ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន មិន​ព្រម​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ​វិញ​ឡើយ

0
207
រូបភាពរបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) កំពុងធ្វើអាជីវកម្មរ៉ែដែកនៅភាគខាងជើងនៃតំបន់ព្រៃឡង់ ជាប់ខេត្តព្រះវហារ និងខេត្តស្ទឹងត្រែង កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

រូបភាពរបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) កំពុងធ្វើអាជីវកម្មរ៉ែដែកនៅភាគខាងជើងនៃតំបន់ព្រៃឡង់ ជាប់ខេត្តព្រះវហារ និងខេត្តស្ទឹងត្រែង កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្តព្រះវិហារ អះអាង​ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) របស់​លោក ទ្រី ដាលុច នឹង​មិន​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក ឲ្យ​ពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​នោះ​ឡើយ។ សង្គម​ស៊ីវិល​ថា អាជ្ញាធរ និង​ក្រុមហ៊ុន គួរ​រក​ដំណោះស្រាយ​មុន​ឈូស​ឆាយ​ផលដំណាំ​និង​ដីស្រែ​ចម្ការ​របស់​ពលរដ្ឋ​រងគ្រោះ។

អស់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ដែល​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​លោក ទ្រី ដាលុច ធ្វើ​អាជីវកម្ម​រ៉ែ​ដែក នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ​។ អាជ្ញាធរ​មូលដ្ឋាន អះអាង​ថា ក្រុមហ៊ុន​មួយ​នេះ នឹងមិន​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ ឲ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ឡើយ បើ​ទោះបី​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​រួសរាន មិន​ព្រម​ទទួលយក​សំណង​ដែល​ក្រុមហ៊ុន​បាន​កំណត់​ឲ្យ​ក្ដី។

រូបភាពរបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) កំពុងធ្វើអាជីវកម្មរ៉ែដែកនៅភាគខាងជើងនៃតំបន់ព្រៃឡង់ ជាប់ខេត្តព្រះវហារ និងខេត្តស្ទឹងត្រែង កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មេឃុំ​រួសរាន់ លោក ប្រាក់ វ៉េត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០១ ខែធ្នូ​ថា ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន នឹង​មិន​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ដែល​រង​ផល​ប៉ះពាល់​ឲ្យ​ពលរដ្ឋ​វិញ​ឡើយ ដោយ​ក្រុមហ៊ុន​សំអាង​ថា ដីស្រែ​ចម្ការ​ទាំងនោះ គឺ​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ទៅលើ​អាជីវកម្ម​រ៉ែ​ដែក ហើយ​ក្រុមហ៊ុន​នឹង​ឈូស​ឆាយ​ដីធ្លី​ទាំងនោះ បើទោះ​បី​ពលរដ្ឋ​មិន​ព្រម​ទទួលយក​សំណង និង​ចេញ​មក​តវ៉ា​យ៉ាងណាក្ដី។ លោក​មេឃុំ អះអាង​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គ្មាន​សិទ្ធិ​សម្រេច​អ្វី​ឡើយ ក្រៅពី​ជួយ​សម្របសម្រួល​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ។

លោក ប្រាក់ វ៉េត៖ «កាលពី​ម្សិលមិញ​ខ្ញុំ​បាន​ទៅ​ជួប​ធ្វើការ​ដោះស្រាយ​ដែរ អំពី​តំបន់​ដែល​ត្រូវ​កាត់​ឆ្វៀល ខ្ញុំ​ទទួល​បាន​ពី​ក្រុមហ៊ុន​ដែល​គេ​បាន​និយាយ គឺ​គេ​ធ្វើ​នៅក្នុង​អាជ្ញាប័ណ្ណ​ដែល​រដ្ឋ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ទៅ​គេ តែបើ​ឲ្យ​គេ​កាត់​ឆ្វាល គេ​អត់​អាច​កាត់​ឆ្វៀល​ឲ្យ​បានទេ»។

លោក ប្រាក់ វេត បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បាន​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ដែល​មាន​ដីស្រែ​ចម្ការ និង​ដី​មាន​ផលដំណាំ​ជាង​២​ពាន់​ដុល្លារ ក្នុង​១​ហិកតារ និង​ដីស្រែ​ដែល​មិន​មាន​ផលដំណាំ ចំនួន​៦​លាន​រៀល (៦.០០០.០០០) ហើយ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​មិន​ដល់​១០​គ្រួសារ​នោះ​ទេ ដែល​មិន​ព្រម​ទទួលយក​សំណង និង​ស្នើ​ឲ្យ​កាត់​ឆ្វៀល​ដី​ទុក​អាស្រ័យ​ផល។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​រួសរាន​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា លោក​ត្រូវ​ប្រឈមមុខ​គ្រោះថ្នាក់​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន​បាន​លួច​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ ដែល​កំពុង​ប្រមូល​ផល ហើយ​មិន​ព្រម​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ។

ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក របស់​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជិត​១០០​គ្រួសារ ស្ថិតនៅ​ឃុំ​រួសរាន់ ស្រុក​រវៀង ខេត្តព្រះវិហារ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​របស់​ពួកគាត់ ចេញពី​ក្នុង​បរិវេណ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន​។ ប៉ុន្តែ​ក្រុមហ៊ុន និង​អាជ្ញាធរ​មិនបាន​រក​ដំណោះស្រាយ​តាម​សំណើ​របស់​ពលរដ្ឋ​នោះ​ទេ ក្រៅពី​បង្ខំ​ឲ្យ​ពួកគាត់​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​បាន​កំណត់។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី១ ខែ​ធ្នូ ដោយ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​លើក​។ ចំណែក​តំណាង​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន លោក ដេត សិលា និង​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ​លោក ណុប វុធ្ធី ក៏​ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

រូបភាពរបស់ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (Global Green) កំពុងធ្វើអាជីវកម្មរ៉ែដែកនៅភាគខាងជើងនៃតំបន់ព្រៃឡង់ ជាប់ខេត្តព្រះវហារ និងខេត្តស្ទឹងត្រែង កាល​ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញ​ថា បើទោះបី​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​ក៏ដោយ ក្រុមហ៊ុន និង​អាជ្ញាធរ​ត្រូវតែ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមរម្យ និង​ផ្ដល់​សំណង​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ពួកគាត់​អាច​យក​ទៅ​ប្រកប​របរ​ចិញ្ចឹម​ជីវភាព​បាន​ល្អ​ប្រសើរ​។ លោ​កថា អាជ្ញាធរ និង​ក្រុមហ៊ុន មិន​គួរ​ឈូស​ឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពលរដ្ឋ​រួច​ហើយ ទើប​រក​ដំណោះស្រាយ​ឲ្យ​គាត់​នោះ​ទេ ពីព្រោះ​ការ​ធ្វើ​បែបនេះ គឺ​វា​ផ្ទុយ​នឹង​ច្បាប់។

លោក យិន ម៉េងលី៖ «ជា​គោលការណ៍​ច្បាប់​ត្រូវ​រក​ដំណោះស្រាយ​មុន​ក្រុមហ៊ុន​ចាប់ផ្ដើម ដំណើរការ មិនមែន​ក្រុមហ៊ុន​ចាប់ផ្ដើម​ប៉ះពាល់ យក​មិន​យក មិនមែន​ជា​យន្តការ​ដំណោះស្រាយ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​រដ្ឋាភិបាល​ពិនិត្យមើល​ឡើងវិញ អំពី​បញ្ហា​ទាំងអស់​នេះ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រាយការណ៍​ការពិត ហើយ​រាយការណ៍​អ្វី​ឲ្យ​ជា​ការ​ពិត ឲ្យ​ឆាប់រហ័ស​នូវ​របាយការណ៍​ហ្នឹង​បញ្ចូល​ឲ្យ​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​យើង​អត់​អាច​ទុក​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ឈូស​ឆាយ​អ្វីៗ​តាម​អំពើ​ចិត្ត​បានទេ»។

កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ប្រចាំការ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បាន​ចុះហត្ថលេខា​អនុញ្ញាត​និង​គាំទ្រ​ឲ្យ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់​លោក ទ្រី ដាលុច រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ទូទាំង​ប្រទេស ក្រោម​ហេតុផល​ថា​ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ក្រោយ​កូវីដ១៩ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុងតែ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង រួច​ដឹក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស តាម​ច្រក​អន្តរជាតិ ក្អម​សំណរ ខេត្ត​កណ្ដាល ដោយ​ដឹកជញ្ជូន​មក​ដាក់​សាឡង់​នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ។​

ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន គឺជា​របស់​លោក ទ្រី ដាលុច ដែល​ជា​កូនប្រុស​ច្បង​របស់​អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញ​ខាង​រកស៊ី​ឈើ​និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ បច្ចុប្បន្ន​លោក ទ្រី ដាលុច ជាទី​ប្រឹក្សា​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ