អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ថា មនុស្ស​ជិត​ ១០០​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ក្រោយ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ

0
128
របាយការណ៍​របស់អង្កការលីកាដូ​ បង្ហាញ​ពីអ្នកដែលត្រូវចាប់ចាប់ខ្លួន និង​ផ្ដន្ទាទោសពីការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​រិះគន់​ទៅលើ​រដ្ឋាភិបាល។ Screenshot Licadho
របាយការណ៍​របស់អង្កការលីកាដូ​ បង្ហាញ​ពីអ្នកដែលត្រូវចាប់ចាប់ខ្លួន និង​ផ្ដន្ទាទោសពីការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​រិះគន់​ទៅលើ​រដ្ឋាភិបាល។ Screenshot Licadho

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​អះអាង​ថា មាន​មនុស្ស​ជិត​១០០​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្រោយ​ពួកគាត់​បាន​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ និង​រិះគន់​ទៅលើ​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ថា ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដ៏ទៃ។

អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា លីកាដូ (Licadho) បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា គិត​ត្រឹម​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២៥​នេះ មាន​មនុស្ស​ប្រមាណ​ជិត​១០០​នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ចាប់​ដាក់​ពន្ធនាគារ បន្ទាប់​ពី​ពួកគាត់​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន។ អង្គការ​លីកាដូ​លើកឡើង​ទៀត​ថា មនុស្ស​ដែល​អាជ្ញាធរ​ចាប់ខ្លួន មាន​ដូចជា​អ្នក​នយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​លោក រស់ សុដ្ឋា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​ថា ការប្រើប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ល្អ​ប្រសើ​នោះ​ទេ ដោយសារ​ពលរដ្ឋ​ភាគច្រើន​មានការ​ភ័យខ្លាច នឹង​មិន​ទាន់​ហ៊ាន​និយាយ​រិះគន់​អំពី​បញ្ហា​សង្គម​ឡើយ​។ លោក​បន្ថែម​ទៀត​ថា ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ការគោរព​សិទ្ធិមនុស្ស រដ្ឋាភិបាល​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​ច្បាប់​មួយចំនួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​អាជ្ញាធរ​គួរតែ​កាត់បន្ថយ​នៃ​ការ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ជុំវិញ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​នេះ​ដែរ។

លោក រស់ សុដ្ឋា៖ «ដើម្បី​ធានា​នូវ​សិទ្ធិ​សេរីភាព ធានា​សិទ្ធិមនុស្ស យើង​គួរតែ​កន្លែង​ណា​មិនទាន់​ច្បាស់លាស់ យើង​គួរ​កាត់បន្ថយ​ការ​ចាប់ និង​ចោទ​ឲ្យ​បាន​ច្រើន វា​ជា​ការ​ល្អ​ជជែក​គ្នា អប់រំ​គ្នា ជា​ដំណោះស្រាយ​ល្អ ខណៈ​ដែល​ច្បាប់​មិនទាន់​ច្បាស់​លាស់ ហើយ​ជា​ដំណោះស្រាយ​ដ៏​ទន់ភ្លន់ ដែល​បញ្ជាក់​ថា អាជ្ញាធរ​ផ្ដល់​តម្លៃ​ឲ្យ​សិទ្ធិមនុស្ស និង​ការ​បញ្ចេញមតិ»។

ទាក់ទិន​រឿង​នេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក ជា ធីរិទ្ធ ឆ្លើយតប​ថា ការប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ដែល​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​ការ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញមតិ​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ នោះ​គឺជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់។

លោក ជា ធីរិទ្ធ «មិនអាច​យក​ខែល​សិទ្ធិ​បញ្ចេញមតិ​ទៅ​បញ្ចេញមតិ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ​នោះ​ទេ កាលណា​ប៉ះពាល់​សិទ្ធិ​អ្នក​ដ៏​ទៃ បំពាន ចោទប្រកាន់ បំផ្លើស មួលបង្កាច់ អ្នក​ដ៏​ទៃ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ នោះ​មិនមែន​សិទ្ធិ​បញ្ចេញមតិ​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​ឡើយ»។

ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​៣១ និង​មាត្រា​៤១ ចែងថា កម្ពុជា​ទទួលស្គាល់​និង​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ការ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​កតិកាសញ្ញា ព្រមទាំង​អនុសញ្ញា​ទាំងឡាយ​ទាក់ទង​ទៅ​នឹង​សិទ្ធិមនុស្ស​សិទ្ធិ​នារី និង​សិទ្ធិ​កុមារ​។ ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ ស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​ខាង​ការប្រជុំ​ជាដើម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក សេង សុវឌ្ឍនា ស្នើ​ឱ្យ​រដ្ឋាភិបាល ដែល​កំពុង​ដំណើរការ​កែសម្រួល​ក្រមព្រហ្មទណ្ឌ ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​មាត្រា​មួយចំនួន ដូចជា មាត្រា​៤៩៤ និង ៤៩៥ ដែល​តែងតែ​ចោទប្រកាន់ បទ​ញុះញង់ និង​បរិហារកេរ្តិ៍ ដោយ​លោក​គិតថា មាត្រា​ទាំងនេះ ប្រើប្រាស់​ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ។ លើស​ពី​នោះ ច្បាប់​ទាំងនេះ ទុក​សម្រាប់​ប្រើប្រាស់​ប្រឆាំង​ទៅ​នឹង​បុគ្គល ដែល​បង្ហាញ​ពី​ទស្សនៈ​ផ្ទុយ ពី​រដ្ឋាភិបាល ជាពិសេស​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស អ្នកកាសែត និង​សកម្មជន​តែប៉ុណ្ណោះ។

លោក សេង សុវឌ្ឍនា៖ «មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សូម​អំពាវនាវ​ទៅលើ​ការ​វិសោធនកម្ម​ច្បាប់​នេះ ពិសេស​ទៅលើ​បទ​ចោទ​ញុះញង់ និង​បរិហារកេរ្តិ៍ ហើយ​អ្វី​ដែល​យើង​លើ​មតិ​យោបល់​នេះ​វា​ស្រប​ទៅ​តាម​ការ​អំពាវនាវ​របស់​អ្នករាយការណ៍​អង្គការសិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ និង​រដ្ឋ​ភាគី​ផ្សេងៗ​ទៀត តាម​យន្តការ​របស់​អង្គការ​សហប្រជាជាតិ»។

អង្គការ​លីកាដូ​អះអាង​ទៀត​ថា នៅក្នុង​ចំណោម​អ្នក​ជាប់ឃុំ​ដែល​ប្រើប្រាស់​សិទ្ធិ​ចំនួន​៨៩​នាក់ មាន​បុរស​ម្នាក់​ដែល​ជា​កម្មករ​ដឹក​គ្រឿងសំណង់ ឈ្មោះ ឈឿន ឈាន អាយុ​៤៥​ឆ្នាំ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដោយ​ចោទ​ចំនួន​៣​បទល្មើស​ផ្សេងគ្នា ទីមួយ​ចោទ​ពី​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ជេរប្រមាថ​ជា​សាធារណៈ ត្រូវ​ជាប់​ពន្ធនាគារ ចំនួន ១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥​លាន​រៀល និង​សង​សំណង​ទៅ​ដើម​បណ្តឹង​ចំនួន ៤០ លាន​រៀល។ អង្គការ​លីកាដូ មិន​បាន​បញ្ជាក់​ថា កម្មករ​សំណង​រូប​នេះ ប្រើប្រាស់​បញ្ចេញមតិ​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​នោះ​ដែរ។

អង្គការ​លីកាដូ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​អ្នក​ជាប់ឃុំ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ​ទាំង​នោះ​ជាបន្ទាន់ និង​លើកលែង​ចោល​បទចោទប្រកាន់​ដែល​បាន​ចោទ​ទៅលើ​ពួកគាត់ និង​អនុញ្ញាត​ឱ្យ​ពួកគាត់​បន្ត​ភាព​សកម្ម​និយម ដើម្បី​ឱ្យ​កម្ពុជា​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង។

កន្លងទៅ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ តែងតែ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ចំហ​សិទ្ធិ​សេរីភាព បញ្ចេញមតិ​របស់​ពលរដ្ឋ​ឲ្យ​ទូលាយ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កម្ពុជា​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ និង​កុំ​ឲ្យ​កម្ពុជា​ជាប់​ឈ្មោះ​អាក្រក់​ខាង​រំលោភសិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ