​ខ្ពស់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ