
ពលរដ្ឋ និងសង្គមស៊ីវិល ព្រួយបារម្ភ ក្រោយពី អតីតមន្ត្រីប៉ូលិសស្រុកស្អាង ខេត្តកណ្ដាលម្នាក់ គឺលោក ភក្តី វិទូ ដែលធ្លាប់មានរឿងអាស្រូវ ប្រព្រឹត្តអំពើហិង្សា មកលើពលរដ្ឋ ២នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ និងស្លាប់ កាលពីឆ្នាំ២០២១៦ ទទួលបាន តំណែងជាសមាជិកក្រុមប្រឹក្សាស្រុកស្អាង។ អភិបាលស្រុកស្អាងថា ការតែងតាំង លោក ភក្តី វិទូ គឺធ្វើឡើង តាមនីតិវិធីបក្ស ដោយពុំបានគិតពីរឿងអាស្រូវ ដែលធ្លាប់កើត មាននោះឡើយ។
ពលរដ្ឋសំដែងការភ្ញាក់ផ្អើលផង និងមិនពេញចិត្តផងចំពោះការតែងតាំង អតីតមន្ត្រីប៉ូលិសស្រុកស្អាង លោក ភក្តី វិទូ ដែលធ្លាប់ រងការចោទប្រកាន់ថា បានព្រួតគ្នាវាយបុរសម្នាក់ រហូតដល់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីឆ្នាំ២០១៦។
ពលរដ្ឋម្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៩ ខែមីនា ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ព្រោះបារម្ភ ពីសុវត្ថិភាព លើកឡើងថា ជារឿង គួរឱ្យព្រួយបារម្ភ នៅពេលដែលអតីតមន្ត្រីប៉ូលិសស្រុកស្អាង លោក ភក្តី វិទូ ដែលធ្លាប់មានរឿងអាស្រូវសម្លាប់ ពលរដ្ឋម្នាក់ បែរជា ទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សាស្រុកស្អាង។ពលរដ្ឋរូបនេះហាក់មានមន្ទិលថាការតែងតាំង នេះអាចធ្វើឡើងក្រោមរូបភាពអំពើ ពុករលួយ ឬបក្ខពួកនិយម។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «អ៊ីចឹងខ្ញុំគិតថាវាជារឿងមិនប្រក្រតី។គាត់ចូលតាមរបៀបណា? គាត់ចូលតាមរបៀប បានជាគាត់អាចចូលធ្វើការបាន។ ជាក្រុមប្រឹក្សាស្រុកតំណែងនេះធំតើ មិនមែនតូចទេ។ ដូចខ្ញុំគិតថា ជាឧក្រិដ្ឋកម្មនេះវាត្រូវជាប់ទោស១៥ ទៅ២០ឆ្នាំ។ អ៊ីចឹងបានខ្ញុំគិតថា ហេតុអ្វីបានជាគាត់មិនទទួលទោសទណ្ឌ»។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បុរសម្នាក់ឈ្មោះ ចំរើន សីហា អាយុ ២៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យក្រុងតាខ្មៅ និងបុរសម្នាក់ទៀតឈ្មោះ ទិត្យ លាភ អាយុ ២២ឆ្នាំ បានរងរបួសធ្ងន់ បន្ទាប់ពីពួកគាត់ត្រូវបាននគរបាលស្រុកស្អាង ៣នាក់ព្រួតគ្នាវាយដំ ក្រោយពីមានជម្លោះជិះម៉ូតូ ប្រជែងគ្នា ហើយត្រូវបាននគរបាលចោទថា ជាចោរប្លន់។
ប៉ូលិសទាំង៣នាក់នោះ រួមមាន អតីតអធិការរងនៃអធិការដ្ឋាននគរបាលស្រុកស្អាង លោក ភក្ដី វិទូ អតីត នាយផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាល លោក ឆៃ ស៊ីណា និងអតីតនាយរងផ្នែកពិនិត្យ និងវិភាគ កន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលស្រុក លោក ឃាង សុងថេង។ ទោះជាយ៉ាងណា ពួកគេទាំងបីនាក់ពុំត្រូវបានចាប់ខ្លួន ឬផ្ដន្ទាទោស តាមផ្លូវច្បាប់នោះឡើយ។
ក្រោយមក ពួកគេ ក៏បានចេញមុខ មកដោះស្រាយបញ្ហា ជាមួយជនរងគ្រោះ ដោយផ្ដល់សំណងចំនួន ២ម៉ឺនដុល្លារ ជាថ្នូរនឹងការបញ្ចប់រឿង។ បន្ទប់មកទៀត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានបណ្ដេញ អ្នកទាំង៣ ចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ដោយមូលហេតុ «បោះបង់ការងារចោល»។
ក្រោយពីរឿងហេតុនេះបាន ស្ងប់ស្ងាត់ អស់រយៈពេលជិត១០ឆ្នាំ នៅក្នុងអាណត្តិដឹកនាំរបស់ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បន្តពីឪពុក គឺលោក ហ៊ុន សែន លោក ភក្ដី វិទូ ក៏ទទួលបានតំណែងជាសមាជិកក្រុមប្រឹក្សាស្រុកស្អាង ខេត្តកណ្ដាល ដែលមានរយៈពេលជាង២ឆ្នាំមកហើយ។ ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៩ ខែមីនា បានសួរបញ្ជាក់ពី លោក ភក្ដី វិទូ ជុំវិញតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកស្អាង ប៉ុន្តែ លោកឆ្លើយយ៉ាងខ្លីថា «គ្មានតួនាទីអ្វីនោះទេ»។
លោក ភក្ដី វិទូ៖ «ខ្ញុំអត់មានធ្វើការអីផង។ អត់មានទេ អត់មានទេ!.»។
ចំណែក អភិបាលស្រុកស្អាង លោក ជឺ គឹមហៃ បានប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃដដែលនេះថាលោក ភក្ដី វិទូ ពិតជាមានតួនាទីជាសមាជិកក្រុមប្រឹក្សាស្រុកស្អាងមែន។ លោកថា ការតែងតាំងនេះ គឺធ្វើឡើងតាមនីតិវិធីផ្ទៃក្នុងបក្ស ព្រោះថា មកទល់ពេលនេះ លោកពុំទាន់ទទួលបានលិខិតបញ្ជាក់ពីតុលាការនៅឡើយ ដែលថា លោក ភក្ដី វិទូ មានបទល្មើសព្រហ្មទណ្ឌ។
លោក ជឺ គឹមហៃ៖ «យើងរៀបចំគាត់ទៅតាមនីតិវិធី ព្រោះជាធម្មតាការរៀបចំបេក្ខជន យើងមើលតាមនីតិវិធី សម្រាប់កិច្ចការផ្ទៃក្នុងរបស់គណបក្សផងដែរ។កាលនោះ យើងមិនបាន ទាក់ទងរឿងករណីព្រហ្មទណ្ឌរបស់គាត់ ព្រោះយើងតែងតាំងហើយ។ គណបក្សបានរៀបចំហើយ ជាគោលការណ៍គាត់ជាបេក្ខជន និងជាសមាជិកក្រុមប្រឹក្សាហើយ។ អត់ទេ ខ្ញុំអត់អាចឆ្លើយបានទេ ពាក់ព័ន្ធរឿងអាស្រូវ»។
បើទោះជាបែបនេះក្ដី អ្នកឃ្លាំមើលឡើងថា ការតែងតាំងមន្ត្រីតាមមូលដ្ឋានរបស់គណបក្សកាន់អំណាច និងមន្ត្រីក្នុងជួររដ្ឋាភិបាលកន្លងមក ហាក់ធ្វើឡើងយ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីលក្ខណៈសម្បត្តិ របស់មន្ត្រីនោះឡើយ ដែលជាហេតុធ្វើឱ្យអំពើពុករលួយ និងបញ្ហាអយុត្តិធម៌ សង្គម ចេះតែបន្តកើនឡើង។ ពួកគាត់ថា ករណីនេះ ពុំមែនទើបតែកើតមាននោះទេ កន្លងទៅ មន្ត្រីនគរបាលជាច្រើន ដែលធ្លាប់ប្រើអំពើហិង្សា មកលើសកម្មជនដីធ្លី សកម្មជនបរិស្ថាន និង សកម្មជនសហជីពជាដើម អ្នកទាំងនោះតែងតែរួចផុតពីសំណាញច្បាប់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ឃើញថា ការតែងតាំងបុគ្គលណាម្នាក់ ដោយពុំខ្វល់លើ លក្ខណៈសម្បត្តិ ឬ រឿងអាស្រូវ របស់បេក្ខជន នឹងធ្វើឱ្យពលរដ្ឋលែងមានជំនឿចិត្ត ហើយ ប្រជាប្រិយភាព របស់គណបក្សនោះ ក៏នឹងបាត់បង់ផងដែរ។ លោកថា ប្រសិនបើកម្ពុជា មានប្រព័ន្ធបោះឆ្នោត ត្រឹមត្រូវ និង យុត្តិធម៌ អ្នកនយោបាយ នឹងប្រយ័ត្នប្រយែង ក្នុងការដាក់បេក្ខជន ព្រោះ ខ្លាចបាត់បង់ សន្លឹកឆ្នោត។ ប៉ុន្តែ លោកថា ជារឿងសោកស្ដាយ ដែលការតែងតាំងបុគ្គល គឺភាគច្រើន ធ្វើឡើង មិនត្រូវតាមការចង់របស់ពលរដ្ឋ។
លោក នី សុខា៖ «ប្រសិនបើយើងទៅជ្រើសរើសមនុស្សដែលពលរដ្ឋមើលឃើញថា ជាមនុស្ស មិនល្អ និងមានរឿងអាស្រូវច្រើន នៅក្នុងសង្គម មានបញ្ហាច្រើននៅក្នុងសង្គម។ ខ្ញុំគិតថាគណបក្សនយោបាយហ្នឹង នៅថ្ងៃអនាគតនឹងបាត់បង់ប្រជាប្រិយភាព និងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋ។ នេះជារឿងមួយដែល គណបក្សនយោបាយនីមួយៗគួរតែគិតពិចារណា ក្នុងការតែងតាំងមន្ត្រី ដែរបាទ»។
មន្ត្រីសង្គមស៊ីវិល និង ពលរដ្ឋលើកឡើងថា រដ្ឋាភិបាលមិនគួរតែងតាំងបុគ្គល ដែលមានរឿង អាស្រូវ មិនល្អ ព្រោះអាចនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រទេសជាតិ ជាពិសេស ជនដែល ធ្លាប់ពាក់ព័ន្ធ អំពើឃាតកម្ម ដូចជាករណីលោក ភក្ដី វិទូ។ ពួកគាត់ថា ការតែងតាំង បុគ្គលដែលមាន រឿងពាក់ព័ន្ធ ឃាតកម្ម គឺ ប្រៀបដូចទៅនឹង ការលើកម្ពស់ឱ្យ មានអំពើ និទ្ទណ្ឌភាព ខណៈជនរងគ្រោះ ត្រូវបាត់បង់ ជីវិតដោយអយុត្តិធម៌ ហើយជនបង្ករស់នៅដើរហើរដោយសេរី និងមានតួនាទីនៅក្នុង ស្ថាប័នជាតិថែមទៀត៕










